ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​សរសើរ​គម្រោង​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម​ចិន​មុន​ពេល​ចេញ​ទៅ​ប៉េកាំង


នាយករដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន សែន​ (ឆ្វេង) ចាប់ដៃជាមួយ​នាយករដ្ឋមន្រ្តី​ចិនស៊ី ជិនពីងមុននឹង​ជួបប្រជុំ​ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេ​សចិនកាលពី​ថ្ងៃទី០៧ វិច្ឆិកា ឆ្នាំ២០១៤។
នាយករដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន សែន​ (ឆ្វេង) ចាប់ដៃជាមួយ​នាយករដ្ឋមន្រ្តី​ចិនស៊ី ជិនពីងមុននឹង​ជួបប្រជុំ​ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេ​សចិនកាលពី​ថ្ងៃទី០៧ វិច្ឆិកា ឆ្នាំ២០១៤។

របាយការណ៍​ថ្មី​មួយ​បាន​បង្ហាញ​ថា​ គម្រោង​ BRI នេះ​ បង្កប់​មហិច្ឆតា​នយោបាយ​ភូមិសាស្ត្រ​របស់​ចិន​ ហើយ​វា​នឹង​បង្ក​ហានិភ័យ​​ជាច្រើន​ ដូច​ជា ការ​ធ្វើ​ឲ្យ​បាត់បង់​ផ្នែក​ខ្លះ​នៃ​អធិបតេយ្យ​ជាតិ។​

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះនាយករដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន សែន​ ដែល​ឈ្នះ​ការ​បោះឆ្នោត​ជាតិ​ចុង​ក្រោយ​ដោយ​គ្មាន​គណបក្ស​ប្រឆាំង​ បាន​ចាកចេញ​ពី​រាជធានីភ្នំពេញ​ដើម្បី​ចូលរួម​វេទិកា​លើក​ទី​ពីរ​ស្តី​ពី​គម្រោង​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្មរបស់​ចិន​ (BRI)​ និង​កិច្ចប្រជុំ​ផ្សេងៗ​ទៀត​ ដែល​នឹង​ធ្វើ​ឡើង​រយៈ​ពេល​៥​ថ្ងៃ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។

​មុន​ពេល​ចេញ​ដំណើរ​ទៅ​កាន់​ទី​ក្រុង​ប៉េកាំង​ លោក​ ហ៊ុន សែន​ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​របស់​រដ្ឋ​ចិន​ Xinhua​ ​ថា​ គម្រោង​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម​របស់​ចិន​ បាន​បង្កើត​សក្តានុពល​ និង​ឱកាស​ដ៏​ធំ​សម្បើម​សម្រាប់​ពង្រីក​ និង​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​អន្តរជាតិ​ និង​តំបន់​ ហើយ​គម្រោង​ដដែល​នេះ​ ​ត្រូវ​បាន​ចាត់​ទុកថា ​ជា​ក្បាល​ម៉ាស៊ីន​ថ្មីនៃ​កំណើន​សេដ្ឋកិច្ច​សាកល។

ក៏​ប៉ុន្តែ​មាន​ការផ្តល់​ទស្សនៈ​មួយ​ចំនួន​ពីក្រុម​មន្ត្រី​សង្គមស៊ីវិល​ និង​ការ​សិក្សា​ស្រាវជ្រាវ​មួយ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវកិច្ច​ការ​សន្តិសុខ​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ (Center for New American Security) ដែល​បាន​ពណ៌នា​និង​ពន្យល់​ថា​ គម្រោង​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម​របស់​ចិន​ បាន​ហុច​ប្រយោជន៍​ដល់​ប្រទេស​ចិន​ច្រើន​ជាង​ប្រទេស​ផ្សេង​ទៀត​ដែល​ចូលរួម​ក្នុង​គម្រោង​នេះ​ ហើយ​គម្រោង​ដដែល​នេះ​ ក៏​ជា​ប្រភព​នៃ​បញ្ហា​ជា​ច្រើន​ដែរ។

ផ្លូវធ្វើដំណើរពីស្រុកវាលវែងទៅទីរួមខេត្តពោធិ៍សាត់ ដែលត្រូវបានស្ថាបនា ដោយចិន (ស៊ុន ណារិន/VOA)
ផ្លូវធ្វើដំណើរពីស្រុកវាលវែងទៅទីរួមខេត្តពោធិ៍សាត់ ដែលត្រូវបានស្ថាបនា ដោយចិន (ស៊ុន ណារិន/VOA)

ក្នុង​បទសម្ភាសន៍​ជាមួយ​បណ្តាញ​ព័ត៌មាន​រដ្ឋ​ចិន​ Xinhua​ ​ទាក់ទង​នឹង​វេទិកា​ខ្សែក្រវាត់​និង​ផ្លូវ​លើក​ទីពីរ​ លោក​ ​ហ៊ុន សែន​ បាន​លើក​ឡើង​ថា​ វេទិកា​នេះ​នឹង​ជា​ឱកាស​ល្អ​មួយ​សម្រា​ប់​មេដឹកនាំ​របស់​ប្រទេស​ដែល​ចូលរួម​ផ្លាស់ប្តូរ​ទស្សនៈ ​និង​ពិភាក្សា​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ និង​បញ្ហា​ពហុភាគី​ជា​ច្រើន​ទៀត។

លោក ​ហ៊ុន សែន​ ត្រូវ​បាន​ស្រង់​ប្រសាសន៍​តាម​ន័យ​ដើម​ថា៖​

​«វា​នឹង​ជា​ឱកាស​សំខាន់​មួយ​សម្រាប់ប្រទេស​ចូលរួម​គម្រោង​ BRI ទាំង​អស់​ ដើម្បី​ធ្វើ​សហប្រតិបត្តិការ​ក្នុង​ភាព​ជា​ដៃគូ​ដើម្បី​សន្តិភាព​ វិបុលភាព​ ​និង​ការ​អភិវឌ្ឍ​ដែល​មាន​ចីរភាព​សម្រាប់​គ្រប់ៗ​គ្នា»។

លោក​ត្រូវ​បាន​ស្រង់​ប្រសាសន៍​បន្ថែម​ថា​ វេទិកា​ដដែល​នឹង​ជំរុញ​ប្រទេស​ដែល​ចូលរួម​ទាំង​អស់​ឲ្យ​បន្ត​ធ្វើ​អ្វី​ដែល​បាន​ធ្វើ​កន្លង​មក​ ដើម្បី​បង្កើន​ការ​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ ជំរុញ​ការ​អភិវឌ្ឍ​ដែល​មាន​ស្ថិរភាព​ និង​ពង្រឹង​កិច្ច​សហប្រតិបតិ្តការ​ ហើយ​ជំរុញ​ការ​ផ្លាស់​ប្តូរ​គ្នា​ទៅ​វិញ​ទៅ​មក។

លោក​ ហ៊ុន សែន​ បាន​ប្រកាស​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា​ លោក​នឹង​ចែក​រំលែក​ទស្សនៈ​វិស័យ​លើ​មូលបទ​«ការ​ជំរុញ​ការ​តភ្ជាប់​ ដើម្បី​ស្វែង​រក​ធនធាន​ថ្មី​សម្រាប់​ការ​រីក​ចម្រើន»។

ក្នុង​ដំណើរ​ទស្សនៈកិច្ច​នៅ​ប្រទេស​ចិនចាប់​ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃ​ទី​២៩​ខែមេសា​នេះ ​លោក​ ហ៊ុន សែន​ ក៏​គ្រោង​នឹង​ជួប​មេដឹកនាំ​សំខាន់ៗ​របស់​រដ្ឋាភិបាល​កុម្មុយនីស្ត​ចិន​ប៉េកាំង​ផងដែរ ​ដែល​រួម​មាន​លោក​ប្រធានាធិបតីស៊ី ជីនពីង​ (Xi Jinping) លោក​នាយករដ្ឋមន្ត្រី ​លី ខឺឈាង​ (Li Keqiang) និង​លោក ​វ៉ាង ហ៊ុននីង​ (Wang Huning) សមាជិក​ការិយាល័យ​នយោបាយ និង​ជា​លេខា​នៃ​លេខាធិការដ្ឋាន​បក្ស​កុម្មុយនីស្ត​ចិន។

គ្រា​លោក ​ហ៊ុន សែន​ បាន​បង្ហាញ​ការ​ឱប​ក្រសោប​គម្រោង​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្មរបស់​ចិន​នោះ​ មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​បាន​មើល​ឃើញ​បញ្ហា​ប្រឈម​ជាច្រើន​ដែល​គម្រោង​នេះ​ បាន​បង្ក​ឡើង​មក​លើ​ប្រទេស​កម្ពុជា​ ដែល​មាន​ការ​ទាក់ទង​នឹង​បញ្ហា​តម្លាភាព​ ការ​ទទួល​ខុស​ត្រូវ​ខាង​បរិស្ថាន​ និង​សង្គម​ ក៏​ដូច​ជា​វិសមភាព​នៃ​ការ​ផ្តល់​ឱកាស​វិនិយោគ​ដល់​វិនិយោគិន​ ដែល​មិន​ចេញ​មក​ពី​ប្រទេស​ចិន។

លោក​ ឃុន ថារ៉ូ​ មន្ត្រី​សម្របសម្រួល​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​ ​អង្គការ​សង់ត្រាល់​ ​(Central) ប្រាប់​ VOA ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ រដ្ឋាភិបាល​កម្ពុជា​មិន​អាច​ផ្តេកផ្តួល​ទាំង​ស្រុង​ទៅ​លើ​ការ​វិនិយោគ​ហេដ្ឋារចនាសម្ត័ន្ធ​របស់​ចិន​ក្រោម​គម្រោងBRI ​នេះ ដោយ​បដិសេធ​ចោល​ឱកាស​ដល់​អ្នក​វិនិយោគ​មក​ពី​ប្រទេស​ផ្សេង​ទៀត​នោះ​ឡើយ។

លោកយល់​ថា​ រដ្ឋាភិបាល​គួរ​ផ្តល់​ឱកាស​ឲ្យ​មាន​ការ​ដេញ​ថ្លៃ​ឈរ​លើ​គោលការណ៍​ស្មើ​ភាព​ ដើម្បី​ទទួល​បាន​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ហើយ​ថា​ ការ​ឲ្យ​ឱកាស​ទៅ​តែ​ភាគី​ចិន​ អាច​នាំ​ឲ្យ​កម្ពុជា​ប្រឈម​នឹង​ផលវិបាក​ជាច្រើន​ ពាក់​ព័ន្ធ​នឹង​ការ​ខ្វះ​តម្លាភាព​ និង​ការ​ទទួល​ខុស​ត្រូវ​ខាង​សង្គម។​

លោក​បាន​បង្ហាញ​ការ​បារម្ភ​ចំពោះ​ការ​ចាត់​ចែង​ប្រាក់​កម្ចី​របស់​ចិន​ ដែល​គេដឹង​យ៉ាង​ទូលំទូលាយ​ថា​ មិន​មាន​ភ្ជាប់​លក្ខខណ្ឌ​សាំញ៉ាំ​ច្រើន​ ដែល​មាន​ទំនាក់ទំនង​និង​ការ​គោរព​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ជា​មូលដ្ឋាន​ផ្សេង​ទៀត។

លោក​ ឃុន ថារ៉ូ​ មាន​ប្រសាសន៍​ថា៖​

«លុយ​ដែល​យើង​ជា​អ្នក​ខ្ចី​មក​ពី​គេ​ មិន​ថា ​ជា​សម្បទាន​ សំណង​ ឬ​ក៏​ការ​ប្រាក់​ទេ​ វា​អាស្រ័យ​ទៅ​លើ​ថា​ តើ​រាជរដ្ឋាភិបាល​ហ្នឹង​គាត់​ផ្តល់​ឱកាស ឬ​ក៏​គាត់​អាច​ធានា​ថា​ កិច្ច​ព្រមព្រៀង​នៅ​ក្នុង​ការ​កម្ចី​លុយ​ មក​ធ្វើ​ការ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​ហ្នឹង​ តើ​វា​មាន​តម្លាភាព?​ វា​មាន​គណនេយ្យភាព ហើយ​តើ​វា​នឹង​អាច​ធានា​ទេ​ថា ​នឹង​មិន​មាន​នូវ​អំពើ​ពុក​រលួយ​ នៅ​ក្នុង​ការ​អនុវត្ត​នូវ​គម្រោង​របស់​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការ​កសាង​ផ្លូវ​ហ្នឹង?»។​

លោក​បាន​បន្ថែម​ថា​ តាម​បទពិសោធន៍​កន្លង​មក​ចិន​មិន​សូវ​ខ្វល់​ពី​គុណភាព​នៃ​ការ​អភិវឌ្ឍ​គម្រោងរបស់​ខ្លួន​ ហើយ​គម្រោង​ខ្លះ​ក៏​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នៅ​សហគមន៍​ដែល​ស្ថិត​ក្នុង​ទីតាំង​អភិវឌ្ឍន៍​គម្រោង​របស់​ចិន។​

លោក​លើកឡើង​បន្ត​ថា៖​

«ជា​បទពិសោធន៍​កន្លង​មក​ យើង​ឃើញ​ថា​ រាជរដ្ឋាភិបាល​មាន​បញ្ហា​មួយ​ចំនួន​ដែល​ក្រុមហ៊ុន​ចិន​ មិន​បាន​អនុវត្ត​ទៅ​តាម​ ការ​កសាង​ទៅតាមស្តង់ដា​ គុណភាព​ ក៏​ដូច​ជា​ ការ​គោរព​នូវ​ក្របខ័ណ្ឌ​ ក្របខណ្ឌ​ environment នែ៎​បរិស្ថាន​ ហើយ​មិន​មានការ​ធានា​ការ​អនុវត្ត​នូវ​ស្តង់ដា​ និងលក្ខខណ្ឌ​ការ​ងារ​ ជាពិសេស​ហ្នឹង​ គឺនៅក្នុងការ​ទំនួល​ខុសត្រូវ​សង្គម​ ផលប៉ះពាល់​នូវ​កត្តា​សង្គម​ បរិស្ថាន ​ដែល​ក្រុមហ៊ុន​ចិន​ភាគច្រើន​ហ្នឹង នៅ​ពេល​ដែល​មាន​ការ​អភិវឌ្ឍ​ហ្នឹង​ច្រើន​តែ​មាន​នូវ​បញ្ហា​ផល​ប៉ះពាល់​ទៅ​ដល់​សហគមន៍​ ឬ​ក៏​ប្រជាពលរដ្ឋ​ ដែល​ស្ថិត​នៅ​ក្រោម​ការ​អនុវត្ត​គម្រោង​របស់​ចិន​ហ្នឹង»។

យោង​តាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​កិច្ចការ​សន្តិសុខ​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ ​ដែល​មាន​ចំណង​ជើង​ថា​ Grading China's Belt and Road ​ឬ​ «ការ​ឲ្យ​ពិន្ទុ​លើ​ខ្សែ​ក្រវាត់​និង​ផ្លូវ​របស់​ចិន»​ ដែល​ចេញ​ផ្សាយ​កាល​ពី​ដើម​ខែ​មេសា​នេះ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ គម្រោង​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្មរបស់​ចិន​ បាន​បង្ក​បញ្ហា​ប្រឈម​ចំនួន​ប្រាំពីរ​យ៉ាង។

របាយការណ៍​បាន​សង្កត់​ធ្ងន់​ទៀត​ថា​ គម្រោង​នេះ​ គឺ​ជា​គំនិត​ផ្តួចផ្តើម​របស់​ចិន​ ដើម្បី​បំពេញ​មហិច្ឆតា​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន​ ច្រើន​ជាង​ការ​បង្កើន​តំណភ្ជាប់នៃ​សកម្មភាព​ពាណិជ្ជកម្ម។

នៅ​ត្រង់​សេចក្តី​សង្ខេប​នៃ​របាយការណ៍​ខ្លួន​ មជ្ឈមណ្ឌល​ស្រាវជ្រាវ​កិច្ចការ​សន្តិសុខ​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ បាន​សរសេរ​ថា​ ចាប់​តាំង​ពី​ការ​ប្រកាស​ចាប់ផ្តើម​ដំណើរការ​នៃ​គម្រោង​ដែល​ចិន​ហៅ​ថា​ «ខ្សែ​ក្រវាត់​មួយ ផ្លូវមួយ»​ របស់​ខ្លួន​នោះ​មក​ គម្រោង​នេះ​បាន​លេច​ឡើង​ជា​ សសរស្តម្ភ​នៃ​ការ​ចាត់ចែង​ខាង​សេដ្ឋកិច្ច​របស់​ទីក្រុង​ប៉េកាំង។

ក្រុម​អ្នក​និពន្ធ​នៃ​របាយការណ៍​នេះ​ បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ស្ថិត​ក្រោម​ឆ័ត្រ​នៃខ្សែក្រវាត់​ និង​ផ្លូវ​នេះ ទីក្រុង​ប៉េកាំង​ កំពុង​ស្វះ​ស្វែង​ជំរុញ​ឲ្យ​មាន​ពិភពលោកមួយ​ដែល​មាន​ការ​តភ្ជាប់​កាន់​តែ​ច្រើន​ឡើង​ ហើយ​បាន​នាំ​មក​នូវ​បណ្តុំ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ និង​រូបវ័ន្ត​ ដែល​ផ្តល់​ហិរញ្ញប្បទាន​ដោយ​ចិន។ សេចក្តី​ត្រូវ​ការ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​អាស៊ី​ និង​ហួស​ពី​ទី​កន្លែង​នេះ គឺ​មាន​សារៈសំខាន់​ តែ​គម្រោង​ខ្សែក្រវាត់​ និង​ផ្លូវ​ គឺ​ជា​អ្វី​ដែល​លើស​ពី​គំនិត​ផ្តួចផ្តើមសេដ្ឋកិច្ច​មួយ​ ពោល​គឺ​វា​ជា​ឧបករណ៍​ស្នូល​ដើម្បី​ពន្លឿន​មហិច្ឆតា​ភូមិសាស្ត្រ​នយោបាយ​របស់​ចិន»។

ក្រុម​អ្នក​និពន្ធ​នៃ​របាយការណ៍​នេះ​ បាន​រក​ឃើញ​បញ្ហា​ប្រឈម​ចំនួន​ប្រាំ​ពីរ​សំខាន់ៗ​ ដែល​នឹង​បណ្តាល​មក​ពី​ការ​ចូលរួម​គម្រោង​ BRI របស់​ចិន​នេះ។ បញ្ហា​ទាំង​ប្រាំពីរ​នោះ​រួម​មាន​ ការ​បាត់បង់​ដោយ​ផ្នែកនៃ​អធិបតេយ្យភាព​ជាតិ កង្វះ​តម្លាភាព​ បន្ទុក​ហិរញ្ញវត្ថុ​ដែល​គ្មាន​ចីរភាព​ ការ​ផ្តាច់​ចេញ​ពី​តម្រូវការ​សេដ្ឋកិច្ច​ក្នុង​ស្រុក​ ហានិភ័យ​ភូមិសាស្ត្រ​នយោបាយ​ ផលប៉ះពាល់​ជា​អវិជ្ជមាន​នានា​លើ​បរិស្ថាន​ ​និង​សក្តានុពល​ខ្លាំងក្លា​នៃ​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ។

យ៉ាង​ណា​ក៏​ដោយ​ នៅ​ក្នុង​ឯកសារ​យុទ្ធសាស្រ្ត​ចតុកោណ​ដំណាក់កាល​ទី​៤ ចុះ​ខែ​កញ្ញា ឆ្នាំ​២០១៨ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ប្តេជ្ញា​ក្នុង​ការ​អនុវត្ត BRI ​ដែល​ត្រូវ​បាន​ប្រកាស​ដោយ​ប្រធានាធិបតី​ចិន លោក​ ស៊ី ជីនពីង​ តាំង​ពី​ឆ្នាំ​២០១៣។

ក្រោម​គម្រោង​ BRI​ នៅ​ក្នុង​វិស័យ​ទេសចរណ៍ កម្ពុជា​ក៏​បាន​បង្កើត​មជ្ឈមណ្ឌល​ទ្រទ្រង់ ហៅ​ថា ​China Ready Center​ កាល​ពី​ឆ្នាំ​២០១៦​ សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា ដើម្បី​ជា​គោលដៅ​ក្នុង​ការ​ទទួល​ភ្ញៀវ​ទេសចរ​ចិន។

រដ្ឋា​ភិបាល​ក្រុង​ប៉េកាំង​បាន​ផ្ដោត​លើ​ហិរញ្ញប្បទាន​សម្រាប់​ការ​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​ តាមរយៈ​គម្រោង​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម​របស់​ចិន​ និង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី ឬ​ ​Asian Infrastructure Investment Bank (AIIB) ដែល​ទាញ​យក​គម្រោង​ពី​បណ្ដា​ស្ថាប័ន​ហិរញ្ញប្បទាន​ពហុភាគី​គាំទ្រ​ចម្បង​ដោយ​អាមេរិក​ដូច​ជា ធនាគារ​ពិភពលោក ​(World Bank) ​និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB)។

​ប្រទេស​ចិន​ចាត់​ទុក​តំបន់​អាស៊ីអាគ្នេយ៍​ថា​ ជា​ទិសដៅ​សំខាន់​ជៀស​មិន​បាន​សម្រាប់​ការ​វិនិយោគ ពីព្រោះ​ឱកាស​វិនិយោគ​ក្នុង​ស្រុក​របស់​ខ្លួន​ចាប់ផ្ដើម​កល់​មិន​សូវ​រីក​លូតលាស់​ទៅ​មុខ​ទៀត។ ការណ៍​នេះ​ត្រូវ​បាន​បង្ហាញ​ដោយ​លំហូរ​ចូល​នៃ​ការ​វិនិយោគ​របស់​ចិន​ទៅ​កាន់​អាស៊ី​អាគ្នេយ៍​ដែល​នៅ​ឆ្នាំ ២០១៥​ ដែល​មាន​ប្រហែល​៥,៣៦​ភាគរយ​នៃ​ចំនួន​វិនិយោគ​បរទេស​សរុប​ក្នុង​តំបន់ ​ប៉ុន្តែ​បាន​កើន​ឡើង​ទៅ​ដល់​ជិត ១០​ ភាគរយ​នៅ​ឆ្នាំ ២០១៦។​ នេះ​បើ​យោង​តាម​ស្ថិតិ​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ឬ​ អាស៊ាន។​

ទោះជា​យ៉ាង​នេះ​ក្តី ប្រទេស​ក្រីក្រ​ជា​ច្រើន​ដែល​បាន​រឹតចំណង​ទាក់ទង​ការ​ទូត​យ៉ាង​ស្អិតល្មួតជាមួយ​ប្រទេស​ចិន​បាន​ទទួល​ប្រាក់​កម្ចី​ចិន​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ ​ហើយ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ដូចជា​ប្រទេស​ស្រីលង្កា​ ដែល​បំណុល​មាន​កាន់​តែ​ច្រើន​ឡើង​នោះ​ ក៏ត្រូវបាន​បង្ខំ​ឲ្យ​ប្រគល់​សិទ្ធិ​កាន់​កាប់​ទ្រព្យ​ហេដ្ឋារចនាសម្ព័ន្ធ​ ដូចជា​កំពង់ផែ​ទៅ​ឲ្យ​ចិន​ ឬ​ក៏​សង​បំណុល​ទាំង​នោះ​ដោយ​បើក​ឲ្យ​ចិន​ចូល​ទាញ​យក​ធនធាន​ធម្មជាតិ​ផ្សេងៗ៕

XS
SM
MD
LG