ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ៖ វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​អាច​បង្កើន​សមាន​ចិត្ត​របស់​ពលរដ្ឋ​ចំពោះ​បក្ស​ប្រឆាំង


លោក​ ឱក​ សេរី​សោភក្តិ៍​ អ្នក​ឯកទេស​ផ្នែក​អភិបាល​កិច្ច​ល្អ​ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​អង្គការ​តម្លា​ភាព​កម្ពុជា​ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី១៤​ ខែ​មិថុនា​ ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា​/VOA​)
លោក​ ឱក​ សេរី​សោភក្តិ៍​ អ្នក​ឯកទេស​ផ្នែក​អភិបាល​កិច្ច​ល្អ​ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​អង្គការ​តម្លា​ភាព​កម្ពុជា​ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី១៤​ ខែ​មិថុនា​ ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា​/VOA​)

លោក ឱក សេរីសោភក្តិ៍ ពន្យល់​ថា ការណ៍​នេះ​តែង​កើតឡើង​ជា​ទូទៅ​នៅ​លើ​ពិភពលោក​មិនមែន​តែ​នៅ​កម្ពុជា ដាច់​ដោយឡែក​នោះ​ទេ។

អ្នក​ជំនាញ​លើកឡើង​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដ៏​ចម្រូងចម្រាស​នា​ពេល​ថ្មីៗ​នេះ អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​សមានចិត្ត​កាន់​តែ​ខ្លាំង​ជាង​មុន​ចំពោះ​គណបក្ស​សង្រ្គោះ​ជាតិ នៅ​មុន​ពេល​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​ខាង​មុខ​នេះ។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក ឱក សេរីសោភក្តិ៍ អ្នក​ឯក​ទេស​ខាង​ផ្នែក​អភិបាល​កិច្ច​ល្អ បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​កម្មវិធី​ «Hello VOA» កាល​ពី​ថ្ងៃ​ចន្ទ ទី២៧ ខែ​កុម្ភៈ​នេះ៖ «ការ​ដែល​ចេញ​ច្បាប់​នេះ​ឡើង​អាច​បង្កើន​សមានចិត្ត​ដល់​បក្ស​ប្រឆាំង​ថែម​បន្តិច​ទៅ​ទៀត ដោយសារ​តែ​ទាំង​អស់​គ្នា​មាន​អារម្មណ៍​យល់​ថា គណបក្ស​នេះ​តាម​រយៈ​វិសោធនកម្ម​ស្ដីពី​គណបក្ស​នយោបាយ​នេះ កំពុង​តែ​រង​នូវ​សម្ពាធ​នៃ​ច្បាប់​ថ្មី​នេះ»។

លោក ឱក សេរីសោភក្តិ៍ ពន្យល់​ថា ការណ៍​នេះ​តែង​កើតឡើង​ជា​ទូទៅ​នៅ​លើ​ពិភពលោក​មិនមែន​តែ​នៅ​កម្ពុជា ដាច់​ដោយឡែក​នោះ​ទេ។

​«មិនមែន​តែ​នៅ​ស្រុក​យើង​ទេ ស្រុក​ណា​ក៏​ដោយ ឲ្យ​តែ​អ្នក​កាន់អំណាច​ហ្នឹង រឹតត្បិត​ទៅលើ​គណបក្ស​ណាមួយ គឺ​អ្នក​បោះឆ្នោត​ហ្នឹង​តែ​មាន​សមានចិត្ត​ទៅ​លើ​អ្នក​នោះ ព្រោះ​គេ​យល់​ថា មាន​ការ​រង​នូវ​ភាព​អយុត្តិធម៌​ពី​អ្នក​ដែល​មាន​អំណាច»។

រដ្ឋសភា​កម្ពុជា​កាល​ពី​សប្ដាហ៍​មុន បាន​អនុម័ត​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ ដែល​គណបក្ស​ប្រឆាំង​និង​អ្នក​វិភាគ​មួយ​ចំនួន​ចាត់ទុកថា មាន​គោលដៅ​ដាក់​សម្ពាធ​ឬ​ឈាន​ទៅ​រំលាយ​គណបក្ស​ឆាំង ដែល​ជា​គូ​ប្រជែង​ដ៏​សំខាន់​ជាមួយ​គណបក្ស​កាន់​អំណាច។

វិសោធនកម្ម​ច្បាប់​នេះ​ធ្វើ​ឡើង​តែ​ជាង​៣​ខែ​ប៉ុណ្ណោះ មុន​ពេល​ពលរដ្ឋ​កម្ពុជា​គ្រោង​នឹង​ចេញ​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៤​របស់​ពួកគេ​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧​នេះ។

លោក ឱក សេរីសោភក្តិ៍ ថ្លែង​ថា ទោះបីជា​សមានចិត្ត​របស់​អ្នក​បោះឆ្នោត ​អាច​មាន​ការ​កើន​ឡើង​បន្តិច​ចំពោះ​គណបក្ស​ប្រឆាំង​ដោយសារ​តែ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នេះ​យ៉ាង​ណា​ក៏​ដោយ ក៏​គេ​ត្រូវ​រង់ចាំ​មើល​លទ្ធផល​ដែល​ចេញ​ពី​ប្រអប់​ឆ្នោត​នៅ​ខែ​មិថុនា​ខាង​មុន​នេះ​ដែរ៕

XS
SM
MD
LG