ខណៈអ្នកជំនាញកំពុងសិក្សាលទ្ធភាពនៃការស្ថាបនាទំនប់វារីអគ្គិសនីនៅក្នុងខេត្តស្ទឹងត្រែង ប្រជាពលរដ្ឋមួយចំនួនបានបង្ហាញក្តីព្រួយបារម្ភពីផលប៉ះពាល់លើជីវភាពរបស់ពួកគេ ប្រសិនបើទំនប់នឹងត្រូវសាងសង់។
អភិបាលក្រុងស្ទឹងត្រែង លោក សាយ កុសល ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា អាជ្ញាធរកំពុងតែពិនិត្យមើលពីលទ្ធភាពនៃការសាងសង់ទំនប់វារីអគ្គិសនី ប៉ុន្តែលោកមិនទាន់មានព័ត៌មាននៅឡើយថា តើនឹងមានការសាងសង់ ឬមិនសាងសង់ទំនប់នោះទេ។
លោកថ្លែងថា៖ «កន្លងមកនេះ ដោយសារតែក្រុមហ៊ុនគាត់ទទួលម៉ៅការសិក្សា អ៊ីចឹងទោះបីថាធ្វើមិនធ្វើ មិនដឹងទេ ប៉ុន្តែគាត់ដឹងតែសិក្សាឱ្យចប់ហើយ ធ្វើរបាយការណ៍ត្រឡប់ទៅវិញ។ ការសាងសង់ ឬមិនសាងសង់ ជារឿងរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនមានតែភារកិច្ចចូលទៅសិក្សាទេ»។
បើតាមអភិបាលក្រុងស្ទឹងត្រែងរូបនេះ លោកមិនដឹងថា តើក្រុមហ៊ុនសិក្សានៅទីតាំងណាខ្លះទេ ខណៈអាជ្ញាធរបានត្រឹមតែជាអ្នកសម្រួលកិច្ចការមួយចំនួនដល់អ្នកជំនាញតែប៉ុណ្ណោះ។
លោក ម៉ែន គុង នាយករងរដ្ឋបាលសាលាខេត្តស្ទឹងត្រែង ប្រាប់វីអូអេថា ក្រុមអ្នកជំនាញគ្រាន់តែសិក្សាពីលទ្ធភាពនៃគម្រោងប៉ុណ្ណោះ មិនមែនសិក្សា ដើម្បីសាងសង់ទំនប់វារីអគ្គិសនីឡើយ។ លោកបន្តថា ការសាងសង់ទំនប់អាចធ្វើទៅបាន លុះត្រាតែរដ្ឋាភិបាលអនុញ្ញាត។
លោកថ្លែងថា៖ «ជាការសម្រេចរបស់រាជរដ្ឋាភិបាល ក្រសួងស្ថាប័ននៅថ្នាក់ជាតិថា តើការសិក្សាកម្រិតណា ដើម្បីអី ជាធម្មតាមិនមែនការសិក្សាសុទ្ធតែត្រូវបានសាងសង់ទេ។ វាជាវិធានការសម្រេចរបស់រាជរដ្ឋាភិបាល បើសិនជាទាក់ទងទំនប់វារីអគ្គិសនី ត្រូវឆ្លងសភាទៀត»។
នៅក្នុងលិខិតផ្ញើជូនអភិបាលក្រុងស្ទឹងត្រែង ចុះថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២២ ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ដែលជាម្ចាស់ភាគហ៊ុននៃទំនប់វារីអគ្គិសនីសេសានក្រោម ២ ក្នុងខេត្តស្ទឹងត្រែង បានស្នើឱ្យអាជ្ញាធរមូលដ្ឋានផ្តល់ការសម្របសម្រួល និងសហការ ដើម្បីបន្តអនុវត្តបញ្ចប់ការកំណត់ចំណុចគោលនៃការសិក្សាក្នុងទីតាំងសិក្សាគម្រោងទំនប់ស្ទឹងត្រែង។
លិខិតបញ្ជាក់ថា៖ «ដើម្បីបញ្ចប់លទ្ធផលនៃការសិក្សានេះ ក្រុមហ៊ុនតម្រូវឱ្យក្រុមការងារបច្ចេកទេសចុះកំណត់ចំណុចគោលជាមូលដ្ឋានក្នុងតំបន់គម្រោង ដែលអាចវាយតម្លៃ រក្សាទុកជាតម្រុយជាក់ស្តែង និងធ្វើជាមូលដ្ឋានជាក់លាក់ក្នុងការធ្វើរបាយការណ៍លទ្ធភាពទាំងមូលជូនទៅក្រសួងពាក់ព័ន្ធ»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក គិត ម៉េង បាននៅឡើយទេ។
ទោះជាយ៉ាងណា កាលពីកន្លងទៅ មានសេចក្តីរាយការណ៍ថា រដ្ឋាភិបាលបានអនុញ្ញាតជាគោលការណ៍ឱ្យក្រុមហ៊ុន Royal Group សិក្សាអំពីលទ្ធភាពនៃការស្ថាបនាទំនប់វារីអគ្គិសនី ដែលមានថាមពល ១.៤០០ មេហ្គាវ៉ាត់។
វីអូអេមិនទាន់អាចសុំអត្ថាធិប្បាយពីលោក ហេង គុណលាង អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពល បាននៅឡើយទេ។
កាលពីឆ្នាំ ២០២០ ក្រសួងរ៉ែ និងថាមពលឱ្យដឹងថា កម្ពុជាមិនមានផែនការក្នុងការស្ថាបនាទំនប់វារីអគ្គិសនីលើតួទន្លេមេគង្គនោះទេ ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ គឺរហូតដល់ឆ្នាំ ២០៣០។
ការចុះសិក្សានេះនាំឱ្យប្រជាពលរដ្ឋមួយចំនួនព្រួយបារម្ភអំពីផលប៉ះពាល់នៅថ្ងៃខាងមុខ។
ប្រជានេសាទ លោក ម៉ៅ សារ៉េត ប្រាប់វីអូអេថា លោកឃើញមានក្រុមហ៊ុនចិនចុះមកក្នុងភូមិរបស់លោក ខណៈថាអ្នកភូមិមិនដឹងព័ត៌មានអ្វីឡើយ ពីព្រោះអាជ្ញាធរមិនបានជូនដំណឹងដល់ប្រជាពលរដ្ឋ។
រស់នៅក្នុងភូមិកោះខនឌិន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង លោក សារ៉េត បានបង្ហាញការព្រួយបារម្ភពីផលប៉ះពាល់ដល់ការរស់នៅ កាលណាទំនប់វារីអគ្គិសនីពិតជាត្រូវបានសាងសង់។
លោកថ្លែងថា៖ «ទី ១ ការសាងសង់ទំនប់វារីអគ្គិសនី គឺប៉ះពាល់ដល់ប្រជាជនរាប់ម៉ឺននាក់ រាប់លាននាក់។ សួរថាអ្នកទាំងឡាយនេះប្រកបរបរចិញ្ចឹមជីវិតបានដែរឬទេ។ ទី ២ ការពារផលប្រយោជន៍សហគមន៍ ធនធានធម្មជាតិ និងជលផល តើបានត្រឹមត្រូវដែរឬទេ។ ទី ៣ បើសិនជាគេរុះរើកន្លែងរស់នៅរបស់ប្រជាពលរដ្ឋ តើមានស្ថិរភាពដែរឬទេ»។
ចំណែកពលរដ្ឋម្នាក់ទៀត អ្នកស្រី ចយ ចាន់នី អាយុ ៤០ ឆ្នាំ ប្រាប់វីអូអេថា អ្នកស្រីក៏ព្រួយបារម្ភពីការបណ្តេញចេញ និងពិបាកនៅក្នុងការចិញ្ចឹមជីវិត បើសិនជាមានការសាងសង់ទំនប់វារីអគ្គិសនី។
មានទីលំនៅក្នុងភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង អ្នកស្រីថ្លែងថា៖ «រាល់ថ្ងៃបារម្ភដែរថា បើសិនជាគេធ្វើ[ទំនប់]អគ្គិសនីចឹង ព្រោះអីរកអត់សូវបានទេនេសាទត្រី ដាក់ម៉ង ដាក់សន្ទូចអីអត់សូវបានដូចមុនទេ។ ខ្ញុំឮគេនិយាយដែរហ្នឹងថា មិនដឹងពិត ឬមិនពិតទេ ព្រោះអីគេថា ពេលកាលណាគេធ្វើអគ្គិសនីនេះទៅ គេនឹងដេញប្រជាពលរដ្ឋនៅតាមមាត់ទន្លេចេញ។ តែដេញចេញទៅ មិនដឹងទៅនៅឯណាទេ អត់មានដីធ្លីនៅឯណាទៀតផងហ្នឹង។ មានតែកន្លែងហ្នឹង»។
គួរបញ្ជាក់ថារហូតមកដល់ពេលនេះ កម្ពុជាបានស្ថាបនាទំនប់វារីអគ្គិសនីសេសានក្រោម ២ ក្នុងខេត្តស្ទឹងត្រែង ដែលមានទំហំ ៤០០ មេហ្គាវ៉ាត់ ដែលធ្វើឱ្យលិចផ្ទះរាប់រយខ្នង និងសហគមន៍របស់ជនជាតិដើមភាគតិច។
សង្គមស៊ីវិលដែលធ្វើការលើផ្នែកបរិស្ថាននៅកម្ពុជាបានបង្ហាញក្តីព្រួយបារម្ភលើគម្រោងស្ថាបនាទំនប់វារីអគ្គិសនីជាបន្តបន្ទាប់នៅលើដងទន្លេមេគង្គ ជាពិសេសទំនប់របស់ប្រទេសឡាវ ដែលពួកគេអះអាងថានឹងធ្វើឱ្យកម្រិតទឹកទន្លេមេគង្គធ្លាក់ចុះ ហើយប៉ះពាល់ផលត្រី និងដីល្បាប់នៅផ្នែកខាងក្រោម៕