អ្នកជំនាញលើកឡើងថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសក្នុងពិធីបុណ្យចូលឆ្នាំខ្មែររយៈពេល៤ថ្ងៃ ដែលបានសម្លាប់មនុស្សចំនួន៤៣នាក់ ជាចំនួនគ្រោះថ្នាក់ខ្ពស់បណ្តាលមកពីការរឹតបន្តឹងច្បាប់នៅមានភាពធូររលុង។
គ្រោះថ្នាក់ចរាចរណ៍ត្រូវបានគេចាត់ទុកថា ជាមូលហេតុដែលសម្លាប់មនុស្សច្រើនជាងគេនៅកម្ពុជា បើធៀបនឹងជំងឺកាចសាហាវផ្សេងៗជាច្រើនទៀត។
បើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈចេញនៅថ្ងៃទី១៦ ខែមេសា បង្ហាញថា រយៈពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស មានចំនួន៩៥ករណី។ ក្នុងនោះ មនុស្សចំនួន៤៣នាក់ បាត់បង់ជីវិត មនុស្ស១០២នាក់រងរបួសធ្ងន់ និង៧៧នាក់ រងរបួសស្រាល។ របាយការណ៍ដដែលបន្ថែមថា ចំនួននេះថយចុះបន្តិច បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦ ដែលមានចំនួន៩៨ករណី បណ្តាលឲ្យមនុស្សស្លាប់ចំនួន៤៧នាក់ និងរបួសធ្ងន់ស្រាលចំនួន២៣៦នាក់។
លោក អ៊ា ចរិយា អ្នកប្រឹក្សាឯករាជ្យ ផ្នែកសុវត្ថិភាពចរាចរណ៍ ប្រាប់ VOA ថា បើយោងតាមចំនួនប្រជាជនកម្ពុជាដែលមានតែជាង១៥លាននាក់ តួលេខដែលបង្ហាញពីចំនួនអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល៤ថ្ងៃនេះ ជាតួលេខដែលខ្ពស់ និងគួរឲ្យបារម្ភ បើធៀបនឹងបណ្តាប្រទេសផ្សេងៗទៀតក្នុងអាស៊ាន។ លោកបន្ថែមថា គ្រោះថ្នាក់ចរាចរណ៍ដែលនៅតែមានចំនួនច្រើនបែបនេះ គឺដោយសារការអនុវត្តច្បាប់របស់រដ្ឋាភិបាលនៅមានភាពធូររលុង ស្របពេលដែលការគោរពច្បាប់របស់ប្រជាពលរដ្ឋនៅមានកម្រិត។
លោកលើកឡើងថា៖ «មូលហេតុដែលធ្វើឲ្យមានគ្រោះថ្នាក់ គឺការបើកបរហួសល្បឿនកំណត់ និងការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ហើយក៏យើងសង្កេតឃើញការរឹតបន្តឹងច្បាប់នៅមានភាពទន់ខ្សោយនៅក្នុងប្រទេសកម្ពុជាយើង។ ហើយមានកន្លែងពេលខ្លះ និងកន្លែងខ្លះមានការអនុវត្តខ្លះដែរ ប៉ុន្តែវាអត់មានជាប់ជាប្រចាំ។ ដូច្នេះដើម្បីឲ្យប្រជាពលរដ្ឋមានការយល់ដឹង និងគោរពច្បាប់ គឺត្រូវធ្វើការអប់រំ និងរឹតបន្តឹងឲ្យបានជាប់ជានិច្ច ដើម្បីឲ្យពួកគាត់គោរព»។
លោក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ប្រាប់ VOA នារសៀលថ្ងៃចន្ទនេះថា ចំនួនគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាមានការថយចុះពីមួយឆ្នាំទៅមួយឆ្នាំ។ លោកបន្ថែមថា បើទោះបីជាចំនួនគ្រោះថ្នាក់ចរាចរណ៍មានការថយចុះក៏ពិតមែន តែលោកទទួលស្គាល់ថា ចំនួននេះនៅតែជាចំនួនច្រើនដែលកម្ពុជាកំពុងព្យាយាមកាត់បន្ថយបន្ថែម។
លោកបញ្ជាក់ថា៖ «សម្រាប់កម្ពុជា ទី១ ការអនុវត្តច្បាប់យើងទើបតែបានមួយឆ្នាំ។ ហើយយើងគិតថា ការអនុវត្តច្បាប់មួយឆ្នាំនេះមានការចូលរួមពីប្រជាពលរដ្ឋច្រើន។ យើងឃើញហើយថា ជោគជ័យក្នុងរយៈពេលមួយឆ្នាំដែលថយមនុស្សស្លាប់ជាង២០០នាក់ និងរបួសជិត៦០០នាក់ក្នុងឆ្នាំ២០១៦នេះ ខ្ញុំគិតថា ទោះបីជាមានគ្រោះថ្នាក់កើតឡើងមែន ប៉ុន្តែអ្វីៗក៏មានការចូលរួមច្រើន និងមានការកាត់បន្ថយដែរ។ អញ្ចឹងបើទោះបីយើងមានប្រជាជនតិចមែន តែការអនុវត្តច្បាប់យើងទើបតែមានការរឹតបន្តឹង»។
បើតាមរបាយការណ៍របស់ប៉ូលិសចរាចរណ៍ផ្លូវគោក ក្នុងឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាមានចំនួន ៣,៧០០ករណី បណ្តាលឲ្យមនុស្សស្លាប់ចំនួន ១,៧១៧នាក់ និងរបួស ៦,៦០៧នាក់។ ចំនួនគ្រោះថ្នាក់ចរាចរណ៍បើធៀបនឹងកាលពីឆ្នាំ២០១៥ គឺបានថយចុះចំនួន៤៤៣ករណី ឯអ្នកស្លាប់ក៏បានថយចុះចំនួន ២៧១នាក់ផងដែរ។ ចំណែកមូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ការបើកបរក្នុងល្បឿនលឿន ការបើកបរក្នុងស្ថានភាពស្រវឹង ការបើកបរជែង ការមិនប្រកាន់ស្តាំ ការមិនគោរពសិទ្ធិ ការបត់គ្រោះថ្នាក់ កត្តាយានយន្ត និងការងងុយដេកជាដើម៕