ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្ត្រី​ថៃ​មក​កម្ពុជា​ពិភាក្សា​អំពី​ពាណិជ្ជ​កម្ម ​មិន​និយាយ​រឿង​ប្រាសាទ​ព្រះ​វិហារទេ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

នាយក​រដ្ឋមន្ត្រី​ថៃ​មក​កម្ពុជា​ពិភាក្សា​អំពី​ពាណិជ្ជកម្ម

នាយក​រដ្ឋមន្ត្រី​នៃរបប​យោធា​ថៃ ​លោក​ឧត្តម​សេនីយ៍​ប្រាយុទ្ធ ចាន់​អូចា​ (Prayuth Chan-ocha) ​បាន​ចាប់​ផ្តើម​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​នៅ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ព្រហស្បតិ៍ ​គឺ​ជា​ទស្សនកិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ​ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការផ្នែក​នយោបាយ​ និង​ជំរុញ​ផ្នែក​សេដ្ឋ​កិច្ច។​ នេះ​បើយោង​តាម​ក្រុម​មន្ត្រី​កម្ពុជា។​

នៅ​ក្នុង​ដំណើ​រ​ទស្សនកិច្ច​នេះ​ ប្រទេស​ទាំង​ពីរ​គ្រោង​នឹង​ចុះ​ហត្ថលេខា​លើ​ឯកសារ​ចំនួន​បី ​ដូចជា​ការ​ចុះ​ហត្ថលេខា​លើអនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​ទេសចរណ៍ ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី ​ដើម្បី​លុប​បំបាត់​ការ​ជួញដូរ​មនុស្ស ​និង​ជួយ​ដល់​ជន​រងគ្រោះ​ដោយសារ​ការ​ជួញដូរ ​និងទី​៣​គឺ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្តីពី​ការ​ត​ភ្ជាប់​ផ្លូវ​ដែក។​ ​

លោក​អ៊ាង សុផល្លែត ​ជំនួយ​ការ​លោក​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​ហ៊ុន​ សែន​ បាន​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​ក្រោយ​ពី​ជំនួប​រវាង​លោក​ប្រមុខ​រដ្ឋា​ភិបាល​ខ្មែរ​ជាមួយ​នឹង​លោក​ឧត្តម​សេនីយ៍​ប្រាយុទ្ធ ចាន់​អូចា​ថា​ លោក​នាយក​រដ្ឋមន្ត្រី​របប​យោធាថៃ​បាន​ស្នើ​ឲ្យ​ប្រទេស​កម្ពុជា​បោះ​បង់​ចោល​នូវ​ជម្លោះ​អតីត​កាល​ ហើយ​ចាប់​យក​កិច្ច​សហការ​ផ្នែក​សេដ្ឋ​កិច្ច។​

«ឯក​ឧត្តម​ប្រាយុទ្ធ ចាន់អូចា​បាន​មាន​ប្រសាសន៍​ថា​ ​ប្រទេស​ទាំង​ពីរ​មាន​ប្រវត្តិ​សាស្ត្រ​ជា​យូរ​លង់​ណាស់​មក​ហើយ​ ​ហើយ​គប្បី​ជម្រុះ​ជម្លោះ​កន្លង​មក​ដើម្បី​ធ្វើ​យ៉ាង​ណា​ឈាន​ឆ្ពោះ​ទៅ​រក​កិច្ច​អភិវឌ្ឍ​នៃ​ប្រទេស​យើង​ទាំង​ពីរ។​ ឯក​ឧត្តម​ក៏​បាន​ជំរុញ​ឲ្យ​មាន​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​សេដ្ឋ​កិច្ច ​និង​វិនិយោគ​ផង​ដែរ។​ ការ​បង្កើត​តំបន់​សេដ្ឋ​កិច្ច​ពិសេស​នៅ​តាម​ព្រំដែន​ និង​ការអភិវឌ្ឍនៅតាម​ព្រំដែន»។​

ផ្នែក​តាម​អ្នក​នាំពាក្យ​នៃ​ជំនួប​ដដែល​នេះ​ឲ្យ​ដឹង​ថា​ ថៃ​ត្រៀម​វិនិយោគ​លើ​ផ្សារ​ភាគហ៊ុន​នៅ​កម្ពុជា ​ថៃ​ជំរុញ​កិច្ច​សហការ​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ ​ផ្នែក​ប្រយុទ្ធ​នឹង​ការ​ជួញ​ដូរមនុស្ស​ កិច្ច​សហការ​លើ​សុខាភិបាល ​និង​ជំរុញ​កិច្ច​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ រួម​ទាំង​ស្នើ​សុំ​ឲ្យ​កម្ពុជា​ផ្តល់​ការ​អនុគ្រោះ​ដល់​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​របស់​ថៃ​ចូល​ដឹក​ទំនិញ​ផ្ទាល់​ក្នុងប្រទេស​កម្ពុជា​ពី​ចំនួន​៤០​គ្រឿង​ដល់​ចំនួន​៥០០​គ្រឿង​ក្នុង​មួយ​ថ្ងៃ។

យោង​តាម​លោក​អ៊ាង សុផល្លែត​ឲ្យ​ដឹង​ថា​ ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​ជំរុញ​ឲ្យ​មាន​កិច្ច​សហការ​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​ ឲ្យ​មាន​ការ​ដោះស្រាយ​ជា​បន្ត​បន្ទាប់នូវ​បញ្ហា​រួម​របស់​ប្រទេស​ទាំង​ពីរ​ និង​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋ​កិច្ច​ ការ​ប្រឆាំង​ភេរវ​កម្ម ​ព្រម​ទាំង​កិច្ច​សហការ​ប្រឆាំង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ជាដើម។​

«សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែនមាន​ប្រសាសន៍​ថា ​យើង​គប្បី​ជំរុញ​ការ​ផ្លាស់​ប្តូរ​លើ​វិស័យ​ពាណិជ្ជ​កម្ម និង​សេដ្ឋ​កិច្ច»។​

លោក​ប្រាយុទ្ធ ចាន់​អូចា​បាន​ដឹក​នាំ​រដ្ឋ​ប្រហារ​យោធា​នៅ​ប្រទេស​ថៃ​កាល​ពីខែ​ឧសភា ​ឆ្នាំ​២០១៤​នេះ​ ដោយ​បាន​ទម្លាក់​លោកស្រី​នាយក​រដ្ឋមន្ត្រី​យីងឡាក់ ស៊ីណាវ៉ាត់​ចេញ​ពី​តំណែង។​ ហើយ​លោក​បានឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​កាល​ពី​ខែ​សីហា។

យោង​តាម​សារ​ព័ត៌មាន​នានា​របស់​ប្រទេស​ថៃ​ឲ្យ​ដឹង​ថា​ លោក​នាយក​រដ្ឋមន្ត្រី​នៃ​របប​យោធា​ថៃ​បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​មុន​នឹង​ចាប់​ផ្តើម​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​ថា​ លោក​នឹង​ត្រូវ​ជជែក​ជាមួយ​សមភាគី​កម្ពុជា​របស់​លោក​លើ​វិស័យ​ពាណិជ្ជ​កម្ម ​វិនិយោគ​ ទេសចរណ៍​និង​ការ​កាប់ឈើ​ខុស​ច្បាប់​នៅ​តាម​បណ្តោយ​ព្រំដែន។​ ​ក៏ប៉ុន្តែ​នឹង​មិនមាន​កិច្ច​ពិភាក្សា​ស្តីពី​សំណុំ​រឿង​ចម្រូង​ចម្រាស់​ទាក់ទង​នឹងប្រាសាទ​ព្រះ​វិហារ​នោះ​ទេ។​

ដោយ​ឡែក ​ក្នុងអំឡុង​ពេល​ទស្សនកិច្ច​នេះ​ដែរ​ លោក​ឧត្តម​សេនីយ៍​ថាណៈសាក់ ​ប៉ាទិម៉ា​ប្រាកន ​រដ្ឋ​មន្ត្រី​ការ​បរទេស​ថៃ​ក៏​បាន​ជួប​ពិភាក្សា​ជា​មួយ​សម​ភាគី​កម្ពុជា​គឺ​លោក​ឧប​នាយក​រដ្ឋមន្ត្រី​ហោ ណាំហុង​ផង​ដែរ។​

ប្រមុខ​ការទូត​ទាំង​ពីរក៏​បាន​ផ្តោត​លើ​ការ​ដោះ​ស្រាយ​ជម្លោះ​នៅ​តាម​ព្រំដែន​និង​ការ​បើក​ច្រក​ព្រំដែន​ចំនួន​៤ ​ដូច​ជា​ច្រក​អានសេះ ​ច្រក​ភ្នំ​ដី ​ច្រក​ថ្មដា ​និង​ច្រក​ជប់​គគីរ។

នៅ​ក្នុង​នោះ​ដែរ​ លោកហោ ណាំហុង​ក៏​បាន​ស្នើ​សុំ​ឲ្យ​ប្រទេស​ថៃ​ឈប់​បាញ់​សម្លាប់​ពលរដ្ឋ​កម្ពុជា​ដែល​ឆ្លង​ព្រំដែន​ខុស​ច្បាប់​ទៅ​កាប់​ឈើ​ក្នុង​ទឹកដី​ថៃ។​ ក៏​ប៉ុន្តែ​ប្រមុខ​ការ​ទូត​ខ្មែរ​ស្នើ​ឲ្យ​ប្រទេស​ថៃ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ពួក​គេ​វិញ។​ នេះ​បើ​យោង​តាម​លោក​កុយ គួង ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា។​

សូម​បញ្ជាក់​ថា​ នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​នេះ ​លោក​ឧត្តម​សេនីយ៍​ប្រាយុទ្ធ ​ចាន់​អូចា​នឹង​ចូល​ថ្វាយ​បង្គំ​គាល់​ព្រះ​មហា​ក្សត្រ​សម្តេច​ព្រះ​នរោត្តម​សីហមុនី​ និងអញ្ជើញ​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ ​អតីត​ព្រះ​មហា​ក្សត្រ​សម្តេច​ព្រះ​នរោត្តម ​សីហនុ ផង​ដែរ៕

XS
SM
MD
LG