ក្រុមសកម្មប្រយុទ្ធលីបង់ Hezbollah បាននិយាយថាការវាយប្រហារតាមអាកាសមួយដោយ Israel នៅជិតរដ្ឋធានីនៃប្រទេសស៊ីរីបានធ្វើឱ្យលោក Samir Katar បាត់បង់ជីវិត។ លោក Kantar ជាមេដឹកនាំម្នាក់នៃពួក Hezbollah ដែលបានជាប់ពន្ធនាគារ៣ទសវត្សរ៍ដោយសារលោកបានសម្លាប់ជនជាតិ Israel បីនាក់។
លោក kantar ដែលគេស្គាល់ថាជា"ព្រឹទ្ធបុរសនៃក្រុមអ្នកទោសលីបង់"ដោយសារលោកជាអ្នកទោសអារ៉ាប់ដែលជាប់ឃុំឃាំងយូរជាងគេក្នុងប្រទេស Israel ជាសមាជិកម្នាក់ក្នុងបណ្តាពួកសមាជិករាប់រយនាក់នៃក្រុម Hezbollah ដែលបានទៅកាន់ប្រទេសស៊ីរីដើម្បីរួមប្រយុទ្ធជាមួយកងកម្លាំងប្រធានាធិបតី Bashar al-Assad ចាប់តាំងពីសង្គ្រាមស៊ីវិលបានចាប់ផ្តើមនៅទីនោះកាលពីខែមិនា ឆ្នាំ២០១១មកម្លេះ។
ការវាយប្រហារតាមអាកាសកាលពីយប់ថ្ងៃសៅរ៍ត្រូវចំអាគារមួយដែលលោកស្នាក់អាស្រ័យក្នុងតំបន់ Jaramana នៅជាយក្រុងខាងត្បូងរដ្ឋធានីដាម៉ាស់។ស៊ីរ៉ែនវាយឆ្មក់តាមអាកាសបានបន្លឺនៅក្នុងប៉ែកខាងជើងនៃប្រទេសអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យដែលបង្ហាញអាចនឹងមានការវាយប្រហារដោយរ៉ុក្កែតពីប្រទេសលីបង់ ទោះបីជាគេដឹងមិនច្បាស់ថាមានការបាញ់រ៉ុក្កែតមែនឬមិនមែន។
គ្មានការអត្ថាធិប្បាយជាបន្ទាន់ពីប្រទេសអ៊ីស្រាអែលដែលបានវាយប្រហារលើទិសដៅជាច្រើនក្នុងប្រទេសស៊ីរីកាលពីប៉ុន្មានឆ្នាំមុននេះ ដោយភាគច្រើនជាក្បួនដែល Israel និយាយថាជាអាវុធនិងគ្រឿងផ្គត់ផ្គង់ឯទៀតដែលត្រូវបានបញ្ជូនតាមប្រទេសស៊ីរីទៅកាន់ប្រទេសលីបង់៕