ការបង្កើតតំបន់ពាណិជ្ជកម្មសេរីអាហ្វ្រិកកាលពីដំបូងត្រូវបានកំណត់ធ្វើឡើងនៅពាក់កណ្តាលឆ្នាំ២០២០ ប៉ុន្តែត្រូវបានពន្យារពេលដោយសារតែការរាតត្បាតនៃវីរុសកូរ៉ូណា។
រដ្ឋាភិបាលនៃប្រទេសនានាក្នុងទ្វីបអាហ្រ្វិកបានបន្តដំណើរទៅមុខជាមួយនឹងការបង្កើតតំបន់នេះ នៅខែមករា ទោះបីជាប្រទេសអាហ្វ្រិកជាច្រើនកំពុងប្រឈមនឹងរលកទី២ នៃវីរុសក៏កាចសាហាវក្តី ហើយបាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះអាចមានសក្តានុពលបង្កើនសេដ្ឋកិច្ចអាហ្វ្រិកដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩។
ប៉ុន្តែ នៅក្នុងប្រទេសមួយចំនួន ដូចជានីហ្សេរីយ៉ា អាជ្ញាធរកំពុងដោះស្រាយបញ្ហាពាណិជ្ជកម្មយ៉ាងប្រុងប្រយ័ត្ន ដោយការត្រួតពិនិត្យមនុស្ស និងទំនិញ។
លោក Joseph Attah គឺជាមន្ត្រីទំនាក់ទំនងសាធារណៈនៃភ្នាក់ងារគយនីហ្សេរីយ៉ា។
លោកបាននិយាយក្នុងន័យដើមថា៖ «យើងកំពុងពិនិត្យមើលវិធីដែលយើងអាចធ្វើឱ្យប្រាកដថា អ្វីៗដែលត្រូវបាននាំចូល និងនាំចេញមិនប៉ះពាល់ដល់សេដ្ឋកិច្ច និងសន្តិសុខជាតិ។ ដើម្បីធ្វើបែបនេះបានក្នុងរយៈពេលមានជំងឺកូវីដ១៩ នេះ យើងត្រូវគោរពតាមវិធានរបស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនីហ្សេរីយ៉ា»។
ប្រទេសនីហ្សេរីយ៉ាស្ថិតក្នុងចំណោមប្រទេសអាហ្វ្រិកជាង៣០ ដែលបានផ្តល់សច្ចានុមតិដល់សន្ធិសញ្ញាពាណិជ្ជកម្មនេះ នៅត្រឹមខែធ្នូ ឆ្នាំ២០២០។ ប្រទេសអាហ្វ្រិកទាំង៥៥ លើកលែងតែប្រទេសអេរីត្រេបានចុះហត្ថលេខា ដើម្បីចូលរួមក្នុងកិច្ចព្រមព្រៀងនេះ។
អាជ្ញាធរនីហ្សេរីយ៉ាបានបើកព្រំដែនរបស់ខ្លួនឡើងវិញនៅក្នុងខែធ្នូ បន្ទាប់ពីបិទអស់រយៈពេលជាងមួយឆ្នាំ និងបាននិយាយថា ប្រទេសនេះត្រៀមខ្លួនរួចរាល់ក្នុងការធ្វើពាណិជ្ជកម្មជាមួយនឹងប្រទេសជិតខាងរបស់ខ្លួន។
លោក Attah បាននិយាយថា ប៉ុន្តែការធ្វើពាណិជ្ជកម្មនៅពេលនេះនឹងមានការត្រួតពិនិត្យខ្លាំងជាងមុន។
លោក Joseph Attah បាននិយាយក្នុងន័យដើមថា៖ «ការបំពានវិធានប្រភពដើមច្បាស់ណាស់ជាការគំរាមកំហែងមួយក្នុងចំណោមការគំរាមកំហែងសំខាន់ៗ។ ការរត់ពន្ធក៏ជាការគំរាមកំហែងមួយផងដែរ ដោយសារតែព្រំដែនមិនសូវមានការត្រួតពិនិត្យម៉ត់ចត់។ ហើយការដែលគេអាចយកទំនិញឆ្លងកាត់ព្រំដែនបានដោយសេរី នឹងនាំឱ្យមានការហូរចូលនូវទំនិញមិនមានស្តង់ដារយ៉ាងច្រើន និងច្បាស់ណាស់ នឹងមានផលប៉ះពាល់ជាអវិជ្ជមានទៅលើចំណូលរបស់រដ្ឋាភិបាល ដោយសារតែទំនិញទាំងនោះឥឡូវនេះនឹងត្រូវបាននាំចូលដោយមិនជាប់ពន្ធគយទៀតនោះទេ»។
«វិធានប្រភពដើម» មានន័យថា ទំនិញទាំងអស់ដែលឆ្លងកាត់ព្រំដែនត្រូវតែផលិត នៅក្នុងទ្វីបអាហ្វ្រិកនិងមិនមែនជាទំនិញនាំចូលនោះទេ។
គោលគំនិតនេះគឺដើម្បីបង្កើនពាណិជ្ជកម្មរវាងរដ្ឋ និងរដ្ឋនៅក្នុងទ្វីបអាហ្វ្រិក ដែលមានចំនួនទាបប្រមាណតែ ១៦% បើប្រៀបធៀបទៅនឹងចំនួនប្រមាណ ៦៨% សម្រាប់ពាណិជ្ជកម្មរបស់អាហ្វ្រិកជាមួយនឹងអឺរ៉ុប និងប្រមាណ ៥៩% សម្រាប់ពាណិជ្ជកម្មរបស់អាហ្វ្រិកជាមួយនឹងតំបន់អាស៊ី។
ទ្វីបនេះមានផលិតផលក្នុងស្រុកសរុបរួមទាំងអស់ចំនួន ៣លានលានដុល្លារសហរដ្ឋអាមេរិក។ អ្នកជំនាញនិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះអាចនឹងពង្រីកពាណិជ្ជកម្មរវាងរដ្ឋនៅអាហ្វ្រិកបានជាង ៥០% ហើយកិច្ចព្រមព្រៀងនេះក៏មានយន្តការដោះស្រាយវិវាទ ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្មដែលអាចកើតមានផងដែរ។
លោក Ken Ife ជាអ្នកជំនាញម៉ាក្រូសេដ្ឋកិច្ច និងអ្នកប្រឹក្សាយោបល់នៅសហគមន៍សេដ្ឋកិច្ចនៃបណ្តាប្រទេសនៅអាហ្វ្រិកខាងលិច( ECOWAS)។
លោកបាននិយាយក្នុងន័យដើមថា៖ «ចំណុចល្អមួយអំពីតំបន់ពាណិជ្ជកម្មសេរីអាហ្វ្រិកគឺថា កិច្ចព្រមព្រៀងនេះមានយន្តការដោះស្រាយវិវាទ។ នេះមានលក្ខណៈខុសគ្នាខ្លាំង ដោយសារតែសហគមន៍សេដ្ឋកិច្ច ECOWAS មិនមាននោះទេ។ រដ្ឋសមាជិកត្រូវបានគេរំពឹងថា នឹងធ្វើការអង្កេតពាក់ព័ន្ធនឹងតួនាទីរបស់ពួកគេ ហើយពួកគេត្រូវទទួលខុសត្រូវ និងឆ្លើយតបចំពោះការបំពានណាមួយ»។
ប្រទេសអាហ្វ្រិកជាច្រើនកំពុងតែពឹងផ្អែកលើការចូលរួមរបស់នីហ្សេរីយ៉ានៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ដើម្បីជួយជ្រោមជ្រែងដល់កិច្ចព្រមព្រៀងនេះ។
អាជ្ញាធរនីហ្សេរីយ៉ាបានបង្កើតគណៈកម្មាធិការសកម្មភាពជាតិ ដែលរួមមានមន្ត្រីសុខាភិបាល សន្តិសុខ និងគយដើម្បីត្រួតពិនិត្យលើការដោះដូរពាណិជ្ជកម្មរបស់ប្រទេសនេះ ជាមួយនឹងសមាជិកផ្សេងទៀតនិងផ្តល់យោបល់ដល់រដ្ឋាភិបាល៕