ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក សម រង្ស៊ី​ លាឈប់​ពី​បក្ស​សង្គ្រោះ​ជាតិ


រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ ថ្លែង​​សុន្ទរកថា​ទៅកាន់​សមាជិក​គណបក្ស​សង្គ្រោះជាតិ នៅ​សណ្ឋាគារមួយនៅទីក្រុងម៉ានីល ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។ (រូប​ថត៖ REUTERS/Romeo Ranoco)
រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ ថ្លែង​​សុន្ទរកថា​ទៅកាន់​សមាជិក​គណបក្ស​សង្គ្រោះជាតិ នៅ​សណ្ឋាគារមួយនៅទីក្រុងម៉ានីល ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។ (រូប​ថត៖ REUTERS/Romeo Ranoco)

លោកសមរង្ស៊ី​បាន​ប្រកាស​កាលពីថ្ងៃសៅរ៍លាលែង​ឈប់ពី​តំណែងប្រធាន​និង​ពី​សមាជិកភាព​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ខណៈ​ពេល​ដែល​គណបក្ស​កាន់អំណាច​កំពុង​តែ​ជំរុញ​ការធ្វើច្បាប់មួយ​ដែល​រំលាយ​គណបក្ស​ណា​ដែល​មាន​មេដឹកនាំ​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ។

នៅក្នុង​លិខិត​ចុះថ្ងៃ​ទី​១១​ខែកុម្ភៈ​ដែល​លោកបាន​បង្ហោះ​តាម​បណ្តាញសង្គម លោកសម រង្ស៊ី​បាន​លើក​ឡើង​ថា​ការសម្រេចចិត្ត​របស់​លោក​គឺ​ដោយសារ​មូលហេតុ​ផ្ទាល់ខ្លួន។

ការលាលែង​នេះ​កើត​មាន​ឡើង​ស្របពេល​ដែល​ស្ថានភាព​នយោបាយ​មាន​ភាពតាន​តឹង​រវាង​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង​ហើយ​លោក​សមរង្ស៊ី​ទទួល​រង​បណ្តឹង​និង​ការដាក់​ទោសជាច្រើន​ដែល​ក្នុង​នោះ​មាន​បណ្តឹង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ ​លោក​ហេងសំរិន ប្រធាន​រដ្ឋ​សភាជាតិ​និង​សាលក្រម​សម្រេច​ទោស​ក្នុង​បណ្តឹង​ជាមួយ​នឹង​លោក​ហោ ណាំហុងអតីតរដ្ឋ​មន្ត្រី​ក្រសួងការបរទេស។

លោកសម រង្ស៊ី​បាន​បង្ហោះ​សារ​នៅក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា៖

«រដ្ឋសភា​ទីងមោង ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​កំពុងតែ​គិតគូរ​រៀបចំ​ច្បាប់​ថ្មី​មួយ ​ដែល​មាន​បំណង​ចង់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​យក​រូប​ខ្ញុំ​ធ្វើ​ជាលេស។ ច្បាប់​នេះ​នឹង​រៀបចំ​ឲ្យ​មាន​ប្រព័ន្ធ​បក្ស​តែ​មួយ​ឡើង​វិញ​ ដូច​កាលពី​សម័យ​កុម្មុយនិស្ត។ គេ​កំពុងតែ​តុបតែង​ច្បាប់​នេះ​ ដោយ​សំដៅ​មក​លើ​រូប​ខ្ញុំ​ ក្នុង​ឋានៈ​ខ្ញុំ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយសារតែ​គណបក្ស​សង្គ្រោះ​ជាតិ​ ជា​គណបក្ស​ប្រឆាំង​តែ​មួយ​គត់​ ដែល​មាន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​ក្នុង​រដ្ឋសភា​ ហើយ​ដែល​ជា​គណបក្ស​តែ​មួយ​គត់​ ដែល​អាច​ប្រកួត​ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា​ បើមាន​ការបោះឆ្នោត​ត្រឹមត្រូវ។ តែ​ច្បាប់​តុបតែង​ឡើង ​ដើម្បី​គ្រាន់តែ​ដកហូត​តួនាទី​ពី ​សម រង្ស៊ី​ នេះ​ នឹង​មិនមាន​ឥទ្ធិពល​អ្វី​ទេ ​ក្នុង​ឆាក​នយោបាយ​នៃ​ប្រទេស​កម្ពុជា។ ទោះ​ជា​ខ្ញុំ​លះបង់​រាល់​តួនាទី​របស់​ខ្ញុំ​ ក្នុង​ជួរ​គណបក្ស​ក៏ដោយ​ ក៏​ខ្ញុំ​នៅតែ​ជា​និមិត្ត​រូប​ តំណាង​ឲ្យ​ទឹកចិត្ត​ប្រជារាស្ត្រ​ ដែល​ប្រឆាំង​របប​ផ្តាច់ការ​ និង​ពុករលួយ​សព្វថ្ងៃ ។ ចំណុច​នេះ​ហើយ ​ដែល​មាន​សារៈសំខាន់​ ក្នុង​ការកំណត់​ទិស​នយោបាយ​ ក្នុង​ចិត្ត​របស់​ប្រជារាស្ត្រ​ខ្មែរ‍»។​

មន្ត្រី​ជាន់ខ្ពស់​ជាច្រើន​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​វីអូអេ​បាន​ទាក់​ទង​មិន​ទាន់​ហ៊ាន​ធ្វើ​អត្ថាធិប្បាយ​អ្វីទេ​ក្រៅពី​បញ្ជាក់​ថា​ថ្នាក់ដឹកនាំ​នឹង​កោះប្រជុំ​គណៈអចិន្ត្រៃយ៍​ជាបន្ទាន់​នៅថ្ងៃ​អាទិត្យ​នេះដើម្បី​ពិនិត្យ​មើល​លើ​ការសុំ​លា​លែងនេះ។ លទ្ធផល​យ៉ាងណា​នឹង​បញ្ជាក់​ជូន​ក្រោយ​ពីនោះ។ មន្ត្រី​ទាំងនោះ​បាន​បង្វែរ​សំណួរ​ទាំងអស់​ទៅ​លោកសមរង្ស៊ី​ប៉ុន្តែ​វីអូអេ​នៅ​មិន​ទាន់​អាច​ទាក់​ទង​លោកសមរង្ស៊ី​បាន​នៅឡើយ។

បច្ចុប្បន្ន​លោក​សមរង្ស៊ី​កំពុង​តែ​រស់នៅ​នីរទេស​ខ្លួន​ក្នុង​ប្រទេស​បារាំង​ហើយ​លោក​ក៏បាន​បញ្ជាក់​ក្នុង​សារ​តាម​ហ្វេសប៊ុក​ថា៖

«គ្រប់​កាលៈទេសៈ​ ខ្ញុំ​នៅតែ​រក្សា​ឧត្តម​គតិ​សង្គ្រោះ​ជាតិ ​ជានិច្ច​ ក្នុង​បេះដូង​របស់​ខ្ញុំ‍»។

ដែល​នេះ​ជា​ការបង្ហាញ​ថា​លោក​នៅតែ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល​បើ​ទោះបី​ជា​លាលែង​ចេញ​ហើយ​ក៏ដោយ។

នៅក្នុង​ការវិវត្តន៍​មួយ​ទៀត​អ្នកតំណាងរាស្ត្រ​អាមេរិកាំង​បាន​អំពាវនាវ​ឱ្យ​រដ្ឋ​មន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ Rex Tillerson ​យកចិត្ត​ទុកដាក់​បញ្ហា​កម្ពុជា​និង​ចាត់​ទុក​ថា​អាទិភាព​ដ៏​ខ្ពស់​បំផុត​មួយ​នៃ​នយោបាយ​ការបរទេស​អាមេរិកាំង​ក្នុង​ប្រទេស​កម្ពុជា​គឺ​ជា​ការៀបចំ​ការបោះឆ្នោត​ដោយ​សេរី​និង​ត្រឹម​ត្រូវ​នា​ឆ្នាំ​២០១៧​និង​២០១៨។​

លិខិត​ដែល​ចុះ​ហត្ថលេខា​ដោយ​សហប្រធាន​ទាំងពីរ​នៃ​ក្រុម​អ្នកតំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​កម្ពុជា​គឺ​លោកអាឡាំង ឡូវិនថល ​និង​លោកស្ទីវ ឆាបុត ​កាលពី​ថ្ងៃព្រហស្បតិ៍​បាន​រៀបរាប់​ពី​ការរឹតត្បិត​ខាង​ផ្នែកនយោបាយ​ដោយ​រដ្ឋាភិបាល​លោក​ហ៊ុនសែន​ក្នុង​នោះ ​មាន​ការស៊ើបអង្កេត​និង​ការចោទ​ប្រកាន់​ព្រហ្មទណ្ឌ​ដែល​មាន​លក្ខណៈ​នយោបាយ​ប្រឆាំង​នឹង​មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ។ ក្នុងនោះ​មាន​ដូចជា​ការបង្ខំ​ឱ្យ​លោកសមរង្ស៊ី​នីរទេសខ្លួន​ចេញពី​ប្រទេស​ ការធ្វើ​ឱ្យ​លោក​កឹមសុខា​ត្រូវ​សំងំ​លាក់ខ្លួន​នៅក្នុង​ទីស្នាក់ការ​គណបក្ស។

លិខិត​នេះ​បាន​បន្ថែម​ថា​ដើម្បី​ជំរុញ​ឱ្យ​មាន​បរិយាកាស​នយោបាយ​ធានា​ដល់​ការ​បោះឆ្នោត​បាន​ត្រឹម​ត្រូវ​គឺ​«រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ទម្លាក់ចោល​ការចោទ​ប្រកាន់​ទាំងអស់​ដែល​មាន​លក្ខណៈ​នយោបាយ​ប្រឆាំង​នឹង​មេដឹកនាំ​គណបក្ស​មិន​កាន់​អំណាច​ បញ្ឈប់​ការយាយី​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​ អនុញ្ញាត​ឱ្យ​លោកសម រង្ស៊ី​បានវិល​ត្រឡប់​ទៅកាន់​ប្រទេស​កម្ពុជា​វិញ​ដោយ​គ្មានទោសពៃរ៍​អ្វី​និង​អនុញ្ញាត​ឱ្យ​អ្នកសង្កេតការណ៍ឯករាជ្យនៅគ្រប់មណ្ឌលបោះឆ្នោតទាំងអស់‍»៕​

XS
SM
MD
LG