ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កាសែត​ជប៉ុន​ថា​អាមេរិក​ត្រៀម​ផែនការ​បម្រុងទុក​សម្រាប់​គ្រាអាសន្ន​នៅ​តៃវ៉ាន់


រូបភាពឯកសារ៖ រថយន្តយោធា​អាមេរិក​កំពុងបើក​នៅខាងក្រៅ​ទីក្រុង Qamishli​​ ប្រទេស​ស៊ីរីកាលពីថ្ងៃទី​៤ ធ្នូ ឆ្នាំ​២០២២។
រូបភាពឯកសារ៖ រថយន្តយោធា​អាមេរិក​កំពុងបើក​នៅខាងក្រៅ​ទីក្រុង Qamishli​​ ប្រទេស​ស៊ីរីកាលពីថ្ងៃទី​៤ ធ្នូ ឆ្នាំ​២០២២។

សហរដ្ឋ​អាមេរិក​កំពុង​ត្រៀម​ផែនការ​បម្រុង​ទុក​ជាមុន​សម្រាប់​ការ​ដាក់​ពង្រាយ​កងទ័ព​នៅ​ជប៉ុន​និង​ហ្វីលីពីន ក្នុង​ករណី​ដែល​មាន​បញ្ហា​អាសន្ន​ណាមួយ​កើតឡើង​ពាក់ព័ន្ធ​នឹង​កោះ​តៃវ៉ាន់។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP កាលពី​ថ្ងៃ​ចន្ទ​ដែល​ផ្អែក​តាម​សេចក្តី​រាយការណ៍​របស់​កាសែត Kyodo របស់​ជប៉ុន។

កាសែត Kyodo បាន​រាយការណ៍​កាលពី​ថ្ងៃ​អាទិត្យ​ដោយ​ស្រង់​ប្រភព​ដែល​ដឹង​រឿង​ទំនាក់ទំនង​រវាង​ជប៉ុន​និង​អាមេរិក​ថា ផែនការ​បម្រុងទុក​នេះ​នឹង​ត្រូវ​បញ្ចូល​ក្នុង​ផែនការ​ប្រតិបត្តិការ​រួមគ្នា​លើកដំបូង​ដែល​នឹង​បង្កើត​ឡើង​នៅ​ខែ​ធ្នូ​ខាងមុខ។

កងវរសេនាធំ​ម៉ារីន​អាមេរិក​ដែល​មាន​ប្រព័ន្ធ​រ៉ុក្កែត​បាញ់​គ្រាប់​ច្រើន HIMARS (High Mobility Artillery Rocket System) នឹង​ត្រូវ​ដាក់​ពង្រាយ​តាម​ប្រជុំ​កោះ Nansei របស់​ជប៉ុន​ដែល​លាត​សន្ធឹង​ពី​កោះ Kyushu ដល់​កោះ Yonaguni ក្បែរ​កោះ​តៃវ៉ាន់។ នេះ​បើ​យោង​តាម​កាសែត Kyodo។

សេចក្តី​រាយការណ៍​របស់​កាសែត Kyodo បាន​បន្ថែម​ទៀត​ថា ចាប់ពី​ដំណាក់កាល​ដំបូង បើ​ស្ថានការណ៍​បន្ទាន់​ណាមួយ​អាច​នឹង​កើតឡើង​ភ្លាមៗ​លើ​កោះ​តៃវ៉ាន់ នោះ​មូលដ្ឋាន​បណ្តោះអាសន្ន​នឹង​ត្រូវ​បង្កើត​ឡើង​លើ​បណ្ដា​កោះ​ទាំងនោះ​របស់​ជប៉ុន អាស្រ័យលើ​គោលការណ៍​ណែនាំ​របស់​យោធា​អាមេរិក​សម្រាប់​បញ្ជូន​កងម៉ារីន​តូចៗ​ទៅកាន់​ទីតាំង​ជាច្រើន។

យោធា​ជប៉ុន​ត្រូវបាន​គេ​រំពឹង​ថា​នឹង​ចូល​ប្រឡូក​ជា​ចម្បង​ក្នុង​ការ​គាំទ្រ​ផ្នែក​ភស្តុភារ​សម្រាប់​អង្គភាព​ម៉ារីន រួមទាំង​ការ​ផ្គត់ផ្គង់​ឥន្ធនៈ​និង​គ្រាប់រំសេវ​ផងដែរ។ នេះ​បើ​តាម​កាសែត Kyodo។

ទីភ្នាក់ងារ​សារព័ត៌មាន​ជប៉ុន​ដដែល​នេះ​បាន​បន្ថែម​ថា កងទ័ព​អាមេរិក​នឹង​ដាក់​ពង្រាយ​ប្រព័ន្ធ​បាញ់​គ្រាប់​រយៈ​ចម្ងាយ​ឆ្ងាយ​របស់​កងកម្លាំង Multi-Domain Task Force នៅ​ក្នុង​ប្រទេស​ហ្វីលីពីន។

ក្រសួង​ការពារ​ជាតិ​ជប៉ុន​និង​ក្រសួង​ការពារ​ជាតិ​ហ្វីលីពីន​មិន​បាន​ឆ្លើយតប​ភា្លមៗ​ចំពោះ​ការ​សុំ​អត្ថាធិប្បាយ​ទេ។ ស្ថានទូត​អាមេរិក​ប្រចាំ​ហ្វីលីពីន​ក៏​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ផងដែរ។

នៅពេល​សួរ​អំពី​សេចក្តី​រាយការណ៍​របស់​កាសែត​ជប៉ុន​នោះ​កាលពី​ថ្ងៃ​ចន្ទ ក្រសួង​ការបរទេស​ចិន​បាន​បញ្ជាក់​ថា​តៃវ៉ាន់​គឺជា «ផ្នែក​មួយ​ដែល​មិន​អាច​កាត់​ផ្តាច់​ចេញ​ពី​ទឹកដី​របស់​ចិន​បាន​ទេ»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG