គណបក្សប្រជាជនកម្ពុជាបញ្ជាឱ្យប្រធានស្ថាប័នរដ្ឋទាំងអស់ ត្រូវទទួលយកមេឃុំ-ចៅសង្កាត់ ជំទប់ទី១ ជំទប់ទី២ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលមិនបានជាប់ឈ្មោះនៅក្នុងការបោះឆ្នោតឆ្នាំ២០១៧នេះធ្វើជាជំនួយការ។
ការបញ្ជានេះធ្វើឡើងតាមរយៈលិខិតរបស់ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក្នុងនាមសេនាធិការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះថ្ងៃទី១៦ ខែកុម្ភៈ និងទើបត្រូវបានគេចែកចាយនាពេលថ្មីៗនេះ។
នៅក្នុងលិខិតដែលយោងតាមចំណាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ លោកស្រី ម៉ែន សំអន បញ្ជាក់ថា មេឃុំឬចៅសង្កាត់មានឋានៈស្មើអនុប្រធាននាយកដ្ឋាន ជំទប់ទី១ ជំទប់ទី២ មានឋានៈស្មើប្រធានការិយាល័យ និងសមាជិកក្រុមប្រឹក្សា មានឋានៈស្មើអនុប្រធានការិយាល័យ។
លោក ហុង ឡុង នាយកខុទ្ទកាល័យរបស់លោកស្រី ម៉ែន សំអន និងជាអ្នកនាំពាក្យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ប្រាប់ VOA នៅថ្ងៃសុក្រនេះថា ការសម្រេចចិត្តតែងតាំងក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងមិនជាប់ឆ្នោតនេះ គឺជាសិទ្ធរបស់រដ្ឋមន្ត្រីនៅតាមក្រសួងនីមួយៗ។
លោក ហុង ឡុង ឱ្យដឹងទៀតថា អ្នកដែលទទួលបានមុខងារជាជំនួយការនេះ នឹងទទួលបានប្រាក់បៀវត្សរ៍ពីរដ្ឋាភិបាល។
«ចុះគាត់ជាជំនួយការ គាត់មានសិទ្ធិទទួលប្រាក់ បៀវត្សហ្នឹងហើយ»។
លោក ហុង ឡុង មិនអាចបញ្ជាក់ថា គោលការណ៍នេះនឹងត្រូវអនុវត្តសម្រាប់មេឃុំចៅសង្កាត់ និងក្រុមប្រឹក្សាឃុំសង្កាត់មកពីគ្រប់គណបក្សឬយ៉ាងណានោះទេ។
ទោះយ៉ាងណា លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាប្រាប់ VOA ថា នេះជាគោលនយោបាយរបស់គណបក្សកាន់អំណាចក្នុងការទ្រទ្រង់ជីវភាពមន្ត្រីរបស់ខ្លួន ទោះបីជាពួកគេមិនបានជាប់ឆ្នោត ឬត្រូវចូលនិវត្តន៍ក្ដី។
លោកបន្ថែមថា អ្នកដែលនឹងត្រូវតែងតាំងជាទីប្រឹក្សានោះ រាប់បញ្ចូលទាំងបេក្ខជនឈរឈ្មោះប្រកួតប្រជែងនៅក្នុងបក្សផងដែរ មិនមែនសម្រាប់តែបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតឃុំសង្កាត់នៅក្នុងខែមិថុនានោះទេ។
«អ៊ីចឹងហើយបើគាត់ធ្លាក់ហើយ គាត់មានទៅឈរឈ្មោះអីបានទៀត? បើអត់ឈរឈ្មោះបាន អាហ្នឹងគណបក្សហ្នឹងត្រូវគិតគូរមនុស្សហ្នឹង មិនឱ្យទៅណាទេ។ គឺថានៅគិតគូរធ្វើការងារបក្សផង ឬមួយអស់លោកឯកឧត្ដមរដ្ឋមន្ត្រី រដ្ឋលេខាធិការណា ដែលគាត់មានរបបសម្រាប់ជាទីប្រឹក្សា ឬមួយជំនួយការគាត់ កាត់យកមនុស្សហ្នឹងទៅដើម្បីបានប្រាក់ខែចាយចឹង ទ្រទ្រង់ជីវភាព»។
លោក សុខ ឥសាន អះអាងថា ចំណាត់ការនេះគឺជាការយកចិត្តទុកដាក់របស់គណបក្សប្រជាជនកម្ពុជាលើមន្ត្រីរបស់ខ្លួន។ លោកបន្តថានេះមិនមែនជាការ «ត្រៀមខ្លួន» សម្រាប់ការចាញ់ឆ្នោតនោះទេ។
កាលពីខែធ្នូ ឆ្នាំ២០១៦ លោកស្រី ម៉ែន សំអន ក៏បានចេញលិខិតស្រដៀងគ្នានេះផងដែរ ដោយបានប្រាប់ទៅរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៅតាមក្រសួងនិងរដ្ឋលេខាធិការដ្ឋានសរុបចំនួន២៣ ឱ្យ «ជួយទទួលខុសត្រូវ» ចំពោះមេឃុំ ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សា ដែលពុំបានជាប់ឈ្មោះនៅអាណត្តិឆ្នាំ២០១៧នេះ។
លោក សន ជ័យ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពមានប្រសាសន៍ថា ប្រសិនបើនេះជាគោលនយោបាយរបស់គណបក្ស ការចេញលិខិត គួរធ្វើឡើងក្នុងក្របខណ្ឌគណបក្ស មិនមែនក្នុងនាមរដ្ឋាភិបាលនោះទេ។
លោកបន្តថា ដោយសារការតែងតាំងជាជំនួយការនេះទាក់ទងទៅនឹងការប្រើប្រាស់ថវិការបស់រដ្ឋ គោលការណ៍នេះ គួរត្រូវបានអនុវត្តក្នុងក្របខណ្ឌជាតិ ដើម្បីឱ្យស្មើភាពរវាងគណបក្សនយោបាយទាំងអស់។
«បើវាជាការសម្រេចរបស់រដ្ឋាភិបាល ខ្ញុំថា អាហ្នឹងវាមានប្រយោជន៍សម្រាប់មេឃុំចៅសង្កាត់ណាដែលធ្លាក់ឆ្នោតហ្នឹងមកពីគ្រប់គណបក្សនយោបាយទាំងអស់ហើយ ព្រោះថាគោលនយោបាយរបស់ជាតិ។ គឺមិនផ្ដោតលើក្រុមណាមួយដែលពិសេស ឬក៏ក្រុមណា ឬក៏បក្សណាមួយតែមួយមុខទេ គឺត្រូវគ្របដណ្ដប់បក្សទាំងអស់ស្មើៗគ្នា»។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅក្នុងការបោះឆ្នោតឃុំសង្កាត់ក្នុងឆ្នាំ២០១២ កម្ពុជាមានឃុំសង្កាត់ចំនួន១៦៣៣។ ចំណែកក្នុងការបោះឆ្នោតនៅឆ្នាំ២០១៧នេះវិញ ចំនួនឃុំសង្កាត់នេះបានកើនដល់១៦៤៦ និងចំនួនសមាជិកក្រុមប្រឹក្សាសរុបចំនួន១១៥៧២នាក់៕