ប្រជាជនយេម៉ែនចំនួន២០លាននាក់ គឺស្មើនឹង២ភាគ៣នៃប្រជាជនសរុបរបស់ប្រទេសនេះកំពុងខ្វះស្បៀងអាហារដោយសារតែសង្គ្រាមដែលបានបំផ្លិចបំផ្លាញប្រទេសក្រីក្រមួយនេះ។
សេចក្តីថ្លែងការណ៍រួមមួយចេញកាលពីថ្ងៃសៅរ៍ដោយអង្គការម្ហូបអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ FAO អង្គការ UNICEF និងកម្មវិធីស្បៀងអាហារពិភពលោក UNDP បាននិយាយថា សង្គ្រាមបានរួមចំណែកបង្កឲ្យមាន«វិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតលើពិភពលោកនេះ» ។
ទីភ្នាក់ងារទាំងនោះបានដកស្រង់ការវិភាគអំពីដំណាក់កាលសន្តិសុខស្បៀង ដែលជាការស្ទាបស្ទង់ដើម្បីកំណត់ថា តើត្រូវប្រកាសទុរ្ភិក្សនៅក្នុងប្រទេសនេះឬយ៉ាងណា។ ទីភ្នាក់ងារនេះបានរកឃើញថា មនុស្សប្រមាណ១៥,៩លាននាក់កំពុងអត់ឃ្លាននៅប្រទេសយេម៉ែនហើយមនុស្សចំនួន២០លាននាក់កំពុងប្រឈមនឹង «អសន្តិសុខស្បៀងធ្ងន់ធ្ងរ»។
លោក David Beasley ប្រធានអង្គការស្បៀងអាហារពិភពលោកបានមានប្រសាសន៍ថា «ជាចាំបាច់ត្រូវបង្កើនជំនួយយ៉ាងច្រើននិងបង្កលទ្ធភាពចូលទៅតំបន់ខ្វះខាតស្បៀង ដើម្បីជួយកាត់បន្ថយវិបត្តិ។ លោកបានព្រមានថា ប្រសិនបើមិនមានវិធានការទេនោះ«យើងនឹងបាត់បង់ក្មេងជំនាន់ក្រោយទាំងអស់ដោយសារភាពអត់ឃ្លាន»៕