ក្រុម Shi'ite លីបង់ បាននិយាយកាលពីថ្ងៃសុក្រថាមេបញ្ជាការយោធា Hezbollah ជាន់ខ្ពស់ម្នាក់របស់ពួកគេបានស្លាប់នៅក្នុងការវាយប្រហារមួយនៅក្នុងប្រទេសស៊ីរី។
លោក Mustafa Badreddine អាយុ៥៥ឆ្នាំបានដឹកនាំការទាក់ទិនរបស់ក្រុមនេះនៅក្នុងសង្គ្រាមស៊ីវិលស៊ីរីក្នុងឋានៈជាទីប្រឹក្សាទីមួយរបស់លោក Sayyed Hassan Nasrallah ដែលជាមេដឹកនាំនៃក្រុម Hezbollah។ ក្រុម Hezbollah បានជួយប្រយុទ្ធគាំទ្រកងកម្លាំងរបស់ប្រធានាធិបតីស៊ីរី Bashar al-Assad។
ដោយប្រកាសអំពីមរណភាពរបស់លោក Badreddineនេះ ពួក Hezbollah បាននិយាយថា លោកវិលត្រឡប់មកពីប្រទេសស៊ីរីវិញជាអ្នកមានជ័យជម្នះឬជា «ទុក្ករជនម្នាក់»។ ពួកនេះបានផ្សព្វផ្សាយរូបថតមួយដែលបង្ហាញលោក Badreddine ញញឹមនិងមានពាក់មួកកីឡាករ baseball ក្រឡេក្រឡាមួយ។
ដោយមិនបានប្រាប់ឱ្យដឹងអំពីពេលវេលាពិតប្រាកដ ពួក Hezbollah បាននិយាយថា លោក Badreddine បានស្លាប់នៅក្នុងការផ្ទុះដ៏ធំមួយដែលបានយកមូលដ្ឋានមួយរបស់លោកជាទីដៅនៃការវាយប្រហារនៅជិតចំណតយន្តហោះក្រុងដាម៉ាស់។ ពួក Hezbollah បានថ្លែងថា កំពុងមានការស៊ើបអង្កេតមួយដើម្បីឱ្យដឹងថា តើការផ្ទុះនោះបណ្តាលមកពីការវាយប្រហារតាមអាកាស ការវាយប្រហារដោយកាំជ្រួចមីស៊ីល ឬមួយការបាញ់ផ្តក់ដោយកាំភ្លើងធំ។
រដ្ឋាភិបាលស.រ.អា.បានចាត់ទុកលោក Badreddine ថាជាអ្នកទទួលខុសត្រូវដល់កិច្ចប្រតិបត្តិការយោធានៅក្នុងប្រទេសស៊ីរី។
បើតាមពួកមន្ត្រីស.រ.អា. បានឲ្យដឹងថា លោក Assad និងលោក Nasrallah សម្របសម្រួលសកម្មភាពរបស់ពួក Hezbollah នៅក្នុងប្រទេសស៊ីរី រៀងរាល់សប្តាហ៍ដោយមានវត្តមានលោក Badreddine នៅក្នុងការប្រជុំជាន់ខ្ពស់ក្នុងក្រុងដាម៉ាស់។
ក្រសួងហិរញ្ញវត្ថុស.រ.អា.បានដាក់ទណ្ឌកម្មលើលោក Badreddine កាលពីឆ្នាំ២០១១ និងឆ្នាំ២០១៥ ដោយសារការជាប់ទាក់ទិនរបស់លោកនៅក្នុងសង្គ្រាមស៊ីរី៕