ក្រោយពីមានការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្តីពីការបញ្ឈប់ការវាយប្រហារគ្នាតាមពាក្យសម្ដីជាមួយនឹងគណបក្សប្រឆាំងក្នុងឱកាសបុណ្យុភ្ជុំបិណ្ឌលោក កឹម សុខា បានធ្វើការអំពាវនាវដល់មន្ត្រីរបស់ខ្លួនឱ្យប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ពាក្យសម្ដី ដើម្បីជៀសវាងប៉ះពាល់ដល់បរិយាកាសនយោបាយ ក៏ដូចជាការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា អំពាវនាវដល់មន្ត្រីរបស់ខ្លួនឱ្យជៀសវាងការប្រើប្រាស់ពាក្យអសុរោះ ឬ ពាក្យវាយប្រហារគ្នាដែលអាចនាំឱ្យប៉ះពាល់ដល់បរិយាកាសនៃការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនិងបរិយាកាសនយោបាយ។
ការអំពាវនាវរបស់លោក កឹម សុខា ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបញ្ឈប់ការវាយប្រហារគ្នាតាមពាក្យសម្ដីជាមួយនឹងគណបក្សប្រឆាំងក្នុងឱកាសបុណ្យុភ្ជុំបិណ្ឌ។
លោក កឹម សុខា បានសរសេរសារបង្ហោះនៅលើទំព័រ Facebook របស់លោកកាលពីយប់ថ្ងៃអាទិត្យថា ដើម្បីរក្សាភាពស្ងៀមស្ងាត់ជូនប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើបុណ្យក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌក្នុងខ្លឹមសារដើមថា៖
«ខ្ញុំសូមអំពាវនាវជាថ្មីម្តងទៀត ជាពិសេសដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់និងសកម្មជនរបស់គណបក្សសង្គ្រោះជាតិ សូមជៀសវាងការប្រើអំពើហិង្សា ឬពាក្យអសុរោះ ឬពាក្យវាយប្រហារគ្នាដែលនាំឲ្យប៉ះពាល់ដល់បរិយាកាសនៃពិធីបុណ្យប្រពៃណីជាតិនេះ និងប៉ះពាល់ដល់បរិយាកាសនយោបាយយូរអង្វែង ទៅមុខទៀត»។
កាលពីថ្ងៃទី២២ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសមិនឈ្លោះឆ្លើយឆ្លងពាក្យសម្ដីជាមួយគណបក្សប្រឆាំងដែលលោកហៅថាជា «បទឈប់បាញ់គ្នា» តាមពាក្យសម្ដី។
លោក ហ៊ុន សែន បានថ្លែងដូចនេះថា៖
«ខ្ញុំរង់ចាំមើលរដូវភ្ជុំបិណ្ឌនេះថាអ្នកណាវ៉ៃអ្នកណាមុន ព្រោះជាធម្មតាគឺខ្ញុំចង់ឱ្យសភាពការណ៍វាស្ងប់ស្ងាត់។ មិនចង់ឱ្យមានការឆ្លងឆ្លើយគ្នា ព្រោះចាំមើលបទឈប់បាញ់គ្នានេះអ្នកណាអ្នកផ្ដើមមុន»។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ប្រាប់VOAនៅថ្ងៃច័ន្ទថា គណបក្សប្រឆាំងស្វាគមន៍និងអបអរសាទរចំពោះការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ក៏ប៉ុន្តែលោកថា គណបក្សសង្គ្រោះជាតិមិនចង់បានត្រឹមតែភាពស្ងប់ស្ងាត់នោះទេ តែក៏ចង់បានដំណោះស្រាយសម្រាប់ស្ថានការណ៍នយោបាយនាពេលបច្ចុប្បន្នផងដែរ។
លោកយឹម សុវណ្ណ មានប្រសាសន៍ថា៖
«អញ្ចឹងយើងឈានមួយជំហានទៀត ថាយើងគួរតែជួបជុំគ្នាដើម្បីរកដំណោះស្រាយឱ្យស្ថានការណ៍នយោបាយដែលកំពុងតែតានតឹងហ្នឹង វិលទៅរកភាពប្រក្រតី រួចត្រៀមលក្ខណៈដើម្បីចូលរួមក្នុងការបោះឆ្នោតឃុំ ហើយនិងការបោះឆ្នោតជាតិ ក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ខាងមុខហ្នឹងបាទ»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានប្រាប់ VOA ថា ការចរចានយោបាយជាមួយគណបក្សសង្គ្រោះជាតិប្រហែលជាមិនអាចធ្វើទៅរួចនោះទេ ដោយលោកថា គណបក្សប្រឆាំងតែងតែចង់លើកយកបញ្ហាដែលពាក់ព័ន្ធនឹងនីតិវិធីតុលាការយកទៅចរចា។
«ចង់ចរចាក៏វាទៅអត់រួចដែរ ពីព្រោះភាគីដៃគូហ្នឹងគាត់លើកតែពីបញ្ហាដោះលែងអ្នកទោស ឬមួយអ្នកជាប់ពិរុទ្ធអំពីបទល្មើសច្បាប់ហ្នឹងឯង។ គាត់រឿងទិសដៅតែមួយរបស់គាត់ទេ គឺដោះលែងអ្នកជាប់ទោស អ្នកដែលមានសាលក្រមស្ថាពររបស់តុលាការហើយ ហើយនិងឱ្យលើកលែងបទចោទប្រកាន់អ្នកដែលកំពុងតែស្ថិតនៅក្នុងនីតិវិធីរបស់តុលាការ។ អញ្ជឹងទោះបីជួបគ្នាពេលនេះក៏ដោយ ជួបគ្នាពេលខាងមុខក៏ដោយ បើប្រធានបទនៅតែលើកយកបញ្ហាហ្នឹងមកដដែលទេ អាហ្នឹងមិនអាចទៅរួចទេ»។
លោក សុខ ឥសាន អះអាងដែរថា មកទល់ពេលនេះ គណបក្សកាន់អំណាចមិនទាន់ទទួលបានការស្នើសុំចរចាណាមួយពីគណបក្សសង្គ្រោះជាតិនៅឡើយទេ។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតដែលជាមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយក្នុងស្រុកយល់ថា ការបញ្ឈប់ការវាយប្រហារគ្នាតាមពាក្យសម្ដីគឺជាជំហានមួយដ៏សំខាន់ដែលគណបក្សបក្សទាំងពីរគួរយកចិត្តទុកដាក់ ដើម្បីឈានទៅដល់ការរកដំណោះស្រាយនយោបាយ។ លោកបន្តថា ស្ថានភាពនយោបាយនាពេលបច្ចុប្បន្នមិនបានផ្ដល់ផលចំណេញដល់ភាគីណាមួយនោះទេ ដូច្នេះ គណបក្សទាំងពីរគួរជួបចរចាគ្នា ដោយមិនចាំបាច់កំណត់លក្ខខណ្ឌនៃការចរចានោះទេ។
លោកមានប្រសាសន៍ថា៖
«ដើម្បីរកដំណោះស្រាយរកច្រកបាន ខ្ញុំថាគួរតែសន្ទនាដោយគ្មានលក្ខខណ្ឌ។ ការជួបគ្នាមិនបាច់ [កំណត់លក្ខខណ្ឌ] ជជែកគ្នាពីរឿងតុលាការក៏ដោយ ករណីជាប់ពន្ធនាគារក៏ដោយ ការជួបជជែកពីរឿងបញ្ហាផ្សេងក៏ដោយ ក៏មិនចាំបាច់មានលក្ខខណ្ឌដែរ។ គួរតែជួបគ្នាជជែកគ្នាទៅ»។
កាលពីកន្លងទៅ គណបក្សប្រឆាំងបានប្រកាសពីគម្រោងធ្វើមហាបាតុកម្មទាមទារឲ្យមានដំណោះស្រាយនយោបាយ។ សមាជិកសភាបក្សប្រឆាំងបានធ្វើពហិការមិនចូលរួមកិច្ចប្រជុំរបស់សភាក្រោយរដ្ឋាភិបាល មានចំណាត់ការផ្លូវច្បាប់លើមេដឹកនាំគណបក្សសង្គ្រោះជាតិគឺលោក សម រង្ស៊ី និងលោក កឹម សុខា។ ទោះយ៉ាងណា លោក ហ៊ុន សែន បានប្រកាសថា ការចរចានយោបាយជាមួយបក្សប្រឆាំងអាចធ្វើឡើងបានតែក្នុងរដ្ឋសភាប៉ុណ្ណោះ មិនអាចកើតឡើងតាមរយៈការធ្វើបាតុកម្មនោះទេ៕