ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទី​ភ្នាក់ងារ​ថាមពល​​បរមាណូ​​អន្តរជាតិ​នឹង​ត្រួត​ពិនិត្យ​​ទីតាំង​២កន្លែង​នៅ​អ៊ុយក្រែន​ ដែល​រុស្ស៊ី​ចោទ​ថា​កំពុង​ផលិត​គ្រាប់បែក​វិទ្យុសកម្ម


ទាហាន​អ៊ុយក្រែន​ប្រើ​រថក្រោះ​ T-80 របស់​រុស្ស៊ី​​ដែល​អ៊ុយក្រែន​ចាប់​បាន នៅ​ជិត​ទី​ក្រុង Bakhmut​ តំបន់ Donetsk កាល​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០២២។
ទាហាន​អ៊ុយក្រែន​ប្រើ​រថក្រោះ​ T-80 របស់​រុស្ស៊ី​​ដែល​អ៊ុយក្រែន​ចាប់​បាន នៅ​ជិត​ទី​ក្រុង Bakhmut​ តំបន់ Donetsk កាល​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០២២។

អគ្គនាយក​ទី​ភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ ​IAEA លោក​ Rafael Grossi បាន​និយាយ​កាល​ពីថ្ងៃ​ព្រហស្បតិ៍​ថា​ ​ក្រុម​អ្នក​ត្រួតពិនិត្យ​អន្តរជាតិរបស់​លោក​ អាចនឹង​ទៅ​ដល់​ទីតាំង​២នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ក្នុងរយៈពេល២ថ្ងៃ​ខាងមុខ ហើយ​នឹង​ចាប់​ផ្តើម​ធ្វើ​ការ​ងារ​នៅ​កន្លែង​ទាំង​ពីរ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ដែល​ត្រូវ​បាន​ប្រទេស​រុស្ស៊ី​ចោទ​ថា​កំពុង​យក​សារធាតុ​នុយក្លេអ៊ែរ​ ដើម្បី​ផលិត​គ្រាប់បែក​ផ្ទុក​សារធាតុ​វិទ្យុសកម្ម នោះ។

លោក​ Grossi បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​បុរី​ New Yorkថា៖​ «ខ្ញុំ​បានពិភាក្សា​គ្នា​យ៉ាង​ទូលំទូលាយជា​មួយ​រដ្ឋមន្ត្រីការបរទេស​អ៊ុយក្រែន​ លោក​ Dmytro Kuleba ជុំវិញ​រឿងនេះ។​ រដ្ឋមន្ត្រីការបរទេស​អ៊ុយក្រែន​រូប​នេះ​ បាន​បញ្ជាក់​ ហើយ​ខ្ញុំយល់​ស្រប​ជា​មួយ​លោក​ ដែល​ថា​ វិធី​ដ៏​ល្អបំផុត​ ដើម្បីជម្រះ​នូវ​ភាព​មន្ទិលសង្ស័យ​នោះ​ គឹ​ត្រូវ​អនុញ្ញាតឱ្យ​អ្នក​ត្រួតពិនិត្យ​ចូល​ទៅមើល​ទីតាំង​នោះ​តែ​ម្តង»។

មន្ត្រី​រុស្ស៊ីបាន​ចោទ​ប្រកាន់​អស់​ពេល​ជា​ច្រើន​ថ្ងៃមក​ហើយ ថា​ប្រទេស​អ៊ុយក្រែន​ កំពុង​រៀប​ចំ​ផែន​ការ​អភិវឌ្ឍន៍​និង​ប្រើប្រាស់នូវ​អ្វី​ដែល​គេ​ហៅ​ថា​ជា​គ្រាប់បែក​ផ្ទុក​សារធាតុ​វិទ្យុសកម្ម» ​នៅ​ក្នុង​ជម្លោះ​ជា​មួយ​ប្រទេស​រុស្ស៊ី។​ ​ប្រទេសអ៊ុយក្រែន​និងនិង​សម្ព័ន្ធមិត្ត​លោក​ខាងលិច​របស់ខ្លួន បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ទាំង​នោះ ហើយ​សង្ស័យ​ថា​រុស្ស៊ី​ប្រឌិត​រឿង​នេះ​ឡើង​ ដើម្បី​ធ្វើ​ជា​លេស​ក្នុង​ការបង្កើន​ភាព​តានតឹងនៅ​ក្នុង​សង្គ្រាមក្នុង​ប្រទេស​អ៊ុយក្រែន​ ហើយ​ដែល​អាច​ជាប្រតិបត្តិការ​ក្លែងក្លាយ​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូផង​ដែរ។

គ្រាប់បែក​វិទ្យុសកម្ម​ ឬ dirty bombs គឹ​ជា​គ្រាប់បែក​ដែល​យកគ្រឿងផ្ទុះ​របស់​អាវុធ​ធម្មតា ទៅ​លាយ​ជាមួយនឹង​សារធាតុ​វិទ្យុសកម្ម ដើម្បីសាប​ព្រួស​សារធាតុ​វិទ្យុសកម្ម​ ដែល​អាចធ្វើ​ឱ្យ​មនុស្ស​ស្លាប់​ជាច្រើននាក់។

លោក Grossi ​និយាយ​ថា​ ក្រុម​មន្ត្រី​ត្រួតពិនិត្យ​នឹង​ធ្វើរបាយការណ៍ ស្តី​ពីការ​រក​ឃើញ​របស់​ខ្លួនក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខ៕ ​

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press ទីភ្នាក់ងារ​ព័ត៌មាន AFP និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

XS
SM
MD
LG