ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​​៖ ​ការ​ចូល​រួម​ការពារ​សម្បត្តិធម្មជាតិ​គួរ​ត្រូវ​បាន​លើក​ទឹក​ចិត្ត ជា​ជាង​ការ​រារាំង


សកម្មជន​ការពារ​បរិស្ថាន​កម្ពុជា​ចំនួន ៦ នាក់​ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនកាលពីថ្ងៃ២៣ វិច្ឆិកា ឆ្នាំ២០២៤។(Licadho)
សកម្មជន​ការពារ​បរិស្ថាន​កម្ពុជា​ចំនួន ៦ នាក់​ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនកាលពីថ្ងៃ២៣ វិច្ឆិកា ឆ្នាំ២០២៤។(Licadho)

អាជ្ញាធរ​មាន​សមត្ថកិច្ច​ខេត្តស្ទឹង​ត្រែង​បាន​ឃាត់ខ្លួន​សកម្មជន​ការពារ​បរិស្ថាន​ចំនួន ៦ នាក់​កាលពី​ថ្ងៃ​សៅរ៍​ បន្ទាប់​ពីពួក​គេ​បាន​ធ្វើ​សកម្មភាព​ឃ្លាំ​មើល​ករណី​កាប់​ព្រៃ​ឈើ​ដោយ​ខុសច្បាប់​ នៅ​ក្នុង​ខេត្ត​ដែល​មាន​ព្រំប្រទល់​ជាប់​ប្រទេស​ឡាវ​មួយ​នេះ​។ នេះបើតាមអង្គ​ការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ និង​សកម្មជន​បរិស្ថាន​។

បន្ទាប់​ពី​ត្រូវបាន​សាកសួរ​តុលាការ​ខេត្ត​ស្ទឹង​ត្រែងរយៈពេល​ជិត​ ២ ថ្ងៃ​រួចមក​ សកម្ម​ជន​ទាំងនោះ​ត្រូវបាន​ដោះលែង​វិញ។ សកម្មបរិស្ថានទាំង ៦ រូបនោះរួម​មាន​ លោក​ ​អ៊ូច ឡេង​ លោក ​ហេង ស្រស់​ លោក ​តាត​ ឧត្តម​ លោក អូត​ ឡាទីន លោក មេន ​ម៉ាត់​ និង​លោក​ ព្រំ ម៉ៅ​។ ពួកគេ​ត្រូវបាន​ចាប់ខ្លួន​ដោយ​កង​កម្លាំង​ចម្រុះ​កាលពីព្រឹក​ថ្ងៃ​សៅរ៍​ នៅ​ក្នុង​ស្រុក​សេសាន ខេត្ត​ស្ទឹង​ត្រែង​ ក្រោយ​ពី​បាត់​ដំណឹង និងទីតាំង​របស់​ពួកគេ​ក្នុង​រយៈ​ពេល ​១២ ម៉ោង។ នេះបើតាមអង្គការ​ការ​ពារ​សិទ្ធិមនុស្ស​លីកាដូ។

ជាមួយនឹង​ករណីចុងក្រោយ​នេះ​នៃ​ការ​ឃាត់ខ្លួន​និង​សាកសួរ​សកម្មជនបរិស្ថាននៅ​កម្ពុជា​ នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​ការ​ពារសិទ្ធិមនុស្ស​លីកាដូ​លោក​ អំ សំអាត យល់​ឃើញ​ថា​ កិច្ច​ការពារ​ធន​ធាន​ធម្ម​ជាតិ​ និង​បរិស្ថាន តម្រូវ​ឲ្យ​មាន​ការ​ចូលរួម​ពីគ្រប់​ភាគី​ពាក់​ព័ន្ធ​ ទាំងរដ្ឋា​ភិបាល ​មន្ត្រី​ជំនាញ ប្រជា​ពល​រដ្ឋ​ សក​ម្មជន​ សហ​គមន៍​ ក៏ដូច​ជា​អង្គការ​សង្គម​ស៊ី​វិល​ ដើម្បី​ឲ្យ​ការ​ងារ​នោះ​មាន​ប្រ​សិទ្ធ​ភាព។ លោក​ថ្លែង​បន្ថែមថា អ្នកដែល​ត្រូវបាន​ឃាត់​ខ្លួន​កាលពីពេល​ថ្មីៗនេះគួរ​តែ​ត្រូវ​បាន​លើកទឹកចិត្ត​ចំពោះការ​លះបង់ពេល​វេលា​ នៅក្នុង​ការទប់​ស្កាត់បទ​ល្មើស​ព្រៃ​ឈើ​នៅ​កម្ពុជា ជាជាង​ការ​ចាប់ខ្លួន​មក​ផ្តន្ទា​ទោស​។​

លោក​ថ្លែង​ថា​៖ «ខ្ញុំ​យល់​ថា ​ពួក​គាត់​ បើសិន​ជា​ពួកគាត់​មាន​ឆន្ទៈ​ និង​មាន​ចិត្ដ​ចូល​រួម​ក្នុង​កិច្ច​ការ​ពារ​ព្រៃ​ឈើ ​បរិ​ស្ថាន​ និង​ធន​ធាន​ធម្ម​ជាតិ​ហើយ​ មិន​គួរ​ត្រូវ​បាន​ចាប់​ខ្លួន​ ឃាត់​ខ្លួន​ ចោទ​ប្រកាន់​ ឬ​ឃុំ​ខ្លួន​ទេ។​ ផ្ទុយ​ទៅ​វិញ ​គឺ​ត្រូវ​មាន​ការ​ជជែក​គ្នា​ដើម្បី​រក​យន្ដ​ការ​បន្ត​ទៀត ​ចូល​រួម​នៅ​ក្នុង​កិច្ច​ការ​ពារ​ព្រៃ​ឈើ ​បរិ​ស្ថាន​ និង​ធន​ធាន​ធម្ម​ជាតិ​នេះ​ វា​ជា​រឿង​ល្អ»។

ក្នុងចំណោម​អ្នកដែលត្រូវ​បាន​ឃាត់​ខ្លួន​ទាំង ៦ នាក់នោះ​ រួម​មាន​លោក អ៊ូច ឡេង​ដែល​ជា​អ្នក​ការពារ​ព្រៃឈើ​ដ៏លេច​ធ្លោ​មួយរូប​ដែលបាន​ឈ្នះ​ពាន​រង្វាន់​ឆ្នើម​ផ្នែក​ការពារ​បរិស្ថាន​ The Goldman Environmental Prize កាលពីឆ្នាំ ​២០១៦​។ រីឯសកម្មជន​ម្នាក់ទៀត​ ​គឺ​លោក ​តាត​ ឧត្តម ត្រូវបាន​គេ​ស្គាល់ថា ជា​អ្នកកាសែត​ឯករាជ្យ​មួយរូបផងដែរ​។​

បើតាម​អង្គការ​លីកាដូ​ លោក​ ឡេង និង​លោក ​ស្រស់​ ធ្លាប់ត្រូវបាន​ចាប់ខ្លួន​ក្នុង​ឆ្នាំ ២០២១​ និង​ ២០២០​ ក្នុង​ខេត្ត​ក្រចេះនៅក្នុងករណី​ឃ្លាំ​មើល​សកម្មភាពចូល​កាប់​ព្រៃ​ឈើ​ដោយ​ខុសច្បាប់នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​ ព្រៃ​ឡង់។

លោក​ អំ សំអាត នៃអង្គការ​ការពារសិទ្ធិមនុស្ស​លីកាដូ​ បានឲ្យដឹង​ទៀត​ថា សកម្មជន​ទាំង ៦ នាក់ ​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ និង​ចោទពីបទ​ចូល​ក្នុង​តំបន់​ហាម​ឃាត់​ ដោយ​មាន​ការ​ប្រើ​ប្រាស់​ម៉ាស៊ីន​ដ្រូន​ ឬ​ឧបករណ៍​ផ្តិតយក​រូបភាព​ពីលើ​អាកាស​។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលោក អំ សំអាត ចូលរួមពិធីរំឭកខួប៨ឆ្នាំនៃឃាតកម្មលើអ្នកវិភាគនយោបាយ លោកកែម ឡី ក្រុងភ្នំពេញ ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៤។ (ហ៊ុល រស្មី/វីអូអេ)
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលោក អំ សំអាត ចូលរួមពិធីរំឭកខួប៨ឆ្នាំនៃឃាតកម្មលើអ្នកវិភាគនយោបាយ លោកកែម ឡី ក្រុងភ្នំពេញ ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៤។ (ហ៊ុល រស្មី/វីអូអេ)

លោក​បន្ថែម​ថា​ ​ការ​ប្រើ​ប្រាស់​ឧប​ករណ៍​ដ្រូន​នេះ ជា​ផ្នែក​មួយនៃ​ការ​បំពេញ​ការ​ងារ​របស់​ពួកគេ​ ហើយ​ក៏មិន​បាន​បង្ក​ផល​ប៉ះពាល់​ដល់​សន្តិ​សុខ​ជាតិ​នោះដែរ​។ បើ​ទោះជា​ត្រូវបាន​ដោះលែង​នា​ល្ងាច​ថ្ងៃចន្ទនេះ​ក្តី ក៏​លោក អំ សំអាត បាន​លើក​ឡើង​ថា ​នៅ​មិនទាន់មាន​ព័ត៌មានលម្អិតស្តី​អំពី​កិច្ចសន្យា​ដែល​សកម្មជន​បរិស្ថាន​ទាំង ៦ នាក់​ បាន​ធ្វើ​ក្រោម​ការ​ណែនាំ​របស់​អាជ្ញាធរ​ ដើម្បីជាថ្នូរនឹងការទទួលបានសេរីភាពមកវិញនៅ​ឡើយទេ។

លោក​ លឿម​ ព្រំយើយ​ ដែល​ត្រូវ​ជា​ប្អូន​ប្រុស​លោក ​ព្រំ ម៉ៅ​ ចាត់​ទុកថា​ ការ​ចាប់​ខ្លួន​បងប្រុស​របស់​លោក​ថា​ ​ជា​រឿងអយុត្តិធម៌​មួយ​ ចំពោះ​ការ​ចូលរួម​ចំណែក​ការ​ពារ​សម្បត្តិធម្មជាតិក្នុង​ប្រទេស​។

លោក​ថ្លែង​ថា៖ «ការ​ចាប់ខ្លួន​របស់​បង​ប្រុស​របស់​ខ្ញុំ​ ហើយ​ជាមួយ​សកម្មជន​ការពារ​ព្រៃ​ឈើប្រាំ​រូប​ទៀត​ មើល​ទៅ​អយុត្តិធម៌​សម្រាប់​ពួក​គាត់​ ដែល​ពួក​គាត់​ស្រឡាញ់​បរិស្ថាន​ គាត់​ខំ​ចុះធ្វើ​ការ​ល្បាត​ មើល​ព្រៃឈើ​ ហេតុ​[អី​] ត្រូវសមត្ថកិច្ច​កង​កម្លាំង​អាវុធ​ហត្ថ​ឃាត់​ខ្លួន​»។ ​

អ្នក​នាំពាក្យ​កង​រាជអាវុធ​ហត្ថ​លើ​ផ្ទៃប្រទេស​លោក​ អេង​ ហ៊ី​ បដិសេធ​ផ្តល់​ការ​អត្ថា​ធិ​ប្បាយ​ដោយ​បាន​បង្វែរ​សំណួរ​ទៅ​ស្ថាប័ន​អយ្យ​ការ​អម​សាលាដំបូងខេត្តស្ទឹង​ត្រែង។

លោក​ថ្លែងថា៖ «​សូម​បញ្ជាក់ហើយ ខ្ញុំ​ការ​បញ្ជាក់​ ដោយ​សារ​ផ្លូវ​ច្បាប់​របស់​យើង​ពាក់​ព័ន្ធ​នឹង​ការ​ស៊ើប​អង្កេត​ ការ​ឃាត់​ខ្លូន​នេះ​គឺ​សុំ​ឲ្យ​សួរ​ទៅ​អយ្យការ​ផ្ទាល់។​ អ៊ីចឹង​ ខេត្ដ​ណា​ក៏​ដោយ​ សូមសួរ​ទៅ​អ្នក​នាំ​ពា​ក្យ​របស់​អយ្យការ​អម​សាលា​ដំបូង​នោះ គាត់​មាន​អ្នក​នាំ​ពាក្យ​ដែរ​។ ​ឲ្យ​ខ្ញុំ​ឆ្លើយ​ គឺ​ខ្ញុំ​ឆ្លើយ​ អត់​បាន​ទេ​រឿង​ហ្នឹង»​។

វីអូអេ​មិនអាច​ទាក់​ទង​សុំការ​អត្ថា​ធិប្បាយ​ពី​ព្រះរាអាជ្ញារង​សាលាដំបូង​ខេត្ត​ស្ទឹង​ត្រែង​លោក​ ជា​ សុភ័ក្ត្រ​ បាន​នៅ​ឡើយទេ​ គិតត្រឹម​ពេលបញ្ចប់​សេចក្តី​រាយការណ៍​នេះ។​

សកម្មជន​ការពារ​បរិស្ថាន​កម្ពុជា​ចំនួន ៦ នាក់​ត្រូវបាន​សមត្ថកិច្ចដោះលែង។(Licadho)
សកម្មជន​ការពារ​បរិស្ថាន​កម្ពុជា​ចំនួន ៦ នាក់​ត្រូវបាន​សមត្ថកិច្ចដោះលែង។(Licadho)

អង្គការ​លីកាដូ​ បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ថា​ សកម្ម​ជន​ និង​អ្នក​សារព័ត៌មាន​បាន​ចង​ក្រងពីសកម្មភាព​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​ឧទ្យាន​ជាតិ​ វើន​សៃ សៀម​ប៉ាង ជាទី​ដែល​សកម្ម​ជន​ទាំង ៦ រូបនោះ​ ត្រូវបាន​ឃាត់​ខ្លួន និង​កន្លែង​ដែល​រាជរដ្ឋាភិបាល​បាន​ផ្តល់ដីសម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ឈ្មោះ ធី.អេស.អិម.​ដាប់បែលយូ ឯ.ក​ (T.S.M.W) កាលពីឆ្នាំ ​២០២៣​ និង​បាន​ផ្តល់​អាជ្ញាប​ណ្ណ​ជីក​យក​រ៉ែទៅ​ក្រុមហ៊ុន​ឈ្មោះ​ ហ្រ្គីន វូដ ឌីវេលឡូប​មេន​ (Green Wood Development)។

បើ​តាម​អង្គ​ការ​លី​កាដូ ដីសម្បទាន​សេដ្ឋកិច្ច​ដែល​ត្រូវបាន​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ T.S.M.W បាន​រំលោភ​ដល់​សេចក្តី​សម្រេច​របស់​រាជ​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ ​២០១២​ ស្តីពី​ការ​ផ្អាក​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ថ្មី​ ដោយសារ​តែ​ជាប់​ទាក់​ទង​ទៅ​នឹង​ការ​បណ្តេញ​ពលរដ្ឋ​ចេញ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ ការ​បំផ្លិច​បំផ្លាញ​ព្រៃឈើ និង​ការ​បាត់បង់​ធនធាន​ធម្មជាតិ​ផ្សេង​ៗជា​ច្រើនទៀតផង​ដែរ។​

ប្រធាន​ប្រតិបត្តិ​នៃ​សមាគមបណ្តាញ​យុវជនកម្ពុជា​លោក ​ហេង គឹមហុង​ ប្រាប់​វីអូអេ​ថាមុន​ពេល​សកម្មជន​ត្រូវបាន​ដោះលែង​ថា​ ​អាជ្ញា​ធរ​ខេត្តស្ទឹង​ត្រែង​គួរ​ពិចារណា​ដោះលែងអ្នកទាំង ៦ នាក់​នោះ​មក​វិញ​ ព្រោះ​ពួក​គេ​គ្រាន់​តែប្រឹង​ប្រែង​ការ​ពារ​សម្បត្តិព្រៃ​ឈើ​តែប៉ុណ្ណោះ​ ហើយ​អ្វីដែល​ពួកគេ​បាន​ធ្វើ​នោះ​គឺ​ស្រប​តាម​ក្រម​បរិស្ថាន​ និង​រដ្ឋធម្មនុញ្ញរបស់​ប្រទេស។

លោក​ថ្លែង​ថា​៖ «យើង​ឃើញ​ថា​ ការធ្វើ​ការ​ងារ​ផ្នែក​បរិស្ថាន​ និងធនធាន​ធម្មជាតិ​មិន​គួរ​ត្រូវ​បាន​ក្លាយ​ទៅ​ជាចំណុច​ដ៏​គួរ​ឲ្យ​រសើប​ និង​ការ​ចាប់​ខ្លួន​បែបនេះ​នោះ​ទេ​ ពីព្រោះអី​បើសិន​ជា​សាកសួរ​មួយម៉ាត់​ ពីរម៉ាត់ទៅ​ ហើយ​ដោះលែង​ពួកគេ​ ខ្ញុំគិត​ថា​ ជារឿងល្អ​។ ប៉ុន្តែ​នេះ​ គឺ​ជា​ការ​សាកសួរ​ដែល​ហាក់​បីដូច​ជាធ្វើ​ឱ្យ​ពួក​គេ​នេះ​កាន់​តែ​ស្ថិត​នៅ​ក្នុង​ការ​ព្រួ​យ​បារម្ភ​ ហើយ​អ្វីដែល​កាន់​តែ​ព្រួយ​បារម្ភ​ទៀត​សោត​គឺ​ការ​រំលោភ​ទៅ​ដល់​សិទ្ធិ​ប្រជា​ពល​រដ្ឋ និងសិទ្ធិ​ក្នុង​ការ​ចូលរួមកាពារ​ធនធាន​ធម្មជាតិ​ ដែល​មាន​នៅ​ក្នុង​ក្រម​ស្តី​ពីបរិស្ថាន​ និង​ធនធាន​ធម្មជាតិ​ព្រម​ទាំង​សិទ្ធិ​ដែល​បាន​កំណត់​ដោយ​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​របស់​ពួក​យើង​»។

លោកបន្ថែមថា​ ករណី​ដែល​កើត​ឡើង​ចំពោះ​សកម្មជន​ទាំង​ ៦ នាក់នោះ​ មិនមែន​ជារឿង​ថ្មី​ទេ គឺរាល់​ពេល​ដែល​សកម្ម​ជន​ ឬក៏ពលរដ្ឋ​ចុះប្រមូល​ទិន្នន័យដើម្បី​វាយតម្លៃផលប៉ះពាល់​បរិស្ថាន​ អាជ្ញាធរ​មូលដ្ឋាន​ជា​ញឹក​ញាប់​បាន​ចាត់វិធានការ​ ដោយ​ការ​ចាប់ខ្លួន​សកម្មជន​មក​សួរនាំ​ និង​កសាង​សំណុំ​រឿង​បញ្ជូនទៅ​តុលាការ ដែល​បង្កឲ្យ​មានក្តី​បារម្ភ​ចំពោះ​សកម្មភាពបរិស្ថាននិយម។

បើ​តាម​លោក​ ហេង គឹម​ហុង​ សកម្មភាព​យាយីសកម្មជន​ការ​ពារ​បរិស្ថាន​នេះ​ ក៏​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញថា ​រដ្ឋាភិបាល​ខកខាន​មិន​បាន​គោរពតាម​កា​រ​ប្តេជ្ញាចិត្ត​របស់ខ្លួននៅក្នុង​ការ​លើក​កម្ពស់​សិទ្ធិសហគមន៍​ និង​ពលរដ្ឋមូលដ្ឋាន ដែលមាន​តួនាទី​សំខាន់នៅក្នុង​ការ​ការ​ពារ​ធន​ធាន​ព្រៃ​ឈើ​ ដែល​ស្ថាប័ន​រដ្ឋាភិបាល​មួយឬពីរ​មិន​អាចទទួល​ខុសត្រូវ​តែ​ឯក​ឯង​បាន​ទេ​ នៅ​ក្នុង​កិច្ចការនេះ​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG