អត្រាអតិផរណាសម្រាប់ប្រទេសកម្ពុជានៅឆ្នាំ២០១៨នេះ នឹងស្ថិតនៅត្រឹម ២.៦% តែប៉ុណ្ណោះ ខណៈដែលកំណើននៃការនាំចេញ បូករួមនឹងការមកដល់នៃភ្ញៀវទេសចរចិន នឹងជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ប្រទេសឱ្យរក្សាបានអត្រា៧%។ នេះបើតាមការព្យាករណ៍ចុងក្រោយបង្អស់របស់ធនាគារអភិវឌ្ឍន៍អាស៊ី ឬ ADB ដែលចេញផ្សាយនៅសប្តាហ៍នេះ។
ការដាក់ការព្យាករណ៍អត្រាអតិផរណារបស់ប្រទេសកម្ពុជានៅត្រឹម ២.៦%នេះ ជាការធ្លាក់ចុះគួរឱ្យសម្គាល់ របស់អ្នកជំនាញការ ADB ដែលកាលពីខែមេសាបានព្យាករណ៍ថាអាចមានអត្រា ៣.២%។
នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ដែលមានចំណងជើងថា បច្ចុប្បន្នភាពនៃការប្រមើមើលការអភិវឌ្ឍរបស់ទ្វីបអាស៊ី (Asian Development Outlook 2018 Update) ADB បានលើកឡើងពីការទម្លាក់ការព្យាករណ៍អត្រាអតិផរណាយ៉ាងដូច្នេះថា៖
«អត្រាប្ដូរប្រាក់ដែលប្រកបដោយស្ថិរភាព និងកំណើនក្នុងត្រឹមកម្រិតសមល្មមនៃតម្លៃស្បៀងអាហារ បានជួយប៉ះប៉ូវលើសពីគ្រប់គ្រាន់ទៅនឹងសម្ពាធនៃអតិផរណាបង្កឡើងដោយការកើនឡើងតម្លៃប្រេងអន្តរជាតិ ដែលនេះតម្រូវឱ្យមានការកែសម្រួលបញ្ចុះការព្យាករណ៍អំពីអតិផរណាសម្រាប់ឆ្នាំនេះ និងឆ្នាំបន្ទាប់»។
តាមរយៈរបាយការណ៍ដដែល ADB បានរក្សាការទស្សន៍ទាយរបស់ខ្លួនកាលពីខែមេសាថា កម្ពុជានឹងរក្សាបានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ៧% សម្រាប់ឆ្នាំ២០១៨ ដែលការណ៍នេះបណ្ដាលមកពីកំណើននៃការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក ការចូលមកយ៉ាងគំហុកនៃភ្ញៀវទេសចរចិន និងក៏ដូចជាចំណាយវាយក្នុងស្រុករបស់ជនជាតិខ្មែរ កាន់តែមានសភាពក្លៀវក្លាជាងមុន។
គ្រាន់តែរយៈពេល៧ខែដើមឆ្នាំ២០១៨នេះ ចំនួនភ្ញៀវទេសចរចិនដែលមកដល់ប្រទេសកម្ពុជាមានកំណើន៧២.៦% ដែលរួមចំណែកយ៉ាងសកម្មទៅដល់កំណើនភ្ញៀវទេសចរបរទេសសរុបដែលមកដល់កម្ពុជា ដែលមានអត្រា១១.១%។ នេះបើយោងតាម ADB។
តួលេខរបស់ក្រសួងទេសចរណ៍បានបង្ហាញថា ភ្ញៀវទេសចរចិនបានរួមចំណែកភាគរយយ៉ាងធំ ជាមួយចំនួនមកដល់ ១លាន៩ម៉ឺននាក់ ក្នុងចំណោមភ្ញៀវទេសចរបរទេសសរុប ៣លាន៤សែននាក់ ដែលមកដល់ប្រទេសកម្ពុជានៅ៧ខែដើមឆ្នាំ២០១៨នេះ។
លោក Stephen Higgins ស្ថាបនិកនៃក្រុមហ៊ុនផ្ដល់ប្រឹក្សាវិនិយោគ Mekong Strategic Partners បាននិយាយកាលពីថ្ងៃពុធថា លោកយល់ស្របនឹងការគណនាគន់គូររបស់ ADB ទម្លាក់អត្រាអតិផរណាព្យាករណ៍ និងការរំពឹងទុកនៃកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់កម្ពុជា តែលោកបានកត់សម្គាល់ពីការពឹងផ្អែក«ជ្រុល»ពីលំហរទីផ្សារទេសចរចិន។
អ្នកផ្ដល់ប្រឹក្សាផ្នែកវិនិយោគរូបនេះ បានប្រាប់VOA តាមសារអេឡិចត្រូនិច ក្នុងន័យដើមយ៉ាងដូច្នេះថា៖
«ក្នុងនាមជាធនាគារិកមួយរូប អ្នកមុខជានឹងចាត់ទុកវាជាកត្តាហានិភ័យ បើសិនជាមានការពឹងផ្អែកខ្លាំងជ្រុលទៅលើអតិថិជនតែមួយរូប។ នៅកម្រិតប្រទេសក៏គ្មានអ្វីខុសគ្នានោះដែរ ហើយកម្ពុជាគួរណាស់តែជៀសវាងការពឹងផ្អែកច្រើនជ្រុលទៅលើទីផ្សារណាមួយតែឯកឯង មិនថាយើងនិយាយក្នុងបរិបទវិស័យទេសចរណ៍ឬវិស័យអ្វីដទៃទៀតនោះទេ»។
លោក Miguel Chanco សេដ្ឋវិទូជាន់ខ្ពស់នៃក្រុមហ៊ុនស្រាវជ្រាវសេដ្ឋកិច្ច Pantheon Macroeconomics បាននិយាយកាលពីល្ងាចថ្ងៃពុធថា លោកយល់ស្របក្នុងការលើកឡើងដែរថា ការពឹងផ្អែកកាន់តែខ្លាំងឡើងរបស់ឧស្សាហកម្មទេសចរណ៍ទៅលើទីផ្សារប្រទេសចិន នឹងផ្ដល់ឱ្យមហាអំណាចមួយនេះនូវ«ស្លាបសម្រាប់អាចរលាស់ខ្លួនទៅថ្ងៃអនាគតក្នុងការប្រាស្រ័យទាក់ទងទ្វេភាគីជាមួយប្រទេសកម្ពុជា»។
អ្នកវិភាគសេដ្ឋកិច្ចរូបនេះបានប្រាប់ VOA តាមសារអេឡិចត្រូនិកក្នុងន័យដើមយ៉ាងដូច្នេះថា៖
«ដូចមានឧទាហរណ៍ពីប្រទេសវៀតណាម អំឡុងមានការជាប់ជម្លោះដែនសមុទ្រជាមួយប្រទេសចិនកាលពីឆ្នាំ២០១៤ជាតឹកតាងស្រាប់ ដែលទីក្រុងប៉េកាំងមានទាំងលទ្ធភាព និងឆន្ទៈក្នុងការកំណត់អត្រាលំហូរនៃភ្ញៀវទេសចរចិនទៅកាន់បណ្ដាប្រទេសដែលមានជម្លោះជាមួយខ្លួន»។
យ៉ាងណាក្ដីលោក Miguel Chanco បានលើកឡើងបន្ថែមថាក្នុងរយៈពេលខ្លី និងរយៈពេលមធ្យមនេះ លើកមិនរំពឹងថាទំនាក់ទំនងនយោបាយខ្មែរចិនអាចនឹងជួបភាពល្អក់កករដល់ថ្នាក់ថាអាចជះឥទ្ធិពលដល់ទំនាក់ទំនងសេដ្ឋកិច្ច និងទេសចរណ៍នោះទេ ហើយថាទំនាក់ទំនងដ៏រឹងមាំនៅពេលនេះនឹងជួយបន្តទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
ក្នុងរបាយការណ៍ដែលធ្វើរង្វាយតម្លៃបរិបទសេដ្ឋកិច្ចទ្វីបអាស៊ី ADB មិនបានរួមបញ្ចូលឬមានការលើកឡើងអំពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ពីការប្រឈមមុខផ្នែកនយោបាយរវាងទីក្រុងភ្នំពេញជាមួយនឹងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកនោះឡើយ។
សភាអឺរ៉ុបក្នុងខែកញ្ញាបានស្នើឱ្យអ្នកសម្រេចចិត្តផ្នែកនយោបាយនៃសហភាពអឺរ៉ុបនៅទីក្រុងព្រុចសែលឱ្យពិចារណាដកប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ទំនិញកម្ពុជាចូលទៅផ្សារអឺរ៉ុប ដោយបានលើកពីមូលហេតុនៃការធ្លាក់ចុះនៃលំហរសិទ្ធិសេរីភាពផ្នែកនយោបាយ និងប្រជាធិបតេយ្យនៅក្នុងប្រទេសបណ្ដាលមកពីការបង្ក្រាបអ្នកជំទាស់រដ្ឋាភិបាលនាឆ្នាំកន្លងមក នៅមុនការបោះឆ្នោតដែលបក្សកាន់អំណាចបានឈ្នះអសនៈទាំងអស់ក្នុងសភាជាន់ទាបរបស់ប្រទេស។
ADB បានធ្វើការកត់សម្គាល់ពីភាពរស់រវើកនៃទំនាក់ទំនងពាណិជ្ជកម្មនាំចេញទៅកាន់ទីផ្សារធំៗទាំងពីរនៅលោកខាងលិច ដោយបានលើកឡើងថា នៅក្នុងរយៈពេល៧ខែដើមឆ្នាំ២០១៨នេះ ការនាំចេញទៅកាន់សហភាពអឹរ៉ុបមានអត្រាកំណើន១៣.៧% ខណៈការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកមានអត្រា២៧.៤%។
ក្រុមហ៊ុនវាយតម្លៃពិន្ទុឥណទានអន្តរជាតិ Moody’s បានចេញការវិភាគមួយកាលពីដើមខែសីហា ដោយប្រមើមើលថាភាពមិនចុះសម្រុងគ្នាខាងនយោបាយ រវាងកម្ពុជា និងលោកខាងលិច នឹងអាចបង្កជាក្ដីរំខានដល់ការចាក់បញ្ចូលសាច់ប្រាក់ជាជំនួយអភិវឌ្ឍន៍មកកាន់ប្រទេសមួយនេះ ហើយអាចធ្វើឱ្យការព្យាយាមរក្សាភាពនឹងនរនៃឱនភាពគណនីចរន្តក្នុងប្រព័ន្ធថវិកាជាតិរបស់ប្រទេសជួបនឹងបញ្ហារអាក់រអួល។
យ៉ាងណាក្ដី លោកសេដ្ឋវិទូ Miguel Chanco បាននិយាយបន្ថែមបង្ហាញពីជំនឿចិត្តរបស់លោកថា ទ្វារនៅតែបើកចំហរសម្រាប់ឥវ៉ាន់កម្ពុជានាំចូលទៅកាន់ទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិកដោយរួចពន្ធ។ លោកបានទស្សន៍ទាយថា ដំណោះស្រាយនយោបាយដោយរដ្ឋអំណាចក្រុងភ្នំពេញ និងលោកខាងលិច នឹងបន្តមានជាសន្សឹមៗដើម្បីបន្ធូរបន្ថយភាពតានតឹង និងប្រឈមមុខគ្នាខាងនយោបាយ។
ដោយឡែកលោក Stephen Higgins បានបញ្ចេញយោបល់ស្រដៀងគ្នា ដោយថាបើសិនជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបយល់ថាចាំបាច់ត្រូវតែដាក់ទណ្ឌកម្មដើម្បីឆ្លើយតបនឹងការបង្ក្រាបនយោបាយនៅកម្ពុជាមែននោះ ជម្រើសដែលមានអាទិភាពអាចជាការដាក់តម្រង់ទណ្ឌកម្មទៅលើបុគ្គលមន្ត្រីដែលទទួលខុសត្រូវក្នុងការបង្ក្រាបតែប៉ុណ្ណោះ។ លើសពីនេះភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងចិននិងអាមេរិក ក៏អាចផ្ដល់ឱកាសដល់ទីផ្សារកម្ពុជាផងដែរ។
អ្នកប្រឹក្សាយោបល់ខាងវិនិយោគរូបនេះបានប្រាប់ VOA ជាបន្តតាមសារអេឡិចត្រូនិកយ៉ាងដូច្នេះថា៖
«ភស្តុតាងជាលំនាំផ្ទាល់នោះគឺថា កម្ពុជាបានចាប់ផ្ដើមរួចជាស្រេចក្នុងការសម្លឹងឃើញថា មានចំណាប់អារម្មណ៍កាន់តែច្រើនឡើងពីសំណាក់ម្ចាស់រោងចក្រផលិតកម្មនានា ដែលប្រាថ្នាចង់ចាកចេញពីប្រទេសចិន ដោយសារតែរងផលប៉ះពាល់ពីសំណាក់សង្គ្រាមពាណិជ្ជកម្ម»។
សេដ្ឋវិទូជាន់ខ្ពស់មួយរូបនៃការិយាល័យប្រចាំរាជធានីភ្នំពេញរបស់ ADB មិនបានឆ្លើយតបនឹងសំណើរបស់ VOA សុំការបំភ្លឺជាមតិយោបល់នោះទេក្នុងសប្ដាហ៍នេះ។ នៅពេលត្រូវបានទាក់ទងក្នុងសប្ដាហ៍នេះ លោក មាស សុខសេនសាន អគ្គលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបង្វែរសំណួរទៅកាន់ លោក ទេព ភិយោរិន អគ្គនាយកគោលនយោបាយរបស់ក្រសួងដែលសុំមិនធ្វើអត្ថាធិប្បាយ។
ក៏ប៉ុន្តែបើមើលពីក្រសែចក្ខុរបស់ ADB មានបញ្ហាមួយចំនួនផ្សេងទៀតដែលអាចជះផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់កម្ពុជា ដែលជាសេដ្ឋកិច្ចពឹងផ្អែកខ្លាំងលើចរាចរណ៍ប្រាក់ដុល្លារ។
ADB បាននិយាយក្នុងរបាយការណ៍ដដែលក្នុងន័យដើមយ៉ាងដូច្នេះថា៖
«ហានិភ័យចម្បងពីខាងក្រៅទៅដល់ការប្រមើមើលនេះគឺថាការរឹតបន្តឹងដែលលឿនជាងការរំពឹងទុកនៃគោលនយោបាយរូបិយប័ណ្ណរបស់សហរដ្ឋអាមេរិក និងដំណើរប្រែប្រួលងាយឡើងចុះនៃទីផ្សារហិរញ្ញវត្ថុក្នុងតំបន់ និងអន្តរជាតិ។ ហានិភ័យចម្បងនៅខាងក្នុងប្រទេសនោះគឹការហក់ឡើងម្ដងហើយម្ដងទៀតនៃអត្រាប្រាក់ឈ្នួលអប្បបរមា»។
ក្រសួងការងាររបស់កម្ពុជាក៏បាននឹងកំពុងដឹកនាំការប្រជុំត្រីភាគី ដែលកំពុងប្រព្រឹត្តទៅរវាងរដ្ឋាភិបាល ថៅកែរោងចក្រ និងសហជីពដើម្បីកំណត់តម្លៃប្រាក់ឈ្នួលអប្បបរមានៅឆ្នាំក្រោយ សម្រាប់កម្មករនិយោជិកក្នុងឧស្សាហកម្មកាត់ដេរ។ ប្រាក់ឈ្នួលប្រចាំខែបានកើនឡើងពីតម្លៃ ៨០ដុល្លារ ក្នុងឆ្នាំ២០១៣ ដល់តម្លៃ ១៧០ដុល្លារ ក្នុងឆ្នាំ២០១៨នេះ។
ខណៈដែលបាននិងកំពុងតម្រូវឱ្យនិយោជកថៅកែរោងចក្រ ឱ្យទទួលរ៉ាប់រងបង់ប្រាក់កាតព្វកិច្ចធានាសន្តិសុខសង្គមសម្រាប់កម្មករកម្មការនី រដ្ឋអំណាចខ្មែរក៏បានសម្រេចក្នុងការតាក់តែងច្បាប់ស្ដីពីប្រាក់ឈ្នួល ដែលរងការរិះគន់ពីមន្ត្រីអង្គការសង្គមស៊ីវិលថាបានរឹតត្បិតសិទ្ធិអំណាចរបស់ភាគីពាក់ព័ន្ធក្នុងការតស៊ូមតិអំពីបញ្ហាប្រាក់ឈ្នួល៕