ពលរដ្ឋមួយរូបដែលអះអាងថាជាយោធិនឈរជើងនៅកោះរ៉ុង លោក ហេង ពិសិដ្ឋ បានចាត់ទុកការកាយដីលុបផ្ទះរបស់គាត់ថា ជារឿងអយុត្តិធម៌មួយសម្រាប់គាត់និងប្រជាពលរដ្ឋដទៃទៀត ដែលដីធ្លី និងផ្ទះសម្បែងរបស់ខ្លួនកំពុងត្រូវបានគ្រឿងចក្ររបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប (Royal Group)ឈូសកម្ទេចចោលរាបដល់ដី។
សកម្មភាពឈូសឆាយដី និងផ្ទះសម្បែងរបស់ពលរដ្ឋនៅលើកោះរ៉ុងនោះត្រូវបានលោក ហេង ពិសិដ្ឋ ពណ៌នាថា បានកើតឡើងកាលពីយប់ថ្ងៃទី ៧ ខែតុលា។ លោកបានចោទប្រកាន់ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ថា បានយក គ្រឿងចក្រពីរគ្រឿង ឈូសឆាយរំលំផ្ទះរបស់គាត់ ហើយកាយដីលុបបំបាត់ដាន ដើម្បីយកទៅធ្វើការអភិវឌ្ឍ។
លោក ហេង ពិសិដ្ឋ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា គ្រឿងចក្រត្រូវបានគេយកមកកាយរំលំផ្ទះរបស់គាត់ រួចរុញកប់ចូលទៅក្នុងដីបំបាត់ភស្តុតាង និងថា សកម្មភាពឈូសឆាយនេះជាទង្វើអយុត្តិធម៌មួយសម្រាប់រូបលោក និងពលរដ្ឋផ្សេងទៀតដែលទទួលរងការរំលោភបំពានដូចគ្នានេះ។
លោកថ្លែងថា៖ «បាទ ហ្នឹង អយុត្តិធម៌ចំពោះខ្ញុំ។ មិនថា ចំពោះខ្ញុំទេ ប្រជាពលរដ្ឋហើយនិងក្រុមកម្លាំងប្រដាប់អាវុធខ្ញុំមួយចំនួន ក៏រងការប៉ះពាល់អ៊ីចឹងដូចគ្នា»។
លោកបន្តទៀតថា លោកបានកាន់កាប់ដី និងផ្ទះក្នុងទីតាំងមួយកន្លែងលើកោះរ៉ុង តាំងពីឆ្នាំ ២០១៦ មកម៉្លេះ ហើយថា លោកបានមករស់នៅទីនេះមុនការចូលមកដល់របស់ក្រុមហ៊ុន។
យោធិនរូបនេះបន្ថែមទៀតថា មកទល់ពេលនេះ លោកពុំទាន់ទទួលបានដំណោះស្រាយណាមួយពីអាជ្ញាធរនៅឡើយទេ ចំពោះការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់គាត់។
លោកលើកឡើងថា៖ «បាទនៅទេ! គាត់ថា ចាំមើលអភិបាលក្រុងគាត់មកពីប្រជុំពីលើវិញម៉េចៗចាំចៅសង្កាត់ហ្នឹងគាត់នឹងកោះហៅ។ តែដល់ថ្ងៃនេះហើយអត់ទាន់ឃើញមានសំឡេងគាត់កោះហៅ ខ្ញុំទៅចរចាជាមួយក្រុមហ៊ុនអីយ៉ាងម៉េចឬមួយយ៉ាងម៉េច ខ្ញុំអត់ទាន់ដឹងអីទាំងអស់»។
លោកឱ្យដឹងទៀតថា បើដីរបស់គាត់ដែលកំពុងរស់នៅនោះ គឺជាដីដែលត្រូវយកទៅអភិវឌ្ឍនោះ គួរតែមានការពិភាក្សាប្រាប់ជាដំណឹងដល់ម្ចាស់ដីជាមុនសិន។ លោកបានស្នើឱ្យក្រុមហ៊ុនគួរតែចេញមុខមកដោះស្រាយបញ្ហានេះ។
លោកបន្ថែមថា៖ «តំណាងក្រុមហ៊ុន ឬក្រុមហ៊ុនគាត់ត្រូវមានដំណោះស្រាយសមស្របណាមួយឱ្យរូបខ្ញុំ ដើម្បីកុំឱ្យយើងល្អក់កករនឹងគ្នា។ សូមឱ្យក្រុមហ៊ុនហើយនឹងក្រសួងដែលពាក់ព័ន្ធ ដូចជាអភិបាលខេត្ត[អភិបាលខេត្ត]រង អភិបាលក្រុងអីក៏ដោយ អង្គការពាក់ព័ន្ធ ដើម្បីជួយដោះស្រាយឱ្យរូបខ្ញុំបាទ ឱ្យតែសមស្របមួយទៅ។ ធ្វើអ៊ីចឹងដូចជាមិនសមរម្យព្រោះ ខ្ញុំឈរជើងនៅតំបន់កោះនេះ ៣០ ឆ្នាំហើយ»។
វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយពីអភិបាលរងខេត្តព្រះសីហនុលោក ឡុង ឌីម៉ង់ និងម្ចាស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបអ្នកឧកញ៉ា គិត ម៉េង បាននៅឡើយទេ។
អ្នកសម្របសម្រួលខាងសិទ្ធិមនុស្សរបស់សមាគមអាដហុកប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជាប សុធារី យល់ឃើញថា បើដីប្រជាពលរដ្ឋដែលកំពុងរស់នៅប្រចាំថ្ងៃ ត្រូវបានរដ្ឋត្រូវការដើម្បីយកទៅអភិវឌ្ឍគម្រោងណាមួយនោះ អាជ្ញាធរមូលដ្ឋានគួរតែពិចារណាជួយគិតគូរផ្តល់សំណងសមស្របដល់ប្រជាពលរដ្ឋទាំងអស់នោះ ដើម្បីកុំឱ្យបញ្ហាចេះតែកើតមានរ៉ាំងរ៉ៃបន្តទៅទៀត។
អ្នកស្រីថ្លែងថា៖ «អ៊ីចឹងនៅពេលដែលរដ្ឋត្រូវការ លោកគួរណាស់តែពិចារណាឱ្យពួកគាត់ដែរ ថាតើគួរដោះស្រាយយ៉ាងម៉េចដើម្បីឱ្យពួកគាត់ហ្នឹងអាចចាកចេញពីហ្នឹងទៅ ហើយក៏គួរតែជម្រាបប្រាប់គាត់ឱ្យអស់សេចក្តីដែរថា រដ្ឋឱ្យគាត់ចាកចេញ តើដីហ្នឹងយកទៅធ្វើអី? ប្រើប្រាស់ជាតម្រូវការអីខ្លះ?»
អ្នកស្រីបន្ថែមទៀតថា អាជ្ញាធរគួរតែមានវិធានការដាក់ប៉ាណូផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋឱ្យបានដឹងជាដំណឹង នៅក្នុងករណីកន្លែងណាដែលមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋរស់នៅ។
កាលពីឆ្នាំ ២០១៨ រដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន បានសម្រេចបង្កើតឧទ្យានជាតិថ្មីមួយនៅក្នុងខេត្តព្រះសីហនុ មានឈ្មោះថា «ឧទ្យានជាតិសមុទ្រកោះរ៉ុង» ដែលមានផ្ទៃដី ៥៣១១ ហិកតា និងផ្ទៃសមុទ្រទំហំ ៤៧១៣៧ ហិកតា ដើម្បីការពារប្រព័ន្ធបរិស្ថាន និងធនធានធម្មជាតិក្នុងតំបន់។
ក្រោយមកទៀតគឺនៅឆ្នាំ ២០១៩ អតីតនាយករដ្ឋមន្ត្រីបានចេញអនុក្រឹត្យមួយផ្សេងទៀត ដើម្បីយកកោះរ៉ុងធ្វើជាទីក្រុងមួយទៀតនៃខេត្តព្រះសីហនុ។ មុនពេលបង្កើតក្រុងកោះរ៉ុងនេះ អតីតនាយករដ្ឋមន្ត្រីក៏បានចេញបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងដែនដីនគរូប នីយកម្ម និងសំណង់ដោះស្រាយបញ្ហាដីធ្លីកំពុងមានទំនាស់នៅកោះរ៉ុង ដោយភ្ជាប់ការព្រមានដល់អ្នកមានអំណាច និងមានលុយនៅពីក្រោយទំនាស់ដីនៅកោះរ៉ុងនេះ ឱ្យដកខ្លួនចេញជាបន្ទាន់ផងដែរ៕