តើការប្ដេជ្ញារបស់សហរដ្ឋអាមេរិកចំពោះទ្វីបអាហ្វ្រិកមានទំហំប៉ុណ្ណា?
អ្នកស្រី Victoria Whitney ប្រធានប្រតិបត្តិការនៃកម្មវិធី Prosper Africa ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៨ បាននិយាយថា គម្រោងផ្ដួចផ្ដើមដែលពាក់ព័ន្ធនឹងទីភ្នាក់ងាររដ្ឋាភិបាលសហរដ្ឋអាមេរិកចំនួន ១៧ នេះ បានសម្រួលឱ្យមានកិច្ចព្រមព្រៀងជាច្រើនដែលមានទឹកប្រាក់ជាង ២២ ពាន់លានដុល្លារនៅក្នុងប្រទេសជាង ៣០ នៅទ្វីបអាហ្វ្រិក ដែលផ្តោតលើអាជីវកម្មខ្នាតតូចនិងខ្នាតមធ្យម។
កាលពីចុងខែតុលា អ្នកស្រី Victoria Whitney បានប្រកាសអំពីវិធានការថ្មីៗ ដែលមានគោលបំណងប្រើប្រាស់ការវិនិយោគឯកជនរបស់សហរដ្ឋអាមេរិកសម្រាប់វិនិយោគក្នុងផ្នែកសហគ្រិនភាពនៅទ្វីបអាហ្វ្រិក។
អ្នកស្រី Whitney បាននិយាយថា៖ «កម្មវិធីថ្មីសម្រាប់ទ្វីបអាហ្វ្រិកនេះ នឹងផ្តល់សេវាទូលំទូលាយដូចជាការពិគ្រោះយោបល់ផ្នែកអាជីវកម្មនិងការសម្របសម្រួលអន្តរកាល និងការអន្តរាគមន៍ខាងគោលនយោបាយដែលដៅទុកជាដើម ដែលទាំងនេះគឺជាគោលសំខាន់ៗនៃកម្មវិធីផ្ដួចផ្ដើមនេះ។ គម្រោងនេះត្រូវគេរំពឹងថានឹងនាំឱ្យមានការនាំចេញនិងការវិនិយោគក្នុងទឹកប្រាក់រាប់ពាន់លានដុល្លារថែមទៀត ព្រមទាំងបង្កើតការងាររាប់សែនការងារនៅត្រឹមឆ្នាំ ២០២៦។ ខ្ញុំយល់ថា កម្មវិធីថ្មីនេះគឺនឹងអាចកែប្រែស្ថានភាពបច្ចុប្បន្នបាន»។
កម្មវិធីនេះ គឺជាគម្រោងផ្ដួចផ្ដើមមួយក្នុងចំណោមគម្រោងផ្ដួចផ្ដើមជាច្រើនរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលមានគោលបំណងនាំវិនិយោគឯកជនចូលក្នុងទ្វីបអាហ្វ្រិក។
សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ (International Development Finance Corporation) គឺជាស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍របស់រដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិក។ ស្ថាប័ននេះផ្តល់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍ឯកជននៅក្នុងប្រទេសមានប្រាក់ចំណូលទាបនិងមធ្យម។
ចាប់តាំងកម្មវិធីនេះបានចាប់ផ្ដើមដំណើរការកាលពីដើមឆ្នាំ ២០២០ មក ស្ថាប័ននេះបានវិនិយោគជាង ៨ ពាន់លានដុល្លារលើគម្រោងចំនួន ៣០០ នៅក្នុងទ្វីបអាហ្វ្រិក រួមជាមួយនឹងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ USAID ដែលកំពុងធ្វើការលើកិច្ចព្រមព្រៀងនានាដែលមានទឹកប្រាក់ ១០ ពាន់លានដុល្លារ។
អ្នកស្រី Whitney បានថ្លែងថា៖ «លោក Adam Boehler ដែលជាប្រធានប្រតិបត្តិនៃកម្មវិធី Prosper Africa នេះ និងជានាយកប្រតិបត្តិនៃសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ DFC បានរៀបរាប់អំពីគម្រោងនេះ។ លោកបាននិយាយថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ យើងគ្មានហេដ្ឋារចនាសម្ព័ន្ធវិនិយោគនៅទ្វីបអាហ្វ្រិកទេ។ នៅពេលដែលសួរថាហេតុអ្វីមិនឃើញសហរដ្ឋអាមេរិក [មកវិនិយោគនៅទ្វីបអាហ្វ្រិក] យើងមិនមានចម្លើយល្អបំផុតទេ។ ប៉ុន្តែ ដោយសារច្បាប់ BUILD Act ដោយសារកម្មវិធី Prosper Africa យើងមានចម្លើយ។ យើងនិយាយថា គម្រោងរបស់សហរដ្ឋអាមេរិកទោះបីថ្មីក៏ពិតមែន ប៉ុន្តែជាគម្រោងដ៏ធំ ហើយដូចលោក Adam Boehler បាននិយាយដូច្នេះដែរ អ្នកនឹងឃើញគម្រោងជាច្រើនទៀតពីសហរដ្ឋអាមេរិក»។
លោក Martyn Davies ដែលជាប្រធានគ្រប់គ្រងទទួលបន្ទុកកិច្ចការប្រទេសកំពុងអភិវឌ្ឍនិងទ្វីបអាហ្វ្រិក នៃក្រុមហ៊ុន Deloitte បានប្រាប់ VOA ថា លោកបានកត់សម្គាល់ឃើញថាមានការកើនឡើងនូវគម្រោងផ្ដួចផ្តើមវិនិយោគឯកជននានាពីវិនិយោគិនអាមេរិកាំង។
លោក Martyn Davies បាននិយាយថា៖ «ខ្ញុំយល់ថា ពីមុនមានការយកចិត្តទុកដាក់ខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធ និងធនធានហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែខ្ញុំយល់ថា ការប្រឈមលើបញ្ហាការិយាធិបតេយ្យសាធារណៈឯកជន...បានធ្វើឲ្យមានការបាក់ទឹកចិត្ត។ តែយ៉ាងណាក៏ដោយ ក៏ខ្ញុំយល់ថា ក្រុមហ៊ុនពហុជាតិរបស់សហរដ្ឋអាមេរិកនៅតែមានតួនាទីប្រសើរ ជាពិសេសទាក់ទិននឹងការស្គាល់យីហោ និងរឿងស្រដៀងគ្នានេះ នៅក្នុងទ្វីបអាហ្វ្រិក»។
អ្នកស្រី Victoria Whitney បានទទួលស្គាល់ថា ពិភពវិនិយោគហាក់ដូចជាពិបាកយល់និងសាំញ៉ាំ។អ្នកស្រីបានលើកឧទាហរណ៍ជាក់ស្តែងមួយអំពីថាតើកម្មវិធីនេះបានដំណើរការបែបណាសម្រាប់សហគ្រិនជនជាតិហ្គាណាម្នាក់។
អ្នកស្រីថ្លែងថា៖ «ដំបូងឡើយ អ្នកស្រី Eugenia Akuete បានចាប់ផ្តើមបើកក្រុមហ៊ុនលក់ផលិតផលកែសម្ជស្សធ្វើពីគ្រាប់ shea ហើយអ្នកស្រីបានទាក់ទងអង្គការ USAID ដើម្បីសុំជំនួយបច្ចេកទេស ក៏ដូចជាព័ត៌មានទីផ្សារ ការរកដៃគូអាជីវកម្ម និងការគាំទ្រផ្នែកបណ្ដាញទំនាក់ទំនង។ បន្ទាប់មក អ្នកស្រីទទួលបានដើមទុន និងជំនួយបច្ចេកទេសពីកម្មវិធី USADF ដែលជាដៃគូរបស់កម្មវិធី Prosper Africa។ ជាងនេះទៀត អ្នកស្រីបានចូលរួមនៅក្នុងកម្មវិធីបណ្ដុះបណ្ដាល និងសន្និសីទជាច្រើនដែលឧបត្ថម្ភដោយអង្គការ USAID»។
អ្នកស្រី Victoria Whitney បាននិយាយថា នៅពេលបច្ចុប្បន្ននេះ ផលិតផលរបស់អ្នកស្រី Eugenia Akuete មានដាក់លក់នៅក្នុងហាង Target ជាងមួយពាន់កន្លែងនៅក្នុងសហរដ្ឋអាមេរិក និងនៅក្នុងទ្វីបអាហ្វ្រិក ហើយអ្នកបេះគ្រាប់ shea មួយម៉ឺននាក់ មានការងារធ្វើ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ