ស្ថានភាពនយោបាយកម្ពុជាដែលបានឈានដល់សភាពស្ងប់ស្ងាត់នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយត្រូវក្រុមអ្នកតាមដានស្ថានការណ៍នយោបាយយល់ឃើញថា ស្ថិតនៅក្នុងភាពផុយស្រួយនៅឡើយ ហើយវិបត្តិនយោបាយដ៏ស្មុគស្មាញនឹងអាចកើតមានវិញដដែល ប្រសិនបើអ្នកនយោបាយនៃគណបក្សធំៗទាំងពីរមិនតម្កល់ប្រយោជន៍ជាតិឲ្យធំជាងប្រយោជន៍គណបក្សនយោបាយ។ ការមើលឃើញយ៉ាងដូច្នេះ កើតមានឡើងបន្ទាប់ក្រុមអ្នកតំណាងរាស្ត្របក្សប្រឆាំងដែលគ្រប់គ្រងគណៈកម្មការ៥នៃគណៈកម្មការទាំង១០នៃរដ្ឋសភា វិលទៅសភាវិញកាលពីព្រឹកថ្ងៃពុធកន្លងទៅ។
ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា មើលឃើញទាំងភាពវិជ្ជមាន និងក្តីបារម្ភនៃដំណើរការត្រឡប់មករកភាពប្រក្រតីវិញរបស់នយោបាយកម្ពុជា បន្ទាប់ពីការវិលត្រឡប់ចូលសភាវិញនៃក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង ដែលគ្រប់គ្រងគណៈកម្មការចំនួន៥នៃគណៈកម្មការទាំង១០នៃរដ្ឋសភា។
ក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង ដែលគ្រប់គ្រងគណៈកម្មការចំនួនប្រាំ មកពីគណបក្សប្រឆាំងបានវិលទៅកាន់សភាដែលជាទីតាំងដេញដោលអំពីសេចក្តីព្រាងច្បាប់ និងគោលនយោបាយនានា កាលពីព្រឹកថ្ងៃពុធ កន្លងទៅនេះ ដើម្បីចូលរួមប្រជុំអនុម័តលើរបៀបវារៈមួយចំនួនរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ ដែលបានទទួលពីរដ្ឋាភិបាល និងតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ។
តំណាងនៃអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំងនេះ បានបញ្ជាក់ពីជំហរអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងថា ការធ្វើពហិកាមិនចូលប្រជុំសភាពេញអង្គនឹងមិនអាចកើតមានបន្តទៀតនោះទេ បន្ទាប់ពីការប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នេះ។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ថ្លែងបា្រប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំនោះថា ក្រុមអ្នកតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ មិនដែលប្រើពាក្យថា ធ្វើពហិការនោះទេ បើទោះជា ក្រុមអ្នកតំណាងរាស្ត្រមិនចូលប្រជុំសភាក្តី។ លោកថា ក្រោយការចូលប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នោះ ការធ្វើពហិកានឹងមិនអាចកើតឡើងនោះទេ។
លោក យ៉ែម បុញ្ញឫទ្ធិ ថ្លែងថា៖
«យើងពុំដែលគិតដូច្នោះទេបាទ ពីព្រោះសំខាន់យើងត្រូវគិតថា តើយើងក្នុងនាមជាអ្នកស្នើដើម្បីធ្វើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មវិស័យយុត្តិធម៌ យើងជាអ្នកស្នើ ហើយដូច្នេះ យើងត្រូវតែមកការពារសំណើរបស់យើង»។
យ៉ាងណាក៏ដោយ ការចូលរួមប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍សភារបស់ក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងនេះ បានកើតឡើងតែជាងមួយសប្តាហ៍ប៉ុណ្ណោះ ក្រោយការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលើកឡើងថា ការចរចាផ្នែកនយោបាយណាមួយអាចកើតមានបាន តែក្នុងសភា។
នយោបាយទៅមុខ ឬបន្តទាល់ច្រក?
ក្រុមអ្នកឃ្លាំមើលដំណើរវិវត្តន៍នយោបាយកម្ពុជាមិនបានផ្តោតជាសំខាន់លើការព្រមានរបស់នាយករដ្ឋមន្ត្រី ទាក់ទងនឹងការចរចារវាងគណបក្សទាំងពីរដើម្បីបន្ធូរបន្ថយស្ថានភាពនយោបាយដ៏តានតឹងនោះទេ។
ពួកគេបានចាត់ទុកថា ការវិលចូលសភារបស់ក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងនេះ នឹងបញ្ជាក់ដល់ក្រុមអ្នកខ្វាយខ្វល់ពីនយោបាយកម្ពុជាថា ស្ថានភាពនឹងនរនៃនយោបាយក្នុងប្រទេសក្រីក្រនេះ កំពុងតែវិលត្រឡប់មកវិញ ហើយប្រសិនបើក្រុមតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ ពិតជាមិនធ្វើពហិការប្រជុំទៀតនោះ នោះបរិយាកាសបោះឆ្នោតនៅកម្ពុជា នឹងរឹតតែល្អប្រសើរឡើង។
ក៏ប៉ុន្តែពួកគេអះអាងថា ភាពផុយស្រួយនៃនយោបាយខ្មែរដែលអាចនឹងឈានដល់ជម្លោះមុខជានឹងអាចកើតមានតទៅទៀតជាដដែលៗ ដរាបណាអ្នកនយោបាយធ្វើការដោយតម្កល់ប្រយោជន៍គណបក្សនយោបាយខ្លួនធំជាងប្រយោជន៍ជាតិ បើធៀបនឹងប្រទេសមីយ៉ាន់ម៉ា ឬភូមា ដែលកំពុងបើកទ្វាយកការអនុវត្តប្រជាធិបតេយ្យពេញលេញ បន្ទាប់ពីប្រទេសនេះស្ថិតក្រោមអំណាចយោធាជាច្រើនទសវត្សរ៍មកនោះ។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវខាងការអភិវឌ្ឍន៍សង្គមថ្លែងថា៖
«ខ្ញុំគិតថា អានេះវាជាកាយវិការវិជ្ជមានមួយ ដើម្បីឆើ្លយតបទៅនឹងទំនោររបស់គណបក្សកាន់អំណាចផងដែរ ខ្ញុំគិតថា អានេះ វាជាការសាកល្បងសម្បទានគ្នាទៅវិញទៅមក ក៏ប៉ុន្តែយើងក៏មិនទាន់ដឹងថាតើ វានឹងអាចឈានទៅរកបន្ថយភាពតានតឹងនយោបាយយ៉ាងម៉េចនោះ គឺយើងមិនទាន់ដឹងទេ។ អ្វីដែលយើងឃើញមកដូចកាលជំនាន់ក្នុងពេលដែលមានការបង្កើតនៃពាក្យវប្បធម៌សន្ទនានោះ ដែលពលរដ្ឋខ្មែរទន្ទឹងរង់ចាំចង់ឃើញថា តើវប្បធម៌សន្ទនានឹងមានដំណើរការយ៉ាងម៉េច មិនបានបន្តិចផង ក៏រលាយទៅវិញ។ បើអញ្ចឹងនៅក្នុងស្ថានភាពនេះ សម្រាប់ខ្ញុំជាពលរដ្ឋខ្មែរ ខ្ញុំមិនទាន់ហ៊ាននិយាយអីថា វាទៅល្អឬក៏អាក្រក់យ៉ាងម៉េចទេ ប៉ុន្តែនឹងរង់ចាំមើលភ្ជុំហើយសិន»។
លោកប្រាប់ VOA បន្ថែមថា ប្រសិនបើពិធីបុណ្យភ្ជុំបញ្ចប់ទៅ ហើយស្ថានភាពនឹងនៅតែធូរស្រាលនោះ នោះនឹងមានក្តីសង្ឃឹមថា ជម្លោះនយោបាយនឹងបញ្ចប់ ប៉ុន្តែបើអ្នកនយោបាយនៃគណបក្សធំៗពីរនេះ បន្តយកការប្រឈមមុខដាក់គ្នាទៀតនោះ បញ្ហាធំៗពាក់ព័ន្ធនឹងនយោបាយអាចនឹងកើតឡើងបន្តទៀត នៅមុនការបោះឆ្នោតមកដល់។
លោកស្នើឲ្យក្រុមអ្នកនយោបាយបក្សកាន់អំណាចជៀសវាងការប្រើវោហាស័ព្ទនយោបាយ វាយបំបាក់ចិត្តសាស្ត្រនយោបាយនៃក្រុមអ្នកនយោបាយប្រឆាំង ដែលនឹងមិនអាចនាំដល់ការឯកភាពជាតិមួយបាននោះ។
នៅក្នុងពេលស្ថានភាពកំពុងតែវឹកវរនោះ រដ្ឋាភិបាលកម្ពុជាបានដាក់ពង្រាយកម្លាំងចម្រុះមានទាំងជើងគោក ជើងទឹក និងជើងអាកាស ក្បែរទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ។ មេដឹកនាំគណបក្សប្រឆាំងចោទថា ការដាក់ពង្រាយនេះ ជាការគំរាមកំហែងធ្ងន់ធ្ងររបស់សមាសភាពក្រុមអ្នកនយោបាយប្រឆាំង តែក្រុមមន្ត្រីយោធាអះអាងថា ការដាក់ពង្រាយកម្លាំងនោះជាការធ្វើសមយុទ្ធ។
ការបង្ហាញកម្លាំងទ័ពក៏បន្តកើតមានបន្ថែមទៀត នៅមុនពេលតុលាការកាត់ទោសប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា នាដើមខែកញ្ញានេះ ពីបទបដិសេធមិនចូលខ្លួនតាមដីកាកោះហៅរបស់តុលាការចំនួនពីរលើកពាក់ព័ន្ធនឹងបទល្មើសសញ្ចរកម្ម ឬអំពើពេស្យាចារ។
លោក កឹម សុខា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម រហូតមកដល់ពេលនេះ គឺប្រមាណ៤ខែហើយ មិនចាកចេញពីទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ។ មួយរយៈពេលចុងក្រោយនេះអនុប្រធានគណបក្សប្រឆាំងរូបនេះ ផ្តើមការជួបជុំជាមួយក្រុមយុវជនអ្នកគ្រាំគណបក្សប្រឆាំង នឹងធ្វើការប្តេជ្ញាការពារលទិ្ធប្រជាធិបតេយ្យ ដែលលោកជឿថា កំពុងរងការធ្វើទុក្ខបុកម្នេញពីប្រព័ន្ធដឹកនាំរបៀបផ្ដាច់ការ។
ក្រោយលោកនាយករដ្ឋមន្ត្រីប្រកាសអំពីលទ្ធភាពនៃការចរចាក្នុងសភា និងប្រកាសឲ្យមានបទឈប់បាញ់នយោបាយក្នុងពិធីបុណ្យភ្ជុំ លោក កឹម សុខា ក៏ប្រកាសដល់ក្រុមអ្នកគាំទ្រគណបក្សប្រឆាំងមិនឲ្យប្រើពាក្យអសុរសដែលអាចនាំដល់ការកើតឡើងនៃហិង្សានយោបាយ។
លោក សម គន្ធាមី នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិក (NICFEC) ទទួលស្គាល់ការបន្ទន់ជំហរគណបក្សប្រឆាំងដែលចូលទៅក្នុងសភាថា ជាការចាប់ផ្តើមឡើងវិញនៃការធ្វើឲ្យទំនាក់ទំនងរកាំរកូសនៃគណបក្សប្រឆាំងជាមួយគណបក្សកាន់អំណាចមានវិជ្ជមានឡើងវិញ។
យ៉ាងណាមិញ លោកនៅតែបារម្ភថា ក្រុមអ្នកតំណាងរាស្ត្រនៃគណបក្សប្រឆាំងអាចនឹងមិនចូលសភាទៀត បើសិនជាមានសំពាធណាមួយពីគណបក្សកាន់អំណាច។
លោក សម គន្ធាមី បញ្ជាក់ប្រាប់ VOA ថា៖
«មិនថាសង្គមស៊ីវិលយើងទេ សហគមន៍អន្តរជាតិ ប្រជាពលរដ្ឋអ្នកបោះឆ្នោតនោះ ក៏ចង់ឲ្យមានបរិយាកាសល្អ ដើម្បីកុំឲ្យមានការភ័យខ្លាច ការគំរាមកំហែងហ្នឹង ដើម្បីឲ្យគេទទួលស្គាល់ទាំងអស់គ្នាមិនថាអ្នកបោះឆ្នោតក្តី ឲ្យមានទំនុកចិត្តលើលទ្ធផលនៃការបោះឆ្នោត បើសិនជាគណបក្សទាំងពីរហ្នឹងព្យាយាមសម្រុះសម្រួលគ្នា បើៗមិនដូច្នោះទេ គាត់ត្រូវទទួលខុសត្រូវចំពោះដំណើរការបោះឆ្នោតក្រុមប្រឹក្សាហ្មង»។
លោក សម គន្ធាមី ថ្លែងថា ការវិលចូលសភារបស់ក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងនឹងអាចបើកផ្លូវឲ្យមានការសន្ទនាផ្នែកនយោបាយ ដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នានៃក្រុមអ្នកនយោបាយគណបក្សធំៗពីរនេះ ដែលកន្លងមក មានការព្រមានធ្វើមហាបាតុកម្ម និងការប្រើប្រាស់កម្លាំងយោធាដើម្បីបង្ក្រាប។
ដ្បិតតែមានការយល់ឃើញពីលទ្ធភាពនៃការបង្កើតច្រកសម្រាប់សន្ទនាក្នុងសភាដើម្បីដោះស្រាយបញ្ហាការឃុំខ្លួននៃក្រុមអ្នកនយោបាយប្រឆាំងយ៉ាងនេះក្តី លោក ឡេង ប៉េងឡុង អ្នកនាំពាក្យសភាជាតិប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងសភា ក្រោយការប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍សភានោះថា សភានឹងធ្វើតែកិច្ចការសភាតែប៉ុណ្ណោះ ហើយសភានឹងមិនពិចារណាលើរឿងក្តីក្តាំដែលអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងមួយចំនួនកំពុងប្រឈមមុខនោះទេ។
លោកមានប្រសាសន៍ថា៖
«នៅទីនេះអត់ អត់គឺថា អត់មានរឿងហ្នឹងទេ គឺថាយើងនិយាយពីកិច្ចការរបស់សភា រឿងតុលាការគឺអត់មានពាក់ព័ន្ធទេ លើកលែងតែ មានសំបុត្រអីបញ្ជូនមកអាហ្នឹងបានពាក់ព័ន្ធ»។
អភ័យឯកសិទ្ធិគណបក្សប្រឆាំង
នៅគ្រាដែលស្ថានភាពនយោបាយបានកើនកម្តៅខ្លាំង ដែលមួយផ្នែកកើតចេញពីរឿងអាស្រូវស្នេហារបស់លោក កឹម សុខា នោះ អ្នកតំណាងរាស្ត្របក្សប្រឆាំងពីររូប គឺ លោក តុ វ៉ាន់ចាន់ តំណាងរាស្ត្រខេត្តកណ្តាល និងលោក ពិន រតនា តំណាងរាស្ត្រខេត្តបាត់ដំបង ត្រូវបានស្នើឲ្យលើកអភ័យឯកសិទ្ធិដោយក្រសួងយុត្តិធម៌។ តំណាងរាស្ត្រទាំងពីរត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទថា ជា «ជនសង្ស័យ» ក្នុងសំណុំរឿងអាស្រូវស្នេហាដ៏ចម្រូងចម្រាសរបស់លោក កឹម សុខា ដដែលនោះ។
ក្រោយពីកិច្ចប្រជុំធ្វើឡើងនៅរដ្ឋសភាកាលពីថ្ងៃអង្គារកន្លងទៅ អង្គប្រជុំនៃគណៈកម្មាធិការអចិន្ត្រៃយ៍សភា បានបដិសេធការស្នើលើកអភ័យឯកសិទ្ធិសភាតំណាងរាស្ត្រពីររូបនេះ ដែលជាសំណើរបស់ក្រសួងយុត្តិធម៌ ដោយបានប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា។ សភានឹង ជូនដំណឹងទៅក្រសួងវិញ ពីការពិនិត្យឃើញរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាចំពោះករណីអ្នកតំណាងរាស្ត្រទាំងពីរនាក់នេះ ដែលពុំបានប្រព្រឹត្តបទល្មើសជាក់ស្តែងនោះឡើយ។
អ្នកសង្កេតការណ៍នយោបាយនិយាយថា ការបដិសេធមិនលើកអភ័យឯកសិទ្ធិ រឹតតែឆ្លុះបញ្ចាំងឲ្យឃើញសញ្ញាណមួយល្អ ឆ្ពោះទៅរកការដោះស្រាយបញ្ហានយោបាយនានា ហើយការណ៍នេះនឹងមានអំណាយផលដល់ដំណើរការចុះឈ្មោះបោះឆ្នោតបន្ថែមទៀត។
វិបតិ្តនយោបាយដែលបានរើបឡើងវិញ ក្រោយពេលរដ្ឋាភិបាលបើកយុទ្ធនាការច្បាប់វាយប្រហារក្រុមអ្នកនយោបាយប្រឆាំង ចាប់ពីពាក់កណ្តាលឆ្នាំ២០១៥មកនោះ បានក្លាយជាក្តីបារម្ភយ៉ាងខ្លាំងដល់ប្រទេសដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ សភាអាមេរិក ក៏ដូចជាអង្គការសហប្រជាជាតិ។
ពួកគេយល់ថា ការធ្វើទុក្ខបុកម្នេញមកលើក្រុមអ្នកជំទាស់ បង្ហាញពីដំណើរចុះទន់ខ្សោយនៃលទ្ធិប្រជាធិបតេយ្យ ដែលនាំយកមកប្រទេសកម្ពុជាម្តងទៀត ក្រោយការបោះឆ្នោតជាតិឆ្នាំ១៩៩៣ ដែលទទួលការឧបត្ថម្ភពីអង្គការសហប្រជាជាតិ៕