រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បាននិយាយកាលពីថ្ងៃអាទិត្យថា លោកប្រធានាធិបតីដូណាល់ ត្រាំ បានធ្វើការសម្រេចដ៏ត្រឹមត្រូវដើម្បីបញ្ឈប់ការចរចាសន្តិភាពជាមួយពួកមេដឹកនាំក្រុមតាលីបង់នៅឯកន្លែងឈប់សម្រាកលំហែកាយរបស់ប្រធានាធិបតី ពីព្រោះតែការវាយប្រហារបន្តធ្វើឡើងរបស់ក្រុមភេរវកម្មនោះនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
លោករដ្ឋមន្រ្តីការបរទេសអាមេរិក Pompeo ប្រាប់ទូរទស្សន៍ខ្សែកាប CNNថា «យើង ចាំបាច់មើលឃើញពួកគេអនុវត្តទៅតាមការសន្យារបស់ខ្លួនដើម្បីបញ្ចប់អំពើហិង្សានៅក្នុងប្រទេសដែលហែកហួរដោយសង្គ្រាមមុនពេលពួកគេទទួលបានរង្វាន់ដោយជួបជាមួយប្រធានាធិបតីត្រាំ»។ លោករដ្ឋមន្រ្តីការបរទេស Pompeo មិនបានធ្វើការតាំងចិត្តថាតើឬនៅពេលណាការចរចាសន្តិភាពនោះនឹងបន្តទៀតទេ។
អ្នកការទូតកំពូលសហរដ្ឋអាមេរិករូបនេះ បាននិយាយទៀតថា ជំនួបដែលបានគ្រោងទុកកាលពីថ្ងៃអាទិត្យរបស់ប្រធានាធិបតីត្រាំនៅឯកន្លែងលំហែកាយរបស់ប្រធានាធិបតី Camp David នៅជិតរដ្ឋធានីវ៉ាស៊ីនតោនជាមួយមេដឹកនាំក្រុមតាលីបង់និងលោក Ashraf Ghani ប្រធានាធិបតីនៃប្រទេសអាហ្វហ្គានីស្ថាន ដែលចរចាដាច់ដោយឡែកពីគ្នា បានត្រូវគេជឿជាក់ថា ការចរចាទាំងនោះ អាចផ្តល់ផលប្រយោជន៍ជាតិដល់សហរដ្ឋអាមេរិកដើម្បីបញ្ចប់ការទាក់ទិនរបស់អាមេរិកចំនួន១៨ឆ្នាំនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ពួកអ្នកចរចាខាងសហរដ្ឋអាមេរិកនិងក្រុមតាលីបង់បានធ្វើការចរចាសន្តិភាពជិតមួយឆ្នាំ។ លោក Zalmay Khalilzad ប្រធានចរចាខាងសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន បាននិយាយថា ក្រុមចរចារបស់លោក បានធ្វើពង្រាងកិច្ចព្រមព្រៀង ប្រសិនបើ ទទួលបានយល់ព្រមពីប្រធានាធិបតីត្រាំ នឹងអនុញ្ញាតឲ្យកងទ័ពអាមេរិក៥ពាន់នាក់ចាកចេញពីមូលដ្ឋានយោធា៥នៅក្នុងអាហ្វហ្គានីស្ថានក្នុងរយៈពេល១៣៥ថ្ងៃ៕