Hello VOA៖ វិសោធនកម្មច្បាប់គណបក្សនយោបាយអាចបង្កើនសមានចិត្តរបស់ពលរដ្ឋចំពោះបក្សប្រឆាំង
អ្នកជំនាញលើកឡើងថា ការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយដ៏ចម្រូងចម្រាសនាពេលថ្មីៗនេះ អាចធ្វើឲ្យប្រជាពលរដ្ឋមានសមានចិត្តកាន់តែខ្លាំងជាងមុនចំពោះគណបក្សសង្រ្គោះជាតិ នៅមុនពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ខាងមុខនេះ។ លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អ បានថ្លែងបែបនេះនៅក្នុងកម្មវិធី «Hello VOA» កាលពីថ្ងៃចន្ទ ទី២៧ ខែកុម្ភៈនេះ៖ «ការដែលចេញច្បាប់នេះឡើង អាចបង្កើនសមានចិត្តដល់បក្សប្រឆាំងថែមបន្តិចទៅទៀត ដោយសារតែទាំងអស់គ្នា មានអារម្មណ៍យល់ថា គណបក្សនេះ តាមរយៈវិសោធនកម្មស្ដីពីគណបក្សនយោបាយនេះ កំពុងតែរងនូវសម្ពាធនៃច្បាប់ថ្មីនេះ»។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ២៧ កុម្ភៈ ២០១៧)