ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អត្ថបទចុងសប្តាហ៍

Sorry! No content for ២២ វិច្ឆិកា. See content from before

ថ្ងៃព្រហស្បតិ៍ ១៨ មិថុនា ២០២០

អ្នកស្រី Sakara Seng (កណ្ដាល) ដែល​ជា​កូនស្រី​របស់​លោក សៀង សេង បញ្ចប់​ការ​សិក្សា​​ជំនាញ​វេជ្ជសាស្ត្រ​ពី​សាកលវិទ្យាល័យ Stanford។ (រូបថត​ផ្ដល់​ឲ្យ​ដោយ​លោក សៀង សេង)
អ្នកស្រី Sakara Seng (កណ្ដាល) ដែល​ជា​កូនស្រី​របស់​លោក សៀង សេង បញ្ចប់​ការ​សិក្សា​​ជំនាញ​វេជ្ជសាស្ត្រ​ពី​សាកលវិទ្យាល័យ Stanford។ (រូបថត​ផ្ដល់​ឲ្យ​ដោយ​លោក សៀង សេង)

លោក​វេជ្ជបណ្ឌិត ​សៀង សេង ​បាន​ចាត់​ទុក​ខ្លួន​លោក​ថា​ជា ​«មនុស្ស​មាន​សំណាង»​ ម្នាក់ ដែល​លោក​និង​ភរិយា​ត្រូវ​បាន​ជ្រើសរើស​ពី​ក្នុង​ចំណោម​ជនភៀសខ្លួន​ជាច្រើន​ម៉ឺន​នាក់​នៅ​ក្នុង​ជំរំ​ខៅអ៊ីដាង​ឲ្យ​មក​រស់នៅ​សហរដ្ឋ​អាមេរិក​ក្នុង​ខែ​សីហា ឆ្នាំ​១៩៨០។ នោះ​គឺ​ជា​សំណាង​ដែល​លោក​ទទួល​បាន​បន្ទាប់​ពី​រង​ភាព​សោកសៅ​ដោយសារ​ការ​ស្លាប់​បាត់បង់​សមាជិក​គ្រួសារ​ជាច្រើន​នាក់​ក្នុង​របប​វាល​ពិឃាត​ខ្មែរក្រហម ​ដែល​ទើប​បាន​បញ្ចប់​កាលពី​ជាង​មួយ​ឆ្នាំ​មុន។​

លោកសៀង សេង​បាន​ចូល​មក​ដល់​ជំរំ​ខៅអ៊ីដាង ​ពេល​ដែល​ជំរំ​នេះ​ទើបតែ​បើក​បាន​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​និង​បាន​រស់នៅ​ទីនោះ​ចំនួន ៧ ខែ ​ដោយ​ជួយ​ដល់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​គណៈកម្មាធិការ​ជនភៀស​ខ្លួន​អាមេរិកាំង​ (American Refugee Committee) ​ក្នុង​ជំរំ។ គ្រូពេទ្យ​ចិត្ត​ធម៌​ម្នាក់​បាន​ទាក់ទងអង្គការ​ជនភៀសខ្លួន​ហាវ៉ៃ (Hawaii Refugee Organization) ​ជួយ​ធានា​ និង​រៀបចំ​ឯកសារ​និង​ក៏​មាន​ឪពុកមា​ខាង​ប្រពន្ធ​ដែល​នៅ​សហរដ្ឋ​អាមេរិក​ស្រាប់​បាន​ជួយ​បន្ថែម។

លោក​បាន​រំលឹក​ប្រាប់​វីអូអេ​ក្នុង​បទសម្ភាស​ថា៖

«ពេល​យើង​ទៅ​ដល់​ភ្លាម​គឺ​អត់​មាន​បងប្អូន​ណា​ទាំងអស់​។ អត់​ស្គាល់​អ្នកណា​ទាំងអស់ ដូច្នេះ​ក្តី​សង្ឃឹម​គឺ​ថា​ពួកអ្នកសាសនា​ដែល​គេ​ទៅ​កន្លែងនោះ​នឹកថា​ប្រហែល​គេ​អាច​ជួយ​យើង​បាន​។ ប៉ុន្តែ​ខ្ញុំ​មាន​សំណាង​ដែល​បាន​ជួប​បងប្អូន​ដែល​ក្រោយ​មក​គាត់​សុខចិត្ត​ធានា​ឲ្យមកប្រទេស​គេ»។​

ជំរំខៅអ៊ីដាង​ដែល​អង្គការ​សហប្រជាជាតិ​គ្រប់គ្រង​រួមគ្នា​ជាមួយ​នឹង​រដ្ឋាភិបាល​ថៃ​បាន​បើក​ក្នុង​ខែ​វិច្ឆិកា ​ឆ្នាំ​១៩៧៩ គឺមានរយៈ​ពេល​មិនដល់មួយឆ្នាំ​ក្រោយពី​កងទ័ព​វៀតណាម​បាន​ចូលមក​ឈ្លានពាន​ប្រទេស​កម្ពុជា​និង​ផ្តួល​រំលំ​របប​ខ្មែរក្រហម​ដែលចិនកុម្មុយនីស្ត​គាំទ្រនៅដើម​ខែមករា​និង​បាន​លើក​បន្តុប​របប​មួយ​ដែល​រណបក្រុង​ហាណូយ។ ​

ជំរំ​ដែល​ហ៊ុំព័ទ្ធ​ដោយ​ដើម​ឫស្ស៊ី​នេះ​បាន​សាងសង់​ចម្ងាយ ​១២​គីឡូម៉ែត្រ​ ចូល​ក្នុង​ទឹក​ដី​ថៃ​ហើយ​មាន​ជនភៀសខ្លួន​ជាង​២០០.០០០​ នាក់​ បាន​ឆ្លងកាត់​ក្នុង​ពេល​ដំណើរការ​រយៈពេល​១៤ឆ្នាំនោះ​ ដោយ​អ្នក​ខ្លះ​បាន​បន្ត​ទៅ​ប្រទេស​ទីបី និង​អ្នក​ខ្លះ​បាន​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​បន្ទាប់ពី​ភាគី​ជម្លោះ​ខ្មែរ​នានា​បាន​ព្រមព្រៀង​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​ចុង​ឆ្នាំ​១៩៩១។ នេះ​បើ​តាម​តួលេខ​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន (UNHCR)។

លោកវេជ្ជបណ្ឌិត សៀង សេង (ស្ដាំ) និង​ភរិយា គឹមលី សេង​ ឈរ​ថត​រូប​នៅ​មុខ​មន្ទីរពេទ្យ A.R.C នៅ​ជំរំ​ជនភៀសខ្លួន​ខៅអ៊ីដាង។ (រូបថត​ផ្ដល់​ឲ្យ​ដោយ​លោក សៀង សេង)
លោកវេជ្ជបណ្ឌិត សៀង សេង (ស្ដាំ) និង​ភរិយា គឹមលី សេង​ ឈរ​ថត​រូប​នៅ​មុខ​មន្ទីរពេទ្យ A.R.C នៅ​ជំរំ​ជនភៀសខ្លួន​ខៅអ៊ីដាង។ (រូបថត​ផ្ដល់​ឲ្យ​ដោយ​លោក សៀង សេង)
លោក​វេជ្ជបណ្ឌិត សៀង សេង (ឆ្វេង) និង​ភរិយា គឹមលី សេង​ ឈរ​ថតរូប​នៅ​ពី​មុខ​ជំរំ​ជនភៀសខ្លួន កាល​ពី​ឆ្នាំ​១៩៧៩។ (រូបថត​ផ្ដល់​ឲ្យ​ដោយ​លោក សៀង សេង)
លោក​វេជ្ជបណ្ឌិត សៀង សេង (ឆ្វេង) និង​ភរិយា គឹមលី សេង​ ឈរ​ថតរូប​នៅ​ពី​មុខ​ជំរំ​ជនភៀសខ្លួន កាល​ពី​ឆ្នាំ​១៩៧៩។ (រូបថត​ផ្ដល់​ឲ្យ​ដោយ​លោក សៀង សេង)

នៅ​ចន្លោះ​ពី​ឆ្នាំ១៩៨១​ ដល់​១៩៩១​ មាន​ជនភៀសខ្លួន​កម្ពុជា​ជាង​ ២៦​ម៉ឺន​នាក់​ ត្រូវ​បាន​ទទួល​យក​ឲ្យ​មក​ស្នាក់​នៅ​ប្រទេស​ទីបីក្នុង​នោះ​ជិត ១៥ម៉ឺននាក់ ​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ទទួល​យក​ហើយ​ឲ្យ​ស្នាក់នៅ​តាម​រដ្ឋ​នានា​ដោយ​ភាគច្រើន​នៅ​រដ្ឋ​កាលីហ្វញ៉ា ​ម៉ាស្សាឈូសិត ​ផិនស៊ីលវេនៀ ​វ៉ាស៊ីនតោន​ និង​តិចសាស។

ពេល​មក​ដល់​សហរដ្ឋ​អាមេរិក​ដំបូង​លោក​ សៀង សេង ​និង​ភរិយា ​គឹមលី សេង ​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ទីក្រុង​ហូណូលូលូ រដ្ឋហាវ៉ៃ ដោយសារអង្គការជនភៀសខ្លួនហាវ៉ៃ​ជាអ្នកជួយធានាមក។​ លោក​បាន​ជួប​បញ្ហា​ប្រឈម​ជាច្រើន​តាំងពី​ភាសា ​ការស្វែងរក​ការងារ​ធ្វើ​និង​សមាជិក​គ្រួសារ​កើន​ឡើង។​

កូនប្រុស​ដំបូង​របស់​លោក​គឺ​ សកុណា សេង ​បាន​កើត​ក្នុង​រយៈពេល ​១០​ថ្ងៃ​ ក្រោយពី​បាន​មក​ដល់​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ​លោក​មិន​ដែល​បោះបង់​ចោល​ក្តី​ប្រាថ្នា​ចង់​ក្លាយ​ជា​វេជ្ជបណ្ឌិត​ទេ​ បើ​ទោះបី​ជា​ត្រូវ​រៀន​សូត្រ​ផង​និង​ធ្វើការ​ផង​ក៏​ដោយ។ ក្នុង​នោះ​មាន​ការងារ​ជា​អ្នកដឹកជញ្ជូន​សាប៊ូ​ឲ្យ​អតិថិជន​និង​ក្រង​ផ្កា​យក​ទៅ​លក់​ជាដើម។

ក្នុងឆ្នាំ​១៩៨៨ លោក សៀង សេង​ បាន​បញ្ចប់ការសិក្សា​មុខវិជ្ជាពេទ្យ​ពី​សាលាពេទ្យ​ John A. Burns នៃសាកលវិទ្យាល័យ​ហាវ៉ៃ។

លោក​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«មាន​ការ​ពិបាក​ច្រើន​មិន​ដូច​បងប្អូន​យើង​ខ្លះ​ថា​ពេលមក​ដល់រៀន​ទៅ​តាមចិត្ត​គឺអត់​ទេ ប៉ុន្តែ​គ្រាន់​ថា​ខ្ញុំ​មាន​គំនិត​មួយ​ថា​ គ្មានអ្វី​វេទនា​ដូច[របប]ប៉ុលពតទេ។ ដូច្នេះ​អ្វីៗ​ទៀត​ខ្ញុំ​អាច​ជម្នះ​បាន ដូច្នេះ​ហើយ​បាន​ខ្ញុំ​អាច​បានចូល​ទៅសាលា​ពេទ្យ​ហើយ​បាន​ចេញជា​វេជ្ជបណ្ឌិត​តាម​សេចក្តីប្រាថ្នា​របស់​ខ្ញុំ»។​

នោះ​គឺជា​ក្តី​សុបិន​មួយ​ដែល​លោក​បាន​បាត់បង់​នៅ​ពេល​ដែល​ទាហាន​អាវ​ខ្មៅ​ខ្មែរ​ក្រហម​បាន​ដើរ​ចូល​ទីក្រុង​ភ្នំពេញ​ និង​ផ្តួល​រំលំ​របប​លន់ នល់ ​ដែល​សហរដ្ឋ​អាមេរិកាំង​គាំទ្រ​ និង​ជម្លៀស​ពលរដ្ឋ​ចេញ​ទៅ​រស់នៅ​តាម​ទី​ជនបទ​និង​បិទ​សាលារៀន​ទាំងអស់។​ ពេលនោះ​លោក​នៅ​ខ្វះ​តែ​ពីរ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​នឹង​បាន​សញ្ញាប័ត្រ​វេជ្ជបណ្ឌិត​ពី​សាលាពេទ្យ​នៅ​រាជធានី​ភ្នំពេញ។​

ក្រោយពី​បញ្ចប់​ការសិក្សា​ លោក​វេជ្ជបណ្ឌិត​ សៀង សេង​ បាន​ធ្វើការ​ជា​គ្រូពេទ្យ​ប្រចាំ​គ្រួសារ​ក្នុង​ក្រុង​ម៉ូដេសស្តូ រដ្ឋកាលីហ្វញ៉ា ជាទី​ដែល​មាន​ជនភៀសខ្លួន​កម្ពុជា​ជាច្រើន​ដែល​សហរដ្ឋ​អាមេរិក​ទទួល​យក​បញ្ជូនឲ្យ​ស្នាក់នៅ។ លោក​បាន​ព្យាបាល​ពលរដ្ឋ​កម្ពុជា​ជា​ច្រើន​ពាន់​នាក់​ទាំង​ចាស់​និង​ក្មេង។

លោក​វេជ្ជបណ្ឌិត សៀង សេង ​មាន​កូន​ប្រុស​ពីរ​នាក់ ​និង​កូន​ស្រី​ម្នាក់​ដែល​សុទ្ធ​តែ​ជា​វេជ្ជបណ្ឌិត​ ហើយ​កូន​ប្រសារ​ពីរ​នាក់​ក៏​ជា​វេជ្ជបណ្ឌិត​ធ្វើការនៅ​តំបន់​សាក្រាម៉ាន់តូ (Sacramento Valley) ដែរ។

ក្នុង​ពេល​សម្ភាស​ជាមួយ​នឹង​ VOA​ មាន​ពេលខ្លះ​លោក​វេជ្ជបណ្ឌិត ​ត្រូវ​អាក់​មួយ​រយៈ​ដោយ​ការ​អួល​ដើម​ក​ពេល​រំលឹក​ដល់​សាច់រឿង​ឈឺ​ចាប់​ពី​អតីតកាល​។​ បើ​ទោះ​បី​ជា​មក​នៅ​សហរដ្ឋអាមេរិក ​៤០ឆ្នាំ ​ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា ​លោក​នៅតែ​នឹក​មាតុភូមិ​ជានិច្ច។

លោក​វេជ្ជបណ្ឌិត​សៀង សេង​បន្ថែម​ថា៖​

«យើង​មិន​ចង់​ចាកចេញ​ពី​ស្រុក​ខ្មែរ​ទេ ​បើ​សិន​ជា​ស្រុក​យើង​មាន​សុខ​សន្តិភាព​នៅ​ពេល​នោះ។ យើង​រត់​ចេញ​ពី​ស្រុក​ខ្មែរ​មក ​ដោយ​សារ​វាមានភាព​មិន​ទៀងទាត់​នៅ​ពេល​ហ្នុង​។ អនាគត​ស្រុក​យើង​មិន​ទៀងទាត់ ​គឺ​ដោយសារ​សង្គ្រាម​និង​ដោយសារ​ភាព​បាក់ស្បាត​បន្ទាប់​ពី​រស់​នៅ​ក្នុង​របប​កុម្មុយនីស្ត»។​

លោក​វេជ្ជបណ្ឌិត ​សៀង សេង ​ក៏​បាន​និពន្ធ​សៀវភៅ​ប្រវត្តិ​ផ្ទាល់ខ្លួន​ដែល​មាន​ចំណង​ជើង​ថា​«រដូវអត់អាហារ៖ ​ខ្សែ​ជីវិត​របស់​ខ្មែរ​មួយ​រូប» ​ដែល​បាន​បោះពុម្ភ​នៅ​ខែសីហា​ ឆ្នាំ​២០១៧។​ សៀវភៅ​នោះ​គឺ​ដើម្បី​ចែករំលែក​ដំណើរ​ជីវិត​ក្នុង​របប​វាលពិឃាត​ដែល​រូបលោក​បាន​រងគ្រោះ​ដោយ​ផ្ទាល់​ ដែល​រួម​មាន​ការ​ធ្វើ​ការងារ​ធ្ងន់ធ្ងរ​ និង​ការ​ស្លាប់​បាត់បង់​សមាជិក​ក្រុមគ្រួសារ​ម្តង​ម្នាក់ៗ​ ដោយសារ​ជំងឺ​និង​ការអត់ឃ្លាន។

លោក សកុណា សេង (កណ្ដាល) ដែល​ជាកូនប្រុសរបស់​លោក​វេជ្ជបណ្ឌិត សៀង សេង បញ្ចប់​ការ​សិក្សាជំនាញ​វេជ្ជសាស្ត្រ​ពី​សាកលវិទ្យាល័យ Mid-western University។ (រូបថត​ផ្ដល់​ឲ្យ​ដោយ​លោក សៀង សេង)
លោក សកុណា សេង (កណ្ដាល) ដែល​ជាកូនប្រុសរបស់​លោក​វេជ្ជបណ្ឌិត សៀង សេង បញ្ចប់​ការ​សិក្សាជំនាញ​វេជ្ជសាស្ត្រ​ពី​សាកលវិទ្យាល័យ Mid-western University។ (រូបថត​ផ្ដល់​ឲ្យ​ដោយ​លោក សៀង សេង)

​លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា៖

«ជា​ការ​សោកស្តាយ​ការ​សម្លាប់​រង្គាល​នៅតែ​បន្ត​មាន​នៅ​ក្នុង​ពិភពលោក ​គឺ​ថា​នៅ​មិន​ទាន់​អស់​នៅ​ឡើយ​។ អ្វីៗ​ទាំងអស់​ខ្ញុំ​ជឿថា ​ស្ថិតនៅ​លើ​ក្មួយៗ​និង​ចៅៗ​ជំនាន់​ក្រោយ​ ដែល​ត្រូវ​ខំរៀនសូត្រ​អំពី​ភាព​វេទនា​របស់​ជីវិតប្រជាជន​យើង​ ដើម្បី​ជា​មធ្យោបាយ​និង​រកគន្លឹះ​ឃាឃាំង​កុំឲ្យ​របប​បែប​នេះ​កើត​ឡើង​បាន​ទៀត»។​

អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​រាយការណ៍​ថា​ នៅ​ពេល​បច្ចុប្បន្ននេះ​មាន​ពលរដ្ឋ​ចាកចោល​លំនៅដ្ឋាន​ជាង ​៧០ លាន នាក់​ នៅ​ទូទាំង​ពិភពលោក​ ក្នុង​នោះ​ជនភៀសខ្លួន​ចំនួន​ជិត ​២៦​លាន​នាក់។ រីឯ​ជនចាកចេញ​ពី​លំនៅ​ក្នុង​ប្រទេស​ដោយសារ​វិបត្តិ​ក្នុង​ស្រុក​មាន​រហូត​ដល់​ជាង ​៤១​លាន​នាក់​ និងជនស្វែង​រក​សិទ្ធិ​ជ្រកកោណ​មាន​ចំនួន​ ៣​ លាន​ ៥ សែន នាក់។

ដោយសារ​រដ្ឋបាល​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ មាន​គោលនយោបាយ​តឹងរ៉ឹងចំពោះ​ជនភៀស​ខ្លួន​ ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​លែង​ជា​គោលដៅ​ទទួលយក​ជនភៀសខ្លួន​ជាច្រើន​ដូច​រដ្ឋបាល​មុនៗ។ ​ក្នុង​រយៈពេល​ជាង ​៣ឆ្នាំ​មកនេះ​ សហរដ្ឋ​អាមេរិក​ទទួល​យក​ជនភៀស​ខ្លួន​តែ​ជាង​ ៧៦.០០០ នាក់​ ប៉ុណ្ណោះ។ នេះ​បើតាម​ទិន្នន័យ​ចងក្រង​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ Pew។

ក្នុង​ឆ្នាំ​២០២០​នេះ​ គឺ​សហរដ្ឋ​អាមេរិក​ទទួល​ជនភៀសខ្លួន​តែ​ចំនួន​ ៧.៦០០ ​នាក់។ ក្នុង​នោះ​អង្គការ​សេវា​ជនអន្តោប្រវេសន៍​និង​ជនភៀស​ខ្លួន​លូថេរ៉ាន់ ​(LIRS) ​ជួយ​សម្រួល​បាន ​២.០០០នាក់។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី​ ខេ បេល័រ ​(Kay Bellor)​ អនុ​ប្រធាន​កម្មវិធី​ជនភៀសខ្លួន​នៃ​អង្គការ​ LIRS ។

អ្នកស្រី ខេ បេល័រ បានបន្ថែមប្រាប់​ VOA ​ថា៖

«ខ្ញុំ​មិន​ដែល​ឃើញ​អ្វី​ដូច​ពេល​នេះ​ទេ​ក្នុង​ការងារ​ជាច្រើន​ឆ្នាំ​របស់​ខ្ញុំ​ដោយ​រួម​ទាំង​ក្រោយ​ពេល​[ភេរវកម្ម​វាយប្រហារ] ​ថ្ងៃទី​១១ ​ខែកញ្ញា ​គឺជា​ពេល​ដែល​យើង​ជួបប្រទះ​ការ​លំបាក​រយៈពេល​ ២​ ឆ្នាំ​ ក៏​យើង​នៅតែ​ទទួល​យក​ជនភៀស​ខ្លួន ៣ម៉ឺន​នាក់។ ក្នុងឆ្នាំ២០១៨​ រដ្ឋបាល​នេះ​ទទួល​យក​ជនភៀស​ខ្លួន​២២.០០០នាក់។ ហើយ​ឆ្នាំ​មុន​គេ​បាន​ទទួល​ ៣ម៉ឺននាក់​ ប៉ុន្តែ​នាំ​នេះ​គឺ​ជា​គ្រោះថ្នាក់​មួយ»។​

លោក កុសល សេង (រាប់​ពី​ឆ្វេង​ទី​បី) ដែល​ជា​កូន​ប្រុស​ម្នាក់​របស់​លោក​វេជ្ជបណ្ឌិត សៀង សេង បញ្ចប់​ការ​សិក្សា​ជំនាញ​វេជ្ជសាស្ត្រ​ពី​សាកលវិទ្យាល័យ​នៅ​រដ្ឋ​ហាវៃ សហរដ្ឋអាមេរិក។ (រូបថត​ផ្ដល់​ឲ្យ​ដោយ​លោក សៀង សេង)
លោក កុសល សេង (រាប់​ពី​ឆ្វេង​ទី​បី) ដែល​ជា​កូន​ប្រុស​ម្នាក់​របស់​លោក​វេជ្ជបណ្ឌិត សៀង សេង បញ្ចប់​ការ​សិក្សា​ជំនាញ​វេជ្ជសាស្ត្រ​ពី​សាកលវិទ្យាល័យ​នៅ​រដ្ឋ​ហាវៃ សហរដ្ឋអាមេរិក។ (រូបថត​ផ្ដល់​ឲ្យ​ដោយ​លោក សៀង សេង)

អ្នកស្រី បេល័រ ​មើលឃើញថា ជនភៀសខ្លួនមកពីតំបន់អាស៊ីអាគ្នេយ៍​ដូចជាលោកវេជ្ជបណ្ឌិត សៀង សេង ​គឺ​បាន​ចូលរួម​ចំណែក​ច្រើន​ដល់​សហរដ្ឋ​អាមេរិក​ ហើយ​ពួកគេ​បាន​ជួបប្រទះ​ជីវិត​ជោគជ័យ​ជាច្រើន។

«​តាមបទពិសោធ​របស់ខ្ញុំ​ គឺ​ការងារជាមួយ​នឹង​ជនភៀសខ្លួន​បានជួយជំរុញទឹកចិត្ត ​និង​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ភាព​សាមញ្ញ​ដោយសារ​តែហេតុការណ៍​ ដែលពួកគេ​បាន​ឆ្លងកាត់​ដើម្បី​ទទួលបាន​សេរីភាព​នៅ សហរដ្ឋ​អាមេរិក។ ខ្ញុំគិតថា ​ពលរដ្ឋ​ខិតខំប្រឹងធ្វើការ​កាន់តែ​ខ្លាំង​។ ជារួមគឺ​កម្មវិធី​ជនភៀសខ្លួន​ទាំងមូល​មាន​ផលប្រយោជន៍​ដ៏ធំ​ដល់​សហរដ្ឋ​អាមេរិក​លើ​គ្រប់​ជ្រុងជ្រោយ​ទាំងអស់ ​ទាំង​សេដ្ឋកិច្ច​ និង​វប្បធម៌»។

ឥឡូវនេះ លោក​វេជ្ជបណ្ឌិត សៀង សេង ​បាន​ចូលនិវត្តន៍​ពី​ការងារ​ជា​គ្រូពេទ្យ​ប្រចាំ​គ្រួសារ បន្ទាប់​ពី​ធ្វើការ​រយៈពេល៣០ឆ្នាំ។ លោក​នៅ​បន្ត​បង្រៀន​ខ្លះៗ​នៅ​មហាវិទ្យាល័យ​សហគមន៍​ក្នុងក្រុងម៉ូដេសស្តូ​ ហើយ​លោកគឺជា​នាយផ្នែកវេជ្ជសាស្ត្រ​នៃមហាវិទ្យាល័យ​មូដេស្តូ នៅរដ្ឋ​កាលីហ្វញ៉ា។​

ទិវា​ជនភៀសខ្លួន​ពិភពលោក​ឆ្នាំ​នេះ​ ប្រារព្ធ​ក្រោម​ប្រធានបទ ​«គ្រប់សកម្មភាព​មានតម្លៃ»​ ហើយ​ចំ​ពេល​ដែល​ពិភពលោក​ប្រឈម​នឹង​វិបត្តិសុខភាព​បង្កឡើង​ដោយ​ជំងឺកូវីដ​១៩ គឺ​វេជ្ជបណ្ឌិត​ទាំង ៥រូប ​នៃ​គ្រួសារ​វេជ្ជបណ្ឌិត​ សៀង សេង បន្ត​ចូលរួម​ចំណែក​នៅ​ជួរមុខ​ប្រយុទ្ធនឹង​ជំងឺកូវីដ​១៩ ដែល​កំពុង​តែ​វាយ​ប្រហារសហរដ្ឋ​អាមេរិក។

លោក​វេជ្ជបណ្ឌិត​ សៀង សេង​ មានជំនឿ​ថា​ ​ពួកគេ​នឹង​ឈ្នះសមរភូមិ​នេះ ​គឺមិន​ដូច​កាលពី​ជាង​ ៤៥ ឆ្នាំមុន​ នៅ​ពេល​ដែល​សមាជិក ២៤ នាក់ ​នៃ​ក្រុមគ្រួសារ​របស់​លោក​ត្រូវបាន​ជម្លៀស​ទៅសហករណ៍នៅ​ទី​ជនបទ​ក្រោមការគ្រប់គ្រង​របស់ខ្មែរ​ក្រហម​ ប៉ុន្តែនៅពេលរបប​នេះ​បាន​ដួល​រលំ​ក្រោយ​ពី​កាន់​អំណាច​ជិត ៤ ​ឆ្នាំ គឺ​មានតែ​លោក​ម្នាក់​ទេ​ដែល​នៅ​រស់រាន​មានជីវិត​ ​ដើម្បី​យក​រឿង​ដ៏​ឈឺចាប់​នេះ​ប្រាប់​ដល់​ពិភពលោក​ឲ្យ​បាន​ដឹង៕

គម្របរូបភាពនៃកម្រងអត្ថបទអានចុងសប្តាហ៍
គម្របរូបភាពនៃកម្រងអត្ថបទអានចុងសប្តាហ៍

វ៉ាស៊ីនតោន — សូម​ស្វាគមន៍​មក​កាន់​កម្រង​អត្ថបទ​ពណ៌នា​របស់​ VOA សម្រាប់​ការ​អាន​ចុង​សប្តាហ៍។ នៅចុង​សប្តាហ៍​នេះ លោកអ្នកនាង​ទទួល​បាន​ព័ត៌មាន​អំពី​ផលប៉ះពាល់​នៃ​រោគ​រាតត្បាត​កូវីដ១៩ លើ​អាជីវករ​កម្ពុជា ក្តីព្រួយបារម្ភពី​ការ​បន្ត​ពិសារ​គ្រឿង​ស្រវឹង​ជា​ក្រុម​ក្នុង​អំឡុង​រោគ​រាតត្បាត និង​អត្ថបទ​វិភាគ​អំពី​ភូមិសាស្ត្រ​នយោបាយ​នៅកម្ពុជា​ខណៈ​កម្ពុជា​ទប់ទល់​នឹង​ជំងឺ​កូវីដ១៩ និង​អត្ថបទ​វិភាគ​មួយ​ទៀត​អំពី​ស្ថានភាព​ប្រជាធិបតេយ្យ​សេរីពហុបក្ស​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន៕

_____________________

អ្នក​រស់នៅ​ក្នុងបរិវេណ​វត្ត​ប្រយូរវង្ស​ ប្រមូល​ផ្តុំ​គ្នា បើទោះបីជារដ្ឋាភិបាលបានណែនាំឲ្យពលរដ្ឋរក្សាគម្លាតពីគ្នា នៅរាជធានីភ្នំពេញ កាលពី​ថ្ងៃសុក្រ​ ទី៣ ខែមេសា ឆ្នាំ២០២០។ (ទុំ ម្លិះ/VOA)
អ្នក​រស់នៅ​ក្នុងបរិវេណ​វត្ត​ប្រយូរវង្ស​ ប្រមូល​ផ្តុំ​គ្នា បើទោះបីជារដ្ឋាភិបាលបានណែនាំឲ្យពលរដ្ឋរក្សាគម្លាតពីគ្នា នៅរាជធានីភ្នំពេញ កាលពី​ថ្ងៃសុក្រ​ ទី៣ ខែមេសា ឆ្នាំ២០២០។ (ទុំ ម្លិះ/VOA)

អ្នក​ពាក់​ព័ន្ធ​បារម្ភ​ការ​ពិសា​គ្រឿង​ស្រវឹង​ជា​ក្រុម នាំ​ឲ្យ​ការ​ចម្លង​វីរុស​កូរ៉ូណា​កម្រិត​ខ្ពស់​

អ្នក​ជំនាញ​ផ្នែក​សុខភាព​ និង​អ្នក​ធ្វើការ​ក្នុង​វិស័យ​សង្គម​ បាន​បង្ហាញ​ទស្សនៈ​ផ្សេងៗ​គ្នា​ ទៅ​លើ​ការ​បន្ត​ពិសា​គ្រឿង​ស្រវឹង​ជុំៗ​គ្នា​ ក្នុង​គ្រា​ដែល​ប្រទេស​កំពុង​ញាំញី​ដោយ​ការ​ឆ្លង​រាតត្បាត​នៃ​មេរោគ​កូរ៉ូណា​ដែល​បំផ្លាញ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​របស់​មនុស្ស។​

លោក​វេជ្ជ​បណ្ឌិត ​មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា ​មាន​ប្រសាសន៍​ថា​ ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​រួម​គ្នា ​ងាយ​នឹង​បង្ក​ការ​ឆ្លង​ ដោយ​សារ​ពេល​ដែល​ស្រវឹង​អ្នក​ពិសា​អាច​ភ្លេចភ្លាំង​ស្មារតី​ មិន​មាន​អនាម័យ​ត្រឹមត្រូវ ​ដូចជា​ការ​លាង​ដៃ ​ឬក៏​អាច​មាន​ភាព​ស្និទ្ធស្នាល​ប្រកៀក​ប្រកិត​គ្នា​។​ លោក​បន្ថែម​ថា​ ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​ក៏​នឹង​ធ្វើ​ឲ្យ​សុខភាព​ចុះ​ខ្សោយ ដែល​ងាយ​ប្រឈមការ​ឆ្លង​មេរោគ​ផ្សេងៗ​ ក្នុង​នោះ​គឺ​មេរោគ​កូរ៉ូណា។​

វិធាន​ការ​ដែល​ល្អ​បំផុត​សម្រាប់​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​មេរោគ​កូរ៉ូណា​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​នោះ​ គឺ​បិទ​មិន​ឲ្យ​លក់​ស្រាបៀរ​មួយ​រយៈ​សិន​ ក្នុង​ពេល​ដែល​ប្រទេស ​ឬ​សាកល​លោក​មិន​ទាន់​ដោះ​ស្រាយ​វិបត្តិ​មេរោគ​កូរ៉ូណា​នេះ​បាន​នៅ​ឡើយ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជ​បណ្ឌិត​ មុំ គង់។​ អានព័ត៌មានលម្អិត ដោយលោក ហ៊ុល រស្មី នៃវីអូអេ

___________________

ហាងលក់​គោម និង​គ្រឿង​តុបតែង​លម្អ​ពេល​ចូល​ឆ្នាំរបស់​អ្នកស្រី​នួន សុខាណារី​នៅ​ជិត​ផ្សារ​អូរឬស្សី​ក្នុង​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃពុធ ទី០៨ ខែ​មេសា ឆ្នាំ២០២០​។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
ហាងលក់​គោម និង​គ្រឿង​តុបតែង​លម្អ​ពេល​ចូល​ឆ្នាំរបស់​អ្នកស្រី​នួន សុខាណារី​នៅ​ជិត​ផ្សារ​អូរឬស្សី​ក្នុង​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃពុធ ទី០៨ ខែ​មេសា ឆ្នាំ២០២០​។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

អាជីវករ​សម្រាប់​រដូវចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​ជួប​ការលំបាក ខណៈ​ពេល​កើត​មាន​ជំងឺ​កូវីដ១៩

អាជីវករ​លក់​គ្រឿង​តុបតែង​លម្អ​និង​គ្រឿង​សំណែន​នៅ​រដូវ​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​នៅ​ឆ្នាំ​នេះ​កំពុង​ប្រឈម​នឹង​ការ​បាត់បង់​ចំណូល​ដោយសារ​ចំនួន​អតិថិជន​បាន​ថយ​ចុះ​ស្រប​ពេល​កម្ពុជា​កំពុង​ទប់ទល់​នឹង​ការ​រីក​រាលដាល​ជំងឺ​កូវីដ​១៩​នៅ​ក្នុង​ប្រទេស។

កំពុង​ឈរ​រង់ចាំ​អតិថិជន​មក​ទិញផ្កា​នៅ​កែង​ផ្សារ​ចាស់​ក្នុង​ក្រុង​ភ្នំពេញ ដោយ​ទឹកមុខ​មិន​សូវ​ញញឹម​ប៉ុន្មាន​ លោក​ ផុន ភី​ អាយុ ៣៨​ឆ្នាំ ជា​អ្នក​លក់​គ្រឿងសក្ការៈ​បូជា​ និង​ផ្កានៅ​ផ្សារ​នេះ​អស់​រយៈពេល​ជាង​បី​ឆ្នាំ​មក​ហើយ។

ប៉ុន្តែ​ដោយសារ​តែ​ការ​រីករាលដាល​ជំងឺ​កូវីដ១៩ លោកនិយាយ​ថា អាជីវកម្ម​របស់​លោក​កំពុង​ជួប​ប្រទះ​នឹង​ការ​លំបាក ដោយសារ​តែ​មិនសូវ​លក់​បាន​ច្រើន​ដូច​គ្រាមុនៗ​នោះ​ទេ។ អានព័ត៌មានលម្អិតដោយលោក ណឹម សុភ័ក្ត្របញ្ញា

_______________________

រូបឯកសារ៖ កម្មការនីកាត់ដេរកំពុងធ្វើការ នៅក្នុងរោងចក្រមួយ នៅខេត្តកណ្តាល កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។
រូបឯកសារ៖ កម្មការនីកាត់ដេរកំពុងធ្វើការ នៅក្នុងរោងចក្រមួយ នៅខេត្តកណ្តាល កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។


កម្មកររោងចក្រត្រូវបញ្ឈប់ពីការងារ បន្ទាប់ពីត្រឡប់មកពីចូលឆ្នាំខ្មែរ

កន្លងទៅមន្រ្តីក្រសួងការងារបានលើកឡើងថា កម្មកររោងចក្រប្រឈមនឹងការបញ្ឈប់ពីការងារ ប្រសិនបើពួកគេមិនគោរពតាមការសម្រេចរបស់រដ្ឋាភិបាលដែលឲ្យពួកគេបន្តធ្វើការមិនត្រឡប់ទៅស្រុកកំណើតក្នុងឱកាសចូលឆ្នាំខ្មែរ។ កម្មកររោងចក្រកំពុងត្រឡប់មកធ្វើការវិញ ប៉ុន្តែថាតើពួកគេអាចបន្តធ្វើការនៅរោងចក្រឬយ៉ាងណាមិនច្បាស់លាស់នោះទេ។កម្មករមួយចំនួនត្រូវបានបញ្ឈប់ពីការងាររួចទៅហើយ ក្រោមហេតុផលថាពួកគេមិនបានធ្វើការប្រមាណមួយសប្តាហ៍។ អានព័ត៌មានលម្អិតដោយលោក ស៊ុន ណារិន នៃវីអូអេ

________________________

រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តីហ៊ុនសែនមកដល់កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ ASEM នៅទីក្រុងព្រុចសែលប្រទេសប៊ែលហ្សិកថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៨។
រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តីហ៊ុនសែនមកដល់កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ ASEM នៅទីក្រុងព្រុចសែលប្រទេសប៊ែលហ្សិកថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៨។


ការប្រជែងភូមិសាស្ត្រនយោបាយនៅតែសកម្ម ខណៈកម្ពុជាកំពុងទប់ទល់នឹងជំងឺកូវីដ១៩

ខណៈកម្ពុជាដូចប្រទេសនានានៅទូទាំងសកលលោកដែរបាននិងកំពុងប្រយុទ្ធនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នោះចរន្តប្រកួតប្រជែងភូមិសាស្ត្រនយោបាយមិននៅស្ងៀមឡើយ។បណ្ដាប្រទេសនានាដែលស្ថិតនៅជុំវិញដែនយុទ្ធសាស្ត្រនយោបាយការបរទេសកម្ពុជាបានបញ្ចេញនិងបង្ហាញការចូលរួមរបស់គេរៀងៗខ្លួនក្នុងការដោះស្រាយវិបត្តិកូវីដនៅកម្ពុជា។ប៉ុន្តែវៀតណាមដែលជាមិត្តចាស់របស់កម្ពុជាត្រូវបានលោកនាយករដ្ឋមន្រ្តីហ៊ុន សែនរិះគន់ដោយមិនបញ្ចេញឈ្មោះនៅក្នុងកិច្ចប្រជុំពិសេសមួយនៅសប្តាហ៍នេះ។ អានព័ត៌មានលម្អិតដោយលោក អូន ឆេងប៉រ នៃវីអូអេ

_____________________

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩។


ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់បង្ហាញពីនយោបាយប្រជាធិបតេយ្យពហុបក្សរបស់លោកហ៊ុន សែន

២០ខែបន្ទាប់ពីរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ដែលមានគណបក្សជាសមាជិកចូលរួមចំនួន១៦ គណបក្ស មជ្ឈដ្ឋានដទៃបានសម្ដែងមតិចម្រុះគ្នាអំពីសារៈតម្លៃនៃវត្តមានប្រសិទ្ធភាពការងារនិងអនាគតនៃវេទិកានយោបាយផ្ដល់យោបល់បែបថ្មីនេះ។ លោក អូន ឆេងប៉រ រាយការណ៍លម្អិតពីរាជធានីភ្នំពេញ។ អានព័ត៌មានលម្អិតដោយលោក អូន ឆេងប៉រ នៃវីអូអេ

XS
SM
MD
LG