រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានពិភាក្សាគ្នាអំពីការខ្វែងគំនិតគ្នារវាងប្រទេសមហាអំណាចទាំងពីរនិងអំពីសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែននៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសអាមេរិកនិងក្រសួងការបរទេសចិន។
មន្ត្រីការទូតកំពូលទាំងពីរបានពិភាក្សាគ្នាអំពីភាពចាំបាច់នៅក្នុងការ «គ្រប់គ្រងដោយមានការទទួលខុសត្រូវលើការប្រកួតប្រជែងរវាងប្រទេសទាំងពីរ»។ នេះបើតាមការបញ្ជាក់របស់លោក Blinken នៅលើ Twitter កាលពីថ្ងៃអាទិត្យ។
លោកទាំងពីរក៏បានពិភាក្សាគ្នាផងដែរអំពីតម្រូវការចាំបាច់សម្រាប់រដ្ឋាភិបាលចិននិងរដ្ឋាភិបាលសហរដ្ឋអាមេរិកនៅក្នុងការរក្សាខ្សែទំនាក់ទំនងឱ្យនៅបើកចំហ និងអំពីសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមការលើកឡើងរបស់ក្រសួងការបរទេសអាមេរិក។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា លោក Blinken «បានលើកឡើងអំពីសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន និងអំពីការគំរាមកំហែងដែលសង្គ្រាមនេះបង្កឡើងចំពោះសន្តិសុខនិងស្ថិរភាពសេដ្ឋកិច្ចនៅលើពិភពលោក»។
រដ្ឋាភិបាលចិនបានបញ្ជាក់ថា លោក Wang បានគូសបញ្ជាក់នៅក្នុងការពិភាក្សាគ្នានោះអំពីការដាក់ទណ្ឌកម្មនាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិកលើប្រទេសចិន ដែលទណ្ឌកម្មនោះមានបំណងដាក់កំហិតលើលទ្ធភាពរបស់ចិននៅក្នុងការប្រើប្រាស់បន្ទះអេឡិចត្រូនិក semiconductor ទំនើបបំផុតនៅក្នុងផ្នែកយោធា និងបានអំពាវនាវឱ្យមាន «កិច្ចប្រឹងប្រែងការទូត» ទាក់ទិននឹងរឿងសង្គ្រាមនៅអ៊ុយក្រែន។
ក្រសួងការបរទេសចិនបានបញ្ជាក់ដូច្នេះថា៖ «ភាគីសហរដ្ឋអាមេរិកគួរបញ្ឈប់ការប្រឹងប្រែងរបស់ខ្លួននៅក្នុងការរារាំងនិងគាបសង្កត់ប្រទេសចិន និងមិនត្រូវបង្កើតឧបសគ្គថ្មីបង្អាក់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរឡើយ»។
ក្រសួងនេះបានបន្ថែមថា៖ «លោក Wang Yi បានចង្អុលបង្ហាញថា ការធ្វើឱ្យទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិកត្រឡប់ទៅរកដំណើរដែលមានស្ថិរភាពឡើងវិញគឺមិនត្រឹមតែជាចំណាប់អារម្មណ៍រួមរបស់ប្រទេសចិននិងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរំពឹងទុកជាទូទៅរបស់សហគមន៍អន្តរជាតិផងដែរ»។
ការពិភាក្សាគ្នារវាងលោក Blinken និងលោក Wang នេះបានធ្វើឡើង នៅចំពេលដែលទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំងពីរបានដាំក្បាលចុះក្រោមទាក់ទិននឹងរឿងតៃវ៉ាន់និងបញ្ហាផ្សេងៗទៀត និងជាការពិភាក្សាលើកដំបូងបង្អស់រវាងលោកទាំងពីរតាំងពីពេលដែលលោក Blinken បានព្រមានថាប្រទេសចិនមានផែនការដណ្ដើមគ្រប់គ្រងតៃវ៉ាន់ឱ្យមានលឿន៕