ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ចិន​​ទទួល​សវនា​ការ​​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ​នរោត្តម​សីហមុនី​


​​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ​នរោត្តម​សីហមុនី​ ជួប​សវនាការ​ជាមួយ​លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន នៅ​វិមាន​ប្រជា​ជន​ចិន ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​១៤ ឧសភា ២០១៩។
​​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ​នរោត្តម​សីហមុនី​ ជួប​សវនាការ​ជាមួយ​លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន នៅ​វិមាន​ប្រជា​ជន​ចិន ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​១៤ ឧសភា ២០១៩។

ប្រធានាធិបតី​ចិន​លោក​ ស៊ី ជីនពីង​ កាលពី​ថ្ងៃ​អង្គារ​បាន​គាល់​​ព្រះ​ករុណា​ព្រះបាទ​បរមនាថ​នរោត្តម​សីហមុនី​ ដែល​ចូល​រួម​សន្និសីទ​កិច្ច​សន្ទនា​នៃ​អារ្យធម៌​អាស៊ី​នៅ​ក្រុង​ប៉េកាំង។ ​

លោក ស៊ី​ បាន​និយាយ​ថា​ ប្រទេស​ចិន​រក្សា​មិត្តភាព​ពិសេស​ជាមួយ​រាជ​វង្សានុ​វង្ស​កម្ពុជា។ ​ចំណង​មិត្តភាព​រវាង​ចិន​និង​កម្ពុជា ​ត្រូវ​បាន​ពង្រឹង​ និង​រក្សា​ដោយ​មេដឹក​នាំ​ចិន​ជំនាន់​មុន​និង​ព្រះ​បរមរតន​កោដ្ឋ​នរោត្តម​សីហនុ​ ​ហើយ​ភាគី​ទាំង​ពីរ​គួរ​តែ​អនុវត្ត​បន្ត​ទៅ​មុខ។​

លោក​ ស៊ី​ បាន​និយាយ​ថា ​ជានិច្ច​កាល​ប្រទេស​ចិន​នឹង​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ដើម្បី​ជ្រើស​រើស​ផ្លូវ​អភិវឌ្ឍន៍​ដែល​សម​ស្រប​ទៅ​នឹង​លក្ខខណ្ឌ​ជាតិ​របស់​ខ្លួន​ និង​ធ្វើ​កិច្ច​ប្រឹង​ប្រែង​រួមគ្នា​ជា​មួយ​កម្ពុជា ​ដើម្បី​ជំរុញ​ភាព​ជាដៃគូ​កិច្ច​សហ​ប្រតិបត្តិការ​ជា​យុទ្ធ​សាស្រ្ត​ដ៏​ទូលំ​ទូលាយ​កម្រិត​ខ្ពស់។

លោក ​ស៊ី បាន​និយាយ​ថា ​ភាគី​ទាំង​ពីរ​គួរ​តែ​អនុវត្ត​គម្រោង​កសាង​សហគមន៍​ដែល​មាន​អនាគត​រួមគ្នា​សម្រាប់​ប្រទេស​កម្ពុជា ​និង​ប្រទេស​ចិន ​ដែល​នឹង​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជាជន​ទាំង​ពីរ​ និង​ធ្វើ​ជា​គម្រូដ៏ល្អ​នៃ​ការ​គោរព​វប្បធម៌​ចម្រុះ និង​ការ​លើក​កម្ពស់​ការ​រៀន​សូត្រ​ទៅ​វិញ​ទៅ​មក ​ក្នុង​ចំណោម​បណ្តា​ប្រទេស​ផ្សេងៗ​គ្នា។​

ដោយ​សម្តែង​នូវ​ការ​កោត​សរសើរ​ចំពោះប្រទេស​ចិន​ដែលគាំទ្រ​រយៈ​ពេល​យូរ​ដល់​ប្រជាជន​កម្ពុជា​ ​ព្រះ​ករុណា​ព្រះ​បាទ​បរមនាថ​ នរោត្តម​ សីហមុនី បាន​មាន​បន្ទូល​ថា កម្ពុជា​សូម​សម្តែង​ការ​អប​អរសាទរ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ចំពោះ​សមិទ្ធ​ផល​ដ៏​ធំធេង​រយៈ​ពេល​៧០ឆ្នាំ​កន្លង​មក។ ​ព្រះ​ករុណាមាន​បន្ទូល​ថា​ ប្រទេស​កម្ពុជា​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​គម្រោង​ខ្សែ​ក្រវ៉ាត់ផ្លូវ​ពាណិជ្ជ​កម្ម​ចិន។​

ព្រះ​ករុណា​បន្ត​ថា ​សន្និសីទ​ស្តីពី​អារ្យធម៌​អាស៊ី​ដែល​ត្រូវ​បាន​ស្នើ​ឡើង​ដោយ​លោក​ ស៊ី​ នឹង​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ការ​ផ្លាស់​ប្តូរ​វប្បធម៌​និង​ការ​យោគ​យល់​គ្នា​ទៅវិញ​ទៅ​មក​រវាង​បណ្តា​ប្រទេស​ផ្សេងៗ។​ សន្និសីទ​នេះ​ធ្វើ​នៅ​ថ្ងៃ​ពុធ​នេះ​នៅ​ទីក្រុង​ប៉េកាំង៕

XS
SM
MD
LG