អ្នកកាសែតនៅក្នុងប្រទេសសូម៉ាលីតែងតែប្រឈមនឹងការលំបាកជាច្រើន ប៉ុន្តែឆ្នាំនេះ ដោយមានការតប់ប្រមល់ដោយសារការឆ្លងរាតត្បាតជំងឺកូវីដ១៩ ពួកគេនិយាយថា ពួកគេមានអារម្មណ៍ថារងការគំរាមកំហែងកាន់តែខ្លាំងពីការធ្វើទុក្ខបុកម្នេញ និងការចាប់ខ្លួនដោយក្រុមមេដឹកនាំ ដែលពួកគេហៅថា ជាមេដឹកនាំចូលចិត្តប្រើហិង្សា។
អ្នកកាសែតនិងសកម្មជនការពារសិទ្ធិអ្នកកាសែតសូម៉ាលីមួយចំនួនបានចែករំលែកបទពិសោធន៍របស់ពួកគេជាមួយនឹងសហការីក្រុមផ្សាយ VOA ភាសាសូម៉ាលី។
លោក Mohamed Ibrahim Moalimu អគ្គលេខាធិការនៃសហព័ន្ធអ្នកកាសែតសូម៉ាលីថ្លែងថា៖ «ប្រទេសសូម៉ាលីតែងតែមានបរិយាកាសបែបហិង្សាសម្រាប់អ្នកកាសែតស្រាប់ទៅហើយ ប៉ុន្តែឆ្នាំនេះ ស្ថានភាពកាន់តែអាក្រក់ដោយសារតែអាជ្ញាធរបង្កើនការធ្វើទុក្ខបុកម្នេញទៅលើអ្នកកាសែត ហើយជាពិសេសនៅក្នុងអំឡុងពេលនេះ នៅពេលដែលប្រទេសរបស់យើងប្រឈមនឹងការឆ្លងរាតត្បាតជំងឺកូវីដ១៩»។
លោក Moalimu និយាយថា អ្នកកាសែតបីនាក់ត្រូវបានឃុំខ្លួននៅតាមតំបន់ផ្សេងៗគ្នាក្នុងប្រទេសសូម៉ាលី។ អ្នកកាសែតពីរនាក់ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋមួយចំនួន ហើយស្ថានីយ៍វិទ្យុក្នុងស្រុកមួយត្រូវបានហាមឃាត់មិនឲ្យផ្សាយព័ត៌មានជាភាសាអ្នកស្រុកតាមតំបន់ ចាប់តាំងពីពាក់កណ្ដាលខែមេសា ឆ្នាំ ២០២០ មក។
លោក Moalimu ថ្លែងថា៖ «ការប្រឈមមុខនឹងការជាប់ពន្ធនាគារ និងការគំរាមកំហែងក្នុងអំឡុងពេលកើតមានជំងឺរាតត្បាតកូវីដ១៩ ដែលកើតឡើងនៅពេលដែលអ្នកកាសែតជួបការពិបាកក្នុងការផ្លាស់ប្ដូរតួនាទីនិងអាកប្បកិរិយារបស់ពួកគេដើម្បីបន្ដយកព័ត៌មានសម្រាប់បម្រើដល់ផលប្រយោជន៍សាធារណៈ គឺជារឿងមួយដែលមិនអាចទទួលយកបានទេ»។
អ្នកកាសែតនៅក្នុងប្រទេសសូម៉ាលីនិយាយថា ពួកគេជួបការលំបាកកាន់តែខ្លាំងក្នុងការរាយការណ៍អំពីបញ្ហារសើបនិងចម្រូងចម្រាសសម្រាប់បម្រើផលប្រយោជន៍សាធារណៈ។
លោក Luqman Mohamed Farah គឺជាអ្នកកាសែតដែលធ្វើការនៅស្ថានីយ៍ទូរទស្សន៍ Bulsho ដែលជាស្ថានីយ៍ទូរទស្សន៍ឯកជនមួយ ដែលមានទីស្នាក់ការនៅរដ្ឋធានី Hargeisa ក្នុងដែនដីស្វយ័ត Somaliland។
លោក Farah បាននិយាយថា៖ «អាជ្ញាធរមិនសហការជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយទេ ហើយពួកគេក៏មិនបានផ្ដល់ព័ត៌មានដែលអ្នកកាសែតត្រូវការដែរ។ ការធ្វើដូច្នេះបង្ខំឲ្យអ្នកកាសែតមួយចំនួនត្រូវរាយការណ៍ព័ត៌មានពីប្រភពព័ត៌មានផ្សេងក្រៅពីរដ្ឋាភិបាល ហើយដោយសារតែករណីនេះហើយបានជាធ្វើឲ្យអ្នកកាសែតប្រឈមមុខនឹងការចាប់ខ្លួននិងការធ្វើទុក្ខបុកម្នេញនានា»។
លោក Burhan Diini Farah នាយកវិទ្យុ Kulmiye ដែលជាស្ថានីយ៍វិទ្យុឯកជនមួយដែលផ្សាយបន្តព័ត៌មានពី VOA ក្នុងរដ្ឋធានី Mogadishu និយាយថា មានការប្រឈមនៅក្នុងការទទួលបានព័ត៌មានពីអាជ្ញាធរ។
លោក Farah បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «រាល់ថ្ងៃនេះ ថ្នាក់មេដឹកនាំកំពូលរបស់រដ្ឋាភិបាលមិនបានរៀបចំសន្និសីទកាសែត ដែលពួកគេអាចឆ្លើយនឹងសំណួរនានារបស់អ្នកកាសែតនោះទេ។ ពួកគេថតវីដេអូនិងសារជាសំឡេងទុក ហើយផ្សព្វផ្សាយតាមបណ្ដាញផ្សាយព័ត៌មានរបស់រដ្ឋាភិបាល។ ដូច្នេះនេះគឺជារបៀបដែលរដ្ឋាភិបាលធ្វើឲ្យការរឹតត្បិតក្លាយទៅជារឿងធម្មតា»។
អាជ្ញាធររដ្ឋាភិបាលសូម៉ាលីជារឿយៗច្រានចោលការចោទប្រកាន់ដូចនេះ ហើយបែរជាចោទអ្នកកាសែតថាលំអៀង និងរាយការណ៍ព័ត៌មានមិនត្រឹមត្រូវទៅវិញ។
លោក Abduraham Yusuf រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃប្រទេសសូម៉ាលី ថ្លែងថា៖ «ខ្ញុំសូមបដិសេធចំពោះការលើកឡើងថា បណ្ដាទីភ្នាក់ងារការពារសន្ដិសុខរបស់រដ្ឋាភិបាលចាប់ខ្លួនអ្នកកាសែត ដោយសារហេតុផលពាក់ព័ន្ធនឹងការធ្វើបាបពួកគេនិងបំបិទមាត់ពួកគេ។ ខ្ញុំអាចប្រាប់អ្នករាល់គ្នាថា មានកិច្ចខិតខំប្រឹងប្រែងដែលកំពុងតែធ្វើឡើង ដើម្បីបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពអ្នកកាសែត ក្នុងគោលបំណងផ្ដល់ដល់ពួកគេនូវបរិយាកាសមួយ ដែលអាចធ្វើការដោយសេរីគ្មានការភ័យខ្លាច»។
ប្រធានាធិបតីសូម៉ាលី លោក Mohamed Abdullah Farmajo បានបង្ហោះសារតាម Twitter ថា៖ «សូមអបអរសាទរដល់អ្នកកាសែតសូម៉ាលីក្នុងទិវាសេរីភាពសារព័ត៌មាន។ ការងារជាអ្នកកាសែតគឺជាការងារដ៏សំខាន់មួយ ហើយច្បាប់ព្រហ្មទណ្ឌឆ្នាំ ១៩៦៤ នឹងត្រូវកែសម្រួលដើម្បីធានាថា ច្បាប់នេះនឹងមិនត្រូវបានប្រើដើម្បីប្រឆាំងនឹងអ្នកកាសែតនោះទេ។ រដ្ឋបាលរបស់ខ្ញុំគាំទ្រពេញទំហឹងទៅលើការលុបចោលទោសព្រហទណ្ឌលើអ្នកកាសែត និងគាំទ្រសេរីភាពក្នុងការបញ្ចេញមតិតាមរយៈការធ្វើកំណែទម្រង់ផ្លូវច្បាប់»។
ច្បាប់ព្រហ្មទណ្ឌដែលត្រូវបានអនុម័តកាលពីឆ្នាំ ១៩៦៤ គឺរួមមានចំណុចមិនច្បាស់លាស់មួយចំនួន និងរួមបញ្ចូលនូវបទឧក្រិដ្ឋទូលំទូលាយជាច្រើន ដូចជាបទឧក្រិដ្ឋបរិហារកេរ្តិ៍ ការប្រមាថកិត្តិយសនិងកិត្តិនាមរបស់ប្រមុខរដ្ឋ ការប្រមាថមន្ត្រីរដ្ឋការ ឬស្ថាប័ន និងការមើលងាយប្រទេសជាតិ រដ្ឋ ឬក៏ទង់ជាតិជាដើម។
ប្រទេសសូម៉ាលីត្រូវបានចាត់ចូលក្នុងចំណោមប្រទេសដែលគ្រោះថ្នាក់បំផុតនៅលើពិភពលោកសម្រាប់អ្នកកាសែត ដោយសារតែពួកគេប្រឈមនឹងការគំរាមកំហែងពីអាជ្ញាធរ ពីបុគ្គលឯកជនប្រដាប់អាវុធ និងពីក្រុមភេរវកម្មal-Shabab។ នៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានចុងក្រោយបង្អស់ អង្គការអ្នកកាសែតគ្មានព្រំដែនបានចាត់ចំណាត់ថ្នាក់ប្រទេសសូម៉ាលីលេខ ១៦៣ ក្នុងចំណោមប្រទេសចំនួន ១៨០។
អង្គការអ្នកកាសែតគ្មានព្រំដែនបានឲ្យដឹងថា៖ «ការដាក់សម្ពាធលើអ្នកកាសែតអាចកើតឡើងតាមតំបន់ជាច្រើន ជាពិសេសដោយសារតែផ្នែកភាគច្រើននៃប្រទេសសូម៉ាលីគ្រប់គ្រងដោយអង្គភាពដែលមិនមែនជារដ្ឋ ឬក៏ដោយរដ្ឋាភិបាលតំបន់ស្វ័យភាព ដែលមិនទទួលស្គាល់ ឬក៏ទទួលស្គាល់តិចតួចបំផុតនូវអាជ្ញាធរថ្នាក់ជាតិ»។
អ្នកកាសែតមួយចំនួនបានចាកចេញពីប្រទេស និងសុខចិត្តរស់នៅនិរទេសខ្លួន។
លោក Abdulkadir Omar Abdulle គឺជាអ្នកកាសែតម្នាក់ក្នុងចំណោមនោះ។ កាលពីខែកក្កដា ឆ្នាំ២០១២ ខ្មាន់កាំភ្លើងក្រុម al-Shabab ពីរនាក់ ដែលជាជនសង្ស័យ បានបាញ់ចំជើង និងទ្រូងរបស់លោក។ ពេលនោះលោកបម្រើការជាពិធីករទូរទស្សន៍ Universal Somali TV ប៉ុន្តែលោកបានបន្ដទៅធ្វើការនិងរស់នៅក្នុងទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។
លោក Abdulle បានប្រាប់ VOA ភាសាសូម៉ាលី ថា៖ «វាគឺជាបទពិសោធន៍ដ៏ឈឺចាប់និងគួរឲ្យភ័យខ្លាច។ ខ្ញុំនៅតែឮស្នូរកាំភ្លើងជាប់ត្រចៀកជានិច្ច ហើយវាធ្វើឲ្យខ្ញុំឈឺចាប់ណាស់។ ពួកគេបានបាញ់កាំភ្លើងប្រមាណ ៧ គ្រាប់មកលើខ្ញុំ ដោយពីរគ្រាប់ត្រូវចំពោះ ហើយមួយគ្រាប់ត្រូវចំជើង។ ប៉ុន្តែអរគុណដល់ព្រះអាឡោះ ដែលខ្ញុំនៅមានជីវិតរស់នៅ ប៉ុន្តែខ្ញុំរស់នៅទាំងបាក់ស្បាត»។
ប៉ុន្មានឆ្នាំក្រោយមក លោក Abdulle បានត្រឡប់ទៅរដ្ឋធានី Mogadishu វិញ ដើម្បីប្រកបអាជីពរបស់លោក ប៉ុន្តែលោកបានទទួលទូរស័ព្ទគំរាមកំហែងចំពោះការដែលលោកនិយាយអំពីការវាយប្រហារមកលើរូបលោកកាលពីមុននោះ ហើយលោកក៏សម្រេចចិត្តត្រឡប់ទៅរស់នៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ាវិញ៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា