ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ៖ អយុត្តិធម៌​សង្គម​ជំរុញ​ឲ្យ​មាន​ការ​ដាក់​ទោស​ទណ្ឌ​ក្រៅ​ផ្លូវ​ច្បាប់​ពី​មហាជន


​រូបឯកសារ៖ ចរាចរណ៍​នា​ពេល​ល្ងាច​នៅក្នុង​ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា VOA)
​រូបឯកសារ៖ ចរាចរណ៍​នា​ពេល​ល្ងាច​នៅក្នុង​ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា VOA)

ការ​ព្រួត​គ្នា​រវាង​ហ្វូង​មហាជន​ ក្នុង​ការ​ដាក់​ទោស​ទណ្ឌ​ក្រៅ​ផ្លូវ​ច្បាប់​ទៅ​លើ​ជន​ប្រព្រឹត្ត​ល្មើស​រហូត​ដល់​ជនល្មើស​ស្ទើរ​បាត់បង់​ជីវិត​ដូច​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​ មិនមែន​ជា​ករណី​ថ្មី​នៅ​កម្ពុជា​នោះ​ទេ។

អ្នក​ជំនាញ​លើកឡើង​ថា​ អយុត្តិធម៌​សង្គម​ និង​ការ​ខ្វះ​ការ​ទុកចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​ជំរុញ​ឲ្យ​ពលរដ្ឋ​ជ្រើសរើស​យក​វិធានការ​ផ្ទាល់ខ្លួន​ ដើម្បី​ដាក់​ទោស​លើ​ជនល្មើស​ ជាជាង​រង់ចាំ​ការ​ដោះស្រាយ​ពី​អាជ្ញាធរ។

វីដេអូ​ជាច្រើន​នៃ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ដ៏​រន្ធត់​ ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ ​ ត្រូវបាន​ផ្សព្វផ្សាយ​ជា​បន្ត​បន្ទាប់​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។ នៅ​ក្នុង​វីដេអូ​នោះ​ បុរស​អ្នក​បើក​បរ​រថយន្ត Camry ​ម្នាក់​ បាន​ព្យាយាម​បើក​រថយន្ត​គេច​ បន្ទាប់​ពី​បាន​បង្កគ្រោះ​ថ្នាក់​ចរាចរណ៍ ដែល​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​៣​នាក់ ​បាន​ស្លាប់​ និង​៧​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់-ស្រាល។

វីដេអូ​ទាំងនោះ​បង្ហាញថា​ នៅ​លើ​កំណាត់​ផ្លូវ​នៃ​មហាវិថី​ព្រះមុន្នីវង្ស​ដ៏​អ៊ូអរ​ ត្រង់​ចំណុច​វិទ្យាល័យ​បឹង​ត្របែក​ ក្នុង​រាជធានី​ភ្នំពេញ​ នាថ្ងៃ​កើត​ហេតុ​នោះ បុរស​ដែលជា​អ្នក​បើក​រថយន្ត​ត្រូវ​បាន​អ្នក​ដំណើរ​តាម​ដង​ផ្លូវ​ជា​ច្រើន​នាក់​ ទាញ​ទម្លាក់​ចេញ​ពី​រថយន្ត​ ហើយ​ព្រួត​គ្នា​វាយ​ដំ ​ទាត់​ធាក់​ រហូត​ហូរ​ឈាម​ជោគ​ខ្លួន បែក​មុខ ​បែកមាត់​ស្ទើ​មើល​លែង​ស្គាល់​ មុន​ពេល​មាន​អន្តរាគមន៍​ពី​មន្ត្រី​ប៉ូលិស។ រីឯ ​រថយន្ត​បង្ក​ហេតុ​ត្រូវ​ពលរដ្ឋ​ព្រួត​គ្នា​វាយ​កម្ទេច ខូចខាត​ស្ទើរ​ទាំង​ស្រុង​ថែម​ទៀត។

ការ​សហការ​គ្នា​រវាង​ហ្វូង​មហាជន​ ក្នុង​ការ​ដាក់​ទោស​ទណ្ឌ​ក្រៅ​ផ្លូវ​ច្បាប់​ទៅលើ​ជនល្មើស​ តាម​រយៈ​ការ​ព្រួត​គ្នា​ វាយ​ដំ​ ច្រំ​ធាក់​ រហូត​ដល់​ជនល្មើស​ស្ទើរ​បាត់បង់​ជីវិត មិនមែន​ជា​ករណី​ថ្មី​នៅ​កម្ពុជា​នោះ​ទេ។ កន្លងមក​មាន​ករណី​ខ្លះ​ទៀត​ដែល​ជន​ប្រព្រឹត្ត​បទ​ល្មើស​ស្លាប់​បាត់បង់​ជីវិត​ ដោយសារ​ការ​ដាក់​ទោស​ពី​តុលាការ​មហាជន​ មុន​ពេល​មាន​ការ​អន្តរាគម៍​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច។

នៅ​កម្ពុជា​ ការ​សម្លាប់​ដោយ​ហ្វូង​មនុស្ស​ អាច​ផ្តើម​ចេញ​ពី​អំពើ​ចោរកម្ម​ ការ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​រួច​មាន​ចេតនា​រត់​គេច​ខ្លួន​ ដើម្បី​គេចចេញ​ពី​ការ​ទទួល​ខុស​ត្រូវ ឬ​រង​ការ​ចោទ​ថា​ បុគ្គល​ណា​មួយ​ចេះ​អំពើ​អាបធ្មប់​ជាដើម។

រូបឯកសារ៖ លោក អ៊ា ចរិយា ជា​នាយក​ស្ថាបនិក​នៃ​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ នៅក្នុង​បន្ទប់​ផ្សាយរបស់ VOA នៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០១៦។ (លឹម សុធី/VOA)
រូបឯកសារ៖ លោក អ៊ា ចរិយា ជា​នាយក​ស្ថាបនិក​នៃ​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ នៅក្នុង​បន្ទប់​ផ្សាយរបស់ VOA នៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០១៦។ (លឹម សុធី/VOA)

ករណី​ទាំង​នេះ​ ត្រូវ​បាន​អ្នក​ជំនាញ​មើល​ឃើញ​ថា​ ជា​ទង្វើ​ផ្ទុយ​ពី​ច្បាប់​ដែល​កើត​ឡើង​ ដោយសារ​ការ​បាត់បង់​ជំនឿ​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។ អ្នកជំនាញ​ បង្ហាញ​ការ​សោកស្តាយ​ចំពោះ​ឧបទ្ទវហេតុ​ដែល​បាន​កើតឡើង​ ក៏​ប៉ុន្តែ​ពួកគេ​ស្នើ​កុំឲ្យ​ពលរដ្ឋ​ប្រើប្រាស់​អំពើ​ហិង្សា ឬ​ទណ្ឌកម្ម​ក្រៅ​ផ្លូវ​ច្បាប់​ទៅ​លើ​ជន​ប្រព្រឹត្ត​បទល្មើស។

លោក រុន រ័ត្នវាសនា​ ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ ឲ្យ​ដឹង​ថា ជន​ប្រព្រឹត្ត​បទ​ល្មើស​ចរាចរណ៍​កាលពី​ថ្ងៃចន្ទ អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី​២ឆ្នាំ​ ទៅ​៥ឆ្នាំ ​ការ​ដក​ហូត​ប័ណ្ណ​បើកបរ​រថយន្ត ​ការ​ពិន័យ​ជា​ប្រាក់​និង​ការ​ផ្តន្ទាទោស​បន្ថែម​មួយ​ចំនួន​ទៀត​ ដែល​មាន​កំណត់​ក្នុង​ក្រម​ព្រហ្មទណ្ឌ។

«ទុក​ឲ្យ​ច្បាប់​កាត់ទោស​គាត់​ល្អជាង​ ព្រោះ​នៅ​ក្នុង​ច្បាប់​ចរាចរណ៍​ក៏​មាន​ចែង​ដែរ​ថា អ្នក​បើកបរ​ខ្ចី​ខ្ជា​ អ្នក​បើកបរ​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​ គេ​អាច​កាត់​ទោស​ក្នុង​មាត្រា​៨៥ និង​ក្រម​ព្រហ្មទណ្ឌ​ផ្សេងៗ​ទៀត​ដែល​អ្នក​បង្ក​ឡើង​ បើ​សិន​ជា​យើង​កាត់ទោស​ដោយ​ខ្លួនឯង​ មិនមែន​ច្បាប់​ទេ។ ចង់​ឲ្យ​ពលរដ្ឋ​ចូលរួម​នាំគ្នា​គោរព​ច្បាប់​ចរាចរណ៍។ ទី២ ទុក​ឲ្យ​ច្បាប់​ជា​អ្នក​កាត់ទោស​គាត់​ឲ្យ​បាន​ត្រឹម​ត្រូវ​ ជាជាង​យើង​បង្ក​របួស​ស្នាម​ផ្សេងៗ​ដល់​ជនល្មើស»។

លោក អ៊ា ចរិយា​ អ្នក​ប្រឹក្សា​ឯករាជ្យ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​ ថ្លែង​ថា​ ករណី​ដែល​បាន​កើត​ឡើង​នេះ​ អាច​ហ្នឹង​ទប់​ស្កាត់ ឬ​កាត់​បន្ថយ​បាន ​បើសិន​មាន​ការ​អប់រំ​អំពី​ចរាចរណ៍​បាន​ទូលំ​ទូលាយ​ និង​ការ​រឹត​បន្តឹង​ច្បាប់​ដោយ​អាជ្ញាធរ​នោះ។

«ការ​ដែល​ប្រជាពលរដ្ឋ​ប្រើ​អំពើ​ហិង្សា​ទៅលើ​អ្នក​បើកបរ​នៅ​ពេល​ដែល​គាត់​បង្ក​ហេតុ​ អាច​មាន​ផល​អាក្រក់​ទៅ​ថ្ងៃ​ខាង​មុខ​ ដោយសារ​អ្នក​បើក​បរ​អាច​នឹង​យក​លេស​ គេច​ពី​សុវត្ថិភាព​ គាត់​ព្យាយាម​បើក​អាច​នឹង​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​នៅ​កន្លែង​ខាង​មុខ​តទៀត។ ហើយ​មួយ​ទៀត​ បើសិន​ជា​មិន​មាន​គ្រោះ​ថ្នាក់​អី​ខាងមុខ​ វា​អាច​ធ្វើ​ឲ្យ​អ្នក​បង្ក​គាត់​គេច​ខ្លួន​ យក​រួច​ខ្លួន​តែ​ម្តង»។

លោក អ៊ា ចរិយា​ បន្ត​ថា​ ជារឿយៗ​នៅ​ពេល​មាន​គ្រោះថ្នាក់​កើត​ឡើង​ ការ​អន្តរាគមន៍​ពី​អាជ្ញាធរ​មាន​ភាព​យឺត​យ៉ាវ​ ដែល​ធ្វើឲ្យ​សាធារណជន​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​ដាក់​ទោស​ជនល្មើស​ក្រៅ​ផ្លូវ​ច្បាប់។

«ដោយសារ​តែ​ពួកគាត់​អត់​មាន​ជំនឿ​លើ​អាជ្ញាធរ ចឹង​គាត់​ស្វែង​រក​យុត្តិធម៌​ដោយ​ខ្លួន​គាត់ ដោយសារ​គាត់​មើល​ឃើញ​ករណី​មួយ​ចំនួន អ្នក​បង្ក​ហេតុ​រួច​ខ្លួន​ គាត់​មិន​ទទួល​ទោស​ទៅ​តាម​ច្បាប់។ ទី២ ពេល​កើតហេតុ​ យើងឃើញ​អាជ្ញាធរ​មក​ដល់​កន្លែង​កើត​ហេតុ​យឺត ធ្វើ​ឲ្យ​មហាជន​ចាំ​យូរ​ពេក ទ្រាំ​មិន​បាន ក៏​ប្រើប្រាស់​អំពើ​ហិង្សា​ជាដើម»។

​យ៉ាងណា​ក៏ដោយ លោក អ៊ា ចរិយា លើក​ឡើង​ថា ប្រជាពលរដ្ឋ​គួរតែ​ចូលរួម​ឃាត់ខ្លួន​អ្នក​បង្ក​ហេតុ ទុក​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​ ប៉ុន្តែ​មិនគួរ​ប្រើប្រាស់​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​ទៅ​លើ​ជន​ប្រព្រឹត្ត​បទល្មើស​នោះ​ទេ។

រូបឯកសារ៖ លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្ដិភាព នៅ​ក្នុងបន្ទប់ផ្សាយ​របស់​ VOA នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥។
រូបឯកសារ៖ លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្ដិភាព នៅ​ក្នុងបន្ទប់ផ្សាយ​របស់​ VOA នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥។

លោក យ៉ង គឹមអេង​ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​ យល់ថា​ការ​ព្រួតគ្នា​វាយ​ដំ​ទៅលើ​ជន​ប្រព្រឹត្ត​បទល្មើស​នោះ​ គឺជា​ការ​ប្រព្រឹត្ត​បទល្មើស​នៅក្នុង​បទល្មើស ​ដែល​អាច​បង្ក​ចលាចល​ក្នុង​សង្គម។

«អ្នក​បើកឡាន​ហ្នឹង​បាន​បង្កើត​បទល្មើស​មួយ​ហើយ​ បើក​បញ្ច្រាស​ បើក​ទៅ​បុក​គេ​ឲ្យ​ស្លាប់​ជា​បទល្មើស​ហើយ។ ប៉ុន្តែ​សោកស្តាយ​ ដែល​អ្នក​[ពលរដ្ឋ]​ជ្រុលដៃ​ ជ្រុលជើង​ទៅ​វាយ​អ្នក​បើកបរ​រហូត​ដល់​ជិត​ស្លាប់។ ហ្នឹង​ក៏ជា​បទល្មើស​មួយ​ទៀត​ដែរ​ ជា​ការ​ពិត​ទៅ។ យើង​មាន​ការ​សោកសៅ សោក​សង្រែងដល់​ជន​រងគ្រោះ​ហើយ ក៏​ប៉ុន្តែ​យើង​ក៏​មិន​ចង់​ឃើញ​អ្នក​ដទៃ​ធ្លាក់​ខ្លួនទៅ​ក្នុង​អំពើ​ល្មើស​ដែរ។ កាល​ណា​សាធារណជន​ គាត់​ដើរ​តួនា​ទី​ជំនួស​តុលាការ​ គេ​បារម្ភ​ថា​សង្គម​នោះ​ទៅ​ជា​ច្របូក​ច្របល់»។

បើតាមលោក យ៉ង គឹមអេង មាន​កត្តា​ផ្សំ​ជា​ច្រើន​ដែល​បណ្តាល​ឲ្យ​ពលរដ្ឋ​កម្ពុជា​ជ្រើសរើស​យក​ការ​កាត់​សេចក្តី​ដោយ​វិធានការ​ផ្ទាល់ខ្លួន​ ជាជាង​រង់ចាំ​ការ​សម្រេច​ពី​អាជ្ញាធរ​នោះ ​ជាអាទ៍​អយុត្តិធម៌​សង្គម​ អំពើ​ពុករលួយ ​អសន្តិសុខ និងសម្ពាធ​សង្គម​នានា។

លោកថា ការណ៍​នេះ​អាច​បង្ក​ឲ្យ​ប្រជាជន​បាត់បង់​ការ​គ្រប់គ្រង​លើ​ខ្លួន​ឯង​ ខ្វះ​ភាព​អត់​ធ្មត់ និង​ខ្វះ​ការ​អធ្យាស្រ័យ​គ្នា ដែល​ជា​ហេតុ​បង្ក​ឲ្យ​មាន​ដាក់​ទណ្ឌកម្ម​ក្រៅ​ផ្លូវ​ច្បាប់​ដោយ​មហាជន​នោះ។​

«ប្រហែល​ជា​ប្រជាពលរដ្ឋ​គាត់​មាន​ការ​នឿយ​ណាយ​ មាន​ការមិន​ទុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌យើង​ផង។ បញ្ហា​អយុត្តិធម៌​សង្គម​ ការ​ជឿជាក់​លើ​ប្រព័ន្ធ​យុត្តិធម៌​របស់​រដ្ឋ​ក៏​ជា​មូលហេតុ​មួយ។ មួយ​ទៀត បញ្ហា​ស្មុគស្មាញ​ ជីវភាព​រស់នៅ​ ក៏ជា​មូលហតុ​ធ្វើ​ឲ្យ​មនុស្ស​មាន​បញ្ហា​ផ្លូវ​ចិត្ត​ដែរ ភាព​ក្រីក្រ​ចំណាក​ស្រុក ភាព​បែកបាក់​គ្នា​ ធ្វើ​ឲ្យ​ពួកគាត់​ហ្នឹង​មាន​បញ្ហា​ផ្លូវចិត្ត​ច្រើន»។

លោក សុខ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លើក​ឡើង​ថា​ជារឿយៗ​រដ្ឋាភិបាល​តែងតែ​អប់រំ​ដល់​ពលរដ្ឋ​ឲ្យ​យល់​អំពី​បញ្ហា​ច្បាប់​ និង​សិទ្ធិ​មនុស្ស។ ក៏​ប៉ុន្តែ​ លោក​ថា​ ពេលខ្លះ​មន្ត្រី​ប៉ូលិស​ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​អាច​ទប់​ស្កាត់​កំហឹង​របស់​មហាជន​ដែល​កើតមាន​ឡើង​ភ្លាមៗ​នោះ​ទេ។

លោក សុខ ឥសាន​ ប្រៀបធៀប​ករណី​នេះ​ទៅ​នឹង​រឿង​អក្សសិល្បិ៍​ខ្មែរ​យ៉ាង​ដូច្នេះ៖

«បើ​តាម​កម្រិត​ច្បាប់​ មិន​ត្រូវ​វាយ​ដល់​ស្លាប់​ទេ។ ក៏​ប៉ុន្តែ​ បើ​និយាយ​តាម​សីលធម៌​ សតិ​អារម្មណ៍​របស់​ពលរដ្ឋ​ គេ​ទប់​មិន​ឈ្នះ។ ទាំង​អស់​គ្នា​អត់​ទ្រាំ​មិន​បាន​ ព្រោះ​ទាំងអស់​គ្នា​ហ្នឹង​មិនមែន​ជា​ព្រះពុទ្ធ​ មិនមែន​ជា​ព្រះ​វេសន្តរ​ទេ​ដែល​អាច​ទប់​ចិត្ត​បាន​នោះ។ ទោះបី​ព្រះវេសន្តរ​ជិតត្រាស់​ទៅ​ហើយ​ ឃើញ​តា​ជូជក់​វាយ​កូន​នៅ​នឹង​មុខ​ ក៏​អត់ទ្រាំ​មិន​បាន​ដែរ»។

របាយការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ចេញ​ផ្សាយ​ដើម​ឆ្នាំ​២០១៧​នេះ​ រក​ឃើញ​ថា ​នៅ​ក្នុង​ឆ្នាំ​២០១៦​ ការ​សម្លាប់​ដោយ​ហ្វូង​មនុស្ស​នេះ​ កើត​ឡើង​ចំនួន​៣​ករណី​ ក្នុង​នោះ​បង្ក​ឲ្យ​មនុស្ស​២​នាក់​ស្លាប់។ រីឯ​ក្នុង​ឆ្នាំ​២០១៥​វិញ​ ការ​សម្លាប់​ដោយ​ហ្វូង​មនុស្ស​នេះ​ កើតឡើង​ចំនួន​៧​ករណី​ ក្នុង​នោះ​មាន​មនុស្ស​៤​នាក់​បាន​ស្លាប់។

បើ​ទោះ​ជា​ចំនួន​នេះ​មាន​ការ​ថយ​ចុះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ក៏​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​ បង្ហាញ​ក្តី​បារម្ភ​ចំពោះ​ករណី​ដែល​បាន​កើតឡើង​នា​ពេល​កន្លងមក​ ដោយសារ​ករណី​ទាំងនេះ​គឺជា​អំពើ​ល្មើស​ច្បាប់​ និង​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ៕

XS
SM
MD
LG