កាលពី៥ឆ្នាំមុន លោកស្រី Shui-Meng Ng និងប្តីរបស់លោកស្រីឈ្មោះ Sombath Somphone បានបើករថយន្តកាត់តាមទីក្រុងវៀងចន្ទន៍នៅពេលដែលលោកបានបាត់ខ្លួន។
រូបភាពម៉ាស៊ីនថតសន្តិសុខនៅចំណុចឆែកឆេរបស់ប៉ូលិសបានបង្ហាញថា ពួកមន្រ្តីប៉ូលិសបានបញ្ឈប់រថយន្តម៉ាក្ស Jeep របស់លោក។
លោក Somphone ដែលល្បីល្បាញថាជាមេដឹកនាំអង្គការសង្គមស៊ីវិលនោះបានចេញពីរថយន្តរបស់លោក។ មួយរំពេជក្រោយមក អ្នកជិះម៉ូតូម្នាក់បានមកដល់ ហើយបានចតម៉ូតូរបស់ខ្លួន ហើយបានបើករថយន្ត Jeep នោះទៅបាត់។ បន្ទាប់មក រថយន្តម៉ាក Pickup ពណ៌សដែលមិនមានសញ្ញាសម្គាល់បានបើកមកដល់កន្លែងលោក Somphone ហើយលោកបានចូលក្នុងរថយន្តនោះ ក៏ត្រូវបានគេនាំចេញទៅ។
ពួកសកម្មជននិយាយថា ម៉ាស៊ីនថតសុវត្ថិភាពរបស់ប៉ូលិសបង្ហាញថា លោក Somphone បានត្រូវចាប់ខ្លួននៅកន្លែងឆែកឆេររបស់ប៉ូលិស។ លោកស្រី Shui-Meng មិនបានឮដំណឹងពីប្តីរបស់លោកស្រីចាប់តាំងពីពេលនោះមក។
លោកស្រីបានប្រាប់ VOA ផ្សាយជាភាសាឡាវថា៖ «មកទល់សព្វថ្ងៃនេះ លោក Somphone នៅបាត់ខ្លួននៅឡើយ។ ខ្ញុំមិនមានជម្រើសទេ។ ខ្ញុំមិនអាចនៅស្ងៀមទេ។ ខ្ញុំមិនអាចឲ្យការងាររបស់លោក Somphone ហើយនិងសុបិននិងសេចក្តីសង្ឃឹមរបស់លោកដើម្បីកសាងសង្គមមួយប្រសើរឡើងនៅក្នុងប្រទេសឡាវត្រូវគេបំភ្លេចនោះទេ»។
លោកស្រី Shui-Meng បាននិយាយថា៖ «តើពិភពលោកអាចអនុញ្ញាតឲ្យលោក Somphone បាត់ខ្លួនទេ? តើយើងអនុញ្ញាតឲ្យមានស្ថានភាពនិទណ្ឌភាពប្រភេទនេះបន្តឬ?៕