ចិនបានផ្តល់សញ្ញាថា ខ្លួននឹងកែប្រែគម្រោងខ្សែក្រវ៉ាត់ និងផ្លូវដ៏ធំរបស់ខ្លួនឬ (BRI)ដើម្បីដោះស្រាយការរិះគន់អំពីការខ្វះតម្លាភាព ភាពគ្រោះថ្នាក់ខាងបរិស្ថាន និងបំណុលនៅក្នុងការផ្តល់ហិរញ្ញវត្ថុសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធនេះ។
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ដែលបានថ្លែងនៅឯវេទិការខ្សែក្រវ៉ាត់និងផ្លូវលើកទី២ក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃសុក្រ បានធ្វើការបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលរបស់លោកបានដឹងពីការរិះគន់យ៉ាងខ្លាំងដែលបានធ្វើឡើងដោយប្រទេសអភិវឌ្ឍន៍ និងការត្អូញត្អែរមកពីដៃគូអាស៊ីស្តីពីគម្រោងខ្សែក្រវ៉ាត់និងផ្លូវដ៏ធំរបស់ខ្លួនឬ(BRI)ដែលត្រួតត្រាដោយចិន។ វេទិការនេះដំណើរការរហូតដល់ថ្ងៃសៅរ៍។
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និយាយថា៖ «អ្វីៗទាំងអស់ត្រូវតែធ្វើឡើងក្នុងរបៀបតម្លាភាព ហើយយើងមិនត្រូវអត់ឱនឲ្យទាល់តែសោះចំពោះអំពើពុករលួយ»។រដ្ឋាភិបាលរបស់លោកឥឡូវនេះនឹងស្នើផ្តល់គម្រោង «គម្រោងការងារបំណុលប្រកបដោយចីរភាព» ដើម្បីលើកទឹកចិត្តឲ្យអនុវត្តទៅតាមបទដ្ឋានអន្តរជាតិក្នុងការផ្តល់កិច្ចសន្យាហេដ្ឋារចនាសម្ព័ន្ធ។
ខុសពីសុន្ទរកថាមុនៗរបស់លោកនៅឯវេទិការក្នុងឆ្នាំ២០១៧ និងក្នុងសន្និសីទអន្តរជាតិជាច្រើន ប្រធានាធិបតី ស៊ី មិនបានលាតត្រដាងទស្សនៈសាកលនូវអ្វីដែលផែនការខ្សែក្រវ៉ាត់និងផ្លូវ អាចធ្វើដើម្បីភ្ជាប់ប្រទេសនិងទ្វីបនោះទេ។ តែផ្ទុយទៅវិញ លោកបានផ្តោតលើចម្លើយនៃការរិះគន់អំពីអំពើពុករលួយ និងការត្រួតត្រារបស់ក្រុមហ៊ុនចិននៅក្នុងគម្រោងផ្លូវខ្សែក្រវ៉ាត់និងផ្លូវដ៏ធំរបស់ខ្លួនឬ (BRI) ទាំងនោះ។
ប្រធានាធិបតី ស៊ី បានអញ្ជើញដៃគូបរទេស និងផ្នែកឯកជនឲ្យរួមវិភាគទានថវិកាដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដោយចិន។ សំណើនេះខុសគ្នាពីសំណើកាលពីដំបូងរបស់លោកដែលផ្តល់ហិរញ្ញវត្ថុដល់គម្រោងទាំងនេះមកពីធនាគារ និងទីភ្នាក់ងាររបស់ចិន៕