ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារ​ AIIB ដោះ​ស្រាយ​បញ្ហា​ស្ងាត់ៗ​ខណៈ​មាន​ការ​ខ្វល់ខ្វាយ​ពី​ការ​ត្រួត​ត្រា​របស់​ចិន


រូបឯកសារ៖ ប្រធាន​ធនាគារ​ AIIB​ លោក Jin Liqun សម្តែង​ការ​គួរសម​ដល់​អ្នក​សារព័ត៌មាន​ ពេល​លោក​មក​ដល់​កន្លែង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ក្នុង​ក្រុង​ប៉េកាំង​ កាល​ពី​ខែ​កមករា។
រូបឯកសារ៖ ប្រធាន​ធនាគារ​ AIIB​ លោក Jin Liqun សម្តែង​ការ​គួរសម​ដល់​អ្នក​សារព័ត៌មាន​ ពេល​លោក​មក​ដល់​កន្លែង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ក្នុង​ក្រុង​ប៉េកាំង​ កាល​ពី​ខែ​កមករា។

ធនាគារ​វិនិ​យោគ​ហេដ្ឋា​រចនាសម្ព័ន្ធ​អាស៊ី​ហៅ​កាត់​ថា​ AIIB​ មាន​មូលដ្ឋាន​ក្នុង​ក្រុង​ប៉េកាំង​ បាន​គូស​បញ្ជាក់​អំពី​ឯករាជ្យភាព​របស់​ខ្លួន​ពី​ឥទ្ធិពល​របស់​ប្រទេស​ចិន​ ហើយ​បាន​និយាយថា​ សេចក្តី​សម្រេច​ចិត្ត​លើ​គម្រោងការ​របស់​ខ្លួន​នឹង​មិន​លម្អៀង​ឡើយ។ ក៏​ប៉ុន្តែ​នៅ​ក្នុង​ការប្រជុំ​ប្រចាំ​ឆ្នាំ​លើកទី​មួយ​របស់ធនាគារ​នេះ​កាល​ពី​ចុង​សប្តាហ៍​មុន​ គេ​ឃើញ​មានសមាជិក​ខ្លះ​ខ្វល់ខ្វាយ​អំពី​បញ្ហា​នេះ។​

ការ​ប្រជុំ​នេះ​បាន​លាត​ត្រដាង​ឱ្យ​ដឹង​ថា​ ធនាគារ​ថ្មី​នេះ​បាន​យល់​ព្រម​ឱ្យ​មាន​ការ​ខ្ចី​ប្រាក់​ ៥០៩​ លាន​ដុល្លារ​សម្រាប់​គម្រោងបួន​ ចាប់​តាំង​ពី​ធនាគារ​នេះ​បាន​បើក​ដំណើរ​ការ​កាល​ពី​ខែ​មករា​មុន​មក។

ធនាគារ​ AIIB ​មាន​ដៃ​គូ​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​ពហុភាគី​បី​ទៀត​ គឺ​ធនាគារ​ពិភពលោក ធនាគារ​អភិវឌ្ឍន៍​អាស៊ី និង​ធនាគារ​អឺរ៉ុប​សម្រាប់​ការ​កសាង​ជា​ថ្មី​និង​ការ​អភិវឌ្ឍន៍។ ភាព​ជា​ដៃ​គូ​នេះ​ គឺ​សម្រាប់​ការ​ផ្តល់​ប្រាក់​កាស​រួមគ្នា​ដើម្បី​កសាងគម្រោង​នានា។​

ក៏​ប៉ុ​ន្តែ​នៅ​តែ​មាន​កង្វល់​ថា​ ប្រទេស​ចិន​ដែល​មានភាគ​ហ៊ុន​ច្រើន​ជាង​គេ​នៅ​ក្នុង​ធនាគារ​ AIIB ​នេះ​ នឹង​មានឥទ្ធិពល​ខ្លាំង​លើ​កិច្ច​ប្រតិបត្តិការ​របស់​ធនាគារ​នេះ និង​ណែនាំ​ធនាគារ​នេះ​ឱ្យ​គាំទ្រ​គម្រោងការ​ One Belt, One Road ដែល​គេ​ស្គាល់​ដែរ​ថា​ជា​កម្មវិធី​ផ្លូវ​សូត្រ​របស់រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ចិន Zhang Gaoli ​ដែល​បាន​និយាយ​នៅ​ក្នុង​ការ​ប្រជុំ​របស់​ធានាគារ​នេះ ​បាន​ណែនាំ​ធនាគារ​នេះ​ឱ្យ​គាំទ្រប្រទេស​ជា​សមាជិក​និង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​ផែនការ​រដ្ឋាភិបាលស្តី​ពី​ផ្លូវ​សូត្រ។​ លោក​បាន​និយាយ​យោង​ជា​ពិសេស​ដល់​ហេដ្ឋា​រចនា​សម្ព័ន្ធ​មិន​គ្រប់​គ្រាន់​នៅ​ក្នុង​ផ្នែក​កណ្តាល​នៃ​ទ្វីប​អាស៊ី​ ដែល​ជា​ការ​តភ្ជាប់​សំខាន់​មួយ​របស់ផ្លូវ​សូត្រ​ដែល​ភ្ជាប់​ប្រទេស​ចិន​ជាមួយ​ទ្វីប​អឺរ៉ុប៕

XS
SM
MD
LG