ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រព័ន្ធផ្សាយព័ត៌មានដ៏ធំបំផុតមួយរបស់ហ្វីលីពីនបានបិទក្រោមបញ្ជារដ្ឋាភិបាល


រូបឯកសារ៖ អ្នកតវ៉ាម្នាក់លើកបដានៅខាងក្រៅការិយាល័យធំរ​បស់បណ្តាញផ្សព្វផ្សាយ ABS-CBN នៅក្រុង Quezon ប្រទេសហ្វីលីពីន កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០។
រូបឯកសារ៖ អ្នកតវ៉ាម្នាក់លើកបដានៅខាងក្រៅការិយាល័យធំរ​បស់បណ្តាញផ្សព្វផ្សាយ ABS-CBN នៅក្រុង Quezon ប្រទេសហ្វីលីពីន កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០។

កំហឹងបានផ្ទុះឡើងនៅក្នុងប្រទេសហ្វីលីពីនកាលពីថ្ងៃពុធអំពីការបញ្ជារបស់រដ្ឋាភិបាលឲ្យបិទបណ្តាញផ្សព្វផ្សាយព័ត៌មានដ៏ធំបង្អស់មួយរបស់ហ្វីលីពីន។

ក្រុមហ៊ុន ABS-CBN មិនមានការផ្សាយកាលពីយប់ថ្ងៃអង្គារប៉ុន្មានម៉ោង បន្ទាប់ពីគណៈកម្មការទូរគមនាគមន៍ជាតិបានបញ្ជាឲ្យបណ្តាញវិទ្យុនិងទូរទស្សន៍នេះ និងបញ្ឈប់កិច្ចប្រតិបត្តិការ ពីព្រោះតែអាជ្ញាប័ណ្ណដែលមានអាយុកាល២៥ឆ្នាំ បានផុតកំណត់កាលពីមួយថ្ងៃមុនគឺនៅថ្ងៃទី៤ ខែឧសភា។

ក្រុមហ៊ុនផ្សព្វផ្សាយដែលប្រតិបត្តិការស្ថានីយវិទ្យុនិងទូរទស្សន៍ជាង៧០និងបណ្តាញ Online ជាច្រើនទៀតបានរង់ចាំសភាបន្តអាជ្ញាប័ណ្ណថ្មី ក៏ប៉ុន្តែការដាក់ប្រទេសក្នុងស្ថានភាពអាសន្នដោយសារមេរោគកូរ៉ូណាបានពន្យារពេលសវនាការរបស់សភា។គណៈកម្មការទូរគមនាគមន៍បានសន្យាផ្តល់អាជ្ញាប័ណ្ណបណ្តោះអាសន្នដល់ក្រុមហ៊ុនបណ្តាញព័ត៌មាន ABS-CBN នេះដែលខ្លួនអាចបន្តប្រតិបត្តិការ ខណៈដែលរង់ចាំសមាជិកសភាចាត់វិធានការ។

ពួកអ្នករិះគន់ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បាននិយាយថា បណ្តាញ ព័ត៌មាននេះបានត្រូវបិទជាការសងសឹកចំពោះការរឹះគន់ជារឿយៗរបស់ខ្លួនដល់ប្រធានាធិបតី Duterte ចាប់តាំងពីលោកបានឡើងកាន់អំណាចនៅឆ្នាំ២០១៦មក។

លោក Duterte បានសន្យាជាច្រើនលើកហើយថា នឹងបិទក្រុមហ៊ុន ABS-CBN ក៏ប៉ុន្តែលោក Harry Roque អ្នកនាំពាក្យប្រធានាធិបតីបាននិយាយកាលពីថ្ងៃអង្គារថា លោកប្រធានាធិបតីនឹងមិនជ្រៀតជ្រែកការខំប្រឹងប្រែងរបស់សមាជិកសភាដើម្បីបន្តអាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនបណ្តាញព័ត៌មាននោះទេ។

សហភាពជាតិអ្នកកាសែតហ្វីលីពីនបានចេញសេចក្តីថ្លែងការណ៍មួយតាម Twitter ដោយនិយាយថា ការបិទបណ្តាញព័ត៌មាន ABS-CBN បញ្ជូនសារយ៉ាងច្បាស់ក្រឡែត​ថា អ្វីដែលលោក Duterte ចង់បាន លោក Duterte ត្រូវតែធ្វើបាន។ ហើយការណ៍នេះ ក៏បានបញ្ចាក់យ៉ាងច្បាស់ដែរថា លោកមានបំណងបំបិទមាត់បណ្តាញព័ត៌មាននិងបំភិតបំភ័យជនណាដែលរិះគន់លោក៕

XS
SM
MD
LG