អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបញ្ជាក់ថា លោក កឹម សុខា មានសិទ្ធិក្នុងការចុះឈ្មោះបោះឆ្នោត និងមានសិទ្ធិទៅបោះឆ្នោត ដរាបណាសាលក្រមតុលាការដែលបានកាត់ទោសរូបលោកមិនទាន់ចូលជាស្ថាពរ។ ការបញ្ជាក់នេះធ្វើឡើងនេះក្រោយពេលលោក កឹម សុខា ប្រកាសថានឹងទៅចុះឈ្មោះបោះឆ្នោតក្រោយពេលបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ។
លោក កឹម សុខា នៅព្រឹកថ្ងៃអង្គារនេះបញ្ជាក់ថា លោកនឹងទៅចុះឈ្មោះបោះឆ្នោតក្រោយពេលពិធីបុណ្យភ្ជុំបិណ្ឌ ស្របពេលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លើកឡើងថា លោក កឹម សុខា មានសិទ្ធិក្នុងការចុះឈ្មោះបោះឆ្នោតនិងបោះឆ្នោតបាន ប្រសិនបើលោកមិនមែនកំពុងស្ថិតក្នុងលក្ខខណ្ឌនៃការអនុវត្តទោសក្នុងពន្ធនាគារ។
កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិត្រូវបានតុលាការសម្រេចដាក់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៥ខែ និងពិន័យជាប្រាក់ចំនួន៨សែនរៀល ពីបទ «បដិសេធមិនចូលខ្លួន» ដោយគ្មានមូលហេតុត្រឹមត្រូវទាក់ទងនឹងរឿងអាស្រូវស្នេហាលួចលាក់ជាមួយអតីតនារីកាត់សក់វ័យក្មេងម្នាក់ ដែលត្រូវបានគេស្គាល់ថាឈ្មោះ ខុម ចាន់តារ៉ាទី ហៅស្រីមុំ។
លោក កឹម សុខា ដែលកំពុងបន្តស្នាក់នៅក្នុងទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិក្នុងសង្កាត់ចាក់អង្រែលើដើម្បីគេចពីការតាមចាប់ខ្លួនអស់រយៈពេលជាង៤ខែកន្លងមកបានលើកឡើងថា លោកនឹងទៅចុះឈ្មោះបោះឆ្នោតនៅក្រោយពេលពិធីបុណ្យភ្ជុំបិណ្ឌចប់។ លោកក៏បានប្រកាសថា លោកសុខចិត្តសុំអង្វរដើម្បីឲ្យមានការដោះលែងសកម្មជនគណបក្សប្រឆាំងនិងសកម្មជនផ្សេងៗទៀតដែលកំពុងជាប់ឃុំនៅពន្ធនាគារ។
លោក កឹម សុខា បានមានប្រសាសន៍ថា៖
«ទោះបីខ្ញុំទទូចអង្វរក៏ខ្ញុំសុខចិត្តអង្វរដែរ ធ្វើម៉េចឲ្យបានដោះលែងបងប្អូនយើងទាំងអស់ដែលជាសកម្មជនថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ក៏ដូចជាសកម្មជនអង្គការក្រៅរដ្ឋាភិបាលឬក៏អ្នកតស៊ូទាំងឡាយដើម្បីការពារសិទ្ធិសេរីភាពដីធ្លី ក៏ដូចជាគ.ជ.បហ្នឹង។ ខ្ញុំនឹងព្យាយាមតទៅទៀត ហើយខ្ញុំសំណូមពរតទៅទៀត ប៉ុន្តែខ្ញុំជឿថាថ្ងៃណាមួយខ្មែរនឹងជួបជុំគ្នា យើងខ្ញុំយល់ឃើញថាមានតែការយល់គ្នារវាងខ្មែរនិងខ្មែរទេ ទើបអាចដោះស្រាយបញ្ហាបាន»។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បានមានប្រសាសន៍ថា លោក កឹម សុខា អាចចុះឈ្មោះបោះឆ្នោតបាន ប្រសិនបើតុលាការមិនទាន់អនុវត្តទោសលើប្រធានស្តីទីគណបក្សប្រឆាំងរូបនេះ។ លោកបានបន្ថែមថា លោក កឹម សុខា ក៏នឹងអាចបោះឆ្នោតបានទៅតាមលក្ខខណ្ឌដែលច្បាប់បានចែង។
លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា៖
«កាលណាមានឈ្មោះក្នុងបញ្ជីបោះឆ្នោត គឺមានសិទ្ធិបោះឆ្នោតហើយ ប៉ុន្តែបើសិនជាមានឈ្មោះក្នុងបញ្ជីហើយ ហើយក្នុងពេលបោះឆ្នោតគាត់ស្ថិតក្នុងស្ថានភាពជាប់ពន្ធនាគារអាហ្នឹងគាត់អត់មានឱកាសបោះឆ្នោតទេ បើសិនជាគាត់ចេញមកវិញគាត់អាចបោះឆ្នោតបានហើយ ប៉ុន្តែគាត់ត្រូវមានឈ្មោះក្នុងបញ្ជីសិនបានអាចបោះឆ្នោតបាន»។
លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្រែ្វល ដែលឃ្លាំមើលការបោះឆ្នោត ប្រាប់ថា លោកសាទរប្រសិនបើលោក កឹម សុខា មានសិទ្ធិចុះឈ្មោះបោះឆ្នោត។ លោកបន្ថែមថា លោកជំរុញឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសម្រួលដល់អ្នកដែលកំពុងជាប់ឃុំផ្សេងទៀត ឲ្យមានសិទ្ធិក្នុងការចុះឈ្មោះបោះឆ្នោតផងដែរ។
លោកបញ្ជាក់ថា៖
«បើសិនជា គ.ជ.ប យកគោលការណ៍ហ្នឹង គួរតែរៀបចំក្រុមចុះឈ្មោះបោះឆ្នោតទៅតាមពន្ធនាគារដែរ ព្រោះមានអ្នកទើបជាប់ពន្ធនាគារដែលមិនទាន់កាត់ទោសជាស្ថាពរ ដូចលោក ចរិយា ដូច ណៃ វ៉ង់ដា ដូច នី សុខា អង្គការសិទ្ធិមនុស្ស ឬក៏អ្នកស្រីទេពវន្នីអីហ្នឹង គាត់ទើបជាប់ពន្ធនាគារហ្នឹង ត្រូវឲ្យគេបានចុះឈ្មោះដែរ។ គ.ជ.ប គួរតែរៀបចំក្រុមពិសេសដើម្បីទៅដល់ពន្ធនាគារ ដើម្បីឲ្យគេបានចុះឈ្មោះបោះឆ្នោតដែរ ព្រោះរឿងហ្នឹងសំខាន់ដើម្បីឲ្យគេបានចុះឈ្មោះបោះឆ្នោត បើមិនអញ្ចឹងទេដឹកពួកគេឲ្យបានមកចុះឈ្មោះបោះឆ្នោតផង»។
ពាក់ព័ន្ធនឹងការអង្វររបស់លោក កឹម សុខា សុំឲ្យមានការដោះលែងសកម្មជនដែលកំពុងជាប់ឃុំ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងថា ជារឿងមិនអាចទៅរួច។
លោក សុខ ឥសាន បានមានប្រសាសន៍ថា៖
«គាត់ទើបប្រកាសថ្មីៗថា គាត់ប្តេជ្ញាការពាររដ្ឋធម្មនុញ្ញ ឥឡូវមូលហេតុអីឲ្យយកមកចរចានយោបាយដើម្បីដោះលែងអ្នកទោស តើនីតិរដ្ឋនៅឯណា តើរដ្ឋធម្មនុញ្ញនៅឯណា ហើយស្ថាប័នតុលាការដែលជាស្ថាប័នឯករាជ្យរបស់ជាតិហ្នឹងទុកនៅឯណា បើតុលាការចេញសាលក្រមស្ថាពរចំពោះ សម រង្ស៊ី តុលាការចេញសាលក្រមហើយកំពុងស្ថិតក្នុងនីតិវិធីប្តឹងទៅសាលាឧទ្ធរណ៍ ប្តឹងទៅសាលាកំពូលទៀតទៅហើយ តើឲ្យយកបញ្ហានយោបាយមកដោះស្រាយយ៉ាងម៉េចចេញ អាហ្នឹងមិនអាចទៅរួចទេ»។
មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី និងលោក កឹម សុខា ត្រូវបានតុលាការកាត់ទោសកំបាំងមុខដាក់ពន្ធនាគារក្នុងរឿងក្ដីផ្សេងៗគ្នា ហើយតំណាងរាស្ត្រនិងសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងមួយចំនួនក៏កំពុងត្រូវបានឃុំខ្លួនក្នុងពន្ធនាគារផងដែរដោយសារសកម្មភាពរិះគន់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងបញ្ហាការពារបូរណភាពទឹកដី។
មកដល់ពេលនេះ អ្នកការពារសិទ្ធិមនុស្សនៃសមាគមសិទ្ធិមនុស្សអាដហុកនិងមន្ត្រីរៀបចំការបោះឆ្នោត សកម្មជននយោបាយនិងមន្ត្រីបក្សប្រឆាំងមួយចំនួនផ្សេងទៀត ក៏កំពុងជាប់ពន្ធនាគារពាក់ព័ន្ធនឹងការតវ៉ាក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣និងការតវ៉ាបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា-វៀតណាមនិងការចោទប្រកាន់លើបទពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយជាដើម។
លោក កឹម សុខា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាមក៏បានបញ្ជាក់ថា សមាជិកគណៈកម្មការអចិន្ត្រៃយ៍របស់គណបក្សសង្គ្រោះជាតិនឹងចូលប្រជុំសភានៅថ្ងៃពុធ ទី២៨ ខែកញ្ញានេះ ដោយលោករំពឹងថាដំណោះស្រាយនយោបាយនឹងមានសម្រាប់កម្ពុជា៕