ប្រទេសអូស្ត្រាលីនិយាយថា ខ្លួនបានចាប់ឃុំខ្លួនបុរស៥នាក់ដែលគេជឿថាមាន គម្រោងការក្នុងការជិះទូកទៅកាន់ប្រទេសឥណ្ឌូនេស៊ីនិងប្រទេសហ្វីលីពីនដើម្បីទៅចូលរួមជាមួយក្រុមជ្រុលនិយមរដ្ឋឥស្លាមធ្វើសង្គ្រាមក្នុងប្រទេសស៊ីរី។
អាជ្ញាធរនិយាយថា ក្រុមមនុស្សទាំង៥នាក់នេះត្រូវចាប់ខ្លួននៅភាគខាងជើងនៃរដ្ឋ ឃ្វីនឡែន (Queensland) បន្ទាប់ពីបានសណ្តោងទូកមានប្រវែង៧ម៉ែត្រចេញពីក្រុម ម៊ែលបន (Melbourne) ចម្ងាយ៣០០០គីឡូម៉ែត្រ ទៅតំបន់ឈូងសមុទ្រ Cairns ជាកន្លែងដែលគេគ្រោងនឹងធ្វើដំណើរតាមទូកតូចនោះ។
ស្នងការរងប៉ូលិសសហព័ន្ធអូស្ត្រាលី Neil Gaughan បានបញ្ជាក់ថា៖ «ពួកគេបានប្តេជ្ញាចិត្ត គឺពិតជាបានប្តេជ្ញាចិត្តខ្លាំងណាស់។ ការធ្វើដំណើរដែលគេបានចេញឆ្ងាយពីក្រុង ម៊ែលបន មកដល់រដ្ឋ ឃ្វីនឡែនភាគខាងជើងដ៏សែនឆ្ងាយនេះ សបញ្ជាក់ថា បុរសទាំង៥នាក់នេះពិតជាមានការតាំងចិត្តខ្ពស់ណាស់ក្នុងដំណើរផ្សងព្រេងរបស់គេ ហើយក្នុងការព្យាយាមចាកចេញពីប្រទេស»៕