សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថាអាស៊ាន បានបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីក្នុងតំបន់ជាមួយមន្ត្រីការទូតជាន់ខ្ពស់ដែលមកពីប្រទេសមួយចំនួនទៀត នៅឯមជ្ឈមណ្ឌលសន្និបាតជាតិថ្មីនៅក្នុងទីក្រុង វៀងច័ន្ទ ប្រទេសឡាវ ដើម្បីប្រជុំពិភាក្សាទៅលើបញ្ហាសន្តិសុខ ដោយរួមមានទាំងបញ្ហាប្រទេសកូរ៉េខាងជើងនិងសមុទ្រចិនខាងត្បូងផងដែរ។
លោករដ្ឋមន្ត្រីការបរទេសអាមេរិក John Kerry បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកមានមោទនភាពជាដៃគូរបស់អាស៊ាន ដោយសារតែសមាគមនេះគាំទ្រប្រព័ន្ធច្បាប់អន្តរជាតិដែលការពារសិទ្ធិរបស់ប្រទេសទាំងអស់ មិនថាធំឬតូចនោះទេ។
កិច្ចប្រជុំនៅក្នុងប្រទេសឡាវ បានធ្វើឡើងបន្ទាប់ពីតុលាការអាជ្ញាកណ្តាលអន្តរជាតិបានចេញសាលក្រមថ្មីមួយក្នុងពេលថ្មីៗនេះ ដែលច្រានចោលការទាមទារស្ទើរតែទាំងស្រុងរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង ដែលបង្កក្តីព្រួយបារម្ភដល់ការសម្រេចចិត្តដែលអាចធ្វើឲ្យភាពតានតឹងកាន់តែកើនឡើង និងអាចបណ្តាលឲ្យចិនធ្វើសមយុទ្ធយោធាកាន់តែច្រើនទៀត។
នៅក្នុងទីក្រុងប៉េកាំង លោក Susan Rice ទីប្រឹក្សាសនិ្តសុខជាតិរបស់សេតវិមានបានថ្លែងប្រាប់ទីប្រឹក្សារដ្ឋាភិបាលចិន លោក Yang Jiechi នៅថ្ងៃច័ន្ទនេះថា រដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីនតោន នឹងសហការជាមួយនឹងរដ្ឋាភិបាលក្រុងប៉េកាំងដើម្បីដោះស្រាយបញ្ហានានា និងរាល់ឧបសគ្គដែលកំបាំងនិងបើកចំហផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការដែលចេញដោយប្រទេសជាសមាជិកអាស៊ានទាំង១០នៅថ្ងៃច័ន្ទនេះ បង្ហាញក្តីបារម្ភខ្លាំងទៅលើការទាមទារយកកោះសិប្បនិម្មិតនិងការបង្កើនសកម្មភាពនានានៅសមុទ្រចិនខាងត្បូង។ សេចក្តីថ្លែងការណ៍នោះបានឲ្យដឹងថា សកម្មភាពនានានៅក្នុងតំបន់បានធ្វើឲ្យសេចក្តីទុកចិត្តនិងភាពជឿជាក់ថយចុះ បង្កើនភាពតានតឹងនិងប្រហែលជាអាចប៉ះពាល់ដល់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ផងដែរ។
ក៏ប៉ុន្តែ សាលក្រមតុលាការទីក្រុង ឡាអេ ដែលទើបតែចេញនាពេលថ្មីៗនេះ រួមទាំងប្រទេសចិនផង មិនត្រូវបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមនោះទេ៕