កាលពីព្រឹកថ្ងៃសុក្រ ពួកទាហានរដ្ឋាភិបាលស៊ីរីបានចាប់ផ្តើមធ្វើការវាយលុកខាងយោធាមួយនៅក្នុងខេត្ត Aleppo ដែលជាយុទ្ធនាការថ្មីបំផុតមួយដើម្បីវាយយកដែនដីមកវិញ នៅពេលកំពុងមានជម្លោះជាមួយពួកជនសកម្មប្រយុទ្ធរដ្ឋ ឥស្លាម និងក្រុមនានាដែលប្រឆាំងនឹងរដ្ឋាភិបាលក្រុងដាម៉ាស។
ទីភ្នាក់ងារព័ត៌មាន Interfax បានរាយការណ៍ថា ក្រុមមន្ត្រីរុស្សីបាននិយាយដែរថា ការវាយប្រហារតាមអាកាសរបស់ពួកគេបានអនុញ្ញាតឱ្យកងទ័ពស៊ីរី «ធ្វើការវាយលុកនៅទូទាំងប្រទេស»។
ប្រភពព័ត៌មានស៊ីរី និងរុស្សីបានអះអាងថា ពួកទាហានរដ្ឋាភិបាលស៊ីរីបានវាយយកបានមកវិញនូវក្រុងមួយចំនួននៅក្នុងខេត្តជាច្រើន មានដូចជា ខេត្ត Latakia ខេត្ត Aleppo ខេត្ត Idlib ខេត្ត Hama និងខេត្ត Homs ជាដើម។
កងកម្លាំងស្មោះត្រង់ជាមួយប្រធានាធិបតីស៊ីរី Bashar al-Assad កំពុងប្រយុទ្ធជាមួយក្រុមឆ្មាំបដិវត្តន៍នៃប្រទេសអ៊ីរ៉ង់ ពួកយុទ្ធជន Hezbollah នៃប្រទេសលីបង់ និងកងជីវពល Shi'ite មកពីប្រទេសអ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន និងប្រទេស ប៉ាគីស្ថាននៅក្នុងកិច្ចប្រតិបត្តិការនៅ Aleppo និងនៅទូទាំងប្រទេសស៊ីរី។
ប្រទេសរុស្សីបានចូលរួមក្នុងក្រុមចម្រុះយោធាស៊ីរីកាលពីចុងខែកញ្ញា។ ការវាយប្រហារតាមអាកាសប្រចាំថ្ងៃដោយរដ្ឋាភិបាលក្រុងមូស្គូបានធ្វើឱ្យមានភាពមិនពេញចិត្តដល់កងកម្លាំងបរទេសឯទៀតៗដែលធ្វើការវាយលុកតាមអាកាសប្រឆាំងនឹងពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាម ហើយបានក្លាយទៅជាបញ្ហាជាច្រើនដងមកហើយជាមួយប្រទេសតួកគីដែលជាប្រទេសជិតខាង នៅខាងជើងប្រទេសស៊ីរី។
កាលពីថ្ងៃសុក្រ យោធាតួកគីបាននិយាយថា ពួកគេបានបាញ់ទម្លាក់យន្តហោះមួយដែលគេមិនដឹងថា ជារបស់ប្រទេសណាដែលបានហោះចូលទៅក្នុងដែនអាកាសរបស់ពួកគេនៅជិតព្រំដែនស៊ីរី។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធាតួកគីបាននិយាយថា យន្តហោះនោះមិនបានស្តាប់ដល់ការព្រមានបីដងនៅមុនពេលយន្តហោះតួកគីបានបាញ់ទម្លាក់យន្តហោះនោះកាលពីថ្ងៃសុក្រ។
ទូរទស្សន៍តួកគីដែលមានឈ្មោះថា NTV បានរាយការណ៍ថា យន្តហោះនោះជាយន្តហោះគ្មានមនុស្សបើក ហើយបានត្រូវបាញ់ធ្លាក់នៅចម្ងាយប្រមាណ៣គ.ម.ខាងក្នុងដែនអាកាសតួកគីនៅជិតព្រំដែនស៊ីរី៕