សំណួរត្រូវបានលើកឡើងថា តើការប្រកាសលាលែងពីតំណែងប្រធានគណបក្សសង្រ្គោះជាតិរបស់ លោក សម រង្ស៊ី កាលពីថ្ងៃសៅរ៍ ជាប្រធាន និងជាសមាជិកគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា ជាជ័យជំនះរបស់គណបក្សកាន់អំណាច ឬ គណបក្សប្រឆាំង។ ការប្រកាសលាលែងពីតំណែងនៃប្រធានគណបក្សប្រឆាំងនេះ ជាការភ្ញាក់ផ្អើលមួយសម្រាប់អ្នកតាមដានស្ថានការណ៍នយោបាយ អ្នកនយោបាយ អ្នកគាំទ្ររូបលោក និងប្រជាជនកម្ពុជាទូទៅ។
មេបក្សប្រឆាំងដ៏មានប្រជាប្រិយភាព លោក សម រង្ស៊ី និងគូប្រកួតប្រជែងជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាច្រើនឆ្នាំមកហើយរូបនេះ មានប្រសាសន៍ថា ការលាលែងរបស់លោកគឺដើម្បីការពារផលប្រយោជន៍គណបក្សសង្គ្រោះជាតិ។
ក្នុងវីដេអូដែលលោកផ្តល់ការបកស្រាយទៅគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិតាមរយៈប្រព័ន្ធ Skype លោក សម រង្ស៊ី បានបញ្ជាក់ថា លោកមិនចង់ឃើញគណបក្សរបស់លោកត្រូវបានរំលាយ។ លោកមានប្រសាសន៍ថា៖
«បើខ្ញុំនៅធ្វើជាប្រធាន ហើយបើគណបក្សត្រូវគេរំលាយ តើវាមានន័យអី វាខូចខាតដល់ផលប្រយោជន៍យើង ផលប្រយោជន៍គណបក្ស ផលប្រយោជន៍ជាតិ។ យើងចង់បានអី យើងចង់បានការបោះឆ្នោត…»។
មួយថ្ងៃបន្ទាប់ពីលោក សម រង្ស៊ី លាលែងពីតំណែងជាប្រធានបក្ស លោក កឹម សុខា ដែលជាប្រធានស្តីទីគណបក្សប្រឆាំង តាំងពីលោក សម រង្ស៊ី និរទេសខ្លួននៅក្រៅប្រទេសនោះ មានប្រសាសន៍ថាការលែងពីតំណែងនេះ ត្រូវបានពិភាក្សានៅក្នុងសមាជិកបក្ស។ លោក កឹម សុខា បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា៖
«ការសម្រេចចិត្តលាលែងពីប្រធាននិងសមាជិកគណបក្សសង្គ្រោះជាតិរបស់ឯកឧត្តម សម រង្ស៊ី គឺជាការសម្រេចចិត្តប្រកបដោយកិត្តិយស ដោយមានការពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំគណបក្ស ដើម្បីផលប្រយោជន៍ជាតិ និងគណបក្សជាធំ។ គណបក្សសង្គ្រោះជាតិស្គាល់ពីខ្លួនឯងច្បាស់ ដឹងថាខ្លួនកើតចេញពីណានិងដើម្បីអ្វី»។
មុនការលាលែងពីតំណែង លោក សម រង្ស៊ី គណបក្សប្រឆាំង និងមន្រ្តីគណបក្សប្រឆាំងបានប្រឈមនឹងការគំរាមកំហែងជាបន្តបន្ទាប់ ក្នុងនោះមានការប្តឹងផ្តល់តាមប្រព័ន្ធតុលាការជាបន្តបន្ទាប់ ការដកអភ័យឯកសិទ្ធិជាតំណាងរាស្ត្រពីរូបលោក និងការលុបចោលតំណែងប្រធានមតិភាគតិចនៃរដ្ឋសភា ដែលលោក និងលោក ហ៊ុន សែន បានបង្កើតឡើងកាលពីឆ្នាំ២០១៤។
លោក ហ៊ុន សែន ត្រូវបានគេមើលឃើញជាទូទៅថា ចង់បំបែកបំបាក់ លោក សម រង្ស៊ី និងលោក កឹម សុខា ដែលបានចាប់ដៃគ្នាបង្កើតគណបក្សសង្រ្គោះជាតិកាលពីឆ្នាំ២០១២ ដើម្បីប្រកួតប្រជែងជាមួយគណបក្សប្រជាជនរបស់ លោក ហ៊ុន សែន កាលពីការបោះឆ្នោតឆ្នាំ២០១៣។
លោក សម រង្ស៊ី កំពុងប្រឈមនឹងការប្តឹងផ្តល់ពីលោក ហ៊ុន សែន លើករណីមួយចំនួន។ ករណីចុងក្រោយមានបណ្តឹងប្រឆាំងរូបលោក ពីការថ្លែងថា លោក ហ៊ុន សែន បានឲ្យលុយ១លានដុល្លារអាមេរិកដល់សកម្មជនហ្វេសប៊ុក ធី សុវណ្ណថា ដើម្បីវាយប្រហារគណបក្សសង្រ្គោះជាតិ។ លោក ហ៊ុន សែន ក៏បានប្តឹងលោក សម រង្ស៊ី ចំពោះការអត្ថាធិប្បាយថា រដ្ឋអំណាចនៅពីក្រោយការសម្លាប់អ្នកវិភាគ លោក កែម ឡី ផងដែរ។ ប្រសិនបើរកឃើញកំហុស លោក សម រង្ស៊ី នឹងប្រឈមមុខជាប់ពន្ធនាគារ។
កាលពីចុងខែមករា ឆ្នាំ២០១៧ លោក ហ៊ុន សែន បានស្នើឲ្យមានការកែច្បាប់ស្តីពីគណបក្សនយោបាយឆ្នាំ១៩៩៨ ដោយចែងថាទណ្ឌិតមិនអាចធ្វើជាប្រធានគណបក្សនយោបាយណាមួយបាននោះទេ។ ការស្នើច្បាប់នេះ គឺដើម្បីបញ្ចប់តំណែងជាប្រធានគណបក្សរបស់លោក សម រង្ស៊ី ខណៈលោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារពីរឆ្នាំ ដោយសារបណ្តឹងបរិហាររកេរ្តិ៍របស់អតីតរដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ហោ ណាំហុង។
ពីរថ្ងៃបន្ទាប់មក លោក ហ៊ុន សែន បានវាយប្រហារធ្ងន់ៗទៅលើលោក សម រង្ស៊ី នៅក្នុងរដ្ឋសភា និងបានស្នើជាថ្មីទៀត ឲ្យមានការកែច្បាប់គណបក្ស ដោយលោកនិយាយថា នឹងរំលាយគណបក្សនយោបាយ ប្រសិនបើថ្នាក់ដឹកនាំនៃគណបក្សនោះប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ។
ទោះជាយ៉ាងណា គេមិនដឹងច្បាស់ថាលោក ហ៊ុន សែន នឹងហ៊ានរំលាយគណបក្សប្រឆាំងឬយ៉ាងណានោះទេ។
តាមរយៈការគំរាមចុងក្រោយនេះ លោក សម រង្ស៊ី បានប្រកាសលាលែងពីតំណែងជាប្រធាននិងសមាជិកគណបក្សសង្គ្រោះជាតិ។
តើនេះជាយុទ្ធសាស្រ្តល្អនិងចុងក្រោយរបស់លោក សម រង្ស៊ី ឬ?
លោកស្រី Elizabeth Becker ជាអ្នកកាសែតអាមេរិកល្បីឈ្មោះម្នាក់ដែលសរសេរសៀវភៅអំពីប្រវត្តិនៃរបបខ្មែរក្រហមនៅកម្ពុជាបានប្រាប់ VOAថាការលាលែងរបស់លោក សម រង្ស៊ី នៅពេលនេះជាការសម្រេចចិត្តដ៏សមស្របមួយ។
លោកស្រីមានប្រសាសន៍ថា៖
«វាដល់ពេលសម្រាប់លោក សម រង្ស៊ី លាលែងពីតំណែងហើយ បើទោះជាគ្មានការគំរាមកំហែងរបស់លោក ហ៊ុន សែន ដាក់ពន្ធនាគាររូបលោកនិងរំលាយគណបក្សសង្រ្គោះជាតិក៏ដោយ។ កាលណាលោក សម រង្ស៊ី និរទេសខ្លួននៅក្រៅប្រទេសកាន់តែយូរ វាកាន់តែពុំមានប្រសិទ្ធភាពដែលលោកនឹងក្លាយជាមេដឹកនាំមួយរូប»។
លោកស្រីបញ្ជាក់បន្ថែមថា ដោយសារការលាលែងនេះ គណបក្សសង្រ្គោះជាតិនឹងត្រូវដឹកនាំដោយប្រជាជនកម្ពុជា។
លោកស្រីមានប្រសាសន៍ថា៖
«នេះ (ការលាលែងនេះ) នឹងមានឥទ្ធិពលលើនយោបាយកម្ពុជា។ ឥឡូវនេះ គណបក្សសង្រ្គោះជាតិនឹងត្រូវដឹកនាំដោយប្រជាជននៅក្នុងប្រទេស។ វានឹងបង្ខំគណបក្សប្រឆាំងនេះដោះស្រាយថាតើនឹងចូលរួមប្រកួតប្រជែងការបោះឆ្នោតយ៉ាងដូចម្តេច»។
លោកបណ្ឌិត អ៊ា សុផល សាស្ត្រាចារ្យនៃសកលវិទ្យាល័យOccidental College នៃទីក្រុង Los Angelesសហរដ្ឋអាមេរិកបាននិយាយថា ការវិវត្តនយោបាយចុងក្រោយនៃគម្រោងធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយមានឥទ្ធិពលលើការលាលែងពីតំណែងរបស់លោក។
លោកប្រាប់ VOA តាមរយៈសារអេឡិចត្រូនិកថា៖
«វា(ការលាលែងពីតំណែង)ជួយគណបក្សសង្រ្គោះជាតិពីការរំលាយ។ ប្រហែលជាពួកគេនឹងគោរពរូបលោកច្រើនជាងមុន ដោយសារឆន្ទៈរបស់លោកក្នុងការយកប្រយោជន៍បក្សធំ ជាងប្រយោជន៍ផ្ទាល់ខ្លួន»។
លោកបន្ថែមថា បើទោះជាលោក សម រង្ស៊ី បានលាលែងពីបក្សប្រឆាំងជាផ្លូវការ តែគំនិតរបស់លោកនៅតែរក្សានៅក្នុងបក្សដដែល។
លោកសុផលបន្ថែមថា៖
«វាគ្រាន់តែមានន័យថាគាត់មិនអាចជាមេដឹកនាំបក្សប្រឆាំងផ្លូវការ»។
លោក អ៊ា សុផល បានប្រៀបធៀបករណីនេះទៅនឹងមេដឹកនាំបក្សប្រឆាំងនៅប្រទេសមីយ៉ាន់ម៉ា។ លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានគេហាមឃាត់មិនឲ្យធ្វើជាប្រធានាធិបតីប្រទេសនេះ បើទោះបីជាគណបក្សរបស់លោកស្រីឈ្នះឆ្នោតកាលពីឆ្នាំមុន ដោយសារលោកស្រីមានស្វាមីជាជនជាតិអង់គ្លេស។
លោក អ៊ូ វីរៈ ដែលជាប្រធានវេទិកាអនាគត និងជាអ្នកវិភាគមួយរូប មានប្រសាសន៍ថា ការលាលែងនេះមិនមែនជាជម្រើសមួយល្អនោះទេសម្រាប់គណបក្សសង្គ្រោះជាតិ។ លោកថា គណបក្សនេះអាចរកវិធីសាស្រ្តដោះស្រាយផ្សេងទៀត ដើម្បីតទល់នឹងការគំរាមកំហែងតាមផ្លូវច្បាប់។
លោកមានប្រសាសន៍ថា៖
«ខ្ញុំមើលទៅមិនមែនជាដំណោះស្រាយល្អទេ ព្រោះអីគេគ្រាន់តែគាបថែមតិចទៅ គាត់ចាប់ផ្តើមលាលែងគ្រប់(គ្នា)អស់តាំងពីយូរអស់ហើយ»។
ទោះជាយ៉ាងណា លោកវិភាគថាគំនាបផ្លូវច្បាប់ចុងក្រោយមិនមែនជាមូលហេតុតែមួយទេ ដែលនាំឲ្យលោក សម រង្ស៊ី លាលែងពីតំណែងនោះទេ។លោកថា អាចមកពីបញ្ហាគ្រួសារនិងការផ្លាស់ប្តូររចនាសម្ព័ន្ធនៃការដឹកនាំគណបក្ស។
នៅពេលសួរថាតើការលាលែងពីតំណែងរបស់លោកសម រង្ស៊ីជាជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជាឬយ៉ាងណានោះ លោក អ៊ូ វីរៈ បញ្ជាក់ថា៖
«វាមិនប្រាកដនោះទេ។ គណបក្សប្រជាជនកម្ពុជាជាអ្នកឈ្នះនៅពេលខ្លី តែមិនមែនរយៈពេលវែងនោះទេ»។
ទោះជាយ៉ាងណា លោកថាការលាលែងនេះអាចប៉ះពាល់បន្តិចដែរដល់ទឹកចិត្តអ្នកគាំទ្ររបស់លោក ដោយសារលោកប្រកាសលាលែង ដោយមិនមានសមាជរបស់គណបក្ស។
អ្នកស្រាវជ្រាវនយោបាយជាជនជាតិអូស្ត្រាលី លោក Lee Morgenbesser ប្រាប់VOAថា ការលាលែងនេះជាយុទ្ធសាស្រ្តល្អសម្រាប់គណបក្សសង្រ្គោះជាតិ ដោយសារលោក សម រង្ស៊ី អាចជួយគណបក្សប្រឆាំងដោយប្រយោល។
លោកបញ្ជាក់ថា៖
«ពិតមែនហើយ (ជាយុទ្ធសាស្រ្តល្អ)។ ការលាលែងនេះ លោកនឹងនៅតែអាចបម្រើបក្សប្រឆាំងតាមផ្លូវមួយដែលមិនចំដោយផ្ទាល់និងមិនផ្លូវការ។ ជាមួយតំណែងមិនផ្លូវការនេះ លោកនៅតែអាចបង្ហាញថាលោកកាន់តែជាឧបសគ្គសម្រាប់គណបក្សប្រជាជនកម្ពុជា។ មានតែពេលវេលាទេ ដែលអាចបញ្ជាក់បាន»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថាបើទោះជាលោក សម រង្ស៊ី មិនលាលែង លោកនៅតែបាត់បង់តំណែងជាប្រធានគណបក្សសង្គ្រោះជាតិ បន្ទាប់ពីមានការកែច្បាប់គណបក្សដែលគណបក្សប្រជាជនកម្ពុជាកំពុងតែរៀបចំ។
លោកមានប្រសាសន៍ថា៖
«ការលាលែងជារឿងផ្ទាល់ខ្លួនរបស់គាត់ទេ។ ខ្ញុំមើលទៅ ទស្សនៈវិស័យ អនាគតរបស់គាត់គង់នឹងចប់រលត់ទេ»។
លោកបញ្ជាក់ទៀតថា៖ «អញ្ចឹងគាត់លាលែងមុន អាហ្នឹងជាការភ្ញាក់រឭកមួយ ក៏ប៉ុន្តែការភ្ញាក់រឭកនេះ អត់ស្របតាមពេលវេលា»។
បើទោះជាលោក សម រង្ស៊ី លាលែងពីតំណែងទៅហើយក្តី លោក សុខ ឥសាន មានប្រសាសន៍ថា រដ្ឋសភា នឹងបន្តកែច្បាប់ស្តីពីគណបក្សនយោបាយ ដោយលោកថាច្បាប់នេះមិនមែនផ្តោតតែលើ លោក សម រង្ស៊ី ម្នាក់នោះទេ គឺលើគណបក្សនយោបាយទាំងអស់។
លោក សម រង្ស៊ី កំពុងនិរទេសខ្លួននៅក្រៅប្រទេស ចាប់តាំងពីចុងឆ្នាំ២០១៥។ រដ្ឋាភិបាលបានបិទផ្លូវលោកមិនឲ្យចូលមកប្រទេសកម្ពុជាវិញ ដោយហាមមិនឲ្យក្រុមហ៊ុនអាកាសចរណ៍លក់សំបុត្រយន្តហោះឲ្យរូបលោក។ រហូតមកដល់ពេលនេះ គេមិនទាន់ដឹងថាលោកអាចនឹងត្រូវលើកលែងទោស ហើយអនុញ្ញាតឲ្យចូលរួមការបោះឆ្នោតនៅកម្ពុជាឬយ៉ាងណានោះទេ ដោយសារលោក ហ៊ុន សែន បានព្រមានធ្ងន់ៗមកលើរូបលោកជាបន្តបន្ទាប់។
ក្រោយពីការប្រកាសលាលែងរបស់លោក សម រង្ស៊ី គណបក្សសង្រ្គោះជាតិនៅថ្ងៃអាទិត្យនេះបានបើកកិច្ចប្រជុំគណៈកម្មាធិការនាយក ដោយសម្រេចទុកតំណែងប្រធានគណបក្សទំនេរមួយរយៈ។ គណបក្សបានប្រគល់សិទ្ធិដល់ លោក កឹម សុខា ដែលជាប្រធានស្តីទី ឲ្យដឹកនាំបក្ស រហូតដល់មានការជ្រើសរើសប្រធានគណបក្សថ្មី។
បន្ទាប់ពីការលាលែងពីតំណែងរបស់សម រង្ស៊ី សារព័ត៌មានFresh News ដែលតែងតែផ្សព្វផ្សាយឯកសារផ្លូវការរបស់រដ្ឋាភិបាល និងរឿងអាស្រូវផ្លូវភេទនិងស្នេហារបស់តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានបង្ហោះលិខិតមួយច្បាប់ដែលគណបក្សប្រឆាំងចាត់ទុកថាជាលិខិតក្លែងក្លាយ។ក្នុងលិខិតនោះ លោក សម រង្ស៊ី បានណែនាំឲ្យលោក កឹម សុខា ជ្រើស លោកស្រី ជូឡុង សូមួរ៉ា ដែលជាភរិយារបស់លោក សម រង្ស៊ីជាប្រធានគណបក្សសង្គ្រោះជាតិ។
លោក កឹម សុខា ដែលធ្លាប់ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ៥ខែ បន្ទាប់ពីលោកបដិសេធមិនចូលទៅតុលាការតាមការកោះហៅដើម្បីមកឆ្លើយបំភ្លឺសំណុំរឿងអាស្រូវស្នេហា ក៏កំពុងប្រឈមមុខនឹងការទម្លាយសារជាសំឡេងមួយទៀតដែលលាតត្រដាងពីស្នេហាសម្ងាត់របស់លោកជាមួយនារីម្នាក់ផ្សេងទៀត។ រហូតមកដល់ពេលនេះ សមាជិកសភារបស់គណបក្សសង្រ្គោះជាតិប្រមាណ១០នាក់ ត្រូវបានសារព័ត៌មានFresh Newsនិងប្រព័ន្ធសង្គមហ្វេសប៊ុកទម្លាយរឿងអាស្រូវស្នេហានិងផ្លូវភេទ។
លោក អ៊ូ វីរៈ យល់ឃើញថាគណបក្សនឹងមិនដាក់ភរិយារបស់លោក សម រង្ស៊ី ជាប្រធានគណបក្សនោះទេ តែលោកថាអ្នកទទួលតំណែងនោះអាចជាមនុស្សដែលស្និទ្ធិនឹងលោក សម រង្ស៊ី។
លោក សម រង្ស៊ី បានចាប់ដៃជាមួយលោក កឹម សុខា ក្នុងការបង្កើតគណបក្សសង្រ្គោះជាតិកាលពី ឆ្នាំ២០១២ ដើម្បីចូលរួមប្រកួតប្រជែងជាមួយលោក ហ៊ុន សែន។
លោក សម រង្ស៊ី បានចាប់ផ្តើមជីវិតនយោបាយរបស់លោកជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិចរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ។លោកបានក្លាយជាតំណាងមួយរូបរបស់កម្ពុជានៅសហភាពអឺរ៉ុបកាលពីឆ្នាំ១៩៨៩។ ក្នុងឆ្នាំ១៩៩៣ លោកបានត្រឡប់មកកម្ពុជាវិញ ហើយធ្វើជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខណៈលោកត្រូវបានជ្រើសរើសជាតំណាងរាស្រ្តមណ្ឌលសៀមរាប។
ក្នុងឆ្នាំ១៩៩៤ លោក សម រង្ស៊ី ត្រូវបានបណ្តេញចេញពីបក្សហ្វ៊ុនស៊ិនប៉ិច ហើយបន្ទាប់មក ក្នុងខែវិច្ឆិកាឆ្នាំ១៩៩៥ លោកបានបង្កើត«គណបក្សជាតិខ្មែរ» ដែលក្រោយមក លោកបានដូរឈ្មោះទៅជាគណបក្សសម រង្ស៊ី៕