ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិ​មនុស្ស HRW ស្វាគមន៍​ការ​ផ្ដល់​សច្ចាប័ន​របស់​ថៃ​លើ​អនុសញ្ញា​ស្ដីពី​ការងារ​នេសាទ


រូបឯកសារ៖ ពលករចំណាកស្រុកភូមាកំពុងធ្វើការនៅលើទូកនេសាទមួយដែលឈប់ចតនៅកំពង់ផែមួយកន្លែងនៅក្នុងខេត្ត Prachuabkhirikhant ប្រទេសថៃ។
រូបឯកសារ៖ ពលករចំណាកស្រុកភូមាកំពុងធ្វើការនៅលើទូកនេសាទមួយដែលឈប់ចតនៅកំពង់ផែមួយកន្លែងនៅក្នុងខេត្ត Prachuabkhirikhant ប្រទេសថៃ។

អនុសញ្ញា​អន្តរជាតិ​មួយ​នេះ​ ដែល​បាន​ចូល​ជា​ធរមាន​នៅ​​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧ មាន​គោលដៅ​ការពារ​លក្ខខណ្ឌ​ការងារ​និង​ការ​រស់នៅ​របស់​ពលករ​ក្នុង​វិស័យ​នេសាទ។

អង្គការ​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស​អន្តរជាតិ​ Human Rights Watch ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញ៉ូវយក សហរដ្ឋ​អាមេរិក បាន​សម្ដែង​ការ​សាទរ​ក្នុង​លក្ខណៈ​ប្រយ័ត្នប្រយែង​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ប្រទេស​ថៃ ក្នុង​ការ​ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​អង្គការ​ពលកម្ម​អន្តរជាតិ​ ហៅ​កាត់​ថា​ ILO ស្ដីពី​ការងារ​ក្នុង​វិស័យ​នេសាទ។ នេះ​បើ​យោង​តាម​បណ្ដាញ​ព័ត៌មាន​ Reuters ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី៣១ ខែមករា ​ឆ្នាំ​២០១៩។

ការ​ស្វាគមន៍​ចំពោះ​វិធានការ​ថ្មី​របស់​ប្រទេស​ថៃ​នេះ កើត​ឡើង ក្រោយ​ពី​ថៃ​ ​បាន​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​ក្នុង​តំបន់​អាស៊ី ដែល​បាន​ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ការងារ​ក្នុង​វិស័យ​នេសាទ ​(Work in Fishing Convention) នេះ កាល​ពី​ថ្ងៃ​ពុធ។ អនុសញ្ញា​អន្តរជាតិ​មួយ​នេះ​ ដែល​បាន​ចូល​ជា​ធរមាន​នៅខែ​វិច្ឆិកា​ ឆ្នាំ​២០១៧ មាន​គោលដៅ​ការពារ​លក្ខខណ្ឌ​ការងារ​និង​ការ​រស់នៅ​របស់​ពលករ​ក្នុង​វិស័យ​នេសាទ។

លោក Phil Robertson នាយក​រង​ទទួល​បន្ទុក​តំបន់​អាស៊ី​នៃ​អង្គការ​ Human Rights Watch បាន​ថ្លែង​ប្រាប់​បណ្ដាញ​ព័ត៌មាន​ Thomson Reuters​ Foundation តាម​សារ​អេឡិចត្រូនិក​ថា ខណៈ​ដែល​ប្រទេស​ថៃ សម​នឹង​ទទួល​បាន​ការ​ស្ងើច​សរសើរ​ចំពោះ​ការ​ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​នេះ ប្រទេស​ថៃ​ ចាំ​បាច់​ត្រូវ​បង្កើត​និង​អនុម័ត​បទបញ្ញត្តិ​ ដើម្បី​អនុវត្ត​តាម​អនុសញ្ញា​នេះ។

លោក​មាន​ប្រសាសន៍​ថា៖

«‍យើង​បាន​ឃើញ​ម្ចាស់​ទូក​នេសាទ​ថៃ​ដ៏​មាន​ឥទ្ធិពល​ជា​ច្រើន ប្រឆាំង​នឹងអនុសញ្ញា​នេះ​យ៉ាង​ខ្លាំងក្លា​តាំង​ពី​ដំបូង​ទី​មក ដូច្នេះ យើង​រំពឹង​ថា នឹង​មាន​ការ​ប្រឆាំង​គ្នា​ខ្លាំង​ទម្រាំ​អាច​ចេញ​ជា​ច្បាប់​មួយ ដែល​អាច​ឈាន​ទៅ​ដល់​ការ​ការពារ​សិទ្ធិ​ប្រកប​ដោយ​អត្ថន័យ​និង​ការ​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ឡើង​នូវ​ជីវភាព​រស់នៅ​របស់​ពលករ​នេសាទ»។

ប្រទេស​ថៃ គឺ​ជា​ប្រទេស​នាំ​ចេញ​ម្ហូប​អាហារ​សមុទ្រ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ជាង​គេ​បំផុត​មួយ​លើ​ពិភពលោក ដោយ​ទំហំ​ពាណិជ្ជកម្ម​នៃ​ឧស្សាហកម្ម​នេសាទ​និង​ម្ហូប​សមុទ្រ​របស់​ថៃ រួមចំណែក​ប្រមាណ​៦​ពាន់​លាន​ដុល្លារ​អាមេរិក ដល់​ទំនិញ​នាំ​ចេញ​សរុប​របស់​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ។ នេះ​បើ​ផ្អែក​តាម​អង្គការ​ពលកម្ម​អន្តរជាតិ។

វិស័យ​នេសាទ​និង​វេច​ខ្ចប់​គ្រឿង​សមុទ្រ​របស់​ថៃ​ ផ្ដល់​ការងារ​ដល់​កម្មករ​ជាង​៦​សែន​នាក់​នៅ​ឆ្នាំ​២០១៧ ដែល​ក្នុង​នោះ ប្រមាណ​ពាក់​កណ្ដាល​គឺ​ជា​ពលករ​ចំណាកស្រុក ដែល​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ។ នេះ​បើ​យោង​តាម​អង្គការ​ ILO ដដែល។

​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប្រទេស​ថៃ បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំងចំពោះ​ការ​ចោទប្រកាន់​ពី​អំពើ​ទាសភាព ការ​ជួញដូរ​មនុស្ស​និង​អំពើ​ហិង្សា​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ទៅលើ​ពលករ​នេសាទ​ចំណាកស្រុក​មក​ពី​ប្រទេស​ជិតខាង​រួម​ទាំង​ពលករ​ខ្មែរ​ផង​ដែរ ដែល​ធ្វើ​ការ​នៅ​លើ​ទូក​នេសាទ​និង​កន្លែង​វេច​ខ្ចប់​គ្រឿង​សមុទ្រ​ថៃ។

ប៉ុន្តែ ថ្មីៗ​នេះ សហភាព​អឺរ៉ុប បាន​ដក​ការ​គំរាម​របស់​ខ្លួន ដែល​ចង់​ហាមឃាត់​ការ​នាំ​ចូលគ្រឿង​សមុទ្រ​ថៃ​ ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប ក្រោយ​ពី​សហគមន៍​អឺរ៉ុប​និយាយ​ថាប្រទេស​នេះ បាន​កែ​លម្អ​បញ្ហា​នេសាទ​នេះ៕

XS
SM
MD
LG