យ៉ាងហោចណាស់មនុស្សជិត១.៨០០នាក់បានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវក្នុងឆ្នាំ២០១៨គឺថយចុះជិត១០០នាក់ បើធៀបនឹងឆ្នាំ២០១៧ ដែលចំនួននេះនៅតែគួរឲ្យបារម្ភសម្រាប់កម្ពុជា។ នេះបើតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ។
លោក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ VOA នារសៀលថ្ងៃព្រហស្បតិ៍នេះថា ក្នុងមួយឆ្នាំពេញនៃឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួនជាង៣ពាន់លើក(៣២៦៧)ថយចុះជិត៣០០លើក បើធៀបនឹងឆ្នាំ២០១៧។ លោកបន្ថែមថា មនុស្សស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នោះដោយរាប់តែនៅលើផ្លូវ មិនរាប់តាមមន្ទីរពេទ្យគឺមានចំនួនជិត១៨០០នាក់ (១៧៦១នាក់) ថយចុះ២០នាក់ ចំណែកអ្នករងរបួសទាំងធ្ងន់ និងស្រាលមានចំនួនជិត៥ពាន់នាក់ ថយចុះជិត៨០០នាក់ បើធៀបនឹងឆ្នាំ២០១៧។
មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះបន្ថែមថា បើទោះបីជាករណីគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ ប៉ុន្តែបើធៀបនឹងតួលេខប្រជាជននៅកម្ពុជាដែលមានជាង១៦លាននាក់ ស្ថានភាពនេះនៅតែជាបញ្ហាគួរឲ្យបារម្ភ ខណៈដែលសីលធម៌ក្នុងការបើកបរនិងការមិនគោរពច្បាប់របស់ប្រជាពលរដ្ឋគឺជាកត្តាចម្បងដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍។
លោកបញ្ជាក់ថា៖
«ការបើកបរក្នុងស្ថានភាពស្រវឹងក៏នៅតែមនុស្ស ព្រោះមនុស្សដឹងថា ខ្លួនស្រវឹងហើយក៏នៅតែបើក ហើយមនុស្សដែលគិតថា បើកបរដែលលើសល្បឿន ដែលយើងឃើញថា នៅមានតួលេខលើសល្បឿន ហើយស្រវឹង ការវ៉ាជែងដែលស្លាប់នៅលើដងផ្លូវហ្នឹង វានៅតែកត្តាមនុស្សដដែល ព្រោះអ្នកហ្នឹងដឹងថា វ៉ាទៅវាខុសហ្នឹងច្បាប់ ជែងទៅវាបណ្តាលឲ្យគ្រោះថ្នាក់ ប៉ុន្តែគាត់នៅតែជែង។ ហើយមួយទៀតគឺការបើកបរក្នុងភាពប្រថុយប្រថាន។ គាត់យល់ថា អាហ្នឹងវាខុសហើយ ហើយវ៉ាទៅវាមានគ្រោះថ្នាក់ ប៉ុន្តែគាត់វ៉ាទៅ ពេលខ្លះហ្នឹងវាអាចគ្រោះថ្នាក់តែម្តង។ អាហ្នឹងវាជាបញ្ហាដែរ»។
លោក រុន រ័ត្នវាសនា បន្ថែមថា អគ្គស្នងការដ្ឋាននគរបាលជាតិកំពុងផ្សព្វផ្សាយ និងចាត់វិធានការបន្ថែម ធ្វើយ៉ាងណាឲ្យគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាកាន់តែថយចុះជាបន្តបន្ទាប់។
លោក គង់ រតនៈ អនុប្រធានវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍លើកឡើងថា គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាភាគច្រើនកើតឡើងដោយសារការមិនគោរពច្បាប់ ឥរិយាបថនៃការបើកបររបស់ប្រជាពលរដ្ឋ និងកត្តានៃការអនុវត្តច្បាប់របស់អាជ្ញាធរមានភាពធូររលុង។ លោកបន្ថែមថា ការពង្រឹងការអនុវត្តច្បាប់ និងការបើកបរប្រកបដោយការយោគយល់ និងស្មើភាពគ្នាគឺជាកត្តាសំខាន់បំផុតក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
លោកបញ្ជាក់ថា៖
«ឥរិយាបថរបស់អ្នកប្រើប្រាស់ផ្លូវថ្នល់ហ្នឹងគឺគាត់នៅតែពិសារគ្រឿងស្រវឹង។ គាត់នៅតែអត់ចេះច្បាប់ចរាចរណ៍ ឬក៏ជួនកាលគាត់ចេះហើយ ក៏ប៉ុន្តែគាត់នៅតែមិនព្រមអនុវត្ត មិនព្រមគោរពតាម។ អ៊ីចឹងដើម្បីកែប្រែឥរិយាបថហ្នឹងគឺយើងទាមទារឲ្យមានការពង្រឹងការអនុវត្តច្បាប់ ប៉ុន្តែមកទល់ពេលនេះ ការពង្រឹងការអនុវត្តច្បាប់របស់យើងគឺយើងឃើញហើយថា ការធ្វើហ្នឹងធ្វើក្នុងរូបភាពមួយដែលអត់ទាន់មានលក្ខណៈគ្រប់ជ្រុងជ្រោយ គ្រប់ទីកន្លែង ហើយឲ្យមានលក្ខណៈសុក្រឹត្យ១០០%ហ្នឹងគឺយើងអត់ទាន់ឃើញមានល្អនៅឡើយទេ»។
គ្រោះថ្នាក់ចរាចរណ៍បាន និងកំពុងសម្លាប់មនុស្សជារៀងរាល់ថ្ងៃនៅកម្ពុជា ច្រើនជាងជំងឺទូទៅផ្សេងៗទៀត។ បើគិតជាមធ្យម មួយថ្ងៃមានមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន៥នាក់។
នៅថ្ងៃព្រហស្បតិ៍នេះ គេឃើញមានករណីគ្រោះថ្នាក់ចរាចរណ៍ជាច្រើនបានកើតឡើង។ ក្នុងនោះ គ្រោះថ្នាក់ចរាចរណ៍មួយដែលធ្ងន់ធ្ងរជាងគេគឺគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដកុងតឺន័រ និងរថយន្ដធុនតូចប្រមាណជា២០គ្រឿង ដែលបុកបន្តបន្ទាប់គ្នា នៅលើកំណាត់ផ្លូវជាតិលេខ៤ ជិតជ្រោះពេជ្រនិល ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ គ្រោះថ្នាក់ចរាចរណ៍នោះបានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងរបួសចំនួន៨នាក់ ដែលបណ្តាលមកពីរថយន្តកុងតឺន័រដាច់ហ្វ្រាំង។ នេះបើតាមការបញ្ជាក់ពីលោកសម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ៕