ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​ជំទាស់​មិន​ឲ្យ​រុស្សី គុយបា និង​អារ៉ាប៊ីសាអ៊ូឌីតចូល​ជា​សមាជិក​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ


រូបឯកសារ៖ កិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នៅក្រុងហ្សឺណែវ ប្រទេសស្វីស​កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។
រូបឯកសារ៖ កិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នៅក្រុងហ្សឺណែវ ប្រទេសស្វីស​កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។

មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​នឹង​បោះឆ្នោត​ជ្រើសរើស​សមាជិក​ថ្មី​ចំនួន ១៥ សម្រាប់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​នៅ​ខែ​តុលា​ខាង​មុខ។ អង្គការ UN Watch ដែល​ជា​អង្គការ​ឯករាជ្យ​មួយ​ឃ្លាំ​មើល​អង្គការ​សហប្រជាជាតិ បាន​បញ្ជាក់​ថា ការ​អនុញ្ញាត​ឱ្យ​ប្រទេស​រុស្សី គុយបា និង​អារ៉ាប៊ីសាអ៊ូឌីត ដែល​ជា​របប​សង្កត់សង្កិន​និង​ផ្តាច់ការ ចូល​រួម​ក្នុង​ក្រុម​ប្រឹក្សា​នេះ នឹង​បង្ក​ឲ្យ​មាន​ការ​ចំអក និង​ខឹង​សម្បារ។

លោក Hillel Neuer នាយក​ប្រតិបត្តិ​នៃ​អង្គការ UN Watch បាន​និយាយថា រដ្ឋាភិបាល​ដែល​បដិសេធ​មិន​ឱ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​មាន​សេរីភាព​ជា​មូលដ្ឋាន​មិន​មាន​គោល​ជំហរ​អ្វី​ក្នុង​ការ​វិនិច្ឆ័យ​ប្រវត្តិ​សិទ្ធិ​មនុស្ស​របស់​ប្រទេស​ផ្សេង​ទៀត​នោះ​ទេ។

លោក​ Neuer បញ្ជាក់​ដូច្នេះ​ថា៖ «គ្មាន​នរណា​ម្នាក់​និយាយ​ថា សមាជិក​ទាំង​អស់​នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ត្រូវតែ​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។ ជា​ការ​ពិត មិន​មាន​ប្រទេស​ណា​មួយ​ល្អ​ឥត​ខ្ចោះ​នោះ​ឡើយ។ ក៏​ប៉ុន្តែ​ការ​ជ្រើសរើស​ប្រទេស​ខ្លះ​ដែល​អាក្រក់​បំផុត​មិន​មែន​ជា​យុទ្ធសាស្ត្រ​ល្អ​ទេ ហើយ​ជា​ការ​ផ្ទុយ​ស្រឡះ​ពី​លក្ខខណ្ឌ​វិនិច្ឆ័យ​ជា​ផ្លូវការ​ដែល​ត្រូវ​បាន​ប្រកាស​នៅ​ពេល​បង្កើត​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នេះ​ឡើង ហើយ​ដែល​នៅ​តែ​ត្រូវអនុវត្ត​ចំពោះ​ការ​បោះឆ្នោត​បន្ត​ទៅ​ទៀត»។

សេចក្តី​សម្រេច​ដែល​ត្រូវ​បាន​អនុម័ត​នៅ​ពេល​ក្រុមប្រឹក្សា​នេះ​បង្កើត​ឡើង​កាល​ពី​ឆ្នាំ ២០១៦ តម្រូវ​ឱ្យ​ប្រទេស​ជា​សមាជិក​ទាំង​អស់​ប្រកាន់​ខ្ជាប់​នូវ​ការ​ផ្សព្វផ្សាយ និង​ការ​ការពារ​សិទ្ធិ​មនុស្ស។ សេចក្តី​សម្រេច​នេះ​ក៏​បាន​ព្រមាន​ផង​ដែរ​ថា ប្រទេស​ណា​ដែល​រំលោភ​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​មនុស្ស​អាច​ត្រូវ​ព្យួរ​សមាជិកភាព។ ករណី​នេះ​ធ្លាប់​ត្រូវ​បាន​អនុវត្ត​ម្ដង​ប្រឆាំង​នឹង​ប្រទេស​លីប៊ី​កាល​ពី​ឆ្នាំ ២០១០ បន្ទាប់ពី​មាន​ការ​បង្ក្រាប​ដ៏​ឃោរឃៅ​របស់​មេដឹកនាំ​ផ្ដាច់ការ Muammar Gaddafi លើ​ក្រុម​បាតុករ។

លោក Neuer បាន​ប្រាប់​វីអូអេ​ថា ក្រុមប្រឹក្សា​នេះ​ជា​អង្គការ​នយោបាយ ហើយ​សម្រាប់​ប្រទេស​ជា​ច្រើន ជា​រឿយៗ នយោបាយ​លុប​លើ​សិទ្ធិ​មនុស្ស សម្រាប់​គោលការណ៍​ត្រួសត្រាយ​របស់​ពួក​គេ។លោក​បាន​និយាយថា​ជាង ៥០ ភាគរយ នៃ​សមាជិក​ក្រុម​ប្រឹក្សា​នេះ​មិន​មែន​ជា​ប្រទេស​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ពេញ​លេញ​ទេ។

លោក Neuer ថ្លែង​ដូច្នេះ​ថា៖ «ដោយសារ​សមាជិក​ភាព​នៃប្រទេស​ទាំង​នោះ កិច្ចការ​មួយផ្នែក​ធំនៃ​ការងារ​ត្រឹមត្រូវ​របស់​ក្រុម​ប្រឹក្សា​នេះ​មិន​ត្រូវ​បាន​ធ្វើ​នោះ​ទេ។ ជា​ឧទាហរណ៍ ប្រទេស​មួយ​ចំនួន​ដូចជា​ចិន គុយបា អារ៉ាប៊ីសាអ៊ូឌីត និង​ទួរគី​ជា​ដើម មិន​ដែល​ត្រូវ​បាន​គេ​ថ្កោលទោស​សម្រាប់​ការ​រំលោភ​សិទ្ធិ​មនុស្ស​នោះ​ទេ»។

លោក Rupert Colville ដែល​ជា​អ្នក​នាំ​ពាក្យ​អង្គការ​សហប្រជាជាតិ​ខាង​សិទ្ធិ​មនុស្ស បាននិយាយ​ថា​ការ​ឈរ​ឈ្មោះ​ដើម្បី​ទទួល​អាសនៈ​មួយ​ក្នុង​ក្រុម​ប្រឹក្សា​នេះ មិនមែន​ជា​ការ​អនុវត្ត​ដែល​គ្មាន​ការ​ខាត​បង់​នោះ​ទេ។ លោក​បាន​ថ្លែង​ប្រាប់​វីអូអេ​ថា រដ្ឋ​ជា​សមាជិក​ណា​មួយ​ដែល​មាន​ប្រវត្តិ​មិន​ល្អ​ខាង​សិទ្ធិ​មនុស្ស​នឹង​ត្រូវ​ពិនិត្យ​ពិច័យ។

លោក Colville បញ្ជាក់​ដូច្នេះ​ថា៖ «ជា​ការ​ពិត នឹង​មាន​ផល​វិបាក​បន្តិចបន្តួច។ វា​មិន​មែន​មាន​ន័យ​ថា នៅ​ពេល​បាន​ចូល​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​នេះ​ហើយ អ្នក​អាច​ធ្វើ​អ្វី​បាន​ទាំង​អស់​នោះ​ទេ។ វា​ជា​ការ​ផ្ទុយ​ពី​នេះ​ទៅ​វិញ​ទេ ពីព្រោះ​នឹង​មាន​ការ​ចាប់​អារម្មណ៍​លើ​អ្នក​ច្រើន​ជាងមុន។ ...លំនាំ​នៃ​ការ​បោះឆ្នោត​នៃ​ប្រទេស​ទាំង​នេះ និងអ្វី​ដែល​ពួក​គេ​និយាយ​នៅក្នុង​ការ​ជជែក​ដេញ​ដោលគ្នា​នឹងត្រូវ​ពិនិត្យ​ពិច័យ ហើយ​នឹង​ប្រឈម​នឹង​ការ​រិះគន់ ប្រសិនបើ​ពួក​គេជាប់​ឆ្នោត​ដូច​ប្រទេស​ដទៃ​ទៀតៗដែរ»។

លោក Colville និយាយ​ថា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ស្តង់ដារ​សិទ្ធិ​មនុស្សដែល​កំណត់​ដោយ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ។ លោក​ថ្លែង​ថា កាល​ពី​អតីតកាល ប្រទេស​ខ្លះ​បាន​ដក​សំណើ​សមាជិកភាព​របស់​ខ្លួន​ចេញ បន្ទាប់ពី​មាន​ការ​រិះគន់​ច្រើន។

លោក​កត់​សម្គាល់​ថា ដំណើរការមាន​រយៈពេល​វែង​ឆ្ងាយ​នៅ​មុន​ពេល​មាន​ការ​បោះឆ្នោត ហើយអ្វីៗ​អាច​កើត​មាន​បាន​នៅ​មុន​ពេល​នោះ៕

ប្រែ​សម្រួល​ដោយ ឈឹម សុមេធ

XS
SM
MD
LG