សកម្មជនសិទ្ធិមនុស្សស្នើឱ្យពលករកម្ពុជាបន្តប្រយ័ត្នប្រយែង ពេលធ្វើការងារនៅក្នុងវិស័យនេសាទនិងគ្រឿងសមុទ្រថៃ បើទោះបីជាសហភាពអឺរ៉ុបបានលើកលែងការព្រមានដាក់ទណ្ឌកម្មក៏ដោយ។
សហភាពអឺរ៉ុបបានលុបចោលការព្រមានកាតលឿងនេះកាលពីដើមខែមករា បន្ទាប់ពីដាក់លើប្រទេសថៃតាំងពីខែមេសា ឆ្នាំ២០១៥ ដោយសារតែការនេសាទខុសច្បាប់ មិនបានចុះបញ្ជីនិងគ្មានច្បាប់កំណត់។ ការណ៍នេះមានន័យថា ប្រទេសថៃត្រូវធ្វើការកែលម្អចំណុចខ្វះខាត បើមិនដូច្នេះទេនឹងត្រូវហាមឃាត់មិនឱ្យនាំផលិតផលចូលទីផ្សាររបស់សហភាពអឺរ៉ុបទេ ហើយទទួលទណ្ឌកម្មផ្សេងមួយចំនួនទៀត។
លោកឌី ថេហូយ៉ា ប្រធានកម្មវិធីនៃមជ្ឈមណ្ឌលសម្ព័ន្ធការងារនិងសិទ្ធិមនុស្ស ហៅថាសង់ត្រាល់ បានបញ្ជាក់ថា អាជ្ញាធរថៃបានប្រើប្រាស់នយោបាយការទូតទន់ភ្លន់និងយល់ព្រមធ្វើកំណែទម្រង់នានា តាមការស្នើសុំរបស់សហភាពអឺរ៉ុប ប៉ុន្តែលោកបានដាស់តឿនពលករកម្ពុជាឱ្យបន្តការប្រុងប្រយ័ត្ន៖
«បញ្ហាទាំងអស់នេះយើងមិនអាចអះអាងថា ពួកគាត់មានសុវត្ថិភាព១០០ភាគរយទេព្រោះគោលនយោបាយនៅតែជាគោលនយោបាយ ព្រោះឥឡូវប្រសិទ្ធភាពវាឃើញខ្លះហើយ។ អ្វីដែលសហភាពអឺរ៉ុបបានដកទណ្ឌកម្មឬដកកាតលឿងចេញនេះក៏ដោយសារមានការត្រួតពិនិត្យសារដើមច្រើនដង»។
ការលុបចោលនេះដោយសារតែប្រទេសថៃបានធ្វើការកែទម្រង់ក្របខណ្ឌច្បាប់នេសាទឱ្យស្របតាមច្បាប់អន្តរជាតិក្នុងការប្រើប្រាស់ឧបករណ៍នេសាទ ពង្រឹងការគោរពតាមកាតព្វកិច្ចរបស់ខ្លួនជារដ្ឋដែលមានទង់ជាតិ ផែ ដែនសមុទ្រ និងទីផ្សារ។ ក្នុងនោះមានការកំណត់ក្នុងច្បាប់និងបង្កើតការដាក់ទណ្ឌកម្មអ្នកល្មើស ពង្រឹងយន្តការត្រួតពិនិត្យក្រុមនេសាទជាតិ និងពង្រឹងប្រព័ន្ធតាមដាន ត្រួតពិនិត្យនិងគ្រប់គ្រង។ ទាំងនេះបូករួម ការតាមឃ្លាំមើលពីចម្ងាយនូវសកម្មភាពនេសាទ និងការធ្វើអធិការកិច្ចនៅកំពង់ផែ ដូចជាត្រួតពិនិត្យចំនួនអ្នកចេញនិងចូល(PIPO)។
លោកឌី ថេហូយ៉ា បានបន្ថែមថាក្នុងពេលកន្លងមកថៅកែទូកនេសាទមិនបានកំណត់អត្តសញ្ញាណអ្នកនេសាទឱ្យបានច្បាស់លាស់ទេ ហើយការចេញទៅសមុទ្រក៏មិនកំណត់ពេលវិលត្រឡប់មកវិញជាក់លាក់ដែរ ដោយអ្នកនេសាទខ្លះត្រូវនៅលើផ្ទៃសមុទ្រជាច្រើនខែ។ ប៉ុន្តែទណ្ឌកម្មរបស់សហភាពអឺរ៉ុបបានធ្វើឱ្យមានការកែប្រែទម្លាប់នេះ។
លោកហូយ៉ា បានបន្ថែមថា៖
«ឥឡូវនេះយើងឃើញថាមានការចុះបញ្ជីបានភាគច្រើនសឹងថាបាន៩៩ភាគរយហើយខាងផ្នែកនេសាទ។ អីចឹងគាត់ចុះបញ្ជីនៅថៃច្រើន អត្តសញ្ញាណច្បាស់លាស់មកពីប្រទេសណាទៅប្រទេសណា ហើយមុននឹងចេញទូកមានមនុស្សប៉ុន្មាននាក់នៅក្នុងទូកហ្នឹង គឺគណៈកម្មការពីប៉ូ (PIPO) ពិនិត្យហើយកំណត់ទៅតែ៣០ថ្ងៃត្រឡប់មកកន្លែងចំណតវិញ។ អីចឹងយើងឃើញថា មានយន្តការជាក់លាក់ច្រើនកន្លងមក ក៏ប៉ុន្តែបន្ទាប់ពីហ្នឹងទៅអនុវត្តឬមិនអនុវត្ត ក៏ប៉ុន្តែក្នុងអំឡុងពេលនេះថៃកំពុងតែធ្វើបានល្អ»។
ទំហំនៃការនាំចេញផលិតផលនេសាទសមុទ្រថៃមានចំនួន៨ពាន់លានដុល្លារក្នុងឆ្នាំ២០១៧ ក្នុងនោះការនាំចូលទីផ្សារសហភាពអឺរ៉ុបមានជាង៧០០លានដុល្លារក្នុងមួយឆ្នាំៗ។
ស្នងការទទួលបន្ទុកជលផលរបស់សហភាពអឺរ៉ុប គឺលោក Karmenu Vella បានថ្លែងថា សហភាពអឺរ៉ុបបានជជែកគ្នាជាមួយនឹងអាជ្ញាធរថៃពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនិងពលកម្មដោយបង្ខំនៅក្នុងវិស័យឧស្សាហកម្មនេសាទថៃ ហើយប្រទេសថៃបានយល់ព្រមផ្តល់សច្ចាប័នលើកតិការសញ្ញារបស់អង្គការពលកម្មអន្តរជាតិដើម្បីការពារសិទ្ធិរបស់កម្មករ។
មានពលរដ្ឋខ្មែរជាង១លាននាក់ត្រូវបានគេរាយការណ៍ថា បានធ្វើចំណាកស្រុកទៅប្រទេសថៃដោយធ្វើការនៅរោងចក្រ ចម្ការ និងក្នុងឧស្សាហកម្មនេសាទថៃ។ ពួកគេមួយចំនួនបានចាញ់បោកក្រុមហ៊ុនជ្រើសរើសពលករ ហើយបានក្លាយជាទាសករសម័យទំនើបដោយធ្វើការហួសកម្លាំងច្រើនម៉ោង មិនទទួលបានប្រាក់ខែសមរម្យ ស្ថានភាពរស់នៅលំបាកនិងធ្លាក់ខ្លួនជំពាក់បំណុល។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានបញ្ជាក់ថា នៅតែមានករណីបង្ខំឱ្យធ្វើការហួសកម្លាំង ការជួញដូរមនុស្ស មិនបើកប្រាក់ខែ និងគ្រោះថ្នាក់លើទូកនេសាទដោយមិនទទួលប្រាក់សំណង។ ករណីទាំងនេះកើតមានលើពលរដ្ឋកម្ពុជានិងភូមាដែលធ្វើការលើទូកនេសាទទាំងនោះ។
លោកហ្វីល រ៉ូប៊ឺតសុន អនុប្រធានប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សបញ្ជាក់ថា លោកនៅតែមានការព្រួយបារម្ភ បើទោះបីជាមានការកែទម្រង់របស់អាជ្ញាធរថៃ។ លោកស្នើឱ្យសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកដែលទទួលទិញផលិតផលគ្រឿងសមុទ្រថៃបន្តតាមដាន និងគាបសង្កត់ដើម្បីធានាសិទ្ធិដល់អ្នកនេសាទទាំងនោះ។
លោកហ្វីល រ៉ូប៊ឺតសុន បានបន្ថែមថា៖
«ប្រទេសថៃមិនបានធ្វើការងារបានល្អនៅឡើយទេក្នុងការធានាឱ្យប្រាកដថា អ្នកគ្រប់គ្រងទូកនេសាទនិងថៅកែទូកសងសំណងសមរម្យដល់កម្មករពេលដែលមានរបួសឬគ្រោះថ្នាក់ពីការធ្វើពលកម្មដោយបង្ខំទាំងនេះ។ នេះគឺជាឧស្សាហកម្មដែលព្យាយាមទទួលយកផលអតិបរិមាពីកម្មករ ប៉ុន្តែបើកប្រាក់ឬផ្តល់សំណងតិចតួចឱ្យពួកគេ»។
លោកបន្ថែមថា មន្ត្រីដែលនៅត្រួតពិនិត្យមើលនៅផែចេញចូលក៏មិនសាកសួរកម្មករដើរទូកឱ្យបានលម្អិតពីស្ថានភាពការងាររបស់ពួកគេពេលនៅសមុទ្រដែរ គឺគ្រាន់តែពិនិត្យចំនួនអ្នកចេញចូលដើម្បីធានាថាមិនមានអ្នកបាត់ខ្លួនតែប៉ុណ្ណោះ។
លោកស្រីមូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិសម្តែងក្តីបារម្ភថា ពលករខ្មែរអាចនឹងនៅតែរងគ្រោះ៖
«ទោះបីជាកាតពណ៌លឿងត្រូវគេដកចេញក៏ដោយ ក៏ប៉ុន្តែស្ថានការណ៍នៅតែតឹងនៅឡើយទេ។ ជាពិសេសអីចឹងហើយបានជាខ្ញុំមានការព្រួយបារម្ភណាស់។ ខ្ញុំមិនជឿថាបងប្អូនខ្មែរយើងធ្វើការនៅនេសាទថៃបានរួចខ្លួនទាំងអស់ទេ ពីព្រោះបងប្អូនខ្មែរយើងនៅកណ្តាលសមុទ្រថៃនៅច្រើនរាប់ពាន់នាក់ដែរ»។
សកម្មជនផ្តល់យោបល់ថា បើមានបញ្ហាពលរដ្ឋខ្មែរត្រូវតែទៅរកស្ថានទូតខ្មែរ អង្គការ និងយន្តការរបស់រដ្ឋាភិបាលថៃដើម្បីជួយពួកគេ។
លោកស្រីមូរ សុខហួ បានបន្ថែមថា៖
«ទោះបីជាប្រទេសថៃបានធ្វើការងារល្អក៏ដោយ ក៏ប៉ុន្តែនៅមិនទាន់គ្រប់ជ្រុងជ្រោយទេនៅមានការងារមួយចំនួនទៀតដូចជាការបាត់ខ្លួន ការចាញ់បោក និងការបោកប្រាស់ ពលករចំណាកស្រុកនៅឡើយទេ»។
អង្គការសហប្រជាជាតិបានស្នើឱ្យរដ្ឋាភិបាលកម្ពុជា «បង្កើនយន្តការការពារសម្រាប់ពលរដ្ឋកម្ពុជាដែលធ្វើចំណាកស្រុកនៅក្រៅប្រទេសដោយតាមដានទីភ្នាក់ងារជ្រើសរើសពលករនិងយកពួកគេទៅធ្វើការនៅបរទេស»។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលបានចេញផ្សាយនៅក្នុងសម័យប្រជុំលើកទី៣២ កាលពីថ្ងៃទី២១មករាដល់ទី១ខែកុម្ភៈ។
រដ្ឋាភិបាលកម្ពុជាបានឆ្លើយតបវិញដោយបញ្ជាក់ថា ខ្លួនយកចិត្តទុកដាក់លើបញ្ហានេះដោយចុះលើអនុស្សារណៈមួយចំនួនជាមួយនឹងប្រទេសដែលទទួលយកពលករកម្ពុជា ក្នុងនោះមានប្រទេសថៃផងដែរដែលកម្ពុជាបានចុះអនុស្សារណៈតាំងពីចុងឆ្នាំ២០១៦។
របាយការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាដែលដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានបន្ថែមថា៖
«រាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការរកឃើញនេះនិងផ្តល់ការងារធ្វើដល់ពលរដ្ឋទាំងនៅក្នុងនិងក្រៅប្រទេស ដោយបានចេញគោលនយោបាយស្តីពីការងារចំណាកស្រុកដែលផ្តោតលើការការពារសិទ្ធិនិងផលប្រយោជន៍របស់ពលរដ្ឋដែលធ្វើការនៅក្រៅប្រទេស»៕