ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​​បាន​បើក​ដំណើរការ​នៅ​ប៉េកាំង


លោក Lou Jiwei រដ្ឋ​មន្រ្តី​ហិរញ្ញវត្ថុ​របស់ចិន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​បើក​នៃ​ក្រុម​ទេសាភិបាល​នៃ​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ដែល​ហៅ​កាត់​ថា AIIB នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦។
លោក Lou Jiwei រដ្ឋ​មន្រ្តី​ហិរញ្ញវត្ថុ​របស់ចិន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​បើក​នៃ​ក្រុម​ទេសាភិបាល​នៃ​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ដែល​ហៅ​កាត់​ថា AIIB នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦។

ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ដែល​ហៅ​កាត់​ថា AIIB គាំទ្រ​ដោយ​ចិន​ ដែល​ជា​គូ​ប្រជែង​ធនាគារ​ពិភពលោក​ និង​ស្ថាប័ន​ផ្តល់​ប្រាក់​កម្ចី​អន្តរជាតិ​ដទៃទៀត​ បាន​បើក​ដំណើរការ​នៅ​ទីក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ។ ប្រទេស​ជា​សមាជិក​ទាំង​៥៧​បាន​ដាក់​ដើមទុន​ចំនួន​១០០​ពាន់​លាន​ដុល្លារ​ទៅ​ធនាគារ AIIB ​ដែល​ចំនួន​នេះ​ ស្ទើរ​តែ​ស្មើ​នឹង​ទឹកប្រាក់​ពាក់​កណ្តាល​របស់​ធនាគារ​ពិភពលោក​ ខណៈ​ដែល​ធនាគារ​នេះ​ទើប​តែ​ចាប់​ផ្តើម​ប្រតិបត្តិការ​តែ​ប៉ុណ្ណោះ។ ​

លោក​ប្រធានាធិបតី​ ស៊ី ជីនពីង ដែល​ជា​អ្នក​ផ្តួចផ្តើម​ស្នើ​ឲ្យ​បង្កើត​ធនាគារ​អាស៊ី​ដែល​មាន​ភាគី​ច្រើន​ចូល​រួម​នេះ​ឡើង​ដើម្បី​ជួយ​ដល់​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នានា​កាល​ពី​ជាង​២​ឆ្នាំ​មុន​ បាន​មាន​ប្រសាសន៍​ថា «នេះ​គឺ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​មួយ»។

លោក​ស៊ី ជីនពីង បាន​ថ្លែង​ថា ធនាគារ​ថ្មី​នេះ​នឹង​មាន​តួនាទី​សំខាន់​មួយ​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​គ្រប់គ្រង​សេដ្ឋកិច្ច​សាកលលោក​ឲ្យ​កាន់​តែ​មាន​យុត្តិធម៌ សមភាព​ និង​ប្រសិទ្ធភាព​ជាង​មុន។

​ប្រទេស​ចិន​បាន​ផ្តល់​ដើមទុន​ចំនួន​៣០​ភាគរយ​នៃ​ធនាគារ​ថ្មី​នេះ ដែល​នេះ​គឺ​ភាគហ៊ុន​ធំ​ជាងគេ​បំផុត។ ធនាគារ AIIB គឺ​ជា​ធនាគារ​ដែល​មាន​ភាគហ៊ុន​ចម្រុះ​ដំបូង​បង្អស់ដែល​មិន​មាន​វត្តមាន​របស់​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ជប៉ុន​ជា​ដៃគូ។

ការ​បង្កើត​ធនាគារ​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​ឡើង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា គឺ​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោក​ប្រធានាធិបតី​ស៊ី ជីនពីង ។ នៅ​ក្នុង​ការ​ស្នើ​ឲ្យ​បង្កើត​ស្ថាប័ន​ផ្តល់​ប្រាក់កម្ចី​ដែល​ដឹកនាំ​ដោយ​អាស៊ី​មួយ​នេះ​កាល​ពី​ខែ​តុលា​ឆ្នាំ​២០១៣ លោកស៊ី ជីនពីង បាន​មាន​ប្រសាសន៍​ថា ការ​ក្តោបក្តាប់​របស់​សហរដ្ឋ​អាមេរិក ​និង​ប្រទេស​ជប៉ុន​មាន​ន័យ​ថា​ ធនាគារ​ពិភពលោក​ និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី មិន​មាន​ប្រព័ន្ធ​គ្រប់គ្រង​ដ៏​យុត្តិធម៌​មួយ​នោះ​ទេ។ ​

ប្រទេស​ចិន​បាន​ឲ្យ​ដឹង​ថា ធនាគារ AIIB នឹង​សហការ​ជាមួយ​ម្ចាស់​ប្រាក់​កម្ចី​ចម្រុះ​ដទៃ​ទៀត​ទៅ​លើ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​អាស៊ី​នានា ហើយ​ធនាគារ​ពិភពលោក​ និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ក៏​ចេញ​លិខិត​កាល​ពី​សៅរ៍​ថា ខ្លួន​ក៏​នឹង​សហការ​ជាមួយ​នឹង​ធនាគារ AIIB ដែរ៕

XS
SM
MD
LG