នៅថ្ងៃព្រហស្បតិ៍នេះ ប្រជាពលរដ្ឋស៊ីមបាវ៉េនៅតែប្រឈមនឹងភាពស្រពេចស្រពិលផ្នែកនយោបាយដដែល ដោយមានពាក្យចចាមអារ៉ាមលេចឭឡើងអំពីថាតើលោកប្រធានាធិបតី Robert Mugabe នឹងលះបង់ការគ្រប់គ្រងរបស់ខ្លួននៅពេលណា និងតាមវិធីណានោះ ក្រោយពីបានកាន់អំណាចអស់រយៈពេលជិត ៤០ ឆ្នាំមកហើយ។
លោក Mugabe ត្រូវបានកងកម្លាំងយោធាដាក់ឃុំក្នុងគេហដ្ឋានរបស់លោកកាលពីថ្ងៃអង្គារកន្លងទៅនេះ ពេលដែលពួកយោធាបានដណ្ដើមគ្រប់គ្រងប្រទេសស៊ីមបាវ៉េនៅក្នុងប្រតិបត្តិការគ្មានការបង្ហូរឈាមដ៏បន្ទាន់មួយ។
ប្រភពនានាបានបញ្ជាក់ថា លោក Mugabe វ័យ ៩៣ ឆ្នាំ ដែលជាប្រមុខរដ្ឋមានវ័យចំណាស់ជាងគេបំផុតនៅលើពិភពលោក បដិសេធមិនចុះចេញពីតំណែង និងប្រគល់អំណាចទៅឲ្យរដ្ឋាភិបាលអន្តរកាល។ សេចក្ដីរាយការណ៍នានាបានលើកឡើងថា លោក Emmerson Mnangagwa ដែលជាអតីតអនុប្រធានាធិបតីរបស់លោក Mugabe និងមេដឹកនាំគណបក្សប្រឆាំងលោក Morgan Tsvangirai បានត្រឡប់មកពីការនិរទេសខ្លួនរបស់ពួកគេ ដើម្បីចូលរួមនៅក្នុងរដ្ឋាភិបាលថ្មីមួយ។
វិបត្តិនយោបាយនេះបានចាប់ផ្ដើមកាលពីថ្ងៃច័ន្ទកន្លងទៅនេះ នៅពេលដែលលោកឧត្ដមសេនីយ៍ Constantino Chiwenga ដែលជាមេបញ្ជាការកងកម្លាំងរបស់ប្រទេសស៊ីមបាវ៉េ បានព្រមានថា លោកនឹងលូកដៃចូល ដរាបណាលោក Mugabe មិនបញ្ឈប់ការព្យាយាមកម្ចាត់អ្នកគាំទ្ររបស់លោក Emmerson Mnangagwa នៃគណបក្សកាន់អំណាច ZANU-PF នោះទេ។
មេដឹកនាំនៃបណ្ដាប្រទេសនានានៅទ្វីបអាហ្វ្រិកបានជួបប្រជុំគ្នានៅក្នុងប្រទេសបុតស្វាណា នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាអំពីវិបត្តិនយោបាយក្នុងប្រទេសស៊ីមបាវ៉េ។ សេចក្ដីថ្លែងការណ៍រួមដែលចុះហត្ថលេខាដោយមេដឹកនាំមកពីអង្គការសង្គមស៊ីវិលជាង ១០០ បានជំរុញឲ្យលោក Mugabe ចុះចេញពីតំណែងដោយសន្តិវិធី និងបើកផ្លូវឲ្យមាន «ដំណើរការមួយដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលនឹងកំណត់អំពីអនាគតរបស់ប្រទេសស៊ីមបាវ៉េ»៕