កំណត់និពន្ធ៖ លោក Brian Eyler គឺនាយកកម្មវិធីអាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌល Stimson Center នៅរដ្ឋធានី វ៉ាស៊ីនតោន។ លោកក៏ជាអ្នកជំនាញខាងអន្តរព្រំដែននៃតំបន់ទន្លេមេគង្គ និងទំនាក់ទំនងសេដ្ឋកិច្ចរបស់ចិនជាមួយនឹងបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។ ថ្មីៗនេះ លោកបានផ្តល់បទសម្ភាសន៍ដល់កញ្ញា យូ សុធារី នៃ VOA អំពីការអភិវឌ្ឍ និងអភិបាលកិច្ចរបស់រដ្ឋាភិបាលកម្ពុជា។ សូមលោកអ្នកនាងស្តាប់ និងអានខ្លឹមសារទាំងស្រុងនៃបទសម្ភាសន៍នេះ ដែលត្រូវបានប្រែសម្រួលជាខេមរភាសា។
VOA៖ តើលោកយល់ឃើញយ៉ាងដូចមេ្តចចំពោះការធ្វើមជ្ឈការអំណាច ឬការប្រមូលផ្តុំអំណាចនៅកម្ពុជា បន្ទាប់ពីការបោះឆ្នោតជាតិ?»
Brian Eyler៖ ប្រទេសកម្ពុជាជារបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ដែលគួរតែមានគណបក្សនយោបាយធំៗ ចូលរួមនៅក្នុងការជជែកតស៊ូមតិផ្នែកនយោបាយ ដោយផ្អែកទៅលើគុណតម្លៃលិទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែខ្ញុំគិតថា ការជំរុញមជ្ឈការអំណាច ដូចយើងបានឃើញនៅមុនពេលបោះឆ្នោត និងបន្ទាប់ពីការបោះឆ្នោតនេះ គឺ គ្រាន់តែជាផ្នែកមួយនៃនិន្នាការ ឆ្ពោះទៅកាន់ការក្តោបក្តាប់អំណាចទាំងស្រុង ដែលបានអូសបន្លាយអស់រយៈពេលមួយទសវត្សរ៍មកនេះ។ ហើយខ្ញុំជឿថា មានកត្តាពីរដែលធ្វើឲ្យមានភាពខុសប្លែកគ្នានេះ។
ទីមួយគឺថា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាន់តែមានវ័យចំណាស់ទៅហើយ។ គាត់បានកាន់អំណាចអស់រយៈពេលយូរមកហើយដែរ ហើយគាត់កំពុងតែព្រួយបារម្ភពីកេរ្តិ៍តំណែលរបស់គាត់។ ទីពីរ ឥទ្ធិពលរបស់ចិននៅកម្ពុជា គឺកំពុងតែផ្តល់ជាទម្រមួយសម្រាប់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដោយបង្ហាញថា គាត់អាចពឹងផ្អែកលើការគាំទ្រពីចិន និងមិនចាំបាច់ព្រួយបារម្ភពីសម្ពាធពីគណបក្សប្រឆាំង ឬពីដៃគូអភិវឌ្ឍន៍នានា ដូចជា សហរដ្ឋអាមេរិក អូស្រា្តលី ជប៉ុន និងសហភាពអឺរ៉ុបនោះទេ។
VOA: តើការណ៍នេះផ្តល់ផលវិបាកអ្វីខ្លះទៅលើអភិបាលកិច្ចល្អ និងមជ្ឈការអំណាចនៅកម្ពុជា?
Brian Eyler៖ ខ្ញុំគិតថា មានហេតុផលជាច្រើនដែលគួរឲ្យព្រួយបារម្ភពីអនាគតនៃអភិបាលកិច្ចល្អនៅកម្ពុជា។ ហេតុផលមួយនៅក្នុងចំណោមនោះ គឺគណបក្សប្រឆាំងដែលរឹងមាំមួយ។ ពិតណាស់ គណបក្សសង្រ្គោះជាតិគឺជាកម្លាំងមួយដែលអាចលើកឡើងពីបញ្ហាសំខាន់ៗ ពាក់ព័ន្ធនឹងការរឹបអូសដីធ្លី ទំនប់វារីអគ្គិសនី តំបន់ជួរភ្នំក្រវ៉ាញ និងតំបន់ទន្លេមេគង្គ។ គណបក្សប្រឆាំងរឹងមាំមួយអាចកំណត់វិថីឆ្ពោះទៅមុខបាន។ ដូច្នេះមិនថា ពាក់ព័ន្ធនឹងនយោបាយឬអត់នោះទេ មន្រ្តីនានានៅតាមក្រសួងនៅក្នុងជួររដ្ឋាភិបាលកម្ពុជានឹងយកចិត្តទុកដាក់លើដំណោះស្រាយទាំងនោះ។ ហើយជាថ្មីម្តងទៀត បើមិនមានគណបក្សប្រឆាំងរឹងមាំមួយ «តើនរណានឹងជំរុញកិច្ចសន្ទនាសំខាន់ៗឲ្យទៅមុខ?»
VOA៖ តើផលវិបាកនៃរដ្ឋឯកបក្សមានអ្វីខ្លះ?
Brian Eyler៖ ខ្ញុំគិតថា អ្វីដែលសំខាន់នោះគឺត្រូវគិតពីភាពខុសគ្នានៃអ្វីដែលមាននៅពេលនេះជាមួយនឹងរដ្ឋាភិបាលអាណត្តិមុន។ គណបក្សប្រជាជនកម្ពុជា មិនថា តាមរយៈការបង្កើតរដ្ឋាភិបាលចម្រុះ ឬតាមរយៈការឈ្នះដាច់ពីការបោះឆ្នោតនោះទេ គឺតែងតែរកបានអាសនៈភាគច្រើននៅក្នុងសភា។ ដូច្នេះ គណបក្សនេះអាចជំរុញគោលនយោបាយរបស់ខ្លួនឲ្យទៅមុខសម្រាប់ផលប្រយោជន៍របស់ខ្លួន។ ពិតណាស់ នឹងមិនមានការផ្លាស់ប្តូរច្រើនទេ។ ខ្ញុំគិតថា អ្វីដែលកំពុងតែបង្ហាញកាន់តែច្បាស់ និងអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ការពិភាក្សានៅក្នុងជួរគណបក្សប្រជាជនកម្ពុជាផ្ទាល់។ យើងមិនអាចស្រមៃថា គណបក្សប្រជាជនកម្ពុជា ឬសមាជិកគណបក្សនេះគិតដូចគ្នានោះទេ។ ដូចនេះ តើនឹងមានការប្រេះស្រាំនៅក្នុងជួរបក្សឬទេ? អ្វីៗទាំងអស់នេះនឹងត្រូវបង្ហាញតាមរយៈការទទួលបានអាសនៈទាំងអស់នៅក្នុងសភានៃគណបក្សនេះ។
VOA៖ ឥឡូវនេះចិនបានក្លាយជាម្ចាស់ជំនួយដ៏ធំជាងគេបង្អស់មួយសម្រាប់កម្ពុជា។ ដូច្នេះ តើលោកគិតថា រដ្ឋាភិបាលកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ដើម្បីគ្រប់គ្រង ឬលើកកម្ពស់អភិបាលកិច្ចរបស់ខ្លួនឬទេ?
Brian Eyler៖ ទេ ខ្ញុំមិនគិតដូចនេះទេ។ ខ្ញុំគិតថា លំហូរវិនិយោគ និងជំនួយពីប្រទេសចិន គឺជាអ្វីមួយដែលខុសពីលំហូរជំនួយអភិវឌ្ឍន៍ពីបណ្តាប្រទេសដទៃទៀត ដែលមានលក្ខខណ្ឌភ្ជាប់មកជាមួយ។ ជំនួយដែលមានភ្ជាប់លក្ខខណ្ឌនោះ គឺផ្តោតទៅលើការលើកកម្ពស់ស្ថានភាពសិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។ អ្វីដែលបានមកពីប្រទេសចិនមិនត្រូវការលក្ខខណ្ឌទាំងនេះទេ។ យើងអាចស្រមៃឃើញថា មួយផ្នែកធំនៃជំនួយពីចិនបានហូរចូលទៅក្នុងកណ្តាប់ដៃក្រុមវរជននៅកម្ពុជា។
នៅពេលដែលការវិនិយោគ និងធនធានពីប្រទេសចិនហូរចូលមក ការវិនិយោគ និងជំនួយទាំងនេះស្ថិតនៅក្នុងបែបផែននៃការអភិវឌ្ឍរបស់ចិន។ ដូច្នេះ អ្វីដែលយើងឃើញកំពុងកើតមានឡើង គឺការអភិវឌ្ឍតាមរបៀបចិននៅកម្ពុជា ហើយការណ៍នេះអាចបង្កការប៉ះពាល់ទៅដល់សេដ្ឋកិច្ច បរិស្ថាន និងប្រជាជន។
VOA៖ មានមតិភាគច្រើនលើកឡើងថា ការវិនិយោគពីប្រទេសចិនបង្កការប៉ះពាល់ដល់សង្គម និងសេដ្ឋកិច្ចកម្ពុជា។ តើលោកមានយោបល់អ្វីខ្លះសម្រាប់ឲ្យរដ្ឋាភិបាលកម្ពុជាដោះស្រាយបញ្ហានេះដែរ?
Brian Eyler៖ សេចក្តីសម្រេចផ្នែកវិនិយោគគួរធ្វើឡើងផ្អែកលើកត្តាអំណោយផលផ្នែកសដ្ឋកិច្ចរបស់កម្ពុជា ដូចជា វិស័យផលិតកម្មដ៏ខ្លាំងក្លាវិញវិស័យកសិកម្មក្រោមបច្ចេកវិទ្យាឆ្លាតវៃ និងវិស័យថាមពលកកើតឡើងវិញ ដែលសមនឹងទទួលបានការវិនិយោគ។ ប៉ុន្តែប្រសិនបើ ការវិនិយោគហូរចេញពីចិននៅក្នុងទម្រង់ជា «លុយកខ្វក់» និងត្រូវបានយកមកលាងនៅកម្ពុជានោះវាជាអ្វីមួយដែលនឹងប៉ះពាល់ទៅដល់ការអភិវឌ្ឍប្រទេសទៅវិញ។
VOA៖ ប៉ុន្តែវាពិតជាលំបាកសម្រាប់រដ្ឋាភិបាលកម្ពុជា។ ឧទាហរណ៍ ប្រសិនបើរដ្ឋាភិបាលចង់យកលុយពីបស្ចិមប្រទេស នៅពេលដែលលុយនោះមានលក្ខខណ្ឌភ្ជាប់មកជាមួយ។ តើលោកគិតថា មានការពិបាកនឹងអភិវឌ្ឍប្រទេសជាមួយនឹងលុយពីបស្ចិមប្រទេសជាងលុយពីប្រទេសចិនឬទេ?
Brian Eyler៖ ខ្ញុំមិនគិតថា នៅពេលដែលចិនវិនិយោគនៅកម្ពុជា ភាគីពាក់ព័ន្ធនៅកម្ពុជាជាអ្នកកំណត់ពីរបៀបវិនិយោគនោះទេ។ ខ្ញុំជឿថា នរណាក៏ដោយដែលវិនិយោគ និងផ្តល់ជាជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ឬការវិនិយោគពីបរទេសផ្ទាល់មកកាន់កម្ពុជា គឺតែងតែមានឥទ្ធិពលពីខាងក្រៅ ដែលកំណត់លក្ខខណ្ឌទៅលើរបៀបនៃការវិនិយោគ មិនថាពីប្រភពណានោះទេ។
VOA៖ លោកបានឭជាច្រើនដងហើយថា កម្ពុជាបាននិយាយថា ចិនជាមិត្តភក្តិដ៏ល្អ ហើយពួកគេទទួលបានលុយពីប្រទេសចិន ហើយប្រទេសចិនមិនបានសុំអ្វីត្រឡប់ទៅវិញទេ។ តើលោកគិតយ៉ាងដូចម្តេចដែរចំពោះរឿងនេះ?
Brian Eyler៖ ខ្ញុំមិនយល់ស្របថា មិនលក្ខខណ្ឌផ្សារភ្ជាប់ទៅនឹងការវិនិយោគរបស់ចិននោះទេ។ ខ្ញុំគិតថា មានការដោះដូរសម្ងាត់ផ្ទៃក្នុងដើម្បីប្រយោជន៍នយោបាយ សម្រាប់ទាំងប្រទេសចិន និងកម្ពុជា។ ការណ៍ដែលប្រទេសចិនជាមិត្តដ៏ល្អសម្រាប់កម្ពុជា អាចជួយឲ្យចិនធ្វើព្យុះភ្លៀងនយោបាយនៅអាស៊ានបាន។ យើងបានឃើញម្តងហើយម្តងទៀត ជាពិសេសនៅក្នុងឆ្នាំ ២០១១ នៅពេលដែលអាស៊ានខកខាននៅក្នុងការចេញសេចក្តីថ្លែងការណ៍រួមពាក់ព័ន្ធនឹងតំបន់សមុទ្រចិនខាងត្បូង ហើយកម្ពុជាគឺជាអ្នកបង្កបញ្ហានេះឡើងក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននៅពេលនោះ។ យើងសង្កេតឃើញមានផលប៉ះពាល់ដែលបណ្តាលមកពីតម្រូវការក្នុងការទទួលបានអគ្គិសនីប្រើប្រាស់ទូទាំងប្រទេស និងតម្លៃអគ្គិសនីថោក ដែលរដ្ឋាភិបាលកម្ពុជាបានស្នើឲ្យចិនសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម ២។
ការផ្តល់ឱកាសឲ្យចិនវិនិយោគលើវិស័យដទៃទៀត ដូច្នេះគម្រោងទំនប់វារីអគ្គីសនីសេសានក្រោម២នេះ អាចបំពេញតម្រូវការនយោបាយរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បាន។ ជាថ្នូរនឹងការដោះដូរ រដ្ឋាភិបាលកម្ពុជាបានបើកឱកាសឲ្យមានការវិនិយោគលើវិស័យអចលនទ្រព្យ ហើយលំហូរវិនិយោគជាច្រើនបានហូរចូលក្នុងប្រទេសកម្ពុជា។ ដូច្នេះ យើងកំពុងតែពិនិត្យមើលការដោះដូរធនធានសម្រាប់ផលប្រយោជន៍ផ្សេងៗ។ ហើយការដោះដូរទាំងនោះធ្វើឡើងជាសម្ងាត់។
VOA៖ តើលោកយល់ថា នៅក្នុងរយៈពេលវែង នេះជាអ្វីដែលល្អសម្រាប់សេដ្ឋកិច្ចកម្ពុជាដែរឬទេ?
Brian Eyler៖ តាមពិតទៅ វាអាស្រ័យលើថា តើគម្រោងទំនប់វារីអគ្គីសនីនេះបានធ្វើឡើងនៅកន្លែងណា និងថាតើគម្រោងទាំងនោះនឹងមានសារៈប្រយោជន៍អ្វីដល់សេដ្ឋកិច្ចកម្ពុជា។ ទីតាំងនៃគម្រោងទំនប់វារីអគ្គិសនីនៅកម្ពុជា គួរតែត្រូវបានគិតគូរឲ្យបានម៉ត់ចត់ ដោយសារតែទីតាំងរបស់គម្រោងទាំងនោះស្ថិតនៅជិតទន្លេសាប និងតំបន់លិចទឹករបស់ទន្លេមេគង្គ។ ការដាក់ទីតាំងទំនប់វារីអគ្គិសនីខុសអាចបំផ្លាញតម្រូវការស្បៀងអាហារមូលដ្ឋានរបស់ប្រជាជនកម្ពុជា ពីព្រោះត្រីជាងបីសែនតោនត្រូវបាននេសាទចេញពីទន្លេសាបជារៀងរាល់ឆ្នាំ។ ត្រីទាំងអស់នោះគឺត្រូវយកទៅបរិភោគទាំងស្រុង ហើយរួមចំណែកប្រហែល ៦០ ទៅ៧០ភាគរយនៃប្រូតេអ៊ីន ដែលប្រជាជនខ្មែរទទួលទាន។ ហើយសារជាថ្មី ប្រសិនបើគម្រោងថាមពល មិនថាជារោងចក្រធ្យូង ឬទំនប់វារីអគ្គិសនី ឬរោងចក្រផលិតថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យ ឬរោងចក្រផលិតថាមពលអគ្គិសនីពីខ្យល់ មានការសិក្សាត្រឹមត្រូវ និងមានការពិចារណាច្បាស់លាស់អំពីផលប៉ះពាល់បរិស្ថានប្រាកដណាស់នេះនឹងជួយដល់ការអភិវឌ្ឍរបស់កម្ពុជា។
VOA៖ ប៉ុន្តែបញ្ហាគឺថា តម្លៃអគ្គិសនីមានខ្ពស់នៅកម្ពុជា បើប្រៀបជាមួយនឹងប្រទេសជិតខាង។ ដូច្នេះប្រសិនបើយើងមិនមានគម្រោងទំនប់វារីអគ្គិសនីនោះទេ តើកម្ពុជានឹងបង្កើនផលិតភាពរបស់ខ្លួនយ៉ាងដូចម្តេច?
Brian Eyler៖ ជាដំបូង កម្ពុជាខ្វះខាតប្រព័ន្ធចែកចាយអគ្គិសនី ដែលត្រូវមានទូទាំងប្រទេស។ នេះជាហេតុផលមួយដែលធ្វើឲ្យថ្លៃអគ្គិសនីខ្ពស់។ ហើយបើយើងមើលទៅលើទំនប់វារីអគ្គិសនីសេសានក្រោម ២ ទំនប់វារីអគ្គិសនីនោះស្ថិតនៅចម្ងាយប្រមាណ ២៥០ ទៅ៣០០ គីឡូម៉ែត្រពីក្រុងភ្នំពេញ។ នេះជាចម្ងាយឆ្ងាយគួរសម។ ថាមពលពីទំនប់វារីអគ្គិសនីនេះត្រូវផ្គង់ផ្គង់មកក្រុងភ្នំពេញ។ ប៉ុន្តែនៅពេលដែលមានការភ្ជាប់អគ្គិសនីមក មិនមានផលប៉ះពាល់ណាមួយទៅលើថ្លៃអគ្គិសនីនៅក្រុងភ្នំពេញទេ។ ដូច្នេះ ពិតណាស់ គឺត្រូវការផលិតថាមពលអគ្គិសនីបន្ថែម។ ហើយថាមពលអគ្គិសនីផលិតចេញនោះមិនមែនត្រឹមតែតាមរយៈវារីអគ្គិសនីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈទម្រង់ផលិតកម្មដទៃទៀតផងដែរ គឺយើងត្រូវពិចារណាលើការលាយបញ្ចូលគ្នារវាងប្រភពផលិតថាមពលអគ្គិសនីផ្សេងៗ។ វាមានសារៈសំខាន់នៅក្នុងការពិចារណាទៅលើទម្រង់បច្ចេកវិទ្យាថាមពលផលិតឡើងវិញដូចជា ថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ ថាមពលជីវប្រេងឥន្ធនៈ និងថាមពលជីវឧស្ម័ន ដែលអាចជួយបន្ទាបតម្លៃអគ្គិសនីបាន។
VOA៖ ប៉ុន្តែបញ្ហាគឺថា ថាមពលកើតឡើងវិញគឺនៅមានតម្លៃថ្លៃ។ ភាគច្រើន រដ្ឋាភិបាលកម្ពុជានិយាយថា ពួកគេមិនមានថវិកា ដើម្បីអនុវត្តកម្មវិធីអភិវឌ្ឍន៍ទេ។ ដូច្នេះ តើថវិកានោះនឹងមកពីណា?
Brian Eyler៖ ថវិកានោះគួរមកពីការវិនិយោគលក្ខណៈឯកជន និងត្រូវអនុវត្តជាកាលានុវត្តភាពពាណិជ្ជកម្ម ដោយអ្នកវិនិយោគឯកជន។ រដ្ឋាភិបាលកម្ពុជាអាចវិនិយោគលើផ្នែកស្ថាបត្យកម្មហេដ្ឋារចនាសម្ព័ន្ធ ដែលនឹងមានការជំរុញការវិនិយោគឲ្យទៅមុខ។ ពិតណាស់ រដ្ឋាភិបាលកំពុងបោះជំហានតាមទិសដៅនេះហើយ។ ដូចដែលយើងបានឃើញនៅក្នុងខែមេសា ប្រកាសថ្មីរបស់រដ្ឋាភិបាលបង្ហាញឲ្យឃើញពីការវិនិយោគលើថាមពលពន្លឺព្រះអាទិត្យ ហើយគម្រោងផលិតថាមពលពីពន្លឺព្រះអាទិត្យបន្ថែមទៀត កំពុងតែបង្កើតឡើង និងត្រូវបានចាត់ទុកជាការអភិវឌ្ឍនាពេលអនាគតនៅកម្ពុជា។ យើងកំពុងនិយាយអំពីតម្លៃគម្រោងទំនប់វារីអគ្គិសនី តម្លៃធ្យូង និងតម្លៃថាមពលពន្លឺព្រះអាទិត្យនៅឆ្នាំ ២០១៨។ យ៉ាងណាក្តី យើងត្រូវគិតបន្តទៅមុខទៀតនៅចន្លោះប្រាំឆ្នាំទៅ ១០ឆ្នាំខាងមុខដោយគិតថា តើតម្លៃថាមពលទាំងអស់នេះនឹងទៅជាយ៉ាងដូចម្តេច និងគិតអំពីការបង្កើតថាមពលចម្រុះមួយ ដោយផ្អែកលើតម្លៃទាំងនោះ។
ហើយខ្ញុំអាចភ្នាល់ជាមួយអ្នកថា នៅក្នុងរយៈពេលប្រាំឆ្នាំពីនេះ តម្លៃថាមពលពន្លឺព្រះអាទិត្យនឹងមានលក្ខណៈប្រកួតប្រជែងខ្លាំងប្រៀបនឹងតម្លៃអគ្គិសនីដែលបានពីគម្រោងទំនប់វារីអគ្គិសនី និងស្របពេលដែលបញ្ហាហានិភ័យពាក់ព័ន្ធនឹងទំនប់វារីអគ្គិសនីបានក្លាយជាអ្វីមួយដែលគេដឹងគ្រប់គ្នានៅតំបន់ទន្លេមេគង្គ។ កាលពីពេលមុននេះ នៅក្នុងខែកក្កដា យើងបានឃើញការបាក់ទំនប់នៅឡាវ ដែលបានបង្កឲ្យមានទឹកជំនន់នៅកម្ពុជា។ នេះបង្ហាញជាសញ្ញាច្បាស់មួយទៅកាន់រដ្ឋាភិបាលកម្ពុជាថា ទំនប់វារីអគ្គិសនី អាចបង្កជាគ្រោះថ្នាក់បាន គឺមិនត្រឹមតែទំនប់វារីអគ្គិសនីសាងសង់នៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទំនប់វារីអគ្គិសនីដែលសាងសង់នៅឡាវផងដែរ។ ហើយមិនយូរមិនឆាប់ ហានិភ័យដែលផ្សារភ្ជាប់ជាមួយនឹងទំនប់វារីអគ្គិសនីទាំងនោះនឹងត្រូវដាក់បញ្ចូលទៅក្នុងតម្លៃអគ្គិសនី។
VOA៖ តើលោកមានយោបល់អ្វីខ្លះសម្រាប់រដ្ឋាភិបាលថ្មីពាក់ព័ន្ធនឹងការអភិវឌ្ឍលក្ខណៈរួមបញ្ចូល?
Brian Eyler៖ រដ្ឋាភិបាលថ្មីត្រូវរក្សាទំនាក់ទំនងជាមួយនឹងអង្គការសង្គមស៊ីវិល ស្ថាប័នសិក្សាអប់រំនានា និងអ្នកជំនាញអន្តរជាតិពីប្រទេសចិន និងពីបណ្តាប្រទេសដទៃទៀតនៅលើពិភពលោកពាក់ព័ន្ធនឹងតម្រូវការអភិវឌ្ឍរបស់កម្ពុជា។ សហគមន៍នៅតាមដងទន្លេសាបដឹងច្បាស់ជាងគេពីផលប៉ះពាល់លើជីវភាពរស់នៅរបស់ពួកគេ ដែលបណ្តាលមកពីគម្រោងទំនប់វារីអគ្គិសនីនៅតាមដងទន្លេខាងលើ បញ្ហាបម្រែបម្រួលអាកាសធាតុ និងការនេសាទហួសចំណុះ។ ដោយសារតែតំបន់នេះជាមូលដ្ឋានធនធានសំខាន់នៅក្នុងប្រទេស រដ្ឋាភិបាលថ្មីត្រូវយកចិត្តទុកដាក់ និងធ្វើការជិតដិតជាមួយនឹងសហគមន៍ទាំងនោះ។
អ្នកអាចសម្រេចការងារនេះបានតាមរយៈការធ្វើការយ៉ាងសកម្មជាមួយនឹងអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍។ ដូច្នេះ ដោយសារតែបណ្តាញទំនាក់ទំនងត្រូវបានកាត់ផ្តាច់ ឬបន្ថយនៅមុនការបោះឆ្នោតខែកក្កដាកន្លងទៅនេះ ទំនាក់ទំនងទាំងនេះត្រូវតែបង្កើតឡើងវិញ និងពង្រីកបន្ថែមដើម្បីជំរុញការអភិវឌ្ឍទៅមុខប្រកបដោយចីរភាព៕