ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ស៊ីមបាវ៉េ​សង្ឃឹម​ថា​បច្ចេកទេស​កសិកម្ម​នឹង​បញ្ចប់​បញ្ហា​កង្វះ​ស្បៀង​អាហារ


រូបឯកសារ៖ ស្ត្រីស៊ីមបាវ៉េទូលជំនួយស្បៀងអាហារនៅភូមិ Mudzi ភាគឦសាននៃរដ្ឋធានីហារ៉ារ៉េ ប្រទេសស៊ីមបាវ៉េ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។
រូបឯកសារ៖ ស្ត្រីស៊ីមបាវ៉េទូលជំនួយស្បៀងអាហារនៅភូមិ Mudzi ភាគឦសាននៃរដ្ឋធានីហារ៉ារ៉េ ប្រទេសស៊ីមបាវ៉េ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។

ប្រទេស​ស៊ីមបាវ៉េ​កំពុង​សង្ឃឹម​ថា ​ថ្ងៃ​មួយ​នឹង​អាច​ទទួល​បាន​ងារ​របស់​ខ្លួន​ពី​មុន ​ក្នុង​នាម​ជាតំបន់​អំណោយ​ផល​ផ្នែក​ស្បៀងអាហារ​ប្រចាំ​តំបន់​អាហ្វ្រិក​ភាគ​ខាងត្បូង។

លោក George Nyamakawa អាយុ ៥២ ​ឆ្នាំ​មក​ពី​ស្រុក Murehwa ​ដែលមាន​ចម្ងាយ​ប្រមាណ​ ១០០ គីឡូម៉ែត្រ​ភាគខាងកើត​ទីក្រុង​ហារ៉ារ៉េ គឺ​ជា​អាជ្ញាធរ​កសិករ​ម្នាក់​ក្នុង​ចំណោម​កសិករ​រាប់​លាន​នាក់ដែល​កំពុង​បណ្តុះ​បណ្តាល​តាម​រយៈកម្មវិធី​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​ហៅថា «Pfumvudza»។

កម្មវិធី Pfumvudza ដែល​មាន​ន័យ​ថា «ពន្លក​ថ្មី» តាម​ភាសា​របស់​ជនជាតិ Shona គឺ​ជា​វិធី​សាស្ត្រ​មួយនៃ​កសិកម្ម​អភិរក្ស​ដែល​ផ្តោត​លើ​ដីទំហំ​តូចៗ ដែល​អាច​រក្សា​ទឹក​បាន​ងាយស្រួល​ ហើយ​មាន​ប្រសិទ្ធិភាព​ជាង​ការ​ភ្ជួររាស់​ដី​ទំហំ​ធំ។​

លោក Nyamakawa ថ្លែងថា៖ «វា​ងាយស្រួល​ក្នុង​ការ​ថែទាំ។ ​ហើយ​វា​អាច​ផ្គត់ផ្គង់​អាហារ​ដល់​ប្រទេស​ជាតិ​បាន»។

អង្គការ​ស្បៀងអាហារ​និងកសិកម្ម​របស់​អង្គការ​សហប្រជាជាតិ​ បាន​បណ្តុះ​បណ្តាល​វិធីសាស្ត្រ​នេះ​ដល់មន្ត្រី​រដ្ឋាភិបាល​ ​ដើម្បី​ជួយ​ប្រយុទ្ធ​នឹងបញ្ហាកង្វះ​ស្បៀង​អាហារ​ដែល​បានញាំញី​ប្រទេស​ស៊ីមបាវ៉េ​ជាង​មួយ​ទសវត្សរ៍។​

រដ្ឋា​ភិបាល​ស៊ីមបាវ៉េ​បានសរសើ​កម្មវិធី​នេះ​ថា​ អាច​ជា​ដំណោះ​ស្រាយ​សន្តិសុខ​ស្បៀង​អាហារ​មួយ។

ប៉ុន្តែ​ កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក​របស់​អង្គការ​សហប្រជាជាតិ​បាន​ឲ្យដឹងថា ​ខ្លួន​នៅ​តែ​ផ្គត់ផ្គង់​ជំនួយ​ស្បៀង​អាហារ​ដល់​ជនជាតិ​ស៊ីមបាវ៉ា​ ជាង​ ៨ លាននាក់ ដែល​ជា​ចំនួន​ច្រើន​ជាង​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន​សរុប។

លោក Niels Balzer គឺជា​អនុប្រធានកម្មវិធី​ស្បៀងអាហារ​ពិភពលោក WFP ក្នុង​ប្រទេស​ស៊ីមបាវ៉េ។

លោក​ Balzer ថ្លែងថា៖«ខ្ញុំ​គិត​ថា​វា​នឹង​ត្រូវ​ការ​ពេល​បន្ថែម​ទៀត​ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​លែង​មាន​ភាព​អត់ឃ្លាននិង​ការ​លុបបំបាត់​បញ្ហា​នេះ​ទាំង​ស្រុង។ ជាការពិត យើង​នឹង​ប្រឈម​នឹងរដូវ La Nina នៅពេល​ខាងមុខ ដែល​វាមាន​ន័យ​ថា​នឹង​មាន​ភ្លៀង​ធ្លាក់​ធម្មតា​និង​ច្រើន​ជាង​ធម្មតា ដែល​អ្នក​វិទ្យាសាស្ត្រ​បាន​ទស្សទាយ​ហើយ​យើង​រីករាយ​នឹង​ព័ត៌មាន​នេះ។ ដូច្នេះ​រួម​ជាមួយ​នឹង​វិធី​សាស្ត្រ Pfumvudza ខ្ញុំ​គិត​ថា​វា​នឹង​ធ្វើឲ្យ​ការ​ផ្លាស់ប្តូរ​ហើយ​យើង​អាច​បង្កើន​ផលិត​ផល​យើង»។

លោក Mandivamba Rukuni អតីត​សាស្ត្រាចារ្យ​សេដ្ឋកិច្ច​នៅ​សាកល​វិទ្យាល័យ​ស៊ីមបាវ៉េ​ ដែល​បច្ចុប្បន្ន​លោក​ដឹកនាំ​សកម្មភាព​សប្បុរសធម៌​ផ្តោត​លើការ​ច្នៃប្រឌិត​កសិកម្ម​នៅ​អាហ្វ្រិក បាន​និយាយ​ថា ការ​ធ្វើ​កសិកម្ម«ពន្លក​ថ្មី» មាន​ដែន​កំណត់​របស់វា។

លោក​ Rukuni ថ្លែងថា៖ «នៅ​ពេល​ដែល​កម្មវិធី ​Pfumvudza​ ជា​គំនិត​ល្អ​មួយ​ទាក់ទង​នឹង​បច្ចេកវិទ្យា​ការងារ​ដែល​ងាយ​ស្រួល​រក អ្នក​ណា​ក៏​អាច​ជីក​រូង​តូច​មួយ​ហើយ​ដាំ​ដំណាំ​បាន​ដែរ។ ហើយ​ទឹក​ត្រូវ​បាន​រក្សា​ទុក។ គុណវិបត្តិ​នៅ​តែ​មាន។ គុណវិបត្តិ​ចម្បង​គេ​នោះ​គឺ​វា​ត្រូវការកម្លាំង​ពលកម្ម​ខ្លាំង។ ហើយ​ប្រទេស​ស៊ីមបាវ៉េ​គឺ​ដូច​ប្រទេស​ផ្សេង​ទៀត​ដែរ កម្លាំង​ពលកម្ម​កំពុង​កាន់​តែ​ខ្សត់ទៅៗ​ជា​ពិសេស​នៅ​តំបន់​ជនបទ ដែល​មនុស្ស​ម្នា​បាន​ប្តូរ​មក​រស់នៅ​ទីប្រជុំជន»។

កសិករ​ដូចជា​លោក Nyamakawa​ សុខចិត្ត​ធ្វើ​ការងារ​បន្ថែម​បើសិន​ជាអាចមានទិន្ន​ផល​ខ្ពស់ហើយ​ ប្រសិន​បើ​ពួកគេ​អាច​ពឹង​ពាក់​លើ​អាជ្ញាធរ​ដើម្បី​ទទួល​បាន​ការ​គាំទ្រ៕

ប្រែសម្រួល​ដោយ​ទុំ ម្លិះ

XS
SM
MD
LG