ក្រុមអ្នកតំណាងរាស្ត្រអាស៊ាន ដើម្បីសិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights) បានថ្លែងរិះគន់ប្រទេសឡាវ ដែលធ្វើជាប្រធានឆ្លាស់វេនអាស៊ានឆ្នាំនេះថា អាចដឹកនាំតំបន់នេះបានតែខាងការគាបសង្កត់សិទ្ធិមនុស្សប៉ុណ្ណោះ។ នេះបើយោងតាមបទវិចារណកថាមួយរបស់ក្រុមអ្នកតំណាងរាស្ត្រក្នុងតំបន់អាស៊ាននេះ ដែលបានចេញផ្សាយកាលពីចុងសប្ដាហ៍។
លោក Charles Santiago អ្នកតំណាងរាស្ត្រម៉ាឡេស៊ី និងជាប្រធានក្រុមអ្នកតំណាងរាស្ត្រអាស៊ាន ដើម្បីសិទ្ធិមនុស្សនេះ បានមានប្រសាសន៍នៅក្នុងបទវិចារណកថារបស់លោកថា៖ «សម្រាប់តំបន់អាស៊ានទាំងមូល តំណែងប្រធានអាស៊ានរបស់ឡាវនៅខណៈនេះ ប្រហែលជាត្រូវម៉ាច់ គឺថា វេនរបស់ទីក្រុងវៀងចន្ទន៍គឺគាប់ជួននឹងនិន្នាការកាន់តែធំជាងមុន ក្នុងការងាកចេញពីផ្នែកអភិបាលកិច្ចនិងដំណើរការតាមបែបប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស»។
ការថ្លែងរបស់ក្រុមអ្នកតំណាងរាស្ត្រអាស៊ាន ដើម្បីសិទ្ធិមនុស្សនេះធ្វើឡើង ខណៈដែលប្រមុខរដ្ឋនិងរដ្ឋាភិបាលអាស៊ានគ្រោងនឹងជួបប្រជុំគ្នានៅក្នុងកិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងវៀងចន្ទន៍ប្រទេសឡាវ នៅថ្ងៃទី៦ ខែកញ្ញាខាងមុខនេះ។
លោក Charles Santiago ថ្លែងថា៖ «កិច្ចប្រជុំកំពូលនេះ គួរតែជាឱកាសសម្រាប់ឲ្យរដ្ឋាភិបាលឡាវក្នុងនាមជាម្ចាស់ផ្ទះ បង្ហាញសក្តានុពលនៃភាពជាអ្នកដឹកនាំរបស់ខ្លួនក្នុងតំបន់នេះ ប៉ុន្តែ កុំរំពឹងថានឹងមានទិដ្ឋភាពនៃការច្នៃប្រឌិតខាងផ្នែកសេដ្ឋកិច្ច សង្គមឬក៏បរិស្ថានណាមួយឲ្យសោះ»។
ប្រធានក្រុមអ្នកតំណាងរាស្ត្រអាស៊ាន ដើម្បីសិទ្ធិមនុស្សនេះបន្តថា បរិយាកាសនៃកិច្ចប្រជុំកំពូលអាស៊ាននោះអាក្រក់អាក្រីពេក រហូតដល់ក្រុមអង្គការសង្គមស៊ីវិល ដែលរៀបចំវេទិកាពលរដ្ឋអាស៊ាន (ASEAN Peoples' Forum) នៅឆ្នាំនេះ បានសម្រេចជ្រើសរើសរៀបចំព្រឹត្តិការណ៍នេះនៅក្រៅប្រទេសឡាវវិញ ដោយកត់សម្គាល់ថា ពួកគេមិនអាចធានាសុវត្ថិភាពរបស់អ្នកចូលរួមបាន។
លោក Charles Santiago ថ្លែងថា៖ «នេះគឺជាលើកដំបូងហើយ ដែលការជួបជុំប្រចាំឆ្នាំរបស់ក្រុមអង្គការសង្គមស៊ីវិល មិនត្រូវបានរៀបចំទទួលនៅក្នុងប្រទេសដែលកាន់តំណែងជាប្រធានអាស៊ានសម្រាប់ឆ្នាំនេះ»៕