លោក Zhao Baogang ឯកអគ្គរដ្ឋទូតរងនៃប្រទេសចិនប្រចាំប្រទេសស៊ីមបាវ៉េ បានថ្លែងកាលពីថ្ងៃអាទិត្យថា ស្ថានទូតរបស់លោកនឹងធ្វើអត្ថាធិប្បាយលើការចោទប្រកាន់របស់រដ្ឋមន្ត្រីការពារជាតិ ស៊ីមបាវ៉េគឺអ្នកស្រី Oppah Muchinguri នៅសប្ដាហ៍ក្រោយនេះ ក្រោយពេលលោកទៅដល់ទីក្រុងប៉េកាំង ដោយសារវាជា «បញ្ហារសើប»។
នៅក្នុងបទសម្ភាសន៍មួយជាមួយបណ្ដាញផ្សព្វផ្សាយអនឡាញមួយ ដែលត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅលើបណ្ដាញសង្គម រដ្ឋមន្ត្រីការពារជាតិ អ្នកស្រី Muchinguri ដែលជាប្រធានក្រុមការងាររដ្ឋាភិបាលទទួលបន្ទុកកិច្ចការកូវីដ១៩ របស់ប្រទេសស៊ីមបាវ៉េផងដែរនោះ បានថ្លែងថា ការរាតត្បាតសាកលនៃជំងឺនេះ នាពេលនេះ កំពុងបំផ្លិចបំផ្លាញប្រទេសដែលស្ថិតនៅក្នុងទ្វីបអាហ្វ្រិកប៉ែកខាងត្បូងមួយនេះ។
អ្នកស្រីនិយាយថា ប្រទេសស៊ីមបាវ៉េមិនទាន់មានវ៉ាក់សាំងនៅឡើយទេ ហើយអ្នកស្រីនឹងមិនទទួលយកវ៉ាក់សាំងពីប្រទេសណាមួយផ្សេងទេ។ អ្នកស្រីឆ្ងល់ថា ហេតុអ្វីបានជាប្រទេសស៊ីមបាវ៉េមិនផលិតវ៉ាក់សាំងដោយខ្លួនឯង បែរជាទៅគិតថា វ៉ាក់សាំងចិននឹងមានភាពជោគជ័យទៅវិញ។
ប៉ុន្តែ នៅក្នុងបទសម្ភាសន៍ដ៏ក្តុកក្តួលនោះអ្នកស្រី Muchinguri បានស្ដីបន្ទោសទៅលើប្រទេសចិនថាជាអ្នកទទួលខុសត្រូវលើវីរុសនេះ ដែលបានឆ្លងដល់ពលរដ្ឋស៊ីមបាវ៉េជិត ២ម៉ឺន៧ពាន់នាក់ រួមមានទាំងអ្នកស្លាប់ចំនួន ៦៨៣នាក់ ផងដែរ។
អ្នកស្រី Muchinguri ចោទសួរថា តើនឹងគ្មានការកើនឡើងយ៉ាងធ្ងន់ធ្ងរនៃករណីកូវីដ១៩ នៅប្រទេសចិនទៀតឬទេ? អ្នកស្រីចោទប្រកាន់ថា គឺប្រទេសចិននេះហើយដែលធ្វេសប្រហែសក្នុងការធ្វើពិសោធន៍និងបណ្ដាលឲ្យមានការរីករាលដាលនៃជំងឺនេះ។
អ្នកស្រីត្អូញត្អែថា ការរីករាលដាលនោះមិនអាចត្រឡប់ក្រោយបានឡើយ។ ចូរក្រលេកមើលទៅមនុស្ស ដែលយើងហៅថាមិត្តភក្តិនោះ នាំយើងទៅកន្លែងណា។
កាលពីថ្ងៃអាទិត្យ ទី១៧ ខែមករា អ្នកស្រី Muchinguri បដិសេដធ្វើអត្ថាធិប្បាយអំពីកិច្ចសម្ភាសន៍របស់អ្នកស្រី។
លោក Calvin Fambirai គឺជានាយកប្រតិបត្តិនៃសមាគមវេជ្ជបណ្ឌិតសិទ្ធិមនុស្សស៊ីមបាវ៉េ។ លោកថ្លែងថា អង្គការរបស់លោកថ្កោលទោសពាក្យ «សម្ដីឥតប្រយ័ត្នប្រយែង» របស់អ្នកស្រី Muchinguri ជាពិសេសអំពីសារៈសំខាន់នៃវ៉ាក់សាំងដើម្បីទប់ស្កាត់វីរុសនេះ។
លោកថ្លែងយ៉ាងដូច្នេះថា៖ «នេះបង្ហាញពីការខ្វះសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាជំងឺឆ្លងរាតត្បាតនេះ។ វ៉ាក់សាំងត្រូវបានគេបញ្ជាក់តាមបែបវិទ្យាសាស្ត្រថាវាមានដំណើរការ ហើយបានឆ្លងកាត់ដំណើរការធ្វើតេស្តនៅមន្ទីរពិសោធន៍យ៉ាងប្រាកដប្រជា។ ការលើកឡើងផ្ទុយពីនេះរបស់រដ្ឋមន្ត្រីម្នាក់គឺជាការលើកឡើងដែលគ្មានការទទួលខុសត្រូវហើយយើងសង្ឃឹមថា អាជ្ញាធរដែលមានសមត្ថកិច្ចតែងតាំងរដ្ឋមន្ត្រីនឹងចាត់វិធានការវិន័យ។
លោកបានបន្ថែមថា៖ «ស្ថានភាពនៅពីក្រោយប្រភពដើមនៃវីរុសកូរ៉ូណាកំពុងស្ថិតក្រោមការស៊ើបអង្កេតដោយអង្គការសុខភាពពិភពលោក WHO ហើយយើងមិនត្រូវបង្កើនពាក្យសម្ដីដែលបង្កការភ័យខ្លាចជនបរទេសលើបញ្ហានេះទេ។ អ្វីដែលត្រូវយកចិត្តទុកដាក់គឺការទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ បង្កើនការត្រៀមខ្លួនលើវិស័យសុខាភិបាល និងធ្វើផែនការចាក់វ៉ាក់សាំង»។
នៅក្នុងការវិវត្តមួយដែលអ្នកវិភាគនិយាយថា ធ្វើឡើងដើម្បីងាកចេញពីភាពរកាំរកូសផ្នែកការទូតដ៏សំខាន់ជាមួយចិន ក្រសួងការបរទេសស៊ីមបាវ៉េ កាលពីថ្ងៃសៅរ៍ ទី១៦ ខែមករា បានដាក់ខ្លួននៅដាច់ឆ្ងាយពីការលើកឡើងរបស់អ្នកស្រី Muchinguri អំពីប្រភពដើមនៃជំងឺដែលបង្កពីវីរុសកូរ៉ូណានេះ។
អ្នកស្រី Constance Chemwayi អ្នកនាំពាក្យក្រសួងការបរទេសស៊ីមបាវ៉េបានថ្លែងថា មនោសញ្ចេតនារបស់អ្នកស្រី Muchinguri មិនឆ្លុះបញ្ចាំងពីជំហររបស់រដ្ឋាភិបាលស៊ីមបាវ៉េទេ។
អ្នកស្រីថ្លែងយ៉ាងដូច្នេះថា៖«ប្រទេសស៊ីមបាវ៉េនិងចិន កំពុងតែមានទំនាក់ទំនងជាមួយគ្នាយ៉ាងល្អប្រសើរ។ រដ្ឋាភិបាលមិនដាក់ប្រទេសចិនឲ្យទទួលខុសត្រូវលើការលេចឡើងនិងការរីករាលដាលវីរុសកូរ៉ូណាដែលបង្កការប៉ះពាល់ដល់មនុស្សទូទាំងសាកលលោកនោះទេ។ រដ្ឋាភិបាលកោតសរសើប្រទេសចិនដែលបានដើរតួជាអ្នកដឹកនាំសាកលក្នុងកិច្ចប្រឹងប្រែងស្វែងរកប្រភព និងដំណោះស្រាយលើជំងឺរាតត្បាតសាកលនេះ»។
កាលពីឆ្នាំមុន អ្នកស្រី Muchinguri បានទាក់ទាញចំណាប់អារម្មណ៍សាធារណជនម្ដងរួចហើយ បន្ទាប់ពីអ្នកស្រីបង្ហាញក្ដីរីករាយនឹងការរាតត្បាតនៃវីរុសនេះ ដែលពេលនោះកើតឡើងភាគច្រើននៅប្រទេសលោកខាងលិចជាច្រើន ដូចជាសហរដ្ឋអាមេរិកជាដើម។ អ្នកស្រីបាននិយាយថា វាជាការដាក់ទណ្ឌកម្មរបស់ព្រះចំពោះការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសនៅទ្វីបអាហ្វ្រិកប៉ែកខាងត្បូងមួយនេះ៕