រយៈពេលជិត១៣ឆ្នាំ ចាប់តាំងពីរថភ្លើងដឹកអ្នកដំណើរចុងក្រោយចេញដំណើរពីស្ថានីយ៍ទីក្រុងភ្នំពេញ បន្ទាប់ពីធ្វើការជួសជុលខ្សែរថភ្លើងទៅភាគខាងត្បូងប្រទេស ដែលចាស់ទ្រុឌទ្រោមអស់រយៈពេលជាច្រើនឆ្នាំមកខ្សែរថភ្លើងនេះក៏ត្រូវដាក់ឲ្យដំណើរការវិញ។
អ្នកដំណើរដែលអន្ទះសារចង់ជិះរថភ្លើងប្រមាណ១៧០នាក់ បានឡើងជិះរថភ្លើង កាលពីថ្ងៃសៅរ៍វេលាម៉ោង៧ព្រឹក ដើម្បីផ្តិតយកទស្សនីយ៍ភាពតាមរយៈការធ្វើដំណើរតាមរថភ្លើងលើកដំបូងឆ្ពោះទៅកាន់ក្រុងព្រះសីហនុ។
អ្នកដំណើរលោក រដ្ឋ ពុធសេរី បាននិយាយទាំងក្តីរីករាយថា៖
«ខ្ញុំគិតថា វាជាយានជំនិះមួយដែលអាចជំនួសការធ្វើដំណើរតាមរថយន្តក្រុង រថយន្តផ្ទាល់ខ្លួន ឬតាមយន្តហោះ។ ខ្ញុំគិតថា ជិះរថភ្លើងមានសុវត្ថិភាពជាងជិះឡាន»។
ការចេញដំណើរលើកដំបូងក្នុងរយៈពេលប្រតិបត្តិការសាកល្បង១សបា្តហ៍របស់ក្រុមហ៊ុនអយស្ម័យយាន រ៉ូយាល (Royal Railway) ដោយសង្ឃឹមថា នឹងអាចទទួលបានការចាប់អារម្មណ៍ពីអ្នកដំណើរដើម្បីអាចឈានទៅបើកសេវាកម្មចេញដំណើរប្រចាំថ្ងៃបាន។
ក្នុងខណៈពេលដែលសំបុត្រត្រូវបានលក់ដាច់ទាំងអស់ក្នុងការចេញដំណើរចម្ងាយ២៦៦គីឡូម៉ែត្រនេះ ជាការបោះជំហានដ៏ខ្លីមួយដើម្បីឈានទៅបម្រើវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា។ ខ្សែរថភ្លើងបានចាប់ផ្តើមប្រតិបត្តិការកាលពីឆ្នាំ២០១៣ បានផ្តល់ជាជម្រើសដល់វិស័យដឹកជញ្ជូនរបស់ប្រទេសកម្ពុជា ដែលកំពុងប្រឈមនឹងផលវិបាកខាងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដើម្បីតាមឲ្យទាន់កំណើនសេដ្ឋកិច្ចរបស់ប្រទេស។
ផលវិបាកក្នុងការរក្សាអត្រាកំណើនសេដ្ឋកិច្ចឲ្យនៅដដែល
អស់រយៈពេលជាងមួយទសវត្សរ៍ហើយ ដែលកំណើនសេដ្ឋកិច្ចកម្ពុជាបានកើនឡើងជាមធ្យមជិត៧ភាគរយក្នុង១ឆ្នាំ។
ផែនការពង្រីកកំពង់ផែភ្នំពេញ និងកំពង់ផែក្រុងព្រះសីហនុ កំពុងដំណើរការ។ ព្រលានយន្តហោះនៅក្នុងរាជធានីបានសង់ពង្រីកបន្ថែមនាពេលថ្មីៗនេះ ហើយផ្លូវថ្នល់មួយចំនួនត្រូវបានកំពុងអភិវឌ្ឍនិងស្ថាបនាឡើងវិញជាប្រចាំ នៅតាមតំបន់អាទិភាពមួយចំនួនដែលកំណត់ដោយរដ្ឋាភិបាល។
ក្រុមអ្នកជំនាញបានថ្លែងថា ទោះបីជាយ៉ាងណាក៏ដោយ ក៏ការស្វែងរកថវិកាដើម្បីអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ ដើម្បីគាំទ្រដល់ការធ្វើពាណិជ្ជកម្មនៅទសវត្សរ៍ខាងមុខនេះ គឺជាឧបសគ្គមួយ។
តាមរយៈរបាយការណ៍មួយរបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីអាគ្នេយ៍ ដែលមានទីតាំងនៅក្នុងទីក្រុងហ្សាកាតាថា ប្រទេសកម្ពុជាត្រូវការថវិកាពី១៣ពាន់លានដុល្លារទៅ១៦ពាន់លានដុល្លារសម្រាប់វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលចាប់ពីផ្លូវថ្នល់ ផ្លូវរថភ្លើងរហូតដល់រោងចក្រផលិតថាមពលអគ្គិសនី និងកំពង់ផែ ប្រសិនបើកម្ពុជាចង់តាមឲ្យទាន់កំណើនសេដ្ឋកិច្ចរបស់ប្រទេសបាន។
តាមរយៈការជំរុញនាំចេញផលិតផលវិស័យកាត់ដេរ និងអង្ករទៅកាន់ពិភពលោក ព្រមទាំងការនាំចូលរថយន្តថ្មីដែលជាតម្រូវការរបស់ប្រជាជនមានជីវភាពមធ្យម កំពង់ផែភ្នំពេញបានកើនឡើងការដឹកជញ្ជូនទំនិញផ្លូវដែកពីរាជធានីទៅកំពង់ផែក្រុងព្រះសីហនុពី៥០កុងតឺន័រ ដែលនេះជាចំនួននៅពេលចាប់ផ្តើមដំណើរការដំបូងកាលពី៣ឆ្នាំមុន ដែលឥឡូវនេះមានជាង២៥០០កុងតឺន័រក្នុង១ខែ។
លោក John Giury នាយកប្រតិបត្តិក្រុមហ៊ុនអយស្ម័យយាន រ៉ូយាល (Royal Railway) មានប្រសាសន៍ថា ក្នុង១ថ្ងៃមានរថភ្លើងចេញដំណើរពី២ទៅ៤រថភ្លើងអាស្រ័យតាមតម្រូវការ៖«អាជីវកម្មកំពុងរីកលូតលាស់នេះជាអ្វីដែលយើងផ្តល់ឲ្យប្រជាជន គឺការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងមានការជឿទុកចិត្តលើសពីនេះទៀតនោះ ដូចជាការគ្មានចោរនៅក្នុងរថភ្លើងរបស់យើង»។
លោកបន្ថែមថា «ពេលមនុស្សទម្លាប់ជិះរថភ្លើង នោះអាជីវកម្មនឹងបន្តរីកចម្រើន»។
ផលវិបាកផ្នែកដឹកជញ្ជូន
ក្រុមអ្នកជំនាញនិយាយថា នៅមានការងារច្រើនណាស់ដែលត្រូវធ្វើ ក្នុងការបញ្ចុះតម្លៃលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទមិនថាតាមផ្លូវទឹក ផ្លូវគោក ផ្លូវដែក ឬសូម្បីតាមផ្លូវអាកាស។ តាមរយៈការថ្លែងរបស់ធនាគារពិភពលោកថា ខណៈពេលដែលមានការកាត់បន្ថយពេលវេលារៀបចំឯកសារនៅឯនាយកដ្ឋានគយ កម្ពុជានៅមានភាពខ្សោយខាងវិស័យដឹកជញ្ជូន ដែលធ្វើឲ្យតម្លៃនៃការនាំចេញខ្ពស់ជាងប្រទេសជិតខាង ដូចជាប្រទេសថៃ និងវៀតណាមដល់ទៅ៣០ភាគរយ។
លោក Van David ប្រធានក្រុមហ៊ុន Bower Group Asia ជាក្រុមហ៊ុនផ្តល់សេវាប្រឹក្សាផ្នែកអាជីវកម្ម គឺជាអ្នកដើរតួយ៉ាងសកម្មក្នុងវិស័យស្រូវ អង្ករ និងឧស្សាហកម្មកាត់ដេរ អស់រយៈពេលជាងមួយទសវត្សរ៍មកហើយនោះ បានមានប្រសាសន៍ថា ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកត្រូវបានកំពុងប្រើប្រាស់មិនទាន់អស់លទ្ធភាព និងមានអាជីវកម្មតិចតួចណាស់ក្នុងវិស័យដឹកជញ្ជូន។
លោកបានបន្ថែមថា រដ្ឋាភិបាលចាំបាច់ផ្តល់ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ ដូចជាការលើកលែងពន្ធ និងការលើកលែងពន្ធរយៈពេលខ្លី ដើម្បីទាក់ទាញក្រុមអ្នកវិនិយោគ។
«ដើម្បីទាក់ទាញអ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុកឲ្យមកវិនិយោគលើវិស័យធំៗទាំងនេះ ដូចជាវិស័យហេដ្ឋារចនាសម្ព័ន្ធ វាគួរតែត្រឡប់ទៅសួរសំណួរដដែលៗឡើងវិញ ដែលតែងតែចោទសួរដោយក្រុមអ្នកវិនិយោគថា៖ តើរដ្ឋាភិបាលផ្តល់ការលើកទឹកចិត្តសារពើពន្ធអ្វីខ្លះដល់ខ្ញុំ?»។
សកម្មភាពរបស់រដ្ឋាភិបាល
ក្នុងពេលដែលប្រទេសជាតិកំពុងប្រែខ្លួនក្លាយជាប្រទេសដែលមានចំណូលមធ្យម ការងារសំខាន់ដើម្បីទាក់ទាញជំនួយសម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធត្រូវបានកាត់បន្ថយ។
លោក ម៉ី កល្យាណ សេដ្ឋកិច្ចវិទូ និងជាទីបឹ្រក្សាជាន់ខ្ពស់របស់រដ្ឋាភិបាលមានប្រសាសន៍ថា រដ្ឋាភិបាលបានមើលឃើញប្រភពមូលនិធិថ្មី តាមរយៈការសុំជំនួយពីធនាគារដែលទើបបង្កើតថ្មីគឺធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ដើម្បីរៀបចំគម្រោងបោះពុម្ពលក់មូលប័ត្របំណុលរបស់រដ្ឋាភិបាលនៅថ្ងៃអនាគត។
រដ្ឋាភិបាលក៏កំពុងធ្វើការដើម្បីលើកជំហររបស់ខ្លួន ក្នុងចំណោមអ្នកវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធទាំងឡាយ ដោយបង្កើតគោលនយោបាយភាពជាដៃគូរវាងរដ្ឋ និងស័យឯកជន(PPP)។ កិច្ចសន្យាទាំងនេះមានលក្ខណៈខុសៗគ្នាពីគម្រោងមួយទៅគម្រោងមួយទៀត ប៉ុន្តែជាទូទៅមានការជាប់ពាក់ព័ន្ធនឹងការរៀបចំរបស់វិស័យឯកជន និងប្រតិបត្តិការទាំងឡាយចាប់ពីរោងចក្រផលិតថាមពលអគ្គិសនី ក្រុមហ៊ុនធ្វើផ្លូវថ្នល់ ឬផ្លូវរថភ្លើង ដែលមានលក្ខណៈយូរអង្វែង។
ចាប់តាំងពីទសវត្សរ៍១៩៩០មក រដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលនយោបាយភាពជាដៃគូរវាងរដ្ឋ និងស័យឯកជន(PPP) ភាគច្រើននៅក្នុងវិស័យថាមពល ដូចជាធ្វើទំនប់វារីអគ្គិសនី និងរោងចក្រធ្យូងថ្ម បើទោះបីជាគម្រោងទាំងនេះត្រូវបានចរចាស្ងាត់ៗក៏ដោយ។
លោក ម៉ី កល្យាណ បានបន្ថែមថា តាមរយៈការឈ្នះឆ្នោតដោយសំឡេងតិចតួចក្នុងឆ្នាំ២០១៣មកគណបក្សប្រជាជនកម្ពុជាទទួលស្គាល់ថា អ្នកបោះឆ្នោតរំពឹងថា មានការអភិវឌ្ឍច្រើនជាងនេះ។
លោកបន្តទៀតថា រដ្ឋាភិបាលត្រូវតែបើកទូលាយ ដើម្បីទាក់ទាញលើការទុកចិត្តពីវិស័យឯកជន និងទាក់ទាញចំណាប់អារម្មណ៍របស់អ្នកវិនិយោគ ជួយគាំទ្រដល់ការរីកចម្រើនដើម្បីបង្កើនជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឲ្យប្រសើរឡើងជារៀងរាល់ថ្ងៃ។
«កិច្ចសន្យានៃភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន (PPP) ត្រូវតែចរចាក្នុងលក្ខណៈតម្លាភាព ហើយក្នុងនោះយើងត្រូវការស្ថាប័នមួយដែលមានសមត្ថភាព មានភាពស្មោះត្រង់ និងចេះធ្វើការរួមគ្នា។ ខ្ញុំច្បាស់ណាស់ថា យើងពិតជាអាចធ្វើបាន»។
ប្រែសម្រួលដោយអ្នកស្រី ស៊ូ ពេជ្រចិន្តា