នៅក្នុងខែមីនា គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលធ្វើឲ្យមានការព្រួយបារម្ភកាន់តែខ្លាំង ស្របពេលដែលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខិតជិតមកដល់។
ក្នុងការប្រារព្ធពិធីសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅថ្ងៃអង្គារនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឲ្យដឹងថា រដ្ឋាភិបាលកំពុងប្រមូលប្រវត្តិអ្នកបើកបរឡានដឹកកម្មករ ដឹកអ្នកដំណើរច្រើន និងដឹកទំនិញធំៗ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងថាក្រសួងសាធារណការ និងក្រសួងមហាផ្ទៃបានសហការគ្នាក្នុងការប្រមូលប្រវត្តិរូបរបស់អ្នកបើករថយន្តដឹកកម្មករ រថយន្តទេសចរណ៍ និងរថយន្តដឹកទំនិញធំៗ ខណៈអ្នកបើកបររថយន្តទាំងនោះរងការរិះគន់ថាបើកបរមិនប្រុងប្រយ័ត្ន និងពុំមានប័ណ្ណបើកបរត្រឹមត្រូវ។
នៅក្នុងទិវាសប្ដាហ៍ជាតិស្ដីអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលប្រារព្ធធ្វើនៅថ្ងៃទី៤ ខែមេសានេះ លោក ស ខេង ជាប្រធានគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មានប្រសាសន៍ថាដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងសម្រួលការងារនៅពេលមានគ្រោះថ្នាក់ចរាចរណ៍ រដ្ឋាភិបាលបានចាប់ផ្ដើមចុះប្រមូលប្រវត្តិរូបសង្ខេបរបស់អ្នកបើកបរនៅតាមក្រុមហ៊ុននានា។
លោកមានប្រសាសន៍ថា៖ «ឥឡូវនេះ គឺថាក្រសួងសាធារណការ និងក្រសួងមហាផ្ទៃ ពិសេសគឺអគ្គស្នងការដ្ឋាននគរបាល សហការជាមួយគ្នា ដើម្បីគ្រប់គ្រងសាវតារជាតិ របស់អ្នកបើកបរ។
អ្នកបើកបរឡានដឹកជញ្ជូនទេសចរណ៍ ឬក៏ដឹកកម្មករដែលមានចំនួនច្រើននេះ ដឹកទំនិញ ដឹកអីធំៗនេះ គឺត្រូវតែមានប្រវត្តិសង្ខេប សាវតារជាតិ ដើម្បីដាក់តម្កល់នៅក្នុងប្រព័ន្ធគ្រប់គ្រងរបស់ក្រសួងសាធារណការ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាល»។
លោក ស ខេង បានបញ្ជាក់ថាគ្រោះថ្នាក់ចរាចរណ៍ជាក្រុមមានការកើនឡើង ដោយសារការបើកបរលើសល្បឿនកំណត់ ការបើកបរដោយមានជាតិស្រវឹង និងការបើកបរដោយមិនគោរពច្បាប់ចរាចរណ៍។ លោករដ្ឋមន្ត្រីបានក្រើនរំឭកអាជ្ញាធរឲ្យបន្តរឹតបន្តឹង និងចាត់វិធានការលើការបើកបរហួសល្បឿនកំណត់ ការបើកបរដោយមានជាតិស្រវឹង ការបើកបរដោយមិនគោរពច្បាប់ចរាចរណ៍ ការបើកដោយមិនពាក់ខ្សែក្រវ៉ាត់ មួកសុវត្ថិភាព ការដឹកមនុស្សនៅលើដំបូលរថយន្ត និងបើករថយន្តខុសបច្ចេកទេសជាដើម។
លោក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ បានថ្លែងប្រាប់VOAថាចាប់តាំងពីដើមឆ្នាំ២០១៧នេះ ក្រសួងបានសហការជាមួយក្រុមហ៊ុន ដើម្បីប្រមូលប្រវត្តិរូបអ្នកបើកបរទាំងនោះ ដោយឲ្យពួកគេបំពេញឯកសារដែលផ្ដល់ដោយនគរបាលចរាចរណ៍។
លោកបន្តថារហូតមកដល់ពេលនេះ ក្រសួងបានទទួលប្រវត្តិរូបរបស់អ្នកបើកបរបានជាង២០០នាក់ ពីក្រុមហ៊ុនមួយចំនួន។
លោកមានប្រសាសន៍ថា៖ «រយៈកាលកន្លងមកយើងធ្វើ គ្រាន់តែក្រុមហ៊ុនខ្លះគាត់ឲ្យ ក្រុមហ៊ុនខ្លះ គាត់អត់ទាន់បានឲ្យ។ យើងត្រូវចំណាយពេលបន្តិច ដោយសារក្រុមហ៊ុនច្រើន»។
លោកបន្តថាកន្លងទៅ អ្នកបើកបររថយន្តដឹកជញ្ជូនធំៗមួយចំនួន តែងតែបើកបរក្នុងស្ថានភាព ស្រវឹង ហើយរថយន្តកុងតឺន័រមួយចំនួនក៏បានបើកបរដោយលើសល្បឿនកំណត់ផងដែរ។
លោកថាវិធានការនេះនឹងជួយរឹតបន្តឹងដល់ការបើកបរ និងអាចបង្កភាពងាយស្រួលក្នុងការគ្រប់គ្រង នៅពេលមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍កើតឡើង។
លោក រុន រ័ត្នវាសនា មានប្រសាសន៍ថា៖ «អញ្ចឹងបើសិនជាយើងមានប្រវត្តិរូបរបស់គាត់ យើងរក្សាទុកបានន័យថាយើងងាយស្រួលតាមដានរបស់គាត់ ថាឥឡូវគាត់បើកបរឲ្យក្រុមហ៊ុនណា ឲ្យគាត់ចេញពីក្រុមហ៊ុនណា ទៅក្រុមហ៊ុនណាមួយ»។
បើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ករណីស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ២០១៦ បានធ្លាក់ចុះចំនួន២៧១នាក់ គឺប្រមាណ១៤ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៥ ដែលមានចំនួនអ្នកស្លាប់ប្រមាណ២២៧០នាក់។
ចំណែកក្នុងរយៈពេលបីខែដើមឆ្នាំ២០១៧នេះ ករណីស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានចំនួន៤៨៩នាក់ គឺបានធ្លាក់ចុះ៦នាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦។ តែក្នុងខែមីនានេះ ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានច្រើនគួរឲ្យកត់សម្គាល់ បើប្រៀបធៀបនឹងខែមករា និងខែកុម្ភៈ។
លោក អ៊ា ចរិយា អ្នកប្រឹក្សាឯករាជ្យផ្នែកសុវត្ថិភាពចរាចរណ៍ បានថ្លែងថាវាជារឿងល្អមួយ ដែលក្រសួងប្រមូលទិន្នន័យតាមក្រុមហ៊ុន និងប្រវត្តិរបស់អ្នកបើកបររថយន្ត។ លោកបន្តថាវិធានការគឺត្រូវធ្វើយ៉ាងម៉េចឲ្យពួកគេមានប័ណ្ណបើកបរត្រឹមត្រូវ ហើយមានរៀបចំជាសៀវភៅណែនាំដល់ក្រុមហ៊ុន ស្ដីអំពីការដឹកជញ្ជូនអ្នកដំណើរ។
លោកមានប្រសាសន៍ថា៖ «ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ហ្នឹងត្រូវមានច្បាប់ផ្ទៃក្នុងរបស់គាត់មួយ ក្នុងការគ្រប់គ្រងទៅលើអ្នកបើកបរ និងគ្រប់គ្រងយានយន្តរបស់គាត់»។
លោកបន្តថាក្រុមហ៊ុនក៏ត្រូវចូលរួមទទួលខុសត្រូវទៅតាមច្បាប់ នៅពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។ លោកក៏បានបង្ហាញការព្រួយបារម្ភពីការបើកបររបស់រថយន្តកុងតឺន័រផងដែរ។
លោកមានប្រសាសន៍ថា៖ «រថយន្តកុងតឺន័រជារថយន្តធំ អញ្ចឹងពេលបើកបរនៅលើដងផ្លូវ កាលណាមានការវ៉ា ជែងអី វាអាចធ្វើឲ្យមានការប៉ះពាល់ដល់អ្នកធ្វើដំណើរដទៃទៀត។ អញ្ចឹងយើងត្រូវតែពង្រឹងការអប់រំលើផ្នែកសុវត្ថិភាព ផ្នែកច្បាប់ចរាចរណ៍និងសីលធម៌នៃអ្នកបើកបរហ្នឹង ឲ្យគាត់មានការប្រុងប្រយ័ត្នខ្ពស់ ព្រោះអីរថយន្តរបស់គាត់អាចនឹងជះឥទ្ធិពល ផលប៉ះពាល់ដល់អ្នកបើកបរដទៃទៀត»។
លោក សន ជ័យ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពកម្ពុជា បានចោទជាសំណួរថាតើអ្នកបើកបរយានយន្តធំៗទាំងនោះ មានប័ណ្ណបើកបរត្រឹមត្រូវ និងឆ្លងកាត់តាមសាលាបង្រៀនបើកបរ ឬយ៉ាងណា។ លោកបន្តថាក្រុមហ៊ុនក៏ត្រូវចូលរួមចំណែកក្នុងការអប់រំ និងក្រើនរំឭកដល់អ្នកបើកបររបស់ពួកគេផងដែរ។
លោកមានប្រសាសន៍ថា៖
«យល់ល្អ គឺឲ្យអ្នកបើកឡានទាំងអស់ហ្នឹង មកតេស្តសមត្ថភាពទាក់ទងនឹងច្បាប់ចរាចរណ៍ឡើងវិញ ព្រោះយើងមានការសង្ស័យថាការរៀនយកប័ណ្ណបើកបរ ឬប្រឡងយកប័ណ្ណបើកបរ មានភាពមិនប្រក្រតី»។
ទោះជាយ៉ាងណា លោក សន ជ័យ យល់ថាការបើកបរហួសល្បឿន អាចជាគោលការណ៍ផ្ទៃក្នុងរបស់ក្រុមហ៊ុន។ លោកបន្តថារថយន្តដឹកទំនិញ និងដឹកដីខ្លះ ជារថយន្តដែលមានលក្ខណៈបច្ចេកទេសមិនប្រក្រតី។
លោកមានប្រសាសន៍ថា៖
«រថយន្តកុងតឺន័រហ្នឹងហើយដែលជាប្រភេទរថយន្តដែលតែងតែបើកបំពានភ្លើងសញ្ញាចរាចរណ៍…បើកអត់គោរពភ្លើងសញ្ញា បើកក្នុងល្បឿនលឿន ហើយពេលខ្លះបុកមនុស្ស កិនមនុស្សស្លាប់ហើយក៏រត់គេចទៀត។ អញ្ចឹងវាជាអ្វីមួយដែលយើងចង់ឃើញថាពួករថយន្តធំៗហ្នឹង គួរតែការបើកបរមានការទទួលខុសត្រូវខ្ពស់ ជាជាងអ្វីដែលយើងបានឃើញបច្ចុប្បន្ននេះ»។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា មានប្រសាសន៍ថារថយន្តដឹកកម្មករ មានភាពមិនប្រក្រតីច្រើន ដូចជាការបញ្ជារថយន្តមិនមានប័ណ្ណបើកបរ ឬមានប័ណ្ណបើកបរដោយមិនបានចូលរៀនបើកបរត្រឹមត្រូវ ការដឹកកម្មករច្រើនលើសកំណត់ និងការកែច្នៃរថយន្តខុសបច្ចេកទេស។
លោកមានប្រសាសន៍បន្ថែមថា៖ «ក្រសួងមហាផ្ទៃក៏អញ្ចឹងដែរ មិនមែនទៅមើលតែអាហ្នឹងមួយ ថាឡានកែប្រែខុសបច្ចេកទេស ឬក៏អ្នកបើកបរហ្នឹង គាត់មានប័ណ្ណបើកបរដែរ តែគាត់មានបានចូលសាលាមែនអត់»?
លោក អាត់ ធន់ បន្តថាការរៀបចំផ្លូវឲ្យមានលក្ខណៈល្អស្អាតបាត មានផ្លាកសញ្ញា និងភ្លើងចរាចរណ៍ ក៏មានភាពចាំបាច់សម្រាប់សុវត្ថិភាពចរាចរណ៍ផងដែរ។ លោកក៏បានស្នើឲ្យរោងចក្ររៀបកន្លែងស្នាក់នៅសម្រាប់កម្មករ និងរៀបចំទីតាំងរោងចក្រនៅកន្លែងកម្មកររស់នៅច្រើន ដើម្បីកាត់បន្ថយការធ្វើដំណើររបស់ពួកគេ៕