មជ្ឈមណ្ឌល Stimson បានធ្វើការដាក់សម្ពោធសៀវភៅមួយដែលមានចំណងជើងថា “Last Days of the Mighty Mekong” ឬជាភាសាខ្មែរថា «ថ្ងៃចុងក្រោយរបស់ទន្លេមេគង្គដ៏មហិមា» ដែលនិយាយពីស្ថានភាពទន្លេមេគង្គនិងផលប៉ះពាល់នៃគម្រោងអភិវឌ្ឍន៍នានាមកលើប្រព័ន្ធទន្លេមេគង្គ និងប្រជាពលរដ្ឋដែលកំពុងរស់នៅតាមដងទន្លេរួមទាំងកម្ពុជាផងដែរ។
អង្គការតាក់តែងគោលនយោបាយមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោនគឺ មជ្ឈមណ្ឌល Stimson បានធ្វើការដាក់សម្ពោធសៀវភៅថ្មីមួយក្បាលដែលមានចំណងជើងថា “Last Days of the Mighty Mekong” ឬជាភាសាខ្មែរ «ថ្ងៃចុងក្រោយរបស់ទន្លេមេគង្គដ៏មហិមា» កាលពីល្ងាចថ្ងៃអង្គារទី ១៩ខែកុម្ភៈឆ្នាំ២០១៩។
សៀវភៅនេះពិពណ៌នាអំពីស្ថានភាពបច្ចុប្បន្ននិងអនាគតរបស់ទន្លេមេគង្គនិងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍នានាមកលើប្រជាពលរដ្ឋដែលកំពុងរស់នៅតាមដងទន្លេនេះ។ ទន្លេមេគង្គគឺជាទីជម្រកសម្រាប់ប្រជាជនជាង៧០លាននាក់ និងជាប្រភពអាហារដ៏សំខាន់បំផុតមួយនៅតំបន់អាស៊ីអាគ្នេយ៍រួមទាំងកម្ពុជានិងពិភពលោក។
ក្រុមអ្នកការទូតមកពីប្រទេសភូមា ថៃ និងវៀតណាមក៏បានចូលរួមក្នុងពិធីសម្ពោធសៀវភៅនេះជាមួយក្រុមអ្នកស្រាវជ្រាវនិងក្រុមមន្រ្តីជាច្រើនក្នុងរដ្ឋធានីវ៉ាស៊ីនតោនផងដែរ។
សៀវភៅ «ថ្ងៃចុងក្រោយរបស់ទន្លេមេគង្គដ៏មហិមា» នេះត្រូវបានស្រាវជ្រាវ ចងក្រង និងរៀបរៀងឡើងដោយលោក Brian Eyler ដែលលោកមានតួនាទីជាប្រធានគម្រោងសិក្សាតំបន់អាស៊ីអាគ្នេយ៍នៅវិទ្យាស្ថាន Stimson។ លោក Brian Eyler គឺជាអ្នកជំនាញសិក្សាស្រាវជ្រាវតំបន់ទន្លេមេគង្គដែលផ្តោតសំខាន់ទៅកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ប្រទេសចិនជាមួយនឹងតំបន់អាស៊ីអាគ្នេយ៍។ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះលោកបានចំណាយពេលធ្វើដំណើរចាប់ពីក្បាលទន្លេមេគង្គនៅក្នុងប្រទេសចិននិងឆ្លងកាត់តំបន់អាស៊ីអាគ្នេយ៍ដីគោកដូចជាប្រទេសឡាវ កម្ពុជា និងវៀតណាមជាដើមដើម្បីធ្វើការសិក្សាស្រាវជ្រាវយ៉ាងល្អិតល្អន់អំពីស្ថានភាពទន្លេមេគង្គ។
ក្នុងដំណើរសិក្សាស្រាវជ្រាវនេះ លោក Brian Eyler បានចំណាយពេលជាច្រើននៅតំបន់ទន្លេមេគង្គ ធ្វើការប្រាស្រ័យទាក់ទងជាមួយនឹងសហគមន៍ មេដឹកនាំសហគមន៍ អ្នកស្រាវជ្រាវ អ្នកនយោបាយ និងអ្នកតាក់តែងគោលនយោបាយជាច្រើននាក់ដើម្បីស្វែងយល់ និងចងក្រងពីស្ថានភាពរបស់ទន្លេមេគង្គ និងផលប៉ះពាល់នៃការអភិវឌ្ឍន៍ឧស្សាហកម្មនិងហេដ្ឋារចនាសម្ព័ន្ធនានាមកលើតំបន់ទន្លេមេគង្គនិងប្រជាពលរដ្ឋដែលកំពុងរស់នៅតាមដងទន្លេនេះដែលមាន ឡាវ ថៃ កម្ពុជា វៀតណាមជាដើម។
លោក Eyler បានបង្ហាញតាមរយៈកិច្ចពិភាក្សាសៀវភៅរបស់លោកឲ្យដឹង ពីគ្រោះអាសន្ននិងការត្រូវការកិច្ចខិតខំប្រឹងប្រែងចាំបាច់បន្ថែមពីសំណាក់ប្រទេសនៅក្នុងតំបន់និងអន្តរជាតិ ក្នុងការជួយសង្គ្រោះទន្លេមេគង្គដ៏ធំអស្ចារ្យនេះ និងការអភិរក្សប្រព័ន្ធអេកូឡូស៊ីរបស់ទន្លេនេះ។
លោក Eyler បានហៅទន្លេមេគង្គថា “The Mighty Basin” ដែលមានន័យជាភាសាខ្មែរថា «អាងទន្លេមហិទ្ធិឫទ្ធិ» ពីព្រោះទន្លេមេគង្គគឺមានធនធានដ៏សម្បូរបែប និងជាប្រភពដ៏សំខាន់មួយសម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រមាណ៧០លាននាក់នៅតាមដងទន្លេដ៏ធំមួយនេះ។ ទន្លេមេគង្គអនុញ្ញាតឲ្យពួកគេប្រកបរបរចិញ្ចឹមជីវិតដោយពឹងផ្អែកលើការនេសាទត្រី និងការធ្វើដំណាំកសិកម្មនានា។ ក៏ប៉ុន្តែ ទន្លេមេគង្គបានទទួលរងការគំរាមកំហែងជាច្រើន ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ដោយសារ ការសាងសង់ទំនប់វារីអគ្គិសនី ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង ការប្រែប្រួលអាកាសធាតុ និងការនេសាទហួសកម្រិត។
ផលប៉ះពាល់នេះនឹងមានឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងទៅលើតំបន់ទន្លេមេគង្គទាំងមូលនិងជាពិសេសទៅលើប្រទេសដែលស្ថិតនៅផ្នែកខាងក្រោមនៃទន្លេដូចជា ប្រទេសកម្ពុជា និងវៀតណាម។ លោក Eyler បាននិយាយថា តំបន់ដីសណ្តទន្លេមេគង្គ ដែលនៅភាគខាងត្បូងប្រទេសវៀតណាម និងជាចំណុចចុងក្រោយបង្អស់នៃទន្លេមេគង្គ កំពុងជួបបញ្ហាបាក់ស្រុតដី និងលិចលង់ ដែលជាលទ្ធផលពីការបូមទឹកចេញពីក្រោមដីរបស់ប្រជាពលរដ្ឋដើម្បីស្រោចស្រង់ដំណាំ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ បន្ថែមពីលើនេះទៀត តំបន់ទន្លេមេគង្គនៅក្នុងប្រទេសកម្ពុជាក៏ទទួលរងផលប៉ះពាល់យ៉ាងច្រើនពីការសាងសង់ទំនប់វារីអគ្គិសនីនៅប្រទេសចិន និងឡាវ ដែលនេះនឹងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បឹងទន្លេសាបដែលជាប្រភពទ្រទ្រង់ជីវិតមួយដ៏សំខាន់របស់ប្រជាពលរដ្ឋកម្ពុជា។
ជារួម គម្រោងអភិវឌ្ឍនានានិងការសាងសង់ទំនប់វារីអគ្គិសនីជាបន្តបន្ទាប់គឺជាមូលហេតុចម្បងបំផុតដែលកំពុងរុករាន និងបំផ្លិចបំផ្លាញប្រព័ន្ធទន្លេមេគង្គដ៏មហិមានេះ។ ហើយបញ្ហានេះនឹងបង្កឲ្យមានផលប៉ះពាល់ដល់បរិស្ថានដែលនឹងគំរាមកំហែងដល់ជីវភាពនិងវប្បធម៌រស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយដងទន្លេមេគង្គនេះ៕