ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​តស៊ូមតិ​ ដាក់​ការសង្ស័យ​ចំពោះ​ការនាំ​ចូល​មាស​សុទ្ធ​ដ៏​ច្រើន​មក​កម្ពុជា


រូបឯកសារ៖ គ្រឿង​អលង្ការ​ធ្វើ​ពី​មាស ត្រូវ​បាន​គេ​ដាក់​លក់​ក្នុង​ហាង​លក់​គ្រឿង​អលង្ការ​មួយ​កន្លែង ក្នុង​ប្រទេស​សិង្ហបុរី​នៅ​ថ្ងៃទី ៧ ខែតុលា ឆ្នាំ២០០៩។
រូបឯកសារ៖ គ្រឿង​អលង្ការ​ធ្វើ​ពី​មាស ត្រូវ​បាន​គេ​ដាក់​លក់​ក្នុង​ហាង​លក់​គ្រឿង​អលង្ការ​មួយ​កន្លែង ក្នុង​ប្រទេស​សិង្ហបុរី​នៅ​ថ្ងៃទី ៧ ខែតុលា ឆ្នាំ២០០៩។

ក្នុង​រយៈពេល​បួន​ឆ្នាំ​ ​មាស​សុទ្ធ​ដែល​ត្រូវ​បាន​នាំ​ចេញ​ពី​ប្រទេស​សិង្ហបុរី​មក​កម្ពុជា​មាន​ចំនួន​លើស​ពី​​ប្រទេស​ផ្សេងៗ​ទៀត​ក្រៅ​ពី​ប្រទេស​ចិន។​ ​ទិន្នន័យ​បាន​បង្ហាញ​ថា​មាស​សុទ្ធ​សរុប​ចំនួន​៣៧០តោន​ត្រូវ​បាន​នាំចូល​មក​កម្ពុជា​រវាង​ឆ្នាំ​២០១២​និង​២០១៧។

ប្រទេស​កម្ពុជា​បាន​នាំ​ចូលមាស​សុទ្ធ​ ​ក្នុង​ចំនួន​ដ៏ច្រើន​ដែល​មាន​តម្លៃ​ស្មើ​នឹង​១៥ពាន់​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ពី​ប្រទេស​សិង្ហបុរី​ ​នេះ​បើយោង​តាម​ស្ថិតិ​របស់​រដ្ឋា​ភិបាល​សិង្ហបុរីដែល​ចងក្រង​ឡើង​ដោយ​អង្គការ​មាតា​ធម្មជាតិ​កម្ពុជា។

ក្រុមអ្នក​ប្រឆំាង​នឹង​អំពើ​ពុករលួយ​និយាយ​ថា ​តួលេខ​ដ៏​ច្រើន​នេះ​ ​បាន​បង្ក​ឲ្យ​មានការ​ភ័យ​ព្រួយ​អំពី​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុជាពិសេស​ការ​រត់ពន្ធ។​

ក្រុម​មន្រ្តី​នៅ​កម្ពុជា​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​ដោយ​និយាយ​ថា​មាសទាំង​នោះ​គ្រាន់​តែ​ត្រូវ​បាន​ឆ្លង​កាត់​ប្រទេស​កម្ពុជា​ខណៈ​ដែល​កំពុង​ត្រូវ​នាំ​ចេញ​ទៅ​ប្រទេស​ផ្សេងទៀត។​

ក្នុង​រយៈពេល​បួន​ឆ្នាំ​ ​មាស​សុទ្ធ​ដែល​ត្រូវ​បាន​នាំ​ចេញ​ពី​ប្រទេស​សិង្ហបុរី​មក​កម្ពុជា​មាន​ចំនួន​លើស​ពីប្រទេស​ផ្សេងៗ​ទៀត​ក្រៅ​ពី​ប្រទេស​ចិន។​ ​ទិន្នន័យ​បាន​បង្ហាញ​ថា​មាស​សុទ្ធ​សរុប​ចំនួន​៣៧០តោន​ត្រូវ​បាន​នាំចូល​មក​កម្ពុជា​រវាង​ឆ្នាំ​២០១២​និង​២០១៧។​

ការ​នាំចូលមាស​ទាំង​នេះ​ ​មានទឹកប្រាក់​ច្រើន​ជាង​១២​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ ​បើធៀប​នឹង​ផលិត​ផលសរុប​ផ្សេង​ទៀត​ដែល​កម្ពុជា​នាំចូល​ពី​ប្រទេស​សិង្ហបុរី​ក្នុង​អំឡុង​ពេ​ល​ដូចគ្នា​នេះ​ដែរ។​ ​នេះ​បើ​យោង​តាម​ក្រុម​ឃ្លាំ​មើល​ផ្អែក​លើ​របាយការណ៍​ដែល​មាន​ពី​ក្រសួង​ពាណិជ្ជកម្ម​ ​ដែល​មិន​បាន​បញ្ជាក់​ពី​ផលិត​ផល​ជាក់លាក់​នោះទេ។​

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​កម្ពុជា​លោក​ ​Alejandro Gonzalez-Davidson​ ​ដែល​ជា​អ្នក​បកអាក្រាត​តួលេខ​នាំ​ចេញ​ ​បាន​ប្រមូល​តារា​ង​ទិន្នន័យ​ស្ថិតិ​របស់​ប្រទេស​សិង្ហបុរី​ ហើយផ្សព្វផ្សាយ​តាម​រយៈ​វីដេអូ​មួយ​ដែល​ត្រូវ​បានបង្ហោះ​កាល​ពី​ថ្ងៃច័ន្ទ​សប្តាហ៍​កន្លង​ទៅ។​ លោក​ ​Alejandro Gonzalez-Davidson​ ​ប្រាប់​ ​VOA​ ​ថា​ភាព​មិន​ប្រក្រតីនៃ​តួលេខ​នេះ​ ត្រូវ​ការការ​បកស្រាយ​ពី​រដ្ឋាភិបាល​កម្ពុជា។​

លោក​បាន​និយាយ​កាល​ថ្ងៃ​ពុធ​សប្តាហ៍​មុន​ថា៖​

«ឯកសារ​នោះ​ ​តាម​ខ្ញុំ​យល់​ឃើញ​ ​មាន​ភស្តុតាង​ច្រើន​ដែល​បង្ហាញ​ថា​មាស​ទាំង​នោះ​មិន​ត្រូវ​បាន​គេ​កត់​ត្រា។​ ​ការណ៍​នេះ​គឺ​មិន​ត្រឹម​ត្រូវ​និង​មិនស្រប​ច្បាប់»។​

លោក​បាន​បន្ថែម​ថា​ ​កាល​ពី​មុន​នៅពេល​ដែល​មានភាព​មិន​ប្រក្រតីរវាងការ​នាំចេញ​នាំ​ចូល​ធំៗ​ ​ត្រូវ​បាន​រកឃើញ​ក្នុង​ករណី​ទាក់ទិន​នឹង​ការកាប់ឈើ​ខុស​ច្បាប់​និង​ការ​បូម​ខ្សាច់​ ​រដ្ឋាភិ​បាល​កម្ពុជា​ដាក់​បន្ទោស​លើ​ភាព​មិន​ត្រឹមត្រូវ​របស់​នៃ​ការ​ចុះបញ្ជី។​

លោក Alejandro​ ​បន្តថា៖​

«បាទ ភាព​មិន​ប្រក្រតី​ប្រាកដ​ជាមាន ប៉ុន្តែ​វា​មិន​អាច​ពន្យល់​បាន​ថា​តើ​ភាព​មិន​ប្រក្រតីនេះ​មាន​ទំហំ​ធំជាងកញ្ចប់​ថវិកា​សម្រាប់​ប្រទេស​ទាំង​មូលពីរទៅបី​ដង​បាន​យ៉ាង​ដូចម្តេច»។​

កញ្ចប់​ថវិកាជាតិ​សម្រាប់​ការ​ចំណាយ​ក្នុង​ឆ្នាំ​២០១៨​របស់​កម្ពុជា​គឺ​ ​មាន​ចំនួន​៦ពាន់លាន​ដុល្លារ។​

នៅ​ក្នុង​វីដេអូ​ដែល​ត្រូវ​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​ នៅលោក​ ​Alejandro​ ​បាន​និយាយ​ថា៖​

«ហេតុ​ដូច្នេះ​យើង​ទាំង​អស់គ្នាតម្រូវ​ឲ្យ​មាន​ការ​បកស្រាយ​ជុំវិញ​បញ្ហា​ពី​ស្ថាប័ន​ពាក់​ព័ន្ធរបស់​របប​ក្រុង​ភ្នំពេញ​ជាពិសេស​នាយកដ្ឋាន​គយ​និង​រដ្ឋករនិង​ធនាគារ​ជាតិ​នៃ​កម្ពុជា»។​

VOA​ ​ទាក់ទង​ស្ថាប័ន​រដ្ឋ​ទាំង​ពីរ​នេះ​មិន​បាន​នោះ​ទេ។

រូបឯកសារ៖ លោក​ ផៃ ស៊ីផាន​ អ្នកនាំពាក្យ​ទីស្តី​ការ​គណរដ្ឋមន្ត្រី​ផ្តល់​បទសម្ភាស​ដល់​សំឡេង​សហរដ្ឋ​អាមេរិក VOA នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ​២០១៨។ (ខាន់ សុគុំមនោ/VOA)
រូបឯកសារ៖ លោក​ ផៃ ស៊ីផាន​ អ្នកនាំពាក្យ​ទីស្តី​ការ​គណរដ្ឋមន្ត្រី​ផ្តល់​បទសម្ភាស​ដល់​សំឡេង​សហរដ្ឋ​អាមេរិក VOA នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ​២០១៨។ (ខាន់ សុគុំមនោ/VOA)

ឃ្លាំង​មាស​បម្រុង​របស់​កម្ពុជា​មិនមាន​ការ​កើនឡើង​ឡើយ​ក្នុង​រយៈពេល​យ៉ាងហោច​ណាស់១៨​ឆ្នាំ​ ​យោង​តាម​ក្រុម​ប្រឹក្សាមាស​ពិភពលោក។​ ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ ​លោក​ ​ផៃ ស៊ីផាន​ ​បាន​និយាយ​ថា​លោក​មិន​បាន​ដឹង​ពី​ការ​ស៊ើប​អង្កេតដោយ​អាជ្ញាធរ​កម្ពុជា​នោះ​ទេ។​

លោក​បន្ថែម​ថា៖​

«នេះ​ជា​ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន»។​

អ្នក​នាំ​ពាក្យក្រសួង​ពាណិជ្ជកម្ម​លោក​ ​ស៊ាង ថៃ​ ​បាន​និយាយ​ថា​ផលិត​ផលខ្លះ​ត្រូវ​បាន​នាំ​ចូល​មក​ហើយ​នាំ​ចេញ​ទៅវិញ​ ​ដូច្នេះ​ផលិត​ផល​នោះ​មិន​ត្រូវ​បាន​កត់ត្រាឡើយ។​

«បាទ!​ វា​មាន​ទំនិញ​ច្រើន​ហើយ​ដែល​មិនមែន​យក​មក​ យើង​គ្រាន់​តែ​ឃើញ​យក​ទៅយើង​យើង​ថា​នាំ​មក​ស្រុក​យើង។​ ​អាហ្នឹង​វា​អត់ទាន់​ហៅ​ថា​ការវាយ​តម្លៃត្រឹមត្រូវ​ទេ​ ​ព្រោះ​យើង​ត្រូវ​មើលច្រក​ចេញ​ទោវិញ​ផង​បាទ»។​

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ អ្នក​ជំនាញ​អំពើ​ពុករលួយ​បាន​ប្រាប់​ ​VOA​ ​ថា​ប្រទេស​គោល​ដៅ​ការ​នាំ​ចេញ​អាច​ជា​បញ្ហា។​

លោក​ ​George McLeod​ ​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​នយោបាយ​នៅ​ប្រទេស​ថៃ​ដែល​បាន​ធ្វើ​ការ​ស៊ើប​អង្កេតការ​ជួញដូរ​មាស​ក្នុង​ប្រទេស​កម្ពុជា​បាន​និយាយ​ថា​ ការ​កេង​ប្រវ័ញ្ច​ពាណិជ្ជកម្ម​លើភាព​ធូរលុង​នៃ​ច្បាប់​វិន័យរបស់​កម្ពុជា​ចំពោះ​ការ​រត់ពន្ធ​មាស​ពី​ប្រទេស​សិង្ហបុរី​ទៅ​ប្រទេស​វៀតណាម​ដែល​មាន​ការ​ត្រួត​ពិនិត្យ​តឹងតែង​ ​បាន​កើត​មាន​កាន់​តែ​ច្រើន​ក្នុង​រយៈពេល​ដប់ឆ្នាំ​ចុង​ក្រោយ។​

លោក​បាន​និយាយ​ថា​ប្រសិន​បើ​នរណាម្នាក់​សន្មត់​ថា​ពាក់​កណ្តាល​នៃ​មាស​ដែល​ត្រូវ​បាន​នាំ​ចូល​ ស្ថិត​ក្នុង​ប្រទេស​កម្ពុជា​ ​វា​បង្ហាញ​ពី​ ​«ការ​រត់ពន្ធ​មាស​ដ៏​ធំ​កំពុង​កើត​មាន»។​

«សិង្ហបុរី​មាន​ទីផ្សារ​មាស​សេរី។​ ​ជាការ​ពិត​ ​អ្នក​អាច​ទិញដុំមាស​ ​នៅ​តាម​ផ្សារ​ហើយ​នាំ​ចេញ​ដោយ​ឥត​កំណត់។​ ​អ្នកអាច​នាំ​មាស​រាប់​ពាន់​លាន​ដុល្លារ​ចេញ​ដោយ​គ្មាន​អ្នក​ណា​សួរសំណួរ​អ្វី​ឡើយ»។​

ក្រៅ​ពី​បង់​ថ្លៃ​ប្រតិបត្តិការ​តិច​តួច​ ​មាស​ត្រូវ​បាន​នាំ​ចូល​មក​កម្ពុជា​ដោយ​មិន​ជាប់​ពន្ធ​ ​យោង​តាម​លោក McLeod។

រូបឯកសារ៖ ប្រាក់​ដុង​របស់​វៀតណាម នៅ​ធនាគារ​ពាណិជ្ជកម្ម​អាស៊ី ក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម។
រូបឯកសារ៖ ប្រាក់​ដុង​របស់​វៀតណាម នៅ​ធនាគារ​ពាណិជ្ជកម្ម​អាស៊ី ក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម។

លោក​ ​McLeod​ ​បាន​បន្ត​ថា​វា​តែង​ត្រូវ​បាន​គេ​រត់ពន្ធ​តាម​ដី​គោក​ទៅ​ប្រទេស​វៀតណាម ដែល​ការនាំ​ចូល​មាស​ត្រូវ​បាន​គេ​ហាម​ឃាត់​ហើយ​មាន​តែ​អាជ្ញាធរ​កណ្តាល​ប៉ុណ្ណោះដែល​ទទួល​ខុសត្រូវ​ការណ៍​នេះ​ដោយ​ការ​នាំ​ចូល​មាស​ត្រូវ​បាន​ជាប់​ពន្ធ​ក្នុង​ប្រទេស​វៀតណាម​ ​នាំ​ឲ្យ​ប្រទេស​នេះ​ទទួល​ប្រាក់​ចំណេញ​យ៉ាង​ហោច​៧​ទៅ​៨​ភាគរយ​ក្នុង​មួយ​ឆ្នាំ។​

លោក​ ​McLeod​ ​និយាយ​ថាសហគ្រិន​ក្នុង​ប្រទេស​វៀតណាម​ដែល​មាន​សេដ្ឋកិច្ច​កំពុង​រីក​ចម្រើន​ខ្លាំង បាន​ព្យាយាម​បម្លែង​ចំណូល​របស់​ខ្លួន​ពី​លុយ​ដុង​វៀតណាម​ដែល​មិន​មែនជា​រូបិយបណ្ណ​អន្តរជាតិ​មាន​តម្លៃ។​

«បើសិន​ជា​អ្នក​មើល​បរិបទ​នេះ វា​សមហេតុសមផល​ដែល​មាស​ខុស​ច្បាប់​ជាច្រើន​បាន​ហូរ​ចូល​ទៅវៀតណាម»។​

លោក​ ​McLeod​ ​បាន​សង្កត់​ធ្ងន់​ថា​ ​ប្រៀប​ធៀប​ទៅ​នឹង​សកម្ម​ភាព​ខុស​ច្បាប់​ផ្សេង​ទៀត​ ​ដែល​កំពុង​កើត​មាន​ក្នុង​ប្រទេស​កម្ពុជា​ ​«ករណី​នេះ​មិន​ធ្ងន់​ធ្ងរ​ទេ»។​

អង្គការ​តម្លាភាព​អន្តរជាតិ(TI)​ ​ឲ្យ​ចំណាត់​ថ្នាក់​កម្ពុជា​ជា​ប្រទេស​ពុករលួយ​ខ្លាំង​បំផុត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​និង​ជា​ប្រទេស​ក្នុង​ចំណោម​ប្រទេស​ពុក​រលួយ​ទាំង​២០​ក្នុង​ពិភពលោក។​

នាយក​ប្រតិបត្តិ​អង្គការតម្លាភាពអន្តរជាតិ​ ​TI​ ​ប្រចាំ​កម្ពុជា​ ​លោក​ ​ព្រាប កុល​ ​បាន​ប្រាប់​ ​VOA​ ​តាម​អ៊ីម៉ែល​ថា​អាជ្ញាធរ​ក្នុង​ប្រទេស​សិង្ហបុរី​ ​កម្ពុជា​និង​ប្រទេស​ផ្សេង​ទៀត​គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​តួលេខ​នេះ។​

​រូបឯកសារ៖ លោក​ ព្រាប​ កុល​ ​នាយក​ប្រត្តិ​បតិ្តអង្គការ​តម្លាភាព​កម្ពុជា។ (ហ៊ុល រស្មី/VOA)
​រូបឯកសារ៖ លោក​ ព្រាប​ កុល​ ​នាយក​ប្រត្តិ​បតិ្តអង្គការ​តម្លាភាព​កម្ពុជា។ (ហ៊ុល រស្មី/VOA)

លោក​ ​ព្រាប កុល​ ​បាន​សរសេរ​ថា៖​

«ចន្លោះ​ប្រហោង​សំខាន់ៗ​និង​ទំហំ​នៃ​អំពើ​ពុករលួយ​នៅ​កម្ពុជា​ធ្វើ​ឲ្យ​យើង​មាន​ការ​ព្រួយ​បារម្ភ​។ យើង​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ធ្វើ​ការ​ស៊ើប​អង្កេតដោយ​យកចិត្ត​ទុកដាក់»។​

ការិយាល័យ​លោក​ ​Vincent Leong​ ​នាយក​ផ្នែកហិរញ្ញវត្ថុ​នៃ​ក្រសួង​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​និង​ ​Vivian Balakrishnan​ ​នៃ​ក្រសួង​ការបរទេសប្រទេស​សិង្ហបុរី​មិន​បាន​ឆ្លើយ​តប​នឹង​ ​VOA​ ​នោះ​ទេ។​

នេះ​មិនមែន​ជា​លើក​ដំបូង​ឡើយ​ដែល​អង្គការ​មាតា​ធម្មជាតិ​នៃ​កម្ពុជា​បាន​ប្រើ​ស្ថិតិ​ពាណិជ្ជកម្ម​របស់​សិង្ហបុរី​ដើម្បី​ចោទ​ជាសំណួរ​អំពី​ការ​ប្រតិបត្តិ​ផ្នែក​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល​កម្ពុជា។​

កាលពី​ឆ្នាំ​២០១៦​ ​អង្គការ​នេះ​បាន​បកអាក្រាត​ពី​ការ​កត់ត្រា​នាំ​ចូល​ខ្សាច់​របស់​សិង្ហបុរី​ពី​កម្ពុជា​ប្រមាណ​៧០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​រវាង​ឆ្នាំ​២០០៧​និង​២០១៥​ ​ខណៈ​ដែល​ទីស្នាក់ការ​គយ​កម្ពុជា​កត់ត្រា​ទឹកប្រាក់​ត្រឹម​តែ​៥លាន​ដុល្លារ​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG