មេដឹកនាំគណបក្សសង្គ្រោះជាតិ បានហៅការខិតខំរបស់ក្រុមមន្ត្រីរដ្ឋាភិបាល និងពាណិជ្ជករក្នុងការទិញអង្ករពីកសិករថា ជាគោលនយោបាយដែលគួរឲ្យអាណិតរបស់រដ្ឋាភិបាល។ មន្ត្រីនៃគណបក្សកាន់អំណាចនិយាយថា ការថ្លែងរបស់មេបក្សប្រឆាំង គឺជារឿងច្រំដែល ខណៈដែលសេដ្ឋវិទូ នៅមានក្តីសុទិដ្ឋិនិយមថា វិស័យកសិកម្មឧស្សាហកម្ម កម្ពុជានឹងអាចមានលក្ខណៈល្អប្រសើរជាងមុន នៅពេលរដ្ឋាភិបាលធ្វើការឲ្យហ្មត់ចត់បន្តិចទៀតលើការកែទម្រង់សំខាន់ៗ។
ក្រោយពីកសិករផ្ទុះកំហឹងចំពោះការធ្លាក់ចុះតម្លៃស្រូវធ្ងន់ធ្ងរក្នុងខេត្តបាត់ដំបង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសគៀងគរឲ្យមានចលនាទិញស្រូវក្នុងស្រុកដើម្បីជួយដល់កសិករ។
ភ្លាមៗក្រោយការប្រកាសរបស់លោក ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជាផងនោះ ក្រុមមន្ត្រីទាំងថ្នាក់ទាប ថ្នាក់ខ្ពស់ និងថ្នាក់កំពូល បានប្រកាសប្រាប់ពីការជួយទិញអង្ករពីកសិករជាបន្តបន្ទាប់ ក្នុងចំនួនមិនតិចជាង១០តោន។
តមកទៀត ធនាគារអភិវឌ្ឍន៍ជនបទ ដែលទទួលបានការផ្តល់មូលនិធិពីរាជរដ្ឋាភិបាលចំនួន២៧លានដុល្លារ បានប្រកាសប្រាប់ក្រុមអ្នកវិនិយោគ ពាណិជ្ជករ មន្ត្រីរាជការ ប្រជារាស្ត្រខ្មែរ និងមា្ចស់រោងម៉ាស៊ីនកិនស្រូវថា ខ្លួននឹងធ្វើការផ្តល់ឥណទានកម្ចីជូនទៅបណ្តារោងម៉ាស៊ីនទាំងឡាយណា ដែលកំពុងធ្វើការប្រមូលទិញស្រូវពីប្រជាកសិករ ដោយមិនមានការរើសអើង ក្នុងអត្រាការប្រាក់៧% ក្នុងមួយឆ្នាំ គឺស្មើនឹង០,៥៣៨ភាគរយក្នុងមួយខែ។
ការផ្តល់ប្រាក់កម្ចីនេះតម្រូវឲ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវ យកស្តុកស្រូវធ្វើជាវត្ថុធានាបំណុល និងត្រូវបំពេញលក្ខខណ្ឌប្រមូលទិញស្រូវពីប្រជាកសិករក្នុងតម្លៃ៨៤០រៀលក្នុងមួយគីឡូក្រាមនៅនឹងវាលស្រែ និងតម្លៃ៩០០រៀលក្នុងមួយគីឡូក្រាមនៅឃ្លាំង ក្នុងគោលដៅផ្តល់ប្រយោជន៍ជូនប្រជាកសិករ។
ក្រុមអ្នកជំនាញកសិកម្មបានចាត់ទុកផែនការឆ្លើយតបទាំងតក់ក្រហល់ និងគ្មានការប្រុងប្រយ័ត្ននេះថា ជាការរំដោះគ្រោះមួយគ្រាតែប៉ុណ្ណោះ ក្នុងការកាត់បន្ថយវិបត្តិនៃការធ្លាក់ចុះតម្លៃស្រូវ ដែលរមែងកើតឡើង ក្រោយការប្រមូលផល ដោយសារភាពមិនច្បាស់លាស់នៃតម្រូវការក្នុងទីផ្សារទាំងក្នុងស្រុក និងក្រៅប្រទេស។
ស្របពេលដែលវិបត្តិនេះ នៅបន្តអូសបន្លាយនោះ មេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនទៅរស់នៅក្នុងប្រទេសបារាំង បានបង្ហាញការយល់ឃើញរបស់លោកតាមរយៈការផ្តល់មតិក្នុងព្រឹត្តិបត្រព័ត៌មាន The Cambodia Daily ថា កិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការបញ្ចេញប្រាក់ក្នុងនាទីចុងក្រោយដើម្បីស្រោចស្រង់តម្លៃស្រូវ ការអំពាវនាវឲ្យមន្ត្រីរដ្ឋាភិបាល និងអ្នកជំនួញស្តុកស្តម្ភ និងមិត្តភក្តិផ្សេងទៀត ឲ្យទិញស្រូវស្តុកទុក នោះគឺគ្រាន់តែជាការជួយម្ចាស់រោងម៉ាស៊ីនស្រូវដែលខ្វះលុយឲ្យរួចផុតពីការក្ស័យធន និងជាគោលនយោបាយដែលគួរឲ្យអាណិត និងអស់សង្ឃឹមរបស់រដ្ឋាភិបាល ដើម្បីបំបែកស្ថានការណ៍ដែលកំពុងតែមិនអាចគ្រប់គ្រងបានច្រើនទៅៗនោះ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលបានគេចពីការជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ដោយបណ្តឹងបរិហារកេរ្តិ៍របស់លោក ហោ ណាំហុង អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងបណ្តឹងផ្សេងទៀតនោះ បានសរសេរនៅក្នុងអត្ថបទបញ្ចេញមតិរបស់លោកក្នុងព្រឹត្តិបត្រព័ត៌មានចេញផ្សាយកាលពីថ្ងៃអង្គារនេះថា លោកបានមើលឃើញ ការដួលរំលំនៃវិស័យឧស្សាហកម្មកសិកម្មនេះថា អាចជាផលវិបាកនយោបាយ សង្គម និងសេដ្ឋកិច្ចដ៏ធំធេង ចំពោះប្រជាពលរដ្ឋកម្ពុជាដែលពឹងផ្អែកលើវិស័យកសិកម្មជាទូទៅ និងជាពិសេសនោះ គឺក្នុងឧស្សាហកម្មស្រូវនេះតែម្តង។
មេបក្សរូបនេះ បានលើកឡើងថា កម្សោយនៃផលិតភាពដែលមានកម្រិតទាប គឺជាផលវិបាកមួយរបស់កម្ពុជា ដើម្បីប្រកួតប្រជែងនឹងប្រទេសក្បែរខាង។ លោក សម រង្ស៊ី បានសរសេរក្នុងអត្ថបទនោះថា៖
«វាមិនអាចប្រកែកបានទេថា ផលិតភាពកសិកម្មរបស់កម្ពុជា គឺទាបជាងប្រទេសក្បែរខាង និងប្រទេសប្រកួតប្រជែងនានា។ ហេតុដូច្នេះ ដំណោះស្រាយដែលច្បាស់លាស់ណាមួយដើម្បីឆ្លើយតបទៅនឹងវិបត្តិ ត្រូវតម្រូវថា យើងត្រូវដោះស្រាយគម្លាតរចនាសម្ព័ន្ធផលិតភាព ដែលមានលក្ខណៈជាតំបន់នេះ»។
លោកពន្យល់ថា តម្រូវការទីមួយសម្រាប់ការដំឡើងផលិតភាពនោះ គឺការកាត់បន្ថយថ្លៃដើមនៃផលិតកម្ម។ លោកថា ប្រជាកសិករខ្មែរជាច្រើន ប្រឈមនឹងការចំណាយថ្លៃដើមផលិតខ្ពស់ដូចជា អគ្គិសនី និងអត្រាការប្រាក់។
ការផ្តល់យោបល់របស់លោក សម រង្ស៊ី ចំពោះវិបត្តិនៃវិស័យកសិកម្មនេះ បានធ្វើឡើង បន្ទាប់ពីកាលពីព្រឹកថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងទៅ កសិករប្រមាណ១.០០០នាក់បានបិទកំណាត់ផ្លូវជាតិលេខ៥ ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីតវ៉ានឹងឈ្មួញកណ្ដាល ដែលឲ្យតម្លៃស្រូវរបស់ពួកទាបហួសហេតុខុសពីការកំណត់របស់រដ្ឋាភិបាល។
ការតវ៉ាប្រឆាំងថ្លៃស្រូវនៅខេត្តបាត់ដំបង បានកើតឡើង ក្រោយពីមានឈ្មួញកណ្ដាល មកចរចាទិញស្រូវពីកសិករ ក្នុងតម្លៃ៦០០រៀល ក្នុងមួយគីឡូសម្រាប់ស្រូវប្រភេទលេខ២ និង ៦៥០រៀលសម្រាប់ ប្រភេទលេខ១។ ក៏ប៉ុន្តែ ពេលកសិករយកស្រូវទៅលក់ ឈ្មួញកណ្ដាលបែរជាមិនទិញ ដែលជាហេតុធ្វើឲ្យកសិករកើតក្ដីខឹងសម្បារជាខ្លាំង។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់ VOA កាលពីថ្ងៃអង្គារនេះថា រដ្ឋាភិបាលនឹងមិនធ្វើការពិចារណា លើការលើកឡើងរឿងច្រំដែលរបស់លោក សម រង្ស៊ី ដែលជាមនុស្សមានទោសទណ្ឌនោះទេ។ លោកថ្លែងថា ក្រុមមន្ត្រីរដ្ឋាភិបាលកំពុងធ្វើទៅតាមការចង្អុលបង្ហាញពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការរកផ្លូវដោះស្រាយ បញ្ហាធ្លាក់ចុះនៃតម្លៃស្រូវនេះ។
«ចំពោះទៅពេលខាងក្រោយទៀត អាហ្នឹងរាជរដ្ឋាភិបាល នឹងរកឥណទានពីបរទេស ដើម្បីយកមកទប់ទល់ ធ្វើយ៉ាងម៉េចឲ្យ រោងម៉ាស៊ីនស្រូវវាកាន់តែ មានលទ្ធភាពដើម្បីនឹងទទួលបានស្រូវអង្ករយកមកកិន ឲ្យទៅតាមស្តង់ដា និងគុណភាពអន្តរជាតិ ហើយទីពីរ ទៅកសាងមូលដ្ឋានសម្ងួតស្រូវដើម្បីស្តុកទុកឲ្យមានលក្ខណៈយូរអង្វែង ហើយទីបី គឺថា វាមានលទ្ធភាពទុនសម្រាប់ប្រមូលទិញ អង្ករ ទិញស្រូវពីប្រជាពលរដ្ឋដែលលោកខ្វះខាត ប្រមូលផលស្រូវហើយត្រូវការលុយ ដើមទុនដើម្បីបង្វិលសង បញ្ហាដែលជាសម្ភារៈកសិកម្មអីផ្សេងៗ ដែលជំពាក់នាយទុននោះ»។
លោក ចាន់ សុផល ប្រធានមជ្ឈមណ្ឌលដើម្បីការសិក្សាគោលនយោបាយប្រាប់ VOA កាលពីល្ងាចអង្គារកន្លងមកថា ឧស្សាហកម្មស្រូវនៅកម្ពុជា នឹងមិនដួលរលំនោះទេ។ លោកថា បញ្ហាថ្មីៗដែលបានកើតឡើងក្នុងឧស្សាហកម្មស្រូវនេះ គឺមួយផ្នែកធំបណ្តាលមកពីបរិមាណស្រូវស្តុកទុកក្នុងប្រទេសក្បែរខាងនៅមានកម្រិតច្រើនលើសពីតម្រូវការ ដែលធ្វើឲ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវមិនអាចលក់ស្រូវចេញបានក្នុងតម្លៃខ្ពស់ នៅគ្រាកសិករមួយចំនួនចំណាយច្រើនលើការផលិតតែបានផលតិច។
លោកបានលើកឡើងនូវដំណោះស្រាយមួយចំនួនសម្រាប់ធ្វើឲ្យស្ថានភាពនៃឧស្សាហកម្មស្រូវនេះ មានភាពល្អប្រសើរឡើង ដែលរួមមាន ការពង្រឹងប្រព័ន្ធព័ត៌មានដើម្បីតាមដានរយៈពេល និងសកម្មភាពផលិត ហើយនិងទិន្នន័យនៃផលស្រូវដែលធ្វើបាននៅតាមតំបន់នីមួយៗ ការក្តាប់ឲ្យបានព័ត៌មានអំពីការនាំចេញ និងនាំចូលទាំងបរិមាណ និងប្រភេទស្រូវ ក៏ដូចជាតាមដានបម្រែបម្រួលទីផ្សារអន្តរជាតិដែលអាចឲ្យដឹងជាមុន ឬប៉ាន់ស្មានបាននៃការកើននិងធ្លាក់ចុះតម្លៃ។
ក្រៅពីដំណោះស្រាយទាំងនោះ សេដ្ឋវិទូរូបនេះបន្ថែមប្រាប់ VOA ថា៖
«ក្រោយពីនោះ វិធានការដែលរដ្ឋអាចមានលទ្ធភាពជួយទៅតាមថវិកាដែលរដ្ឋមាន ដូចជាជួយធ្វើយ៉ាងម៉េចឲ្យប្រជាពលរដ្ឋយើងទទួលបាននូវធាតុចូលក្នុងតម្លៃសមស្រប កុំឲ្យមានរបាំងនាំចូលពិបាកពេក គឺអ្នកដែលនាំចូលជីរ នាំចូលថ្នាំហ្នឹង នៅជួបឧបសគ្គច្រើនណាស់ យើងអាចសម្រួលដល់គាត់ ហើយនិងធាតុចូលផ្សេងៗ រួមនឹងធារាសាស្ត្រ គឺត្រូវតែគិតគូរ ហើយចំពោះម៉ាស៊ីនស្រូវ អស់លោករអ៊ូខ្លាំងរឿងថ្លៃភ្លើង អញ្ចឹងយើងត្រូវបង្កើនល្បឿនថែមទៀត នៅក្នុងការអភិវឌ្ឍវិស័យអគ្គិសនី យើងឲ្យធានាឲ្យមានអគ្គិសនីគ្រប់វ៉ុល ហើយមិនដាច់ញឹកញាប់ ហើយថ្លៃឲ្យធ្លាក់ទាបជាងបច្ចុប្បន្នភាព»។
រីឯលោក ឆុង សុផល មន្ត្រីសម្របសម្រួលសហគមន៍កសិកម្មនៃបណ្តាញកសិករ និងធម្មជាតិ (FNN) មើលឃើញការនាំចូលស្រូវពីប្រទេសក្បែរខាង ថាជាការគំរាមកំហែងដល់ឧស្សាហកម្មស្រូវកម្ពុជា។ លោកបានលើកពីវិធានការមួយចំនួនបន្ថែមទៀត ដើម្បីធ្វើឲ្យមានស្ថិរភាពក្នុងឧស្សាហកម្មស្រូវយ៉ាងដូច្នេះថា៖
«ទីមួយគឺទប់ស្កាត់ការនាំចូលពីវៀតណាម ទីពីរ យើងកំណត់តម្លៃស្រូវឲ្យច្បាស់លាស់ ទីបី យើងធ្វើអា farming-contract ហ្នឹង គឺដើម្បីឲ្យកសិករហ្នឹង គាត់... មានបង្អែក មានន័យថា នៅពេលណាគាត់ ធ្វើទៅ គាត់មានទីផ្សារសម្រាប់លក់ អញ្ចឹងគាត់អត់មានខ្វាយខ្វល់អីទៀត អត់មានអីទាក់ទងរឿងទីផ្សារពិភពលោកអីទៀតទេ នៅពេលណាគាត់ធ្វើ farming-contract ហើយ គឺគាត់ទទួលបានផលចំណេញដែរ»។
គោលនយោបាយនាំស្រូវអង្ករចេញឲ្យបាន១លានតោននាឆ្នាំ២០១៥របស់រដ្ឋាភិបាល បានទទួលបរាជ័យ ដោយសារក្រុមមន្ត្រីមិនបានអនុវត្តគោលនយោបាយព្រមគ្នា ខណៈដែលអ្នកវិនិយោគនៅរារែកមិនហ៊ានបោះទុនលើការដំឡើងម៉ាស៊ីនកិនស្រូវ។
កាលពីខែមករាឆ្នាំ២០១៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលស្ថិតក្នុងអំណាចជាង៣០ឆ្នាំ បានទទួលស្គាល់បរាជ័យរបស់រដ្ឋាភិបាលក្នុងការនាំចេញអង្ករឲ្យបាន១លានតោននៅឆ្នាំ២០១៥ ដោយសារតែការនាំចេញ គឺបានតែ៥០%ប៉ុណ្ណោះ នៃផែនការនាំចេញដែលបានកំណត់៕